អាមេរិក​ថា ទាហាន​ភូមា​ទទួល​ខុស​ត្រូវ​លើ​វិបត្តិ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា

រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Rex Tillerson បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា អាមេរិក​​បាន​ដាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​មេដឹកនាំ​យោធា​ភូមា​ ​សម្រាប់​វិបត្តិ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ដោយ​ទាញ​បញ្ហា​នេះ​ឲ្យ​នៅ​ឆ្ងាយ​ដាច់​ដោយ​ឡែក​ពី​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការ​វិល​ត្រឡប់​ទៅ​រក​របប​ស៊ីវិល​វិញ​របស់​ភូមា បាន​ផ្ដល់​ឲ្យ​ប្រទេស​នេះ​នូវ​រដ្ឋាភិបាល​កូន​កាត់​មួយ ដែល​នៅ​ក្នុងនោះ ពួក​យោធា នៅ​តែ​បន្ត​មាន​អំណាច​ទូលំ​ទូលាយ​នៅ​ក្នុង​វិស័យ​សន្តិសុខ និង​នៅ​រដ្ឋ​រ៉ាក់ឃីន ជា​ទី​ដែល​អង្គការ​សហ​ប្រជាជាតិ បាន​រាយការណ៍​អំពី​ការ​បោស​សម្អាត​ជាតិ​សាសន៍។

លោក Tillerson បាន​ថ្លែង​ថា អាមេរិក​មាន​ក្ដី​បារម្ភ​​ខ្លាំង​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង​ចំពោះ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ភូមា។ លោក​បន្ថែម​ថា លោក​បាន​ទាក់​ទង​ជាមួយ​អ្នកស្រី ស៊ូជី មេដឹកនាំ​ស៊ីវិល​នៅ​ក្នុង​រដ្ឋាភិបាល ដែល​ជា​ការ​បែង​ចែក​អំណាច។

លោក​អះ​អាង​ថា អាមេរិក​បាន​ចាប់​មេដឹកនាំ​យោធា​ភូមា​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​អ្វី​ដែល​កំពុង​កើត​ឡើង ដោយ​លោក​ព្រមាន​ថា ពិភព​លោក​នឹង​មិន​ឈរ​នៅ​ស្ងៀម​នោះ​ឡើយ ហើយ​កំពុង​តែ​តាម​ដាន​ភាព​ឃោឃៅ​ដែល​ត្រូវ​បាន​គេ​រាយការណ៍។

នៅ​ក្នុងរយៈ​ពេល ៧​សប្ដាហ៍​ចុង​ក្រោយ​នេះ ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ជាង​កន្លះ​លាន​នាក់​ហើយ បាន​រត់​ភៀស​ខ្លួន​ និង​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស។

រឿង​រ៉ាវ​របស់​ជន​ជាតិ​រ៉ូហ៊ីងយ៉ា បាន​ធ្វើ​ឲ្យ​ពិភពលោក​តក់​ស្លុត ដោយសារ​តែ​ការ​ទទួល​ខុស​ត្រូវ​របស់​ទាហាន និង​ក្រុម​អន្ធពាល​ភូមា​ចំពោះ​ការ​សម្លាប់ និង​ការ​រំលោភ​ផ្លូវ​ភេទ​ជន​ស៊ីវិល មុន​នឹង​ពួកគេ​កម្ទេច​ភូមិដ្ឋាន​រាប​ដល់​ដី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ