អាជ្ញាធរ​រាជធានីភ្នំពេញ​៖ ស្ទះចរាចរណ៍ធ្វើឲ្យខាតទឹកប្រាក់​៦លានដុល្លារក្នុង១ឆ្នាំ​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 12:21 PM | អំពើពុករលួយអភិបាលកិច្ចល្អ | 0 | 3620

អភិបាល​រង​រាជធានីភ្នំពេញ​​ថ្លែង​ថា​នៅ​ឆ្នាំ​ខាង​មុខ​អាជ្ញាធរ​នឹង​បង្កើន​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ឲ្យ​​កាន់​តែ​ច្រើន ខណៈលោក​បាន​វាយ​តម្លៃ​ថា ​ពលរដ្ឋ​នៅ​រាជធានី​បាន​បង់​ខាតទឹក​ប្រាក់​អស់ជាង​៦លានដុល្លា​រក្នុង​មួយ​ឆ្នាំដោយសារ​ការ​កក​ស្ទះ​ចរាចរណ៍​។

​​បន្ទាប់​ពី​សន្និ​បាត​ស្តីពី ​«ទីក្រុង​យើង​ទាំង​អស់​គ្នា​» នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ទី​១៩ តុលានេះ អភិបាល​រង​រាជធានី​ភ្នំពេញ​ លោក អៀង អូនី ថ្លែងថា នៅ​ឆ្នាំ​២០២៥ ភ្នំពេញ​នឹង​មាន​មាន​រថយន្ត​ក្រុងជិត​៣០០គ្រឿង ​និង​បង្កើត​ឡើង​នូវ​សេវា​រថភ្លើងលើ​អាកាស​ ដើម្បី​បញ្ជៀស​ការ​កក​ស្ទះ​ចរាចរណ៍​។

លោក​ថា៖ « ការ​កក​ស្ទះ​វាធ្វើ​ឲ្យ​កើន​នូវ​ការ​ខាត​បង់​ច្រើន​នូវ​ការ​ប្រើ​ប្រាស់​ប្រេង និ​ង​ពេលវេលា យើង​ដឹង​ហើយ​ថា​ពេល​វេលា​ជា​មាសប្រាក់កាលណាវា​ស្ទះ​​វា​អស់ហើយ យើង​អត់​បាន​ទៅ​ធ្វើ​ការ​អី​អញ្ចឹង​ទៅ​ណា » ។

លោក​បន្ថែម​ថា កត្តា​ដែល​ធ្វើ​ឲ្យ​មាន​បញ្ហាកក​ស្ទះ​ចរាចរណ៍​នៅ​រាជធានីនាពេល​បច្ចប្បន្ន​ គឺ​បណ្តាល​មក​ពី​ភាព​ខ្វះ​ចំណេះ​ដឹង​របស់​ពល​រដ្ឋ​។ ជា​មួយ​គ្នា​នោះលោកថា​ ក្នុង​ឆ្នាំ​២០២៥​ក្រុង​ភ្នំពេញ​នឹង​មាន​ប្រជាជន​កើន​ឡើង​ដល់​១២លាន​នាក់​ដែល​ជា​បញ្ហា​ប្រឈមកាន់​តែ​ខ្លាំង​ផងដែរ។

លោក​ថា៖ « ភ្នំពេញ​ជាកន្លែង​ដែល​ផ្តល់​ការ​អប់​រំ ភ្នំពេញ​ជា​កន្លែង​ដែល​ផ្តល់​សេវាសុខាភិបាល ភ្នំពេញ​ជា​កន្លែង​ផ្តល់​ការងារធ្វើ ភ្នំពេញ​ជា​កន្លែង​ទទួល​រៀប​ចំ​នូវ​សេវាធំ​ៗ​ជា​ច្រើន​ហើយដែល​ប្រជា​ពល​រដ្ឋ​ទាំង​អស់​នោះ​គាត់​ត្រលប់​មក​យក​សេវា​ទាំង​នោះ​ពី​ភ្នំពេញ» ។

បើ​តាមលោក​អភិបាល​រង អៀង អូនី រាជធានីភ្នំពេញ​បច្ចប្បន្ន​នេះមាន​ពល​រដ្ឋ​រស់​នៅ​ប្រមាណ​៦លាន​នាក់​។

នាយក​កម្ម​វិធី​ UN Habitat លោក សុខ វណ្ណា បាន​ថ្លែង​ថា រដ្ឋាភិបាល​គួរ​តែ​មានផែន​ការ​ក្នុង​​ការ​អភិវឌ្ឍ​ទី​ក្រុង​នៃ​ខេត្ត​ផ្សេងវិញ​ដើម្បី​ជា​​ទី​​ក្រុង​រណប​ទី​២ ​ដើម្បី​​ជួយ​សម្រួល​បញ្ញាចរាចរណ៍​ និង​​លំហូរ​ពល​រដ្ឋ​ដែលសម្រុក​មក​តែ​ភ្នំពេញ​នេះ។  ​

លោក​ថា៖ « បើ​មិន​អញ្ចឹងទេគឺ​ថាយើង​សម្រុក​មក​តែ​ភ្នំពេញប៉ុន្តែ​២៦ទីក្រុង​របស់​យើង​ទៀត​គឺ​នៅ​តែ​មិន​ទាន់​អនុវត្តន៍​ត្រឹម​ត្រូវ អញ្ចឹង​អា Secondary city នេះ​គឺការ​អភិវឌ្ឍន៍​ផែន​ការ​ឬ​ការ​អភិវឌ្ឍទីក្រុងរបស់​យើង​ផ្សេង​ទៀត​នោះ​គឺ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ឲ្យការ​ងារ​ហ្នឹង​អាច​ធ្វើ​ទៅ​បាន​រលូន​ទាំង​អស់​គ្នា » ។

របាយការណ៍សាលារាជធានីភ្នំពេញឲ្យដឹងថា នៅភ្នំពេញ ចំនួន​រថយន្តនិងម៉ូតូ មានប្រមាណជាង ៣.២លាន​គ្រឿង បូក​រួម​ជាមួយតាក់ស៊ីនិង​ត្រីចក្រយាន ​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវជា​រៀង​រាល់​ថ្ងៃ ស្របពេលបញ្ហា​ការកកស្ទះ​ចរាចរណ៍ បានក្លាយជា​ បញ្ហា​ពិបាក​ដោះ​ស្រាយ​៕​

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required