ចំនួនប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោតនៅសល់ជាង ២លាននាក់ទៀត

គ.ជ.ប

រហូតមកទល់ពេលនេះមានពលរដ្ឋជាង ២លាន ៣៩ម៉ឺននាក់ទៀតដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីនៅឡើយ។

យោងតាមលទ្ធផលប្រកាសបណ្តោះអាសន្ននៃលទ្ធផលការចុះឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានឱ្យដឹងកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ម្សិលម៉ិញនេះថា ពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតទើបតែមានចំនួនជាង ៧ លាន ២៧ម៉ឺននាក់ ស្មើរនឹង ៧៥.២៦ភាគរយប៉ុណ្ណោះ ដោយគិតត្រឹមថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៦ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៦នេះ។

ចំនួនពលរដ្ឋដែលចុះឈ្មោះបោះឆ្នោតនេះនូវមិនទាន់គ្រប់ចំនួនដូចការរំពឹងទុករបស់គ.ជ.ប. ដែលថានឹងមានប្រជាពលរដ្ឋចំនួន ៩លាន ៦៦ម៉ឺននាក់ចូលរួមចុះឈ្មោះឆ្នោតនៅឡើយទេ ពោលគឺនៅសល់ជាង ២លាន ៣៩ម៉ឺននាក់ទៀតដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោត។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធាធ្លាប់បានប្រាប់ឱ្យវីអូឌីថា ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់គ.ជ.ប កន្លងមកនូវមិនទាន់គ្រប់គ្រាន់សំរាប់ជំរុញឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតគ្រប់គ្នានោះទេ។

លោកថា”ខ្ញុំគិតថាមិនទាន់គ្រប់គ្រាន់ទេ នូវត្រូវការនូវប្រព័ន្ធព័ត៌មានទាំងអស់ ហើយក៍ត្រូវការចូលរួមអំពីស្ថានប័នពាក់ព័ន្ធ មានអី សង្គមស៊ីវិល បងប្អូនប្រជាពលរដ្ឋផ្សព្វផ្សាយបន្តដើម្បីឱ្យការចុះឈ្មោះនេះយើងអាចកសាងបាននូវបញ្ជីមួយដែលមានទំនុកចិត្តឆ្ពោះទៅរកការបោះឆ្នោតទាំងអស់គ្នាបាទ”

អ្នកនាំពាក្យរូបនេះបានបន្ថែមថា លោកមិនរំពឹងទុកមានចំនួនអ្នកចូលរួមចុះឈ្មោះបោះឆ្នោតគ្រប់ចំនួនមួយរយភាគរយនោះទេ។

លោកថាវាមិនអាចមួយរយភាគរយទេស្អីក៍ដោយ……យើងមើលឃើញថាបងប្អូននៅក្រៅប្រទេសមួយចំនួនក៍លោកអត់បានអញ្ជើញមកចុះឈ្មោះដែរអីចឹងនេះជាឧទាហរណ៍មួយស្តីអំពីការមិនសង្ឃឹមថាបានមួយរយភាគរយបាទ”។

លោកបានបញ្ជាក់បន្ថែមថាចំនួនពលរដ្ឋដែលអាចចុះឈ្មោះបោះឆ្នោតបានរាប់ត្រឹមអាយុ ១៨ឆ្នាំឡើង និងរាប់ទាំងពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតដែលកំពង់ស្ថិតនៅក្រៅប្រទេស។

គ.ជ.ប បានកំណត់កាលបរិច្ឆេទសម្រាប់ការចុះឈ្មោះបោះឆ្នោតមានរយៈពេល៩០ថ្ងៃ គឺចាប់ពីថ្ងៃទី១ខែកញ្ញា រហូតដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦។ បើគិតត្រឹមថ្ងៃទី១៩ខែកញ្ញានេះ គឺនៅសល់តែ១១ថ្ងៃទៀតប៉ុណ្ណោះ ការចុះឈ្មោះនឹងត្រូវបិទបញ្ចប់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ