អង្គការអន្តរសភាមានសមាជិក​១៧៣ប្រទេសជំរុញឲ្យដោះ​លែងលោក កឹម សុខា

មន្ត្រីតំណាងរដ្ឋាភិបាល​កម្ពុជា​ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ សមាជិក​សហភាពអន្តរសភា (FB: លោក សម រង្សីុ)

អង្គការអន្តរជាតិ​ដែលធ្វើការផ្នែក​ពង្រឹង​សមត្ថភាពស្ថានប័នរដ្ឋសភានៅតាមតាមបណ្តាប្រទេសនានា ដើម្បីលើកស្ទួយលទ្ធិ ប្រជា​ធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយការគោរពសិទ្ធិមនុស្ស បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា​ដោះលែង លោក កឹម សុខា មេដឹ​កនាំ​​គណបក្សប្រឆាំង។​

នៅក្នុងវីដេអូនៃកិច្ចប្រជុំកាលពីម្សិលមិញ សមាជិក​សហភាពអន្តរសភា (IPU=Inter-Parliamentary Union) បានអ​នុម័​តសេ​​ច​ក្តីសម្រេចមួយដែលថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដោយចោទថា បានចាប់ខ្លួនលោក កឹម សុខា ធ្វើឡើ​ងដោ​យខុ​ស​ច្បាប់ និងកំពុងមានការរំលោភសិទ្ធិមនុស្សមួយចំនួនទៀត។​ សេចក្តីសម្រេច​ក៏បានលើក​ឡើងពីការ​បង្កើតគណៈ​កម្មការ​​ដើម្បី​ស្រា​វជ្រាវបញ្ហាទាំងនេះនៅកម្ពុជាផងដែរ។​

មុន​ការប្រកាសអនុម័ត សមាជិកម្នាក់ឡើងអានសេចក្តីថ្លែងការណ៍ និងបានសម្តែងការព្រួយបារម្ភ ចំពោះស្ថា​នភាព​ន​យោបាយ និង​សិទ្ធិមនុស្សនៅកម្ពុជា។ ទន្ទឹមនឹងជំរុញឲ្យមានការពង្រឹងការអនុវត្តច្បាប់និងគោរពសិទ្ធិ​មនុស្ស​ ក៏មានកា​រជំ​​រុ​ញឲ្យ​ដោះ លែងលោក កឹម សុខា ដោយបញ្ជាក់ថា ការថ្លែងរបស់មេបក្សប្រឆាំងរូបនេះកន្លងមកមានភាពច្បាស់លាស់​មិនប៉ះ​ពាល់​ផ្លូច្បាប់នោះទេ។​

លោកថ្លែងជាភាសាអង់គ្លេសក្នុងន័យថា៖​ «យើងជំរុញឲ្យអាជ្ញាធរកម្ពុជា ត្រូវដោះលែងជាបន្ទាន់និងទម្លាក់​ចោលសំណុំ​រឿងប្រ​ឆាំងមេដឹកនាំគណបក្សប្រឆាំងនេះ និងមន្ត្រី រួមទាំងសកម្មជននយោបាយផ្សេងៗទៀត ដើម្បីឲ្យ​មាន​លទ្ធ​ភា​ព​ពេ​ញលេញ​ក្នុងការចូលរួមដំណើរការបោះឆ្នោត​»។

បន្ទាប់ពីស្តាប់សេចក្តីថ្លែងការណ៍ដែលឡើងអានដោយតំណាងម្នាក់រួចហើយ ក៏មានការចាក់វីដេអូ​​ដែលថ្លែ​ងសា​រដោ​យ​លោក​ស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ​ ដើម្បីជំរុញឲ្យអន្តរ​ជាតិជួ​យស្តារស្ថាន​ភាពនយោ​បាយនៅ​កម្ពុជា។

ក្រោ​យ​ទ​ស្ស​នាវីដេអូលោកស្រី មូរ សុខហួរ ហើយ សមាជិកសហភាព​អន្តរសភាបានលើកដៃ ហើយប្រធានអង្គ​ប្រជុំ​ក៏បា​ន​សម្រេ​​​​ចអនុ​ម័ត​លើសេចក្តីថ្លែងការណ៍នោះ។ ចំណែក​មន្ត្រីតំណាងរដ្ឋាភិបាល​កម្ពុជា​ដែ​លមានវត្ត​មាននៅ​ក្នុងកិច្ច​​ប្រជុំនេះមិ​នលើ​កដៃទេ។

ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន កាលពីថ្ងៃពុធម្សិលមិញ បានច្រានចោល ទៅនឹងការអំណាវនាវ របស់ស្ថាន​ទូតស​ហ​រដ្ឋអាមេរិក ដែលអាមេរិចអំពាវនាវថ្មីទៀតឲ្យដោះលែង មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ដោយ​ថាកា​រដែ​លរដ្ឋា​ភិ​បាលកម្ពុជា ចង់រំលាយបក្សប្រឆាំង រំលោភឆន្ទៈម្ចាស់ឆ្នោតនោះ។

លោកថា៖ «សម្រាប់អ្នកទាំងឡាយ ដែលបកស្រាយថា ការផ្តន្ទាទោស ចំពោះមេបក្សប្រឆាំង ដែលប្រព្រឹត្តិអំពើក្បត់ជាតិ និងបក្សនយោបាយ ដែលប្រព្រឹត្តិជាប្រព័ន្ធនៃអំពើក្បត់ជាតិ ដែលអាចនឹងត្រូវរំលាយ ដោយតុលាការថាក្បត់ឆន្ទៈរាស្រ្ត តើអ្នកមា​ន​​បា​ននឹកឃើញកាលពីអ្នកបានផ្តួលរំលំសម្តេច នរោត្តម ព្រះសីហនុ ហើយរហូ​ត​ទៅដ​ល់​រំលាយរ​បបរាជានិ​យមអាស្រ័​យធម្មនុញ្ញនៅកម្ពុជា តើកាលនោះ អ្នកបានគិតពីឆន្ទៈរាស្រ្តទេ?»។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ការបង្កើនកម្តៅជាមួ​យសហ​គមន៍អន្ត​រជាតិ​នៃ​ប្រទេស​លោកសេរី​នៅ​ពេលនេះ លោកថាកម្ពុជា ជាអ្នកខាតបង់។

លោកថា៖ «បើសិនជាគណបក្សសង្គ្រោះជាតិឈានទៅដល់ការរំលាយក្នុងករណីណាមួយក៏ដោយ វានឹងឈា​នទៅ​ដល់​ភាព​ផុយស្រួយនៃការបែកបាក់ជាតិហើយ ហើយកម្ពុជា វាអាចប្រឈមទៅនឹងការដាក់ សម្ពាធពីស​ហគ​មន៍អ​ន្តរជាតិ​មិនខានទេ។​ តា​មយោបល់ខ្ញុំគណបក្សកាន់អំណាចក៏បានកសាងគុណសម្បត្តិមរតក ជាច្រើនដែរ ហើយបើសិន គណប​ក្សកាន់​អំណា​ចជ្រើ​ស​រើសយកមធ្យោបាយរំលាយគណបក្សសង្គ្រោះជាតិនេះ វាជាមធ្យោបាយមិនល្អទេ វាអាចរក្សាអំណាចបាន៥ឆ្នាំ​១០​ឆ្នាំទៅមុខទៀត។ ប៉ុន្តែ​ក្រោយពីហ្នឹង អ្វីដែលបន្សល់ទុក[កេរ្តិ៍ឈ្មោះ] វាអត់មាន វាមានតែអស្ថិរភាព ភាពរង្គោះរង្គើ ភាពផ្ទុះបែក​បាក់នឹ​ងប្រះ​ស្រា​ប់នយោបាយនៅកម្ពុជាទេ»។

ទោះជាយ៉ាងណា IPU លើកឡើងថា ខ្លួនសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីការកើនឡើងនៃការគាបសង្កត់ និង​ការកើន​ឡើ​ង​​​​​នូ​វការរំលោភបំពានសិទ្ធិមនុស្ស មកលើសមាជិកសភាគណបក្សប្រឆាំង នៅប្រទេស៣ផ្សេងទៀត រួមទាំងកម្ពុជាផងដែរ។ IPU ក៏បានលើកឡើងពីការបង្កើតគណៈកម្មាការ ដើម្បីស្រាវជ្រាវស្ថានភាពសិទ្ធិមនុស្ស បញ្ជូនទៅកាន់ប្រទេសទាំងបួននៅពេលឆាប់នោះរួមមាន​ ប្រទេសតួកគី វ៉េណេស៊ុយអេឡា ម៉ាល់ឌីវ និងកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ