គ.ជ.ប ឲ្យបក្ស ៦ ផ្ដល់ព័ត៌មាន​ពី​បេក្ខភាព​របស់​ខ្លួន​ដើម្បីទទួលអាសនៈ​សភា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប បានជូន​ទៅ​ដំណឹង​ទៅ​គណបក្សនយោបាយចំនួន ៦ ឲ្យ​ផ្ដល់ព័ត៌មានពីបេក្ខភាព​របស់​ខ្លួន ដើម្បីទទួលអាសនៈ​សភា​​ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​ត្រូវ​បាន​រំលាយ។

គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ទៅ​តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​ប្ដឹង​ឲ្យ​រំលាយ​គណបក្ស​នេះ។

តុលាការ​កំពូល​ក៏​បាន​សម្រេច​ហាម​ឃាត់​មេដឹកនាំ និង​សមាជិក​គណបក្ស​ប្រឆាំង​ចំនួន ១១៨​រូប មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​ផង​ដែរ។

បន្ទាប់​ពី​សេចក្ដី​សម្រេច​នេះ ត្រូវ​បាន​ប្រកាស​រួច​មក អាសនៈ​សភា​ចំនួន ៥៥​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ត្រូវ​បាន​បែង​ចែក​ទៅ​គណបក្ស​ដទៃ​ទៀត ដែល​ពុំ​ទទួល​បាន​អាសនៈ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣។

សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា​របស់​គ.ជ.ប បាន​ឲ្យ​ដឹង​ថា អាសនៈ​សភា​របស់​គណបក្ស​ប្រឆាំង នឹង​ត្រូវ​បែង​ចែក​ទៅ​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ គ.ជ.ប. បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ជូន​ដំណឹង​អំពី​ការ​បែង​ចែក​អាសនៈ​សភា​របស់​បក្ស​ប្រឆាំង ទៅ​ដល់​គណបក្ស​ចំនួន ៥ ​រួច​ហើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ប៉ុន្តែ​ថា គ.ជ.ប. ទាក់​ទង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​មិន​បាន​នោះ​ឡើយ។

គ.ជ.ប ជំរុញទៅ​គណបក្សសាធារណរដ្ឋ​ប្រជាធិបតេយ្យ ឲ្យ​ទាក់ទងទៅ គ.ជ.ប វិញ​ ដើម្បី​បំពេញ​នូវ​ព័ត៌មាន​អំពី​បេក្ខជន​​ក្នុងនីតិកាលទី ៥ នៃការបោះឆ្នោតជ្រើសតាំងឆ្នាំ ២០១៣ ហើយផ្ញើ​ទៅកាន់ គ.ជ.បឲ្យបានឆាប់។

គ.ជ.ប. បាន​ប្រាប់​ទៅ​គណបក្ស​ទាំង ៦​នោះ អំពី​ការ​បែង​ចែក​អាសនៈ​សភា​របស់​បក្ស​សង្គ្រោះ​ជាតិ​​បែប​នេះ បន្ទាប់​ពី​​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​រំលាយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។

ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ រដ្ឋាភិបាលរបស់លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រង​ការថ្កោលទោស​ និង​ព្រមាន​ដាក់ទណ្ឌកម្មជាបន្ដបន្ទាប់​ពីសហគមន៍អន្ដរជាតិ ដូចជា ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋ​អាមេរិក​ជាដើម។

បណ្ដា​ប្រទេសប្រជាធិបតេយ្យ​លោក​ខាង​លចិ យល់ថា កម្ពុជា កំពុងឃ្លាតឆ្ងាយពីគន្លងនៃ​លទ្ធិប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិពលរដ្ឋធ្ងន់ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ