សកម្មជន​អតីត​បក្ស​ប្រឆាំង៣​រូប​នៅ​ខេត្ត​កំពង់ធំ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​សាក​សួរ

លោក រស់ គឹមសៀង អតីតសកម្មជនគណបក្សប្រឆាំងនៅខេត្តកំពង់ធំ (ប្រភព៖ ហ្វេស ប៊ុក)

សាច់ញាតិអតីតសកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​ថា សកម្មជន​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង ៣រូប ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កំពង់ធំ​ បញ្ជូន​ទៅ​សាក​សួរ​នៅ​​ស្ថាប័ន​នានា​របស់​នគរបាល​ខេត្ត​នេះ។

អ្នកស្រី រស់ គឹមសាត ដែលអះអាងថា ត្រូវជា​បងស្រីបង្កើត​របស់លោក រស់ គឹម​សៀង បានរៀប​រាប់ប្រាប់វីអូឌីនៅថ្ងៃនេះថា មេប៉ុស្តិ៍ឃុំ​ស្រយ៉ូវ ស្ថិត​ក្នុង​ក្រុង​ស្ទឹងសែន លោក កង ស៊ន បានហៅប្អូនប្រុសគាត់ និងមនុស្សចំនួន ២នាក់ផ្សេងទៀត ដើម្បីសួរនាំ ប៉ុន្តែ អ្នកស្រីប្រាប់​ថា អ្នកស្រី​មិនដឹង​ថា សមត្ថកិច្ច​សាក​សួរ​ប្អូន​ប្រុស​គាត់​អំពី​រឿង​អ្វី​នោះ​ឡើយ។

អ្នកស្រី គឹមសាត បាន​ឱ្យ​ដឹង​បន្ថែម​ថា សមត្ថកិច្ច​បាន​ដកហូត​ទូរស័ព្ទ​ពី​ប្អូន​ប្រុស​របស់​គាត់ ហើយបញ្ជូន​ទៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន និង មនុស្ស​២​នាក់​ទៀត បញ្ជូនទៅអធិការដ្ឋាន​នគរបាលស្រុកបារាយណ៍ដើម្បីសាកសួរបន្តរហូតដល់ថ្ងៃទី២ ខែកញ្ញានេះ ប៉ុន្តែ អ្នកស្រី​ប្រាប់​ថា អ្នកស្រី​ពុំ​បាន​ដឹង​ថា សមត្ថកិច្ច​ហៅ​ទៅ​សាក​សួរ​រឿង​អ្វី​នោះ​ឡើយ។

អ្នកស្រី រស់ គឹមសាត ប្រាប់ថា៖ ​«គេអត់ផ្តល់ព័ត៌មានមកយើងថាមូលហេតុអ្វីផង ដល់​អីចឹង ខ្ញុំអត់ដឹងដែរ។ យើងឆ្ងល់​»

អធិការក្រុងស្ទឹងសែន លោក ញ៉ែម ឈុនលី បាន​ឱ្យ​ដឹង​ថា លោក រស់ គឹមសៀង កំពុង​ស្ថិត​ក្រោម​ការ​សាក​សួរ​ពី​កម្លាំង​នគរបាល​ក្រុង​ស្ទឹងសែន​រហូត​មក​ដល់​ថ្ងៃ​នេះ បន្ទាប់​ពី​ត្រូវ​បាន​នាំ​ខ្លួន​មក​សាក​សួរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ប៉ុន្តែ លោក​ពុំ​អាច​បញ្ជាក់​អំពី​មូល​ហេតុ​នៃ​ការ​ហៅ​ទៅ​សាក​សួរ​នេះ​ទេ។

លោក ញ៉ែម ឈុនលី មានប្រសាសន៍ថា៖ «ឥឡូវ កម្លាំងនគរបាលគេកំពុងសាកសួរ មិនទាន់ដល់ដំណាក់កាលឃាត់គាត់ពីអ្វីទេ កំពុងតែសាកសួរ»

នៅ​ពេល​សាក​សួរ​អំពី​មនុស្ស ២នាក់​ទៀត លោក ឈុនលី បាន​រុញ​ឱ្យ​សាក​សួរ​ទៅ​អធិការស្រុកបារាយណ៍វិញ។

ប៉ុន្តែ វីអូឌី​មិនអាចសុំការបំភ្លឺពីអធិការស្រុកបារាយណ៍ លោក សួង ថេន បានទេនៅថ្ងៃនេះ។

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់ថា លោក​សង្កេត​ឃើញ​​សកម្មជន ឬ​អ្នក​គាំ​ទ្រ​អតីត​គណបក្ស​ប្រឆាំង ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ប្រកាស​ឲ្យ​ដឹង​អំពី​គម្រោង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

លោក សំអាត បាន​អំពាវនាវទៅអ្នកនយោបាយយកបញ្ហាដាក់លើតុ ដើម្បីជជែកគ្នារកដំណោះស្រាយ និងគិតពីប្រយោជន៍ជាតិវិញ ជាជាងចាប់ខ្លួនសកម្មជនគាំទ្របក្សនយោបាយបែបនេះ។

​លោក អំ សំអាត មានប្រសាសន៍ថា៖ «សង្គមស៊ីវិល​យើង អត់ចង់ឲ្យមានទំនាស់ ឬក៏ស្ថានភាពនយោបាយតានតឹង​អូសបន្លាយយូរទេ។ វាប៉ះពាល់ វាខាតបង់​ប្រជាពលរដ្ឋយើងទេ។ បើអាចទៅរួច អ្នកន​យោបាយទាំងអស់ គួរតែប្រើវប្បធម៌ចចារ ឬការចូលតុនិយាយគ្នា ហើយយើងគិតពីផលប្រយោជន៍របស់ជាតិ ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ»

របាយការណ៍​របស់​លីកាដូ បាន​បង្ហាញ​ថា អតីត​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ១៥៦​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ ឬ​តុលាការ​កោះ​ហៅ​សាក​សួរ ឬ​ចូល​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​ការ​សម្ដែង​មតិ និង​ការ​ជួប​ជុំ​របស់​ពួកគេ ស្រប​ពេល​ដែល​សកម្មជន​បក្ស​ប្រឆាំង ១៩​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​ដាក់​ឃុំ​​ គិត​ត្រឹម​ចុង​ខែ​សីហា​ក្នុង​​ឆ្នាំ​២០១៩​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ