ក្រសួងពាណិជ្ជកម្មអំពាវនាវទៅ​សហភាពអឺរ៉ុប​កុំ​ឲ្យ​ព្យួរ​ការអនុគ្រោះពន្ធ

អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក រាជ្យ រ៉ា

មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវទៅសហភាពអឺរ៉ុប ឲ្យ​បង្កើន​ការ​បញ្ជា​ទិញ និង​បន្ត​ការ​អនុគ្រោះ​ពន្ធ​គយ​សម្រាប់​ទំនិញ​កម្ពុជា ដោយ​ប្រាប់​ទៅ​សហភាព​អឺរ៉ុប កុំ​ឲ្យ​ភ្ជាប់​បញ្ហា​នយោបាយ​នឹង​បញ្ហា​ពាណិជ្ជកម្ម​​ទ្វេ​ភាគី។

ដែល​ការ​អំពាវ​នាវ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់ពីសភាអឺរ៉ុបព្រមាន​ផ្អាក​ជាបណ្ដោះ​អាសន្ន​នូវ​ការ​ផ្ដល់​ភាព​អនុគ្រោះ​ពន្ធ​នេះ។

ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍​ស្តីពី «ការវាយតម្លៃអំពីសុចរិតភាពធុរកិច្ចថ្នាក់ជាតិ» នៅព្រឹកមិញនេះ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក រាជ្យ រ៉ា​ បាន​ស្នើ​ទៅ​កាន់​តំណាង​សហភាព​អឺរ៉ុប​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​នោះ​ដែរ ឲ្យ​ជួយ​ទិញ​ទំនិញ​កម្ពុជា​បន្ថែម​ទៀត។ លោក​ក៏​បាន​ស្នើ​ទៅ​សហភាព​អឺរ៉ុប ឲ្យ​បន្ត​ផ្ដល់​ភាព​អនុគ្រោះ​ពន្ធ​គយ​សម្រាប់​កម្ពុជា​​ផង​ដែរ ដោយ​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គយ «អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ»​របស់​អឺរ៉ុប បាន​ផ្ដល់​អត្ថ​ប្រយោជន៍​ធំ​ធេង​ដល់​កម្ពុជា។

លោកមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា សគមន៍អឺរ៉ុបនឹងនៅតែបន្តផ្តល់ និងបន្តបញ្ជា​ទិញទំនិញពីកម្ពុជាបន្តទៀត ហើយសូមកុំភ្ជាប់រឿងនយោបាយទៅរឿងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា គឺថា កុំមើលព្រៃ(ដើមឈើ)​មួយដើមៗ តែត្រូវមើលព្រៃទាំងមូល»។

VOD មិនទាន់អាចស្វែងរកការឆ្លើយតបពីសហភាពអឺរ៉ុបបាននៅឡើយទេចំពោះការអំពាវនាវនេះ។

មន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​រូប​នេះ បាន​អំពាវ​នាវ​បែប​នេះ បន្ទាប់​ពី​សភា​សហភាព​អឺរ៉ុប បាន​សម្រេច​ឲ្យ​គណៈកម្មការ​អឺរ៉ុប ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​ការ​ផ្ដល់​ភាព​អនុគ្រោះ​ពន្ធ​គយ​សម្រាប់​ទំនិញ​នាំ​ចូល​ពី​កម្ពុជា ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ចាប់​ខ្លួន​មេបក្ស​ប្រឆាំង លោក កឹម សុខា ដាក់​ពន្ធនាគារ ក្រោម​ការ​ចោទ​ថា «ក្បត់​ជាតិ»។

ការ​អំពាវ​នាវ​បែប​នេះ​របស់​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​រូប​នេះ កើត​ឡើង​បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ កាល​ពី​ដើម​ខែ​នេះ បាន​ផ្ដល់​មតិ​ទៅ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​ប្រើប្រាស់​វិធីសាស្ត្រ​ការទូត បញ្ចុះ​បញ្ចូល​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ដើម្បី​បញ្ចៀស​ការ​សម្រេច​ព្យួរ​ភាព​អនុគ្រោះ​ពន្ធ​គយ​សម្រាប់​ទំនិញ​កម្ពុជា​នាំ​ចូល​ទីផ្សារ​អឺរ៉ុប។

ទំនិញ​កម្ពុជា​នាំ​ចូល​ទីផ្សារ​អឺរ៉ុប ត្រូវ​បាន​លោក ប៉ាន សូរស័ក្តិ រាយការណ៍​ប្រាប់​ទៅ​លោក ហ៊ុន សែន ថា មាន​ទំហំ​ដល់​ទៅ ៦​ពាន់ ២៥៩​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក ដែល​ឆ្លុះ​បញ្ចាំង​ថា អឺរ៉ុប​គឺ​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ទំនិញ​កម្ពុជា​ចាប់​ពី​ផលិត​ផល​កាត់​ដេរ រហូត​ដល់​ទំនិញ​កសិកម្ម។

ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម បាន​ប្រាប់​ទៅ​លោក​នាយករដ្ឋ​មន្ត្រី​ថា កម្ពុជា​ពុំ​តម្រូវ​ឲ្យ​បង់​ពន្ធ​រហូត​​ដល់​ទៅ ៦៧៦​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​ថា ទំនិញ​កម្ពុជា​ដែលនាំ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប ត្រូវ​បាន​ផលិត​ឡើង​ដោយ​កម្មករ​ប្រហែល ៤០​ម៉ឺន​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ