លោក ត្រាំ ត្រូវបាន​ចោទ​ថា មិន​គោរព​ដល់​គ្រួសារ​ទាហាន​អាមេរិក​ពលីជីវិត

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ពាក់​ព័ន្ធ​នឹង​រឿង​ចម្រូង​ចម្រាស់​ថ្មី​មួយ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​លោក​ត្រូវ​បាន​គេ​ចោទ​ថា មិន​គោរព​ដល់​ទាហាន​អាមេរិក​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​នៅ​​ក្នុង​ប្រទេស​នីហ៊្សែ ព្រម​ទាំង​បង្ហាញភាព​មិន​គោរព​ដល់​គ្រួសារ​សព។ នេះ​ដោយ​យោង​តាម​ការ​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក ត្រាំ បាន​​ប្រែ​ទៅ​ជាមាន​ជម្លោះ​យ៉ាង​លឿន​នៅ​ពេល​លោក​សន្ទនា​គ្នា​​តាម​ទូរស័ព្ទ​ជាមួយ​ស្ត្រី​មេម៉ាយ​ជា​ភរិយា​របស់​ទាហាន​អាមេរិក​ពលបាល​ឈ្មោះ La David Johnson។ លោក La David Johnson គឺ​ជា​ទាហាន​ម្នាក់​ក្នុង​ចំណោម​ទាហាន​អាមេរិក ៤​រូប ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​​ការ​ឆ្មក់​វាយ​ប្រហារ​របស់​ពួក​បះបោរ​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​តុលា នៅ​ឯ​ប្រទេស​នីហ៊្សែ ស្ថិត​នៅ​ទ្វីប​អាហ្វ្រិក។

ប៉ុន្តែ កំណត់​ហេតុ​ ២ នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ​​ដើម្បី​សម្ដែង​ការ​ចូល​រួម​រំលែក​ទុក្ខ​ពី​សំណាក់​​លោក ត្រាំ នោះ បាន​បង្ហាញ​ថា លោក ត្រាំ បាន​ព្យាយាម​បញ្ចេញ​ភាសា​អាណិត​អាសូរ។

អ្នក​ស្រី Cowanda Jones-Johnson ដែល​ជា​ម្ដាយ​របស់​ពល​ទាហាន​អាមេរិក La David Johnson បាន​ប្រាប់​កាសែត​អាមេរិក​វ៉ាស៊ីងតោន ប៉ុស្តិ៍​ថា ប្រធានាធិបតី ដូណាល់ ត្រាំ ពិត​ជា​មិន​បាន​គោរព​ដល់​កូន​ប្រុស​អ្នកស្រី និងកូន​ស្រី និង​ស្វាមី​របស់​អ្នក​ស្រី​ឡើយ។​

អ្នកស្រី​បន្ត​ថា អ្នកស្រី​ឯកភាព​ទៅ​នឹង​កំណត់ហេតុ​នៃ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ដំបូង ដែល​អ្នកស្រី​ទទួល​បាន​ពី​សមាជិក​សភា​ម្នាក់ដែល​និយាយ​ថា អ្នកស្រី​បាន​ស្ដាប់​លឺ​ផ្នែក​ខ្លះ​នៃ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​នោះ ហើយ​ចោទ​លោក ត្រាំ ថា​មិន​មាន​សីលធម៌​ នៅ​ពេល​ប្រាប់​ភរិយា​សព​ពល​ទាហាន​ថា ទាហាន​វ័យ​ក្មេង​នោះ បាន​ដឹង​នូវ​អ្វី​ដែល​លោក​នឹង​ចុះ​ហត្ថលេខា។

អ្នក​ស្រី Frederica Wilson សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​ផ្លរីដា បាន​ប្រាប់​ទូរទស្សន៍ CNN ថា អ្នកស្រី​មិន​បាន​លឺ​កិច្ចសន្ទនា​ទាំង​ស្រុង​ទេ ប៉ុន្តែ អ្នកស្រី​ពិត​ជា​បាន​ស្ដាប់​លឺ​លោក ត្រាំ និយាយ​ថា លោក​បាន​ដឹង​ហើយ​នូវ​អ្វី​ដែល​លោក​នឹង​ត្រូវ​ចុះ​ហត្ថលេខា ប៉ុន្តែ វា​នៅ​តែ​ឈឺ​ចាប់។

លោក ត្រាំ បាន​បដិសេធ​បក​ស្រាយ ដោយ​គ្រាន់​តែ​បង្ហោះ​សារ​នៅ​លើ​ Twitter ថា សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ យល់​ខុស​ទាំង​ស្រុង​នូវ​អ្វី​ដែល​លោក​បាន​និយាយ​ទៅ​កាន់​ភរិយា​ពល​ទាហាន ដែល​បាន​ស្លាប់​នៅ​ក្នុង​ពេល​បំពេញ​បេសកកម្ម។

លោក ត្រាំ ក្រោយ​មក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា លោក​មិន​បាន​និយាយ​អ្វី​ដូច​ដែល​សមាជិក​សភា​រូប​នោះ​លើក​ឡើង​នោះ​ឡើយ ហើយ​ថា លោក​បាន​ជជែក​តាម​ទូរស័ព្ទ​ដោយ​គួរសម​ជាមួយ​ភរិយា​ពល​ទាហាន​នោះ។

នៅ​ពេល​ត្រូវ​បាន​ចោទ​សួរ​អំពី​ភស្តុតាង​ដែល​លោក​អាច​បង្ហាញ​សាធារណជន​នោះ លោក ត្រាំ និយាយ​ថា សូម​ឲ្យ​អ្នកស្រី Frederica Wilson ធ្វើ​សេចក្ដី​ថ្លែងការណ៍​ម្ដង​ទៀត ហើយ​បន្ទាប់​មក​ សាធារណជន​នឹង​បាន​យល់។

លោក Johnson គឺ​ជា​ទាហាន​ម្នាក់​ក្នុង​ចំណោម​ទាហាន​អាមេរិក ៤​រូប ដែល​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ក្រោយ​រង​ការ​វាយ​ឆ្មក់​ពី​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ទីនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ