បទយកការណ៍៖ ផលលំបាករបស់កម្មការិនី ពេលថៅកែបើកប្រាក់ឈ្នួលមិនទៀងទាត់

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 9:35 AM | បទយកការណ៍ | 0 | 1482 កម្មការិនីរោងចក្រ

«ផលលំបាកជាងគេ ខ្ញុំអត់លុយបង់ធនាគារ អត់លុយបង់ថ្លៃផ្ទះ ទឹក ភ្លើងអីទេ!»

នេះជាការរៀបរាប់ពីផលលំបាក់របស់កម្មករម្នាក់ នៅឯរោងចក្រមួយ ក្នុងខេត្តកណ្តាល ពេលដែលថៅកែរបស់ពួកគេ បើកប្រាក់ឈ្នួលឲ្យមិនគ្រប់និងមិនទៀងទាត់។

កំពុងអង្គុយញ៉ាំលៀលហាលក្រោមដើមពោធិ ជាមួយក្រុមកម្មករផ្សេងទៀត ខណៈពេលពួកគេមករកកិច្ចអន្តរាគមន៍ពីខុទ្ទការល័យនាយករដ្ឋមន្រ្តី ឲ្យជួយដោះស្រាយបញ្ហា កម្មករផ្នែកដេរ អ្នកស្រី ប៊ុន ផល្លី រៀបរាប់ថា រោងចក្រ ហ្គាវ័ន្ត អែភភ័ររៀល ស្ថិតក្នុងក្រុងតាខ្មៅ ដែលមានថៅកែជាជនជាតិកូរ៉េ តែងតែបើកប្រាក់ឈ្នួលឲ្យកម្មករមិនគ្រប់ និងមិនទៀងទាត់រយៈពេលជាងកន្លះឆ្នាំហើយ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំមកតវ៉ាឲ្យសម្តេចជួយថ្ងៃនេះ មិនចង់បានអ្វីទេ គ្រាន់តែសុំឲ្យថៅកែក្រុមហ៊ុនហ្នឹង បើកលុយឲ្យខ្ញុំទៀត ទាត់កុំឲ្យគាត់ហួសពីថ្ងៃទី១០ រឿងនេះ កើតឡើងមិនមែនទើបតែមួយខែ ពីរខែទេ គឺកើតឡើយរយៈពេលជាង៥ខែមកហើយៗ ពួកខ្ញុំអត់ធ្មត់យូរហើយ ដោយសារអាណិតគាត់ ចេះតែជួយៗ គាត់រហូតដល់ខែ៩ គាត់បើកឲ្យពួកខ្ញុំម្នាក់៥០ដុល្លារ ដល់ពេលខែក្រោយថ្ងៃ១០ គាត់បើកឲ្យ៥០ដុល្លារទៀត»។

អង្គុយក្បែរគ្នាក្នុងទឹកមុខហាក់កំពុងមានកង្វល់ជាប់ខ្លួន កម្មករម្នាក់ទៀតអ្នកស្រី វ៉េង ទូច ឲ្យដឹងថា ករណីថៅកែ បើក ប្រាក់ឈ្នួលឲ្យមិនគ្រប់ និងទៀងទាត់នេះ បានធ្វើឲ្យពួកគាត់ជាកម្មករជួបការលំបាក់ជាច្រើនក្នុងការរស់នៅប្រចាំថ្ងៃ។ កម្មកររូបនេះ បន្តថា ក្រៅតែពីបើកប្រាក់ឈ្នួលឲ្យកម្មករមិនទៀងទាត់ហើយ ថៅកែរោងចក្រ ក៏តែងតែគាបសង្កត់ និងបង្ខំកម្មករឲ្យធ្វើការផងដែរ។

អ្នកស្រីបន្ថែមថា៖ «ទី១ ថ្លៃផ្ទះ ថ្លៃសាលាកូន ទី២ ដល់ថ្ងៃបង់ថ្លៃជំពាក់ធនាគារ តែដល់ថ្ងៃ គេយើងអត់មានលុយបង់ឲ្យគេៗ ផាកពិន័យយើងហើយ អញ្ចឹងខ្ញុំស្នើឲ្យថៅកែហ្នឹង បើកលុយឲ្យពួកខ្ញុំឲ្យទៀងទាត់ទៅ កុំឲ្យគាត់ធ្វើអញ្ចឹង! មួយទៀតចង់ និយាយថា គាត់ចូលចិត្តរបៀបប្រើហិង្សា ពេលខឹងអ្វីមួយ ស្រែកសំឡុតកម្មករ ធ្វើឲ្យកម្មករមួយៗ ភ័យហើយដាក់ទោសពួកខ្ញុំ ដូចទាសករ អញ្ចឹង ដាក់ទោសដូចពួកទាហាន ចង់កម្មករអង្គុយៗ ដើរៗ ឈរៗ ស្រេចលើគាត់»។

និយាយទាំងហូរទឹកភ្នែក ខណៈពេលកំពុងប្រមូលផ្តុំគ្នាតវ៉ាមុខភូមិគ្រឹះលោក ហ៊ុន សែន ក្នុងក្រុងតាខ្មៅ កម្មករមានផ្ទៃពោះម្នាក់ អ្នកស្រី សែម សុភូ ឲ្យដឹងថាថៅកែ រោងចក្រហ្គាវ័ន្ត បើលុយថ្លៃសំរាលកូនឲ្យអ្នកស្រីមិនគ្រប់នោះទេ ដោយអ្នកស្រីថា ទង្វើនេះ ហាក់ផ្ទុយពីប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលតម្រូវឲ្យភាគីរោងចក្រត្រូវបើកប្រាក់មុនសម្រាប់ការសម្រាកមិត្តភាព។

អ្នកស្រីបន្ថែមថា៖ «សុំឲ្យថៅកែហ្នឹង បើកលុយឲ្យទៀងៗ ថ្ងៃ១០ៗ អញ្ចឹងមក ហើយគាត់ ធ្វើបាបកម្មករច្រើនគ្នាណាស់ព្រោះអីកម្មករ ច្រើនគ្នាណាស់ជំពាក់លុយធនាគារ ហើយករណីកម្មករឆ្លងទន្លេ សុំឲ្យគាត់បើកលុយឲ្យកម្មករអស់ៗ មក គាត់បើកឲ្យតែពាក់ៗកណ្តាលទេ ទុកពាក់ពេលចូលមកវិញ»។

ក្រុមកម្មករអះអាងប្រហាក់ប្រហែលគ្នាថា រោងចក្រ ហ្គាវ័ន្ត ក្រៅពីបើកលុយឲ្យកម្មករមិនទៀងទាត់រោងចក្រនេះ មិនបង់ថ្លៃសេវាគាំពារសុខភាព (បសស) នោះទេ ខណៈរោងចក្រកាត់ថវិកា ពីកម្មកររួចជាច្រើនខែហើយក៏ដោយ។ កម្មករផ្នែកដេរ អ្នកស្រី ប៊ុន ផល្លី និយថា៖ «ខ្ញុំចូលបណ្ណ បសស រោងចក្រកាត់១ខែ ៣ដុល្លារ ដល់ពេលខ្ញុំឈឺ ខ្ញុំទៅមើលជំងឺពេទ្យគេអត់មើល ចេញលុយខ្លួនឯង បសស គេថា ក្រុមហ៊ុនមានបានបង់លុយឲ្យគេតាំងពីខែ៥រហូតខែ៩ហ្នឹង ទៅពេទ្យប្រើបណ្ណ បសស អត់កើតទេ! រោងចក្រហ្គាវ័ន គេអត់មើលទេ»។

ជារើយៗ ពេលចុះជួបសំណេះសំណាលជាមួយក្រុមកម្មករ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែអំពាវនាវ និងជំរុញឲ្យ ភាគីពាក់ព័ន្ធយកចិត្តទុកដាក់ចំពោះសេវាគាំពារសុខភាពកម្មករ និងបញ្ហាផ្សេងទៀត ជាពិសេសស្រ្តីមានផ្ទៃពោះ។

អភិបាលក្រុងតាខ្មៅ លោក ហេង ធៀម ដែលបានចុះសម្របសម្រួលការប្រមូលផ្តុំរបស់កម្មករនេះ មានប្រសាសន៍ថា អាជ្ញាធរក៏ដូចរដ្ឋាភិបាល បានកំពុងយកចិត្តដាក់លើកម្មករ ហើយថា ករណីថៅកែ បើប្រាក់ឈ្នួលឲ្យកម្មករមិនគ្រប់ និងមិនទៀងទាត់នេះ អាជ្ញាធរបានជំរុញទៅថៅកែហើយ ដោយមិនឲ្យកើតមានបែបនេះទៀតទេ។

លោកបន្ថែមថា៖ «តេជោ កំពុងតែយកចិត្តទុកដាក់ ចំពោះបញ្ហាកម្មករ យើងដឹងហើយ គោលនយោបាយ មានអ្វីខ្លះ ពិនិត្យសុខភាព ប្រាក់ខែ ឲ្យឡើងឆ្លងទន្លេ មានគោលនយោបាយច្រើនណាស់ ដែលសម្តេចនាយករដ្ឋមន្ត្រី គាត់បានយកចិត្តទុកដាក់ចំពោះ ជីវភាពរស់នៅរបស់កម្មករ»។

ប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា តាមច្បាប់ស្តីពីការងារថៅកែត្រូវបើកប្រាក់ឈ្នួលឲ្យកម្មករតាមកាលកំណត់ ហើថាប្រសិនបើបើកមិនទៀង ឬមិនគ្រប់ទេ វាជាកំហុសធ្ងន់របស់នយោជក។

លោកបន្ថែមថា៖ «ហេតុ បានជាគេ ដាក់អាហ្នឹង ជាកំហុសធ្ងន់ នៅក្នុងច្បាប់ការងារ ដោយសារ តែកម្មករនយោជិកគាត់ធ្វើការ គឺគាត់ជួលផ្ទះគេ គាត់ហូបនៅអាហារ ទិញសំភារៈផ្សេងៗ និងត្រូវសន្យាសង់គេផ្សេងអំឡុងថ្ងៃហ្នឹង ចុះបើគាត់បើកអត់ទៀង មានន័យថា កម្មករអាចគេ មិនឲ្យផ្ទះនៅ ឬគាត់បាត់បង់ឱកាស ក្នុងការខ្ចីលុយគេផ្សេងៗ គាត់អាចមានបញ្ហាអញ្ចឹង ហើយបានជានៅក្នុងហ្នឹងគេឲ្យ កំរិតរហូតកំហុសធ្ងន់របស់នយោជក ដែលមានចែងក្នុងមាត្រា ៨៣ទៀត»។

លោក អាត់ ធន់ មើលឃើញថា កន្លងមករោងចក្រហ្គាវ័ន្ត មានកំហុសមួយចំនួនដូចជា បើកប្រាក់ឈ្នួលឲ្យកម្មករមិន ទៀងទាត់ មិនបង់ថ្លៃសេវាគាំពារសុខភាព (បសស) ដែលបានបង្កផលលំបាក់ដល់កម្មករ ហើយថា ពាក់ព័ន្ធបញ្ហានេះ សហជីពរបស់លោក បានដាក់ពាក្យបណ្តឹងទៅក្រសួងការងារ ឲ្យដោះស្រាយហើយ។

លោកបន្ថែមថា៖ «អញ្ចឹងវិធានការ អត់មានអីពិបាកទេ ពិនិត្យតាមលទ្ធិភាព ប្រសិនបើក្រុមហ៊ុនហ្នឹង ធ្វើតាមច្បាប់គួរតែមានការសរសើរ បើក្រុមហ៊ុនអត់ធ្វើតាមច្បាប់ អធិការកិច្ចនៃក្រសួងការងារ ត្រូវតែពិនិត្យមើល បន្ទាប់មកណែនាំម្តងពីរដងបើ អត់បាន គឺចាត់វិធានការតាមច្បាប់។ ហើយរឿង ទីព្រឹក្សារក្រុមហ៊ុន រឿងអ្នកធំកាងពីក្រោយមានទេ ហើយខ្ញុំគិតថាប្រមុខរដ្ឋាភិបាល គួរពិនិត្យលើងវិញអាហ្នឹង»។

ទាក់ទងនឹងបញ្ហានេះ វីអូឌី​ នៅមិនទាន់អាចទាក់ទងថៅកែរោងចក្រខាងលើ ដើម្បីសុំការឆ្លើយតបបានទេ។

ក៏ប៉ុន្តែ តំណាងរោងចក្រហ្គាវ័ន្ត ដែលសុំបញ្ចេញឈ្មោះ ឲ្យដឹងថា ក្រុមហ៊ុនបើកប្រាក់ឈ្នួលឲ្យកម្មកររួចហើយកាលពីថ្ងៃទី១៤តុលា ហើយថា មូលហេតុ ដែលក្រុមហ៊ុនបើកប្រាក់ឈ្នួលឲ្យកម្មករមិនទៀងទាត់ ដោយសារក្រុមហ៊ុនមានការរាំងស្ទះផ្នែកហិរញ្ញវត្ថុមួយចំនួន ហើយម្យ៉ាងទៀត អ្នកបញ្ជាទិញ មានការថយចុះ ទើបបង្វិលលុយឲ្យកម្មករមិនទៀងទាត់ និងយឺតយ៉ាវបែបនេះ។

បើតាមកម្មករ រោងចក្រហ្គាវ័ន្ត អែភភ័ររៀល ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករបំពេញការងារចំនួន ១ ១០០នាក់ ដែលបានបន្តតវ៉ារហូត ដល់ថ្ងៃទី១៨តុលា ដោយទាមទារឲ្យថៅកែ បើកប្រាក់ឈ្នួលជូនពួកគេឲ្យទៀងទាត់នៅត្រឹមថ្ងៃទី១០ និងសុំកុំឲ្យកាត់លុយអំឡុងពេលតវ៉ា និងត្រូវបង់ថ្លៃសេរវាគាំពារសុខជូនពួកគេ។

គួររំលឹកថា បច្ចុប្បន្ននេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះជួបកម្មករ និងតំណាងកម្មករមួយសប្តាហ៍ពីរដង ដើម្បីដឹងសុខទុក្ខ និងលក្ខខណ្ឌការងារមួយចំនួន ដោយក្នុងនោះ លោកក៏បានជំរុញឲ្យភាគីពាក់ព័ន្ធដោះស្រាយបញ្ហានានាផងដែរ ដោយថា ដើម្បីធានាផលប្រយោជន៍ជូនកម្មករ៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required