បទយកការណ៍៖ ឧបសគ្គរបស់ស្ត្រី ក្នុងវិស័យនយោបាយ

ចៅ​រងទី១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លោកស្រី ឆេង សូត្រ

«ការងារស្រ្តី វាច្រើនណាស់ ការងារផ្ទះផង ការងាររដ្ឋាភិបាលផង ហើយអប់រំកូនចៅទៀត ការងារច្រើ​នផ្នែ​កណា​​ស់ ​ខ្ញុំមានពេលជួបគាត់តិចណាស់»

បើទោះបីជារដ្ឋាភិបាល បានដាក់ចេញពីគោលនយោបាយ លើកកម្ពស់សិទ្ធិស្ត្រីក្នុងការអភិវឌ្ឍជាតិក៏ដោ​យ ប៉ុន្តែគេសង្កេតឃើញមាន​ស្ត្រីតិ​ច​តួ​ចបំផុត ដែលពួកគេ បានសម្រេចចិត្ត ចូលប្រទ្បូក ក្នុងវិ​ស័​យ​នយោ​បា​​យ។

សមាជិកក្រុមប្រឹក្សា ជាស្ត្រីមួយចំនួន ដែលយើងបានចុះសម្ភាសន៍ គាត់អះអាង ប្រហា​ក់ប្រ​​ហែ​​​ល​គ្នាថា មា​ន​​កត្តា​ជាច្រើន ដែលគាត់ថា ជាឧ​ប​ស​គ្គ រារំាងដល់ស្ត្រី មិនអាចជំរុញឲ្យ​ស្ត្រីភាគ​ច្រើន​ហក់ចូល​ធ្វើ​នយោ​បា​យ​នោះ។

ចៅ​រងទី១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លោកស្រី ឆេង សូត្រ បានប្រាប់យើង ​​នៅ​​កន្លែង​ធ្វើ​ការថា ការដែលលោកស្រីមានថ្ងៃនេះ ដោយសារតែមាន​ការលើកទឹកចិត្តខ្ពស់ពីប្តី និង​ថា បា​ន​​​ចំ​​ណា​​យទាំ​ង​​ពេ​លវេលា ទាំងថវិកាផ្ទាល់ខ្លួន ដើម្បីចុះធ្វើសក​ម្មភា​​ពនយោបាយ។

និយាយបានប៉ុន្មាននាទី ការសន្ទនាបានផ្អាក រយៈពេលខ្លី ខណៈមនុស្សមួយក្រុម បានកា​ន់ឯកសារចូ​ល​​មកដ​ល់​​ក្នុងបន្ទប់សម្ភាសន៍។

ក្រោយពីចាប់ប៊ិច ចុះហត្ថ​លេ​ខា លើ​ឯកសា​រ​រួច ស្ត្រីជាចៅសង្កាត់រងទី១ រូបនេះ បាននិយាយបន្តថា ក្រៅពីបំពេញតួនាទីជាក្រុមប្រឹក្សា គាត់ត្រូវចំណាយពេល មើលថែកូន រៀ​បចំ​បា​យ​ទឹក សម្រាប់គ្រួសារ ទៀតផង ។

លោកស្រីថា៖ «ខ្ញុំព្រលឹមឡើង ក្រោកពីយប់បន្តិច រៀបចំផ្ទះឲ្យហើយ ចានឆ្នាំងអី រៀប​ចំទុកដាក់ឲ្យហើ​យ។ ថ្ងៃហ្នឹ​ង ខ្ញុំដាំបាយទុកថ្ងៃទៀត ទៅវិញខ្ញុំធ្វើតែម្ហូបរួចហើយ។ ជួន​កាលប្តីគាត់​ទំនេរ គាត់​ទៅទិញ​ទៅ។​ ជួន​កាលគាត់រវល់ ខ្ញុំចេញពីធ្វើការ ខ្ញុំទៅទិញទៅ ទាល់តែធ្វើអញ្ចឹងបានកើត»។

និយាយដល់ត្រង់ចំនុចនេះ លោកស្រី ឆេង សូត្រ បានចោលភ្នែក សម្លឹងក្រុមការងារ ដែលអ​ង្គុយ​​ក្បែរ​នោះ រួចនិយាយ ហាក់បង្កប់នូវស្នាមញញឹមថា ការធ្វើនយោបាយ បើទោះបីជាបាត់ឱកាស ទំនុ​កបំ​​​រុងគ្រួសារ ខ្លះមែន ប៉ុន្តែគាត់ថា​ អាចជួយព​លរដ្ឋ​ បានច្រើ​ន​​ពា​ន់នាក់ តាមរយៈ ជំរុញអភិបាលកិច្ច លើ​ការ​បញ្ជា​​​ក់​ឯកសារនានា ​ក្នុងសង្កាត់នេះ។

លោកស្រីថា៖ «ខ្ញុំបានប្រកាសប្រាប់គាត់ថា ឥឡូវនេះបងប្អូនចង់មានការអីមកដល់សង្កាត់ផ្ទាល់ខ្លួនឯងមក។ កុំឲ្យពឹងពាក់គេ គេយកលុយហើយ​។ ដល់មកសង្កា​ត់ខ្លួនឯង សេវាខ្លះគេ​អត់យកលុយទេ​។ យកលុ​យក៏តិច​ដែរ ដូចថាយើង​ខ្វីលុយ​គេយក​តែ៥​​ពាន់រៀលទេ ហើយបើឲ្យគេរត់ការគេយក១០ដុល្លារ១៥ ពេ​លខ្លះរហូ​ត២០ដុល្លា​រអីអញ្ចឹង​ទៅ អាហ្នឹងឯក​សារខ្ចី​​លុយ។ ឯកសារអីក៏ដោយ បើគេរត់ឲ្យគេ [អ្នករត់ការណ៍] យកលុយហើយ។ ខ្ញុំប្រាប់គាត់ហើយ មកម្នាក់ ខ្ញុំប្រាប់ម្នាក់ ឲ្យមកផ្ទាល់ៗមក ចំណែកការបញ្ជាក់ទីលំនៅអីក៏ដោយ បញ្ជាក់ទីលំនៅគេអត់យកលុយទេ ធ្វើសំបុត្រ​កំណើ​ត​ក៏អត់យកដែរ។ ហើយជូនលេខទូរសព្ទគាត់ទៀត មានការអីទាក់ទងមក»។

មិនខុសគ្នាប៉ុន្មានពីចៅសង្កាត់រងទី១នេះទេ ចៅរងទី២នៅសង្កាត់ប្រទះឡាង ឯណោះវិញ គឺលោក ស្រី ជុំ សុខា បាននិយាយដែរថា គាត់បានចូលប្រលូកធ្វើជាក្រុមប្រឹក្សានេះបាន ដោយសារតែកា​រតាំ​ងចិ​ត្តខ្លួនឯងផង មានការ​​លើកទឹក​ចិត្តពីស្វា​មីផង រួមផ្សំនឹងកត្តាជីវភាពធូធាមធ្យមផងដែរ។

លោកស្រីថា៖ «ផលប្រឈម របស់ស្រ្តី ដូចជារូបខ្ញុំផ្ទាល់ មុនចេញទៅធ្វើការ​ត្រូវរៀបចំបា​យទឹកកូ​នចៅ​អី​ឲ្យ​ហើយ ត្រូវក្រោកតាំងពីម៉ោង៤។ ក្រោមម៉ោង៤អញ្ចឹងបោសសំអាតក្នុងផ្ទះរួចហើយ ព្រលឹ​ម​ឡើ​ងរៀប​ចំ​បាយ​ទឹក​គ្របទុកឲ្យចៅទៅរៀនទៅអីអញ្ចឹងទៅ ហើយបានទៅធ្វើការ។ មក​ពីធ្វើការវិញរៀបចំ​បាយទឹកទៀ​ត។ ​រៀបចំបាយទឹករួច បានគិតការងារផ្ទាល់ខ្លួន ត្រូវមានមាន​ការងារចុះ​តា​ម​ផ្ទះចុះអី ឆ្លៀតឱកាសពេលហ្នឹង ពេលទំនេរ ១ម៉ោង ២ម៉ោងឆ្លៀតឱកាសហ្នឹងហើយ ឆ្លៀ​ត​ទៅរួ​​ចចេះ​ទៅៗ»។

ស្ត្រីអាយុ ៦០ឆ្នាំរូបនេះនិយាយទៀតថា បើមានស្ត្រីភាគច្រើនត្រូវបានគេដាក់បញ្ជូល ឲ្យធ្វើជាថ្នាក់​ដឹកនាំ​ទាំ​​ង​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លោកស្រីថា ការប្រកួតប្រជែងផ្នែកនយោបាយ អាចកា​ត់បន្ថ​យប​​ញ្ហាហិ​ង្សា​​បានច្រើន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយថាស្រ្តីមានភាពអត់ធ្មត់ ច្រើនជាងបុរស។

លោកស្រីថា៖ «ខ្ញុំថាបើសិនជាស្ត្រីដឹកនាំវិញ ខ្ញុំថាមិនអាចប្រទ្រុះប្រទ្រះគ្នាដល់ថ្នាក់ហ្នឹងពេលទេ អាចថា​ត្រជា​ក់មិនឡើងកម្តៅអញ្ចឹងពេកទេ។ ស្រ្តីដូចខ្ញុំថា​ អញ្ចឹងទី១ចេះអត់ធ្មត់ ទី២ចេះសាមគ្គីគ្នាទី៣​គឺចេះពិភាក្សាយោគយល់គ្នា មិនចេះប្រើហិង្សា​ត​ផ្តេ​​ស​តាផ្តាសទេ។ ស្ត្រីមិនចេះប្រើហិង្សាផ្តេសផ្តាសទេ មុនធ្វើអីគេគិតវែងឆ្ងាយណាស់ ខុសពីបុរសៗ ឲ្យបាន​ស្រាម៉ា​​ក្អឹកចូលពោះនិយាយលែងស្តាប់គ្នាហើយ នារីអត់ទេ»។

តាមលទ្ធផលផ្លូវការនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ឆ្នាំ២០១៧ បង្ហាញចំនួនស្ត្រីដែលគណបក្សធំៗពីរ គឺគណបក្សប្រជាជនកម្ពុជា និង​គណ​បក្សសង្គ្រោះជាតិបានដាក់ជាបេក្ខជនឈរឈ្មោះតាមឃុំ សង្កាត់ នៅទូទាំងប្រទេស ចំនួនស្ត្រី​នៅ​​តែតិចជាងបុរសឆ្ងាយ។

បើតាមតារាងរាយនាមដែល គ.ជ.ប ចេញប្រកាស នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ គណ​បក្សប្រ​ជាជន​កម្ពុ​ជា បានដាក់បេក្ខជនជាង២ម៉ឺន៧ពាន់នាក់( ២៧១១៤) ស្ត្រី ៦០១៧នាក់ ក្នុងចំណោម១៦៤៦ឃុំ សង្កាត់។ ចំណែក គ​​​ណ​ប​ក្សសង្គ្រោះជាតិវិញ បានដាក់បេក្ខជនជាង២ម៉ឺន៦ពាន់នាក់(២៦៤៨៧)ស្ត្រី​មា​ន៤០​៩​១​​​នា​ក់​ក្នុ​​ងចំ​ណោ​ម១​​៦៤​៦​ឃុំ​ សង្កាត់ ដូចគ្នា។​​

បើគេសរុបទាំងពីរគណបក្សនេះ ចំនួនស្ត្រី ដែលគេដាក់បញ្ចូលចូលក្នុងវិស័យនយោបាយ មានតែជា​ង១៨​ភា​​​គ​រយ​ប៉ុណ្ណោះ បើ​ប្រៀ​បធៀ​បនឹ​​​​ងចំនួ​ន​​​បុ​រស​ នេះមិនទាន់គិត​ពីអ្ន​កត្រូវឈរលេខរៀ​ងទី១ដែ​លត្រូ​វជា​ប់​ជា​​​​​ប្រ​ធា​នក្រុប្រឹក្សា ដើម្បីក្លាយជាអ្ន​កដឹកនាំនៅថ្នាក់ក្រោមជាតិនោះ​ទេ។

នាយិកាប្រតិបត្តិអង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា លោកស្រី រស់ សុភាព លើកឡើងថា បញ្ហា​មួយ​ទៀត ដែលធ្វើឲ្យស្ត្រីមានចំនួនតិច ក្លាយជាអ្នកដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនោះ លោ​ក​ស្រីថា មកពីឆន្ទះនយោបាយ ។

លោកស្រីថា៖ «ជាទូទៅស្ត្រីកាលណាគាត់ចូលប្រឡូកមានតួនាទីជាអ្នកដឹកនាំ គាត់ច្រើនផ្តោតទៅ​លើការលុ​បបំបាត់អំពើហិង្សា ឬជាការធ្វើឲ្យមានការចូលរួមច្រើនជាង គាត់អត់ចូលចិត្តធ្វើ​ការទាក់ទងទៅ​នឹងកា​រប្រឈម នឹងការទាស់ទែងគ្នាទេ។ អញ្ចឹងគណបក្សនយោបាយគាត់អាចមិនជឿទុកចិត្តទៅលើស្ត្រី ខ្លាចស្ត្រីហ្នឹងគាត់មានការត្រូវរូវគ្នា ហើយខ្លាចបាត់បង់ការទទួលបានសំឡេង។ ខ្ញុំគិតថានេះជាចំនុចខ្សោយ រ​បស់គ​ណបក្សនយោបាយទៅវិញ»។

បើតាមលោកស្រី រស់ សុភាព ស្ត្រីដែលក្លាយជាតំណាងរាស្ត្រក្នុងសភា សម្រាប់អាណត្តិទី៥នេះ មាន​​តែ​២​០​​ភាគរយប៉ុណ្ណោះ បើប្រៀបធៀនទៅនឹងតំណាងរាស្ត្រជាបុរស។

លោកស្រី រស់ សុភាព បន្តថា បញ្ហាចំបងមួយទៀត បិទផ្លូវស្រ្តី មិនឲ្យពួកគេក្លា​យជាអ្ន​កនាំ​នៅថ្នា​ក់ជា​តិ​បាននោះ គឺការទម្លាប់បង់លុយឲ្យបក្ស ដើម្បីបានឈរលេខ​រៀងអាចជាប់ជាតំណា​ងរាស្ត្រ ដែលលោ​កស្រី​ថា​ ​ការចំណាយបែបនេះ ស្ត្រីភាគច្រើន សុខចិត្តទុកថ​វិកាទាំ​ងនោះផ្គត់ផ្គង់គ្រួសារវិញ។

បើគេងាកទៅមើលយុទ្ធសាស្ត្រចតុកោណ របស់រដ្ឋាភិបាលវិញ បា​​នចាត់ទុកថា ស្ដ្រី គឺជាឆ្អឹងខ្នងនៃ​សេដ្ឋ​កិច្ច និងសង្គម។ ហើយ គោ​លនយោបាយដដែល ថា រដ្ឋាភិបាលខិតខំប្រឹងប្រែង ដើម្បី​ជួយ​លើក​ស្ទួយ ឋានៈរបស់​ស្ដ្រី​ តា​​​​មរយៈ​​ការ​បន្ដអនុវត្ដនូវផែនការយុទ្ធសាស្ដ្រនារីរតនៈ។

​រដ្ឋា​ភិបាលផ្ដល់អាទិភាពខ្ពស់ទៅការលើកកម្ពស់តួនាទី និងស្ថានភាព​សង្គម​របស់​ស្ដ្រី​ ដោយយកចិ​​ត្ដ​ទុ​​ក​ដា​ក់ជម្រុញការអនុវត្ដ យុទ្ធសាស្ដ្រយេនឌឺ ការ​កសាងសមត្ថភាពស្ដ្រី គ្រប់ផ្នែក ដើម្បីឲ្យស្ដ្រី មា​​ន​ល​​ទ្ធ​ភាពគ្រប់គ្រាន់ ក្នុងការ​ចូល​រួមយ៉ាងសកម្ម និងដោយស្មើភាពក្នុងដំណើរការកសាងប្រទេស។

ប៉ុន្តែសម្រាប់លោកស្រី រស់ សុភាព វិញ អះអាងថា ក្លឹមសារខ្លះដែលបានសរសេរក្នុងកម្មវិធីនយោបាយ គ្រា​​​​ន់តែជាផ្នែកមួយបង្ហាញពីចក្ខុវិស័យ របស់គណនយោបាយមួយប៉ុណ្ណោះ ប៉ុន្តែថា អ្វីដែ​លជួ​យ​បង្កើ​​នចំ​នួ​ន​ស្ត្រី ឲ្យពួកគេក្លាយជាមេដឹកនាំពិតប្រាកដនោះ គេត្រូវការកម្មវិធីនយោ​បាយ​មួយជាក់លាក់ជាងនេះ។

លោកស្រីថា៖ «បើសិនជាយើងចែងថា យ៉ាងតិចឲ្យមានស្ត្រីប៉ុន្មានភាគរយ អញ្ចឹងគួរតែចែងថា បើ​មានបុ​រស​៧នា​ក់ ឲ្យមានស្ត្រី៣នាក់។​​​ បើ​មាន​៩នាក់ ឲ្យមានស្ត្រី៥នាក់អញ្ចឹងទៅ ឬក៏៦០ភាគរយ ស្ត្រី​៤០​ភាគរយ អញ្ចឹងទៅ ឬក៏៥០ ទល់ ៥​០ភាគ​រយ។​ អាហ្នឹងខ្ញុំគិត​ថាធនធានរបស់យើ​ងមិនមែនដូ​ចពី​១០ឆ្នាំ​មុនទេ​ ឥឡូ​វនិ​ស្សិត និងស្ត្រី​វ័យក្មេ​​ងពូ​កែ​​​ៗច្រើនណាស់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ