បទយកការណ៍ខ្នាតវែង៖ អ្នកពាក់ព័ន្ធថាសិស្សមួយចំនួននៅតំបន់ជនបទក្នុងខេត្ដកំពង់ធំ បន្តបោះបង់ចោលការសិក្សា

សិស្សនៅតំបន់ជនបទក្នុងខេត្ដកំពង់ធំ

ឃុំក្រយា គឺជាឃុំមួយនៅជនបទដាច់ស្រយ៉ាល ស្ថិតនៅស្រុកប្រាសាទបល្ល័ង ដែលមានចំង៉ាយប្រមាណ១០០គឺឡូម៉ែត្រ ពីខេត្ដកំពង់​ធំ។ ឃុំនេះ មានពលរដ្ឋរស់នៅចំនួន៦ភូមិ ដែលស្មើ១ ៥០៩គ្រួសារ និងមានចំនួន ៧ ២៨១នាក់។ ភាគច្រើនពួកគាត់ ជាកសិករធ្វើស្រែចំការ ខណៈពលរដ្ឋជិត ៥០០នាក់ទៀត ធ្វើចំណាកស្រុកនៅក្រៅប្រទេស។ នៅក្នុងឃុំក្រយានេះ មានសាលាបឋមសិក្សា ចំនួន៣៦ថ្នាក់ និងមធ្យមសិក្សាចំនួន១៣ថ្នាក់។

ស្ដ្រីវ័យជាង៥០ឆ្នាំមួយរូប គឺអ្នកស្រី ឌិន ភាច មានប្រសាសន៍ថា អ្នកស្រីជាម្ដាយធំ ក្មេងស្រីពីរនាក់ដែលមានឪពុក ឌិន និងម្ដាយឈ្មោះ រឿន ឡាយ នៅក្នុងភូមិបុស្សធំ ឃុំក្រយា ស្រុកប្រាសាទបល្ល័ងខេត្ដកំពង់ធំ។ អ្នកស្រី បានបន្ដថា ក្មេងស្រីពីរនាក់នោះ បានបោះបង់ការសិក្សាទៅតាមម្ដាយរបស់គាត់ ទៅធ្វើការនៅប្រទេសថៃ ដោយបានបញ្ចប់ត្រឹមថ្នាក់ទី៦ នៃសាលាបឋមសិក្សាបុស្សធំ ខណៈដែលកូនតូចម្នាក់កំពុងផ្ញើម្ដាយជួយថែរក្សា។ អ្នកស្រីបន្ដថា ដោយឡែក ឪពុកវិញ មានសតិមិនគ្រប់ ដែលបញ្ហានេះ បង្កជាការលំបាកដល់គ្រួសារមួយនេះ និងប៉ះពាល់ដល់ការអប់រំដល់ក្មួយរបស់អ្នកស្រី។

អ្នកស្រីបន្ដទៀតថា «ស្រណោះកូន ដែរតែមិនដឹងធ្វើរម៉េច​ រឿងប្រពន្ធមិនដឹង យ៉ាងណា យ៉ាងណី ខ្ញុំមិនដែលបានទូរស័ព្ទទៅសួរអត់មានលេខ! ទាំងអស់កូនបង ដែលរៀនបានខ្ពស់ហើយក៏ម្ដាយនាំទៅប្អូន ក៏អត់ដែរ មិនបានរៀនសូត្រណា យកទៅអស់មួយសម្បុក»

អ្នកស្រី ឌិន ភាច បានបន្ដទៀតថា ម្ដាយ ឪពុកក្មួយអ្នកស្រី ក៏មិនមានចំណេះដឹងខ្ពស់និងមិនយល់ដឹងពីតម្លៃនៃការអប់រំដែលអ្នកស្រីព្រួយបារម្ភថា ការបាត់បង់ការសិក្សា ក៏ដូចជាការបាត់បង់​អនាគត់របស់កុមារ។

អ្នកស្រីបន្ដ «បើក្រខ្សត់ អត់ឃ្លានយ៉ាងម៉េច បានកូនរៀនចេះដឹង! ដូចជាកេរ្តិ៍របស់​យើងសម្រាប់ទុកអោយកូនព្រោះ យើងរកអីមិនបាននឹងគេណា! បើក្រយ៉ាងណា ក៏រកស៊ីចិញ្ចឹមអោយតែបានកូនរៀន ទុកជាសម្បត្ដិចែកកូនអនាគតកូន ក្រហើយអត់ចេះ គាត់មិនចង់ធ្វើទេ ​តែវាអត់ហើយ ចេះតែនាំទៅដូចជាយល់ដឹងនៅកម្រិតទាប»

ស្ដ្រីមួយរូបទៀត ដែលមានស្វាមីជាយោធិនចូលនិវត្ដ គឺអ្នកស្រី ឆាន់ ពៅ អ្នកស្រីបានសោកស្ដាយចំពោះការបាត់បង់ការសិក្សារបស់កូនចំនួនពីរនាក់ ខណៈដែលកូនអ្នកស្រីរៀនត្រឹមថ្នាក់បឋមសិក្សា។ អ្នកស្រីបន្ដថា ការសម្រេចចិត្ដអោយកូនបោះការសិក្សានេះ ដើម្បីអោយកូនជួយរកប្រាក់សងបំណុលធនាគារ ខណៈដែលគ្រួសារអ្នកមានជីវភាពទីទាល់ក្រ។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ស្ដ្រីវ័យជាង៤០ឆ្នាំរូបនោះ លើកឡើងថា រូបគាត់ក៏មានគំនិតឲ្យកូនបន្ដការសិក្សាដល់ថ្នាក់ទី១២ដែរ។ ប៉ុន្ដែកង្វះជីវភាព ទើបសម្រេចចិត្ដអោយកូនឈប់ និងអោយជួយម្ដាយទៅធ្វើការនៅប្រទេសថៃ ។

អ្នកស្រីបន្ថែម «លំបាកជំពាក់គេ ​ចេះតែដើរចង់ដែរ តែមិនដឹងធ្វើយ៉ាងម៉េច បើវាចង់ទៅដែរ ទៅទាំងអស់គ្នា ទៅកន្លែងកាប់អំពៅ​ទៅ ទាំងអស់គ្នាទៅជួយការងារ។ ខ្ញុំទៅ៦ខែ ៣ខែពីរ ខែ២មកវិញកូន ទុកក៏មិនកើតវាពិបាក»

ងាកមកមើល ផ្លូវថ្នល់នៅក្នុងភូមិ នៃឃុំក្រយា រងការខូចខាតស្ទើទាំងស្រុង ដែលធ្វើអោយពលរដ្ឋពិការធ្វើដំណើរ និងធ្វើអាជីវកម្ម ស្របពេលដែលផ្លូវចេញពីឃុំនេះ មានប្រមាណ៣០គីឡូម៉ែត្រ ឆ្ពោះទៅកាន់ស្រុកប្រាសាទបល្ល័ង ក៏រងការខូចខាត ដោយសារ​កំណាត់ផ្លូវនោះ រថយន្ដដឹកធ្ងន់ឆ្លងកាត់ និងរងការជន់លិចដោ​យ​សារទឹកភ្លៀង។

កំណាត់ផ្លូវឆ្ពោះទៅកាន់ស្រុកប្រាសាទបល្ល័ងរងការជន់លិចដោ​យ​សារទឹកភ្លៀង

មិនខុសពី អ្នកស្រី ឆាន់ ពៅ ដែលកំពុងព្រួយបារម្ភពីអនាគតកូននោះ​។ អង្គុយនៅលើកៅអីក្បែផ្ទះ អ្នកភូមិម្នាក់ទៀត នៅភូមិក្រយា ស្រុកប្រាសាទបល្ល័ង គឺអ្នកស្រី ប៊ិន មឿន បានអោយដឹងថា បញ្ហាសេដ្ឋកិច្ចគ្រួសារ ​គឺជានាវាដ៏សំខាន់សម្រាប់នាំកូនអោយមានអនាគតល្អ ប៉ុន្ដែបើជីវភាពគ្រួសារខ្វះខាតនោះ ធ្វើអោយកូនស្រីរបស់គាត់បញ្ឈប់សិក្សាត្រឹមថ្នាក់ទី៩ ដើម្បីជួយការងារក្រុមគ្រួសារទៅវិញ ក្រោយពេលអ្នកស្រីរងគ្រោះថ្នាក់ចរាចរណ៍។

អ្នកស្រីបន្ដថា «មិនដឹងធ្វើម៉េច បើក្រអត់មានអីអោយកូនរៀន មិនដឹងធ្វើម៉េចបើកូនឈប់ទៅរៀន។ ប្ដីក៏ទៅស៊ីឈ្នួលគេដែរ ធ្វើស្រែហ្នឹងឯងមួយពីរទុក ទិញម្ហូបស៊ីហ្នឹងឯង។ ខ្ញុំធ្វើអីមិនកើតដាំបាយក៏មិនបាន នេះមកនៅជាមួយបងអោយគេដាំបាយហូប។ ខ្ញុំចង់អោយកូនរៀនតែកូនវាឈប់ចង់រៀន ហើយបើសម្រាកយូរហើយ អត់មានលុយមានអីផង»

ស្រ្ដីពិការដៃឆ្វេងរូបនោះ​បានបន្ដទៀតថា ខ្លួនមានបំណងចង់អោយកូនបញ្ចាប់ការសិក្សាថា្នក់ទី១២ ប៉ុន្ដែគ្មានលទ្ធភាពឧបត្ថម្ភថវិកាអោយកូន ខណៈដែលអ្នកស្រីរស់រំពឹងទាំងស្រុងលើបងប្អូន ខណៈដែលស្វាមីកំពុងចំណាកស្រុក។ អ្នកស្រី​បានបន្ដទៀតថា បើទោះបីកូនបាត់បង់ការសិក្សាក្ដី ប៉ុន្ដែអ្នកស្រីចង់ឲ្យរាជរដ្ឋាភិបាលបណ្ដុះបណ្ដាលជំនាញមួយច្បាស់​លាស់ដល់យុវជនដែលបាត់បង់ការសិក្សា ដើម្បីជួយដល់អនាគតរបស់ពួកគេ។

បើយើងក្រឡេកមកមើល ផែនការយុទ្ធសាស្ត្រ​វិស័យ​​អប់រំ​ឆ្នាំ២០០៩-១៣ ​ក៏​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ផង​ដែរ​លើការ​ពង្រីក ការ​អប់រំ​កុមារ​តូច ការ​ពង្រីក​ការងារ​អប់រំ​ក្រៅប្រព័ន្ធ​ ការអប់រំ​បច្ចេកទេស​វិជ្ជាជីវៈ ការពង្រីក​ឱកាស​ទទួល​សេវា​អប់រំ​មធ្យមសិក្សា​ និង​ក្រោយ​មធ្យមសិក្សា​ ឱ្យ​បាន​កាន់​តែ​ប្រសើរ​រវាង​រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ ផ្នែកឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍ មាតាបិតាសិស្ស​។ លើស​ពី​នេះ ​ទៀត​ត្រូវ​ធានា​ថា ការ​ចំណាយ​លើវិស័យ​អប់រំ​ពិត​ជា​ទទួល​បាន​នូវ ផល​ប៉ះ​ពាល់​ជា​អតិបរមា ជាពិសេស​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​អប់រំ​សម្រាប់​កុមារ​និង​ យុវជន បាត់បង់​ឱកាស តាមរយៈ​ការរៀបចំ​ឲ្យ​មាន​វិធាន​ការ​ច្បាស់លាស់ ​ដែលធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ ចំណាយ​ថវិកា​អប់រំ។

មេឃុំក្រយា ស្រុកប្រាសាទបល្ល័ង ខេត្ដកំពុងធំ លោក យាប់ យ៉ូត មានប្រសាសន៍ថា ពលរដ្ឋចំណាកស្រុកទៅក្រៅប្រទេស មានប្រមាណជិត៥០០នាក់ ក្នុងនោះក៏បាននាំកូនទៅធ្វើ​ការជាមួយផងដែរ ដែលលោកថា ធ្វើអោយពួកគេមិនបានចូលសាលាផងដែរ។ លោកបានបទទួលស្គាល់ថា កុមារបានបោះបង់ការសិក្សា ដោយសារជីវភាពគ្រួសាររបស់ពួកគេខ្វះខាតនិងអា​ណាព្យាបាលខ្លះមិនយល់ពីតម្លៃនៃការអប់រំ។

លោកបន្ដថា «មានប្រជាពលរដ្ឋមួយចំនួន ក៏បានយកកូនទៅជាមួយ ភាគច្រើនមានអាយុពី ១ឆ្នាំទៅ៧ឆ្នាំ យកទៅជាប់ជាមួយ។ ចំពោះអ្នកយកកូនទៅ ក្នុងភូមិនីមួយៗ មានប្រមាណ៥ទៅ៦គ្រួសារ ក្នុងចំណោម៥០នាក់»

មេឃុំរូបនោះ បានអោយដឹងទៀតថា សិស្សានុសិស្សនៅក្នុងឃុំនោះ មានចំនួន ១ ១២៣នាក់ទាំងបឋមសិក្សា និងមធ្យមទុតិយភូមិ។ លោកបានបន្ដទៀតថា សិស្សបោះបង់ការសិក្សាមានប្រមាណ ១.៥ភាគរយ ក្នុងនោះសិស្សបឋមមានចំនួន១២៣នាក់ និងមធ្យមសិក្សាបឋមភូមិ និងមធ្យមភូមិសិក្សាទុតិយភូមិមានចំនួន៥៤នាក់​។ ប៉ុន្ដែយ៉ាងនេះក្ដី លោកបានបន្ដថា អាជ្ញាធរបានសហការណ៍ជាមួយអង្គការទស្សនៈពិភពលោក តែងចុះអប់រំដល់អាណាព្យាបាលសិស្សអំពីតម្លៃអប់រំជាបន្ដបន្ទាប់។

លោកបន្ដថា «ហើយការពិតទៅអាជ្ញាធររាល់ពេលផ្សព្វផ្សាយប្រជុំ យើងចាប់អារម្មណ៍ខ្លាំងទៅប្រព័ន្ធអប់រំ និងការទំនុកបំរ៉ុង និងបានបញ្ជៀប ហើយបញ្ជ្រៀបទៀតទៅលើសារៈសំខាន់នៃការរៀនសូត្រ ប៉ុន្ដែឪពុកម្ដាយខ្លះ មិនយល់ពីតម្លៃរៀនសូត្រ និងកត្ដាក្រីក្រដ អូសទាញក៏គាត់យល់ថា ការរៀនសូត្រមិនបានធ្វើធំ បានចេះត្រឹមមើលសំបុត្របានទៅហើយ ទស្សនៈរបស់គាត់គិតចឹងេង»

វិលមកអ្នកភូមិមួយរូបទៀត រស់នៅភូមិក្រយា ឃុំក្រយា លោក អ៊ីម រ៉េត លោកមានប្រសាសាសន៍ថា ប្អូនស្រីបង្កើតរបស់លោកមានកូន៥នាក់ ប៉ុន្ដែកូនចំនួនបីនាក់បានបញ្ឈប់ការសិក្សាត្រឹមថ្នាក់ទី៨ ដោយសារវិបត្ដិគ្រួសារកើតឡើងពីគ្រឿងស្រវឹង។ លោកបានបន្ដទៀត​ថា ប្អូនស្រីបង្កើតរបស់គាត់ តែងតែទទួលគ្រឿងស្រវឹង និងដេកដួលជារៀងរាល់ថ្ងៃ ខណៈដែលស្វាមីគាត់រស់នៅធ្វើស្រែចំការតែក្នុងព្រៃ ដែលលោកថា ករណីនេះ ធ្វើអោយប៉ះពាល់ដល់ដំណើរជីវិតក្មួយៗនាពេលអនាគត។

លោកបានបន្ដថា «ស្រាហើយ​ លុយទៅរៀនអីអត់មានលុយ មានកាក់ អត់ទាំងអស់ មានតែផ្ទះប៉ុណ្ណោះឯង។ ជួយម៉េច មិនបាន បើអត់ យ៉ាងម៉េចរួច មិនដឹងថា ម៉េចស្រណោះមិនដឹងយោងថាម៉េច។ ជួយតិចៗ ដែរតែយូរទៅវាដាច់ដែរមិនដឹងបានអី»

លោកបានបន្ដទៀតថា បច្ចុប្បន្ននេះ ក្មួយៗលោកខ្លះធ្វើចំណាកស្រុកនៅក្រៅប្រទេស ​និងខ្លះទៀត​បានដើរចោលផ្ទះទាំងនៅវ័យក្មេង។ លោកបានអោយដឹងថា លោកព្រួយបារម្ភពីអនាគតរបស់ពួកគេ ស្របពេលដែលម្ដាយរបស់ពួកគេវិញ ឃើញដេកស្រវឹងខួបនៅតែលើគ្រែ។

លោកបន្ដថា «ព្រួយបារម្ភដែរ តែមិនដឹងចិញ្ចឹមយ៉ាងម៉េច បើពូអ៊ុំបានល្មមដែរ ចិត្ដវាព្រួយតែផែនការមិនដឹងធ្វើម៉េចអីកើត គ្មានលទ្ធភាពណា។ ផ្ទះគាត់ធំៗ តែលុយក៏ជំពាក់គេ វាអត់មានទទេឆិល»

នាយកស្ដីទីនៃកម្មវិធីអភិវឌ្ឍន៍តំបន់មូលដ្ឋាន នៃអង្គការទស្សនៈពិភលោក ប្រចាំនៅស្រុកប្រាសាទបល្ល័ង ខេត្ដកំពង់ធំ លោក រៀម ឧត្ដម មានប្រសាសន៍ថា តាមការសិក្សារកឃើញថា នៅឆ្នាំសិក្សា ២០១៦-២០១៧ អត្រាសិស្សបោះបង់ការសិក្សា​នៅឃុំចំនួនបី នៃស្រុកនេះមានចំនួន១៨៣នាក់ ស្មើ៥.៣៦% បើប្រៀបធៀបឆ្នាំសិក្សា២០១៥-២០១៦ មានការថយចុះបន្ដិចបន្ដួច ពោ​ល​ត្រឹម ០.០៩% ដែលថា ការបោះបង់ការសិក្សានេះ មានកត្ដាជាច្រើនរួមមានម្ដាយឪពុកចំណាកស្រុក និងមិនយល់ពីតម្លៃនៃការសិក្សា ការមិនចេះអាន និងខ្វះបន្ទប់សិក្សា បណ្ដាល័យអានជាដើម។ លោកបន្ដថា អង្គការទស្សនៈពិភពលោកតែងចុះផ្សព្វផ្សាយលើកកំពស់តម្លៃនៃការសិក្សាជាបន្ដបន្ទាប់ ដើម្បីអោយកុមារមានសមត្ថភាពអោយកាន់តែប្រសើរ​ឡើង និងដើម្បីកុំអោយមាការបោះបង់ការសិក្សារបស់សិស្ស។

លោកបន្ដថា «អត្រានៃការបោះបង់ការសិក្សានេះ មានគ្រប់កំរិតថ្នាក់ទាំងអស់។ អនុវិទ្យាលក៏មានកំរិតខ្ពស់ដែរ! តែយើងធ្វើការផ្ដោតទៅលើតែបឋមសិក្សា! កត្ដាដែលបោះបង់ការសិក្សាយើងឃើញមានបញ្ហាជាច្រើន ដូចជា ឪពុកម្ដាយចំណាកស្រុក កូនមិនចេះសរសេរ អានឪពុកម្ដាមិនយល់ពីតម្លៃសិក្សា ជួនពេលខ្លះក្រុមគ្រួសារយកកូនទៅធ្វើចំការឆ្ងាយៗក្នុងនោះដែរយើងមើលឃើញដែរថានៅក្នុតតំបន់របស់យើង សាលារៀនក៏ខ្វះបន្ទប់រៀន និងខ្វះបណ្ដាល័យអោយសិស្សានុសិស្សរៀនអោយបានគ្រប់គ្រាន់ដែរ»។

មន្ដ្រីអង្គការក្រៅរដ្ឋាភិបាលរូបនោះ សម្ដែងការព្រួយបារម្ភពីការបោះបង់ការសិក្សានេះ ដោយលោកថា អង្គការនេះ នឹងបន្ដសហការជាមួយអាជ្ញាធរពង្រឹងលើការអប់រំនេះ ចុះផ្ទាល់នៅមូលដ្ឋានជាមួយក្រុមគ្រួសារនិងកុមារ។ លោកពន្យល់ថា ដើម្បីអោយកុមារសិក្សាមានគុណភាពផ្នែកវិស័យអប់រំ គឺស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹទៅលើសមត្ថភាពគ្រូបង្រៀន នឹងចុះអប់រំនិងពង្រឹងសិស្សនៅកំរិតថ្នាក់ទាប ដូចជាបំនិនទាំងប្រាំរួមមានការស្គាល់តួរអក្សរ ស្គាល់សូរ្យ អានស្ទាត់ ការអានដើម្បីយល់ន័យ ការអានឆ្លើយសំណួរជាដើម។

លោកបន្ដថា «យើងនៅតែព្រួយបារម្ភ ហើយយើងទាំងអស់គ្នា នៅតែចូលរួម​ជាមួយអ្នកដែលពាក់ព័ន្ធ ទាំងស្ថាប័នជំនាញក្ដី ទាំងអង្គការក្ដីអ្នកនៅទីនោះក្ដី លោកគ្រូអ្នកគ្រូក្ដី​ យើងត្រូវចូលរួមទាំងអស់គ្នា ព្រោះយើងឃើញថា បញ្ហាហ្នឹង គឺជាបញ្ហាមួយ​ដែលចោទមែនទែនសម្រាប់ផ្នែកអប់រំដែលគ្រប់គ្នា ត្រូវតែចូលរួមក្នុងការដោះស្រាយ ដើម្បីអោយគុណភាពជាពិសេសកុមាររបស់យើងសិស្សតូចៗ គាត់អាចបង្កើនសមត្ថភាពតាមរយៈការគាំទ្រផ្នែកទាំងអស់ដើម្បីធ្វើអោយពួកគាត់កាន់តែប្រសើរជាមួយផ្នែកអប់រំ»។

ប្រធានការិយាល័យបឋមសិក្សាខេត្ដកំពង់ធំ លោកស្រី សួន ចិន្ដាមុន្នី លោកស្រីមានប្រសាសន៍​ថា​ នៅឆ្នាំសិក្សា២០១៥-២០១៦ សិស្សបានបោះបង់កាសិក្សាមានកម្រិតខ្ពស់ចាប់បឋមសិក្សា ដល់អនុវិទ្យាល័យ ដោយថា មានប្រមាណ៥ពាន់នាក់នៅខេត្ដកំពង់ធំ ខណៈសិស្សក្រីក្រមានប្រមាណ ១៩ ២២៥នាក់។ អ្នកស្រីថា ការបោះការសិក្សានេះ ក្រោយពេលចូលឆ្នាំខ្មែរ ដោយសារគ្រួសារពួកគាត់ធ្វើចំណាកស្រុកនិងនឹងអាណាព្យាបាលមិនសូវយល់ពីតម្លៃនៃការអប់រំ។

អ្នកស្រីបន្ដថា «អនុវិទ្យាល័យ ក៏អញ្ចឹង សំបូរបោះបង់ច្រើនជាងគេកំរិតថ្នាក់ទី៥ ទី៦ និងអនុវិទ្យាល័យ បោះបង់ច្រើនតែបើសិស្សឈាន​ដល់ចូលវិទ្យាល័យ អត់សូវវិញ ខ្ញុំសង្កេតមើលឃើញនៅខាងមធ្យមអត្រាបោះបង់របស់បឋមភូមិខ្ពស់ជាទុតិយភូមិ។ សំបូរទី១ ទៅធ្វើការអោយម៉ែឪ​ ពេលឃើញគេមកបានលុយបានអីធ្វើផ្ទះ។ ខ្ញុំបានចុះដល់ស្រុកសណ្ដាន់ មេឃុំត្អូញប្រាប់ថា ​​រៀនបានស៊ីអី! នេះគាត់នៅមានគំនិតមួយ គាត់ធ្លាប់ចិញ្ចឹមកូនមិនបានរៀនដល់ចឹងគាត់មានគំនិតនិយាយថា រៀនបានស៊ីហើយ បើសិនទៅធ្វើការមួយថ្ងៃ បានបីម៉ឺនពីរម៉ឺន វាបានស៊ី។ គាត់គិតតែចំពោះមុខ ប៉ុន្ដែគាត់អត់គិតកូននៅថ្ងៃអនាគតទេ»

ប៉ុន្ដែ លោកស្រីបានបន្ដថា នៅឆ្នាំ២០១៦-២០១៧ មានការថយចុះច្រើន ពោលនៅសល់៥,៧០ភាគរយ ក្នុងនោះមានស្រី៤នាក់ ដែលអ្នកស្រីថា ក្រោយពីមានអាជ្ញាធរធ្វើយុទ្ធការផ្សព្វផ្សាយ ជាបន្ដបន្ទាប់។ លោកស្រី មានការព្រួយបារម្ភពីអត្រានៃការបោះបង់ការសិក្សារបស់សិស្ស ដោយបានអំពាវដល់រដ្ឋាភិបាលកុំអោយវិទ្យុផ្សព្វផ្សាយពីក្រុមហ៊ុនជ្រើសរើសពលករ ដោយថាមិនចេះអក្សរសោះ ក៏អាចធ្វើការបាន និងមានប្រាក់ខែខ្ពស់ ដែលលោកស្រីថា ការផ្សព្វផ្សាយបែបនេះ ធ្វើអោយប៉ះពាល់ដល់វិស័យអប់រំដែលរដ្ឋាភិបាលមានគោលការច្បាស់លាស់។

អ្នកស្រីបន្ដ «អ្នកផ្សព្វផ្សាយអំពីការជ្រើសរើសពលករ គាត់ផ្សាយថា មិនចេះអក្សរក៏បានប្រាក់ខែខ្ពស់ ចឹងគំនិតគាត់មានគំនិតថា រៀនបានប្រយោជន៍អី មិនចេះអក្សរក៏បានប្រាក់ខែខ្ពស់ដែរ ចឹងគាតត់អោយកូនគាត់ទៅធ្វើការ។ ពួកខ្ញុំ អស់លោកទាំងអស់គ្នាប្រឹង គឺអត់ប្រយោជន៍មានអីពិបាកយល់មិនចេះអក្សរ ក៏បានប្រាក់ខែខ្ពស់ ចឹងយើងរៀនបានប្រយោជន៍អី។ គាត់អត់គិតថារៀនហ្នឹង យើងចេះដឹងទៅអត់ចាញ់បោកគេ យើងធ្វើការងារមានជំនាញច្បាស់លាស់។

របាយការណ៍ នៃមន្ទីរអប់រំ​​និងយុវជន ខេត្ដកំពង់ធំ បង្ហាញថា បុគ្គលិសិក្សានៅខេត្ដនេះ ពីកម្រិតថ្នាក់មតេ្ដយ្យដល់​ថ្នាក់វិទ្យាល័យ មានចំនួន ៥ ៣១៤នាក់​ ខណៈដែលសាលារៀនចាប់ពីកម្រិតថ្នាក់ដូចគ្នានេះមានចំនួន៧៥៨កន្លែង និងសាលាឯកជននៃវិស័យអប់រំមាន ៣៨កន្លែងនិងមត្ដេយ្យសហគមន៍មានចំនួន៨៥កន្លែង។

ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្ដកំពង់ធំលោក ជូ វណ្ណធី មានប្រសាសន៍ថា នៅខេត្ដនេះមានការខ្វះខាតនៅអាគារសិក្សាជាច្រើនទៀត ដែលលោកថា មិនទាន់តម្រូវការគ្រប់គ្រាន់នៅឡើយទេ។ ប្រធានមន្ទីររូបនោះ បាន​ទទួលស្គាល់ថា ការបោះបង់ការសិក្សារបស់កុមារដោយ​សារកត្ដាជីវភាពគ្រួសារខ្វះខាត និងកត្ដាចំណាកស្រុករបស់អាណាព្យាបាល។ ប៉ុន្ដែ​យ៉ាងនេះក្ដី ការចំណាកស្រុករបស់ក្រុមគ្រួសារមិនប្រាកដថា កុមារមិនបានសិក្សានោះទេ គឺអាចពួកគេបានរៀនសូត្រនៅមូលដ្ឋានផ្សេងនោះទេ ក្នុងតំបន់ដែលអាណាព្យាបាលធ្វើការងារ ។

លោកបន្ដថា «អោយវាប្រលង នៅដើមឆ្នាំសិក្សាទៀត ដើម្បីជាការលើកទឹកចិត្ដ​ដល់កុមារដើ​ម្បីអោយវារៀនបានចប់នៅកំរិតអប់សិក្សា៩ឆ្នាំ ជាគោលដៅយុទ្ធសាស្ដ្រក្រសួងអប់រំសំខាន់ទៅ​លើកុមារកម្ពុជាត្រូវរៀនធន់អន់ណាស់ ត្រូវរៀនអប់រំកម្រិតមូលដ្ឋានពីថ្នាក់ទី១ ដល់ថ្នាក់ទី៩»

ប៉ុន្ដែទោះជាយ៉ាងនេះក្ដី លោក ជូ វណ្ណធី បានមានប្រសាសន៍ថា ក្រសួងអប់រំមិនចង់អោយមានសិស្សបោះបង់ការសិស្សានុសិស្សពាក់កណ្ដាល់ទីនោះទេ ដែលលោកថា អាជ្ញាធរមានការបង្កើតកម្មវិធីបង្រៀនបន្ថែម និងប្រឡងដើមឆ្នាំបន្ថែមទៀត ដើម្បីលើកទឹកចិត្ដអោយពួកគាត់បានរៀនបញ្ចាប់នៅថ្នាក់មូលដ្ឋាន ពោលចាប់ពីបឋមសិក្សាដល់ថ្នាក់អនុវិទ្យាល័យ។

លោក ជូ វណ្ណធី​ អោយដឹងថា តាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមានគោការណ៍កម្មវិធីសិក្សាសម្រាប់ជួយដល់កុមារក្រីក្រ និងសម្រាប់ទប់ស្កាត់បោះបង់ការសិក្សាកណ្ដាលទី នៅស្រុកមួយចំនួននៃខេត្ដនេះ និងអាជ្ញាធរបានបង្កើតថ្នាក់ពន្លឿនដល់កុមារផងដែរ។ ជាមួយគ្នានោះ អាជ្ញាធរក៏សហការជា​មួយអង្កការក្រៅរដ្ឋាភិបាល​ រួមមានអង្គការទស្សនៈពិភពលោក និងអង្គការផ្លែនជាដើម ដើម្បីទប់ស្កាត់ពីការបោះបង់ការសិក្សារបស់កុមារផងដែរ។

លោកបន្ដ «សម្រាប់ខ្ញុំ សម្រាប់ថ្នាក់ដឹកនំាខេត្ដ ក៏ដូចគ្នាដែរចង់អោយប្រជាពលរដ្ឋមានការយល់ដឹងថា បើមានកូនដល់កតព្វកិច្ចសិក្សាត្រូវតែអោយកូនទៅរៀននៅមធ្យមសិក្សា និងកម្រិតអប់រំមូលដ្ឋាន ព្រោះកុមារអាចរៀនបច្ចេកទេស រៀនជំនាញសម្រាប់ប្រកបរបរអាជីបបាន​​»

ប្រធានអង្គការសម្ព័នគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា នៅឆ្នាំ២០១៧ នេះ រាជរដ្ឋាភិបាលកម្ពុជជាបានចំណាយថវិកាប្រមាណ ៥០០លានដុល្លា សម្រា​ប់វិស័យអប់រំ ប៉ុន្ដែលោកថា ការចំណាយមិនចំគោលដៅ ដែលហេតុធ្វើអោយកុមារនៅជនបទមានអត្រាបោះបង់ការសិក្សាមានកំរិតខ្ពស់។ លោកបន្ដថា នៅតាមសាលារៀននិមួយៗ នៅខ្វះសំភារៈសិក្សា អាគារសិក្សា និងគ្រូបង្រៀនជាដើម ស្របពេលដែល ការជ្រើសរើស​គ្រូបង្រៀនមកពីតំបន់ឆ្ងាយមិនអាចបង្រៀនឋិតថេរដូចគ្រូនៅមូលដ្ឋានផងដែរ។

លោកបន្ដថា «ឧទាហរណ៍ឥឡូវ នៅខេត្ដកំពង់ធំ តំបន់ដាច់ស្រយ៉ាល ចឹងការជ្រើសរើសគ្រូបង្រៀនថ្នាក់បឋមសិក្សាក្ដី ថ្នាក់អនុវិទ្យាល័យក្ដី ទី១ផ្ដល់អាទិភាពដល់បេក្ខជនមកពីតំបន់នោះមុនគេ បើបានជាប់ជាគ្រូបង្រៀនផ្ទះគាត់ នៅទីនោះចឹងខ្ញុំគិតថា គាត់មិនផ្លាស់ប្ដូរទីកន្លែងបង្រៀនទេបាទ។ បើយកគ្រូផ្សេងទៅ ដាក់ដល់ឆ្នាំគាត់ អាចដូរបានគាត់ផ្លាស់មកវិញ ចឹងខ្វះគ្រូដដែល។ ផ្ដល់អាទិភាពមុនគេ»។

លោក សន ជ័យ បន្ដទៀតថា នៅឆ្នាំ២០១៨ ខាងមុខនេះ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកា៨៤៨លានដុល្លា សម្រាប់វិស័យអប់រំ ទៅលើកុមារក្រីក្រ និងសាលារៀនដែលជួបការលំបាក ដែលលោកថា នៅតាមសាលរៀននិមួយៗ ត្រូវធ្វើរបាយការណ៍ពីផែនការប្រចាំឆ្នាំ ពីការអភិវឌ្ឍនិងតម្រូវការអទិភាពរបស់ខ្លួន អោយបានទៀងទាត់ សម្រាប់ស្នើទៅរដ្ឋាភិបាលអោយទំលាក់ថវិកាដើម្បីកែលំអរ និងអភិវឌ្ឍន៍សាលាអោយកាន់តែប្រសើរឡើង ដែលលោកថា​នៅពេលនោះអាចជួយដល់លើកទឹកចិត្ដសិស្សានុសិស្សមិនអោយបោះបង់់ការសិក្សាផងដែរ។

លោកបន្ដថា «ក្រសួងអប់រំ កាលណាគេមានផែនការល្អ គេដឹងពីទំហំពីតម្រូវការបស់ពួកគេចឹងគេទំលាក់ថវិកាទៅតាមហ្នឹង វាជាប្រយោជមួយ ដើម្បីជួយស្រោចស្រង់​ស្ថានភាពខ្វះខាតនៅសាលាហ្នឹងផង ហើយក៏ជាការលើកមុខមាត់សាលាផង»

យោងតាមច្បាប់ ស្ដីពីសិទ្ធិកុមារចែងថា កុមារគ្រប់រូបមានសិទ្ធិ ទទួលបានការអប់រំដោយមានគុណភាព។ សិទ្ធិទទួលបាននូវការទំនុកបំរ៉ុង។ សិទ្ធិទទួលបាននូវការការពីទុក្ខទោស សិទ្ធិរស់រានមានជីវិតជាដើម។ ករណីនេះ ប្រជាពលរដ្ឋ ក៏ដូចអាណាព្យាបាលសិស្សានុសិស្ស បានអំពាវនាដល់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាល ឲ្យជួយលើកកម្ពស់សិទ្ធិកុមារ និងផ្ដល់ជំនាញពួកគេសម្រាប់ចាប់ជំនាញនៅពេលអនាគត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ