ប្រតិភូកម្ពុជាប្រាប់ IPU ថាមិនទាន់ដឹងការធ្វើច្បាប់រំលាយបក្សនយោបាយទេ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 4:11 PM | នយោបាយ | 0 | 14312 ប្រតិភូតំណាងឲ្យរដ្ឋាភិបាលកម្ពុជាថ្លែងនៅក្នុងកិច្ចប្រជុំ​សហភាពអន្តរសភា (រូបកណ្តាល)

ប្រតិភូតំណាងឲ្យរដ្ឋាភិបាលកម្ពុជាថ្លែងនៅក្នុងកិច្ចប្រជុំ​សហភាពអន្តរសភា (IPU) នៅក្នុងញូយ៉ក សហរដ្ឋអាមេរិក​ថា មិនទាន់ទទួលបានព័ត៌មានពីការធ្វើវិសោធនកម្មច្បាប់ ដើម្បីរំលាយគណបក្សនយោបាយដែលមានអាសនៈនៅក្នុងសភានោះទេ។​

នៅក្នុងកិច្ចប្រជុំ​សហភាពអន្តរសភាដែលប្រព្រឹត្តទៅកាលពីថ្ងៃពុធម្សិលមិញ មានការជជែកដេញដោលពីស្ថានភាពនយោបាយ ការអនុវត្តច្បាប់ និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

ពេលនោះប្រធាន​សភាចោទសួរប្រតិភូកម្ពុជាថា តើប្រទេសកម្ពុជាបានធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ហើយអាចមានលទ្ធភាពរំលាយគណបក្សមែនឬទេ? ជាការឆ្លើយតបប្រតិភូតំណាងរដ្ឋាភិបាលកម្ពុជាថ្លែងថា ពួកគេមិនទាន់ទទួលបានព័ត៌មាន​ពីការធ្វើវិសោធនកម្មច្បាប់នោះទេ ហើយថានោះអាចគ្រាន់តែជាការផ្សព្វផ្សាយគ្មានការពិតតែប៉ុណ្ណោះ។​

ខ្លឹមសារការចោទសួរ និង​ចម្លើយនៅក្នុងកិច្ចប្រជុំ​៖ «ខ្ញុំចង់ស្ថាប់ចម្លើយពីកម្ពុជា សំនួរដំបូង តើប្រទេសរបស់អ្នកមានការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលធ្វើឡើងដោយគណបក្សតែមួយមែនទេ? ហើយច្បាប់ទាំងនោះ​អាចមានលទ្ធភាពរំលាយគណបក្សប្រឆាំងមែនឬ អត់? មែនឬមិនមែន សូមឆ្លើយ? ។ ប្រតិភូកម្ពុជាឆ្លើយ៖ រហូតដល់ពេលនេះ ពួកយើងមិនទាន់ទទួលបានព័ត៌មានពីការធ្វើវិសោធនកម្មច្បាប់ទាំងនេះនៅឡើយ គឺវាអាចជាការផ្សព្វផ្សាយដែលមិនមែនជាការពិត»។

ទោះយ៉ាងណាប្រធានសហភាពអន្តរសភា លោក Saber Hossain Chowdhury នៅតែបន្តចោទសួរជុំវិញគម្រោងរំលាយគណបក្សប្រឆាំង តំណាងរាស្ត្ររត់គេចចេញពីប្រទេស និងគ្រោងយកអាសនៈចំនួន​៥៥នៃគណបក្សនេះទៅចែកឲ្យគណបក្សដែលពលរដ្ឋមិនបានបោះឆ្នោតឲ្យថា តើស្របតាមរដ្ឋធម្មនុញ្ញកម្ពុជាដែលចែងពីសេរីនិយម និងពហុបក្សដែរឬទេ?

ប្រតិភូកម្ពុជាថ្លែងទំនងជាសំដៅលើតំណាងរាស្ត្រគណបក្សប្រឆាំងថា ពួកគេចាកចេញពីប្រទេសដោយខ្លួនឯងមិនមានអ្នកណាដេញ ហើយក៏អាចត្រលប់ចូលប្រទេសវិញបានដែរ មិនមានអ្នកណាហាមឃាត់ទេ។ ប្រតិភូកម្ពុជារូបនេះ បញ្ជាក់ចម្លើយដដែល ទៅនឹងសំនួរដដែលរបស់ប្រធានសភាថា មិនទាន់បានដឹងពីការធ្វើច្បាប់រំលាយបក្សនយោបាយទេ។​ លោកថ្លែងថា៖ «ដូចខ្ញុំបានជម្រាបចឹងលោកប្រធាន យើងមិនទាន់ទទួលបានដំណឹងពីការធ្វើវិសោធនកម្មច្បាប់នោះទេ ហើយក្នុងនាមខ្ញុំជាតំណាងគណៈកម្មការនៅទីនេះ ខ្ញុំនឹងរៀបចំសម្របសម្រួលជូនលោកទៅបំពេញទស្សនកិច្ចទៅកម្ពុជា បើលោកស្នើសុំ»។

ប្រធានសភាថ្លែងថា លោកនឹងកត់ត្រា ហើយថតទុកអ្វីដែលប្រតិភូកម្ពុជាឆ្លើយតបជុំវិញសំនួរទាំងពីរដែលលោកបានសួរ ដោយថា វាមានសារៈសំខាន់ចំពោះអនាគតរបស់កម្ពុជា បើសិនជាមានការដឹកនាំតាមប្រព័ន្ធបក្សតែមួយ មានការបំបាត់​បក្សប្រឆាំង ដែលផ្ទុយពីរដ្ឋធម្មនុញ្ញបានចែងនោះ។​

សហភាពអន្តរសភា (IPU) គឺជាអង្គការអន្តរជាតិ​បង្កើតឡើងកាលពីឆ្នាំ១៨៨៩ បច្ចុប្បន្នមានសមាជិកចំនួ​ន​១៧៣ប្រទេស មានទីតាំងនៅក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក​។ ការបង្កើតអង្គការនេះឡើង​គឺដើម្បីធានាពីការពង្រឹងសមត្ថភាពស្ថាប័នរដ្ឋសភា ជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយការគោរពសិទ្ធិមនុស្ស និង​ពង្រឹងលទ្ធិប្រជាធិបតេយ្យ។ IPU បំពេញការងារមានការសហការគ្នាយ៉ាងស្និទ្ធជាមួយអង្គការសហប្រជាជាតិ។​​

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានអនុម័តធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធការបោះឆ្នោតចំនួន​៤ ដែលមានលទ្ធភាពក្នុងការរំលាយគណបក្សដែលមានអាសនៈ និងយកអាសនៈទាំងនោះទៅចែកឲ្យគណបក្សផ្សេងទៀត។ ការធ្វើវិសោធនកម្មច្បាប់ទាំងនេះធ្វើឡើង​ ក្រោយពេលដែលក្រសួងមហាផ្ទៃបានដាក់ពាក្យបណ្តឹង ប្តឹងទៅកាន់តុលាការកំពូលដើម្បីសុំរំលាយគណបក្សសង្គ្រោះជាតិ។

ចំណែកស្ថានភាពគណបក្សសង្គ្រោះជាតិ​ពេលបច្ចុប្បន្នគឺប្រធានគណបក្សលោក កឹម សុខា ស្ថិតនៅក្នុងពន្ធនាគារ ហើយតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់គណបក្សមួយចំនួនគេចខ្លួនចេញទៅក្រៅប្រទេស ដោយសារបារម្ភខ្លាចមានការចាប់ខ្លួន៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required