ក្រុមការពារ​សិទ្ធិស្ត្រីស្នើចាត់វិធានការលើអ្នក​​ថតរូបអាក្រាតសព​តារា សាន ស្រីឡៃ

សាន ស្រីឡៃ រូបភាពកាលនៅរស់ និង ក្រោយពេលបាញ់សម្លាប់ និង អតីតប្តី (រូបភាព៖ ហ្វេសប៊ុក)

មន្ត្រី​​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី ស្នើទៅអាជ្ញាធរចាត់វិធានការច្បាប់​លើ​​អ្នក​ដែល​បាន​ថតរូប​អាក្រាត​នៃ​សព​​របស់តារា​ចម្រៀង សាន ស្រីឡៃ ចែក​ចាយ​ក្នុង​បណ្ដាញ​សង្គម ដោយថាធ្វើឲ្យប៉ះពាល់ដល់​បូរណភាព​នៃ​សាកសព និង​ស្ត្រីផ្សេង​ទៀត នៅ​ក្នុងប្រទេសកម្ពុជា។

ការស្នើចាត់វិធានការច្បាប់នេះ ធ្វើឡើងបន្ទាប់ពីមាន​ការរិះគន់ជាបន្តបន្ទាប់​ ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គមមួយចំនួន​​ ជុំវិញការបង្ហាញរូបអាក្រាត​នៃ​សព​របស់តារា​ចម្រៀង សាន​ ស្រីឡៃ ក្រោយការធ្វើ​កោសល្យវិច័យ​សាកសព។

នាយិកាអង្គការយ៉េនឌី និងអភិវឌ្ឍន៍ដើម្បីកម្ពុជា​ (GADC) លោកស្រី រស់ សុភាព បានប្រាប់VOD​នៅថ្ងៃ​ទី១៩ខែតុលានេះថា ការថត និងចែកចាយរូបអាក្រាតរបស់ជនរងគ្រោះ ជាពិសេសស្ត្រី​ មិនមែន​មានតែ​ករណី​តារាចម្រៀង សាន ស្រីឡៃ តែម្នាក់នោះទេ។ លោកស្រីថា ករណី​បែប​នេះ​ ​កើត​ឡើង​ជា​ញឹកញាប់​ទៅ​​លើស្ត្រី ​ដែល​រងគ្រោះ​ដោយសារ​រំលោភ​ផ្លូវ​ភេទ ​អំពើ​ហិង្សា និងឃាតកម្ម​​ជា​ដើម។

លោកស្រី រស់ សុភាព ហៅទង្វើរបស់អ្នកបង្ហាញរូបអាក្រាតស្ត្រីបែបនេះថា ជាការ​​រំលោភ​បំពាន​ទៅ​លើ​សេចក្ដី​ថ្លៃថ្នូរ​របស់​សព ​ក្រុម​គ្រួសារ​ និងស្ត្រីផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា​។ លោកស្រី ស្នើ​ទៅ​អាជ្ញាធរចាត់វិធានការច្បាប់លើបុគ្គលដែលបង្ហាញរូបអាក្រាតតារាចម្រៀងរូបនោះ​ ដោយថាកុំឲ្យបន្ត​កើត  មា​ន​ឡើងទៀតនៅក្នុងប្រទេសកម្ពុជា​។

លោកស្រីនិយាយថា«សមត្ថកិច្ចត្រូវមានវិធានការ ក្នុងការស្វែងរកធ្វើការងារហ្នឹងដើម្បីទប់ស្កាត់កុំឲ្យមានកើតបន្តទៀត ហើយបើកើតបន្តទៀតវាធ្វើឲ្យសីលធម៌របស់កម្ពុជាធ្លាក់ចុះខ្លំាង​​»

លោកស្រី រស់ សុភាព ផ្តល់ជាយោបល់​បន្ថែមថា ស្ត្រីដែលធ្វើការងារជំនាញផ្នែកកោសល្យវិច័យ​លើ​ស្ត្រីរងគ្រោះ ពីការរំលោភផ្លូវ​ភេទ អំពើហិង្សា និងសាកសពជាដើម គឺមានតិចតួចនៅឡើយ។ ករណីនេះ លោកស្រី ស្នើទៅស្ថាប័នពាក់ព័ន្ធត្រូវ​​បន្ថែ​ម​ស្ត្រី ​ធ្វើការងារកោសល្យវិច័យ ឲ្យមានចំនួន​ប្រហាក់​ប្រហែល​បុរស ដោយថា ការពារកុំឲ្យប៉ះ​ពាល់​ដល់​ស្ត្រី​រងគ្រោះ នៅពេលធ្វើកោសល្យវិច័យរកភស្តុតាង​។

VOD មិនអាចសុំការបំភ្លឺពីស្នង​ការនគរបាល​​រាជ​ធានី​ភ្នំពេញលោក ជួន សុវណ្ណ និងលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ​បានទេនៅថ្ងៃនេះ ដោយទូរសព្ទចូលមិនមានអ្នកទទួល។

ប៉ុន្តែកាលពីថ្ងៃទី១៨ខែតុលាម្សិលមិញ លោក ជួន សុវណ្ណ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រុម​ការងារ​កំពុង​ស្រាវជ្រាវករណីនេះ ដោយថា បើរកឃើញថា មន្ត្រី​នគរបាល​ផ្នែក​កោសល្យវិច័យ​សាក​សព ជាអ្នកបញ្ចេញរូបអាក្រាតនោះមែន​ លោក​ថានឹង​ចាត់​វិធានការ​តាមច្បាប់ ព្រោះ​វា​ធ្វើឲ្យ​​ប៉ះពាល់​ដល់​កិត្តិ​យស​​របស់​សព វិជ្ជាជីវៈ និង​ក្រមសីលធម៌​នគរបាល។

មាត្រា២៦១ និង២៦៤ នៃក្រមព្រមទណ្ឌមានខ្លឹមសារថា អំពើប៉ះពាល់ដល់បូរណភាពនៃសាកសព ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ។ បទល្មើសនេះក៏មានទោសបន្ថែម ចំពោះអ្នកប្រព្រឹត្តក្នុងការប្រ​កបវិជ្ជាជីវៈ ពោលត្រូវ​ហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈរយៈពេល៥ឆ្នាំយ៉ាងច្រើន។

តារាចម្រៀង​ សាន ស្រីឡៃ ត្រូវបានអតីតស្វាមីបាញ់ចំនួន៣គ្រាន់ ហើយឃាតករនោះ​ បាញ់សម្លាប់ខ្លួនឯង បណ្តាល​ឲ្យស្លាប់ភ្លាម​ៗ កាលពីថ្ងៃទី១៦ ខែតុលា នៅហាងកែសម្ផស្សមួយកន្លែង ក្បែរស្ថានីយ៍​ទូរទស្សន៍​អប្សរា ស្ថិត​នៅ​សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមក្រុមគ្រួសារឲ្យដឹងថា ករណី​បាញ់សម្លាប់នេះទំនងជាអតីតស្វាមីប្រច័ណ្ឌតារារូបនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ