វិភាគ៖ សុវត្ថិភាពចំណីអាហារនៅកម្ពុជាស្ថិតក្នុងភាពផុយស្រួយ

បន្លែដែលដាក់លក់នៅលើទីផ្សារ

បញ្ហាសុវត្ថិភាពចំណីអាហារនៅកម្ពុជា គឺជាកង្វល់មួយសម្រាប់​ប្រជាជនទូទៅនៅប្រទេសកំពុងអភិវឌ្ឍមួយនេះ។ សម្រាប់អ្នកមានលទ្ធភាពគ្រប់គ្រាន់ មុននឹងបរិភោគអាហារគឺគេមានអ្នកត្រួតពិនិត្យគុណភាព​ចំណីអាហារជាមុន ឬអាហារទាំងនោះទៀតសោត ត្រូវបានដឹងពីប្រភពនៃអ្នកផលិតច្បាស់លាស់។

ប៉ុន្តែ​សម្រាប់​ប្រជាជនក្រីក្រឬអ្នកមិនសូវមានលទ្ធភាពគ្រប់គ្រាន់​ គឺច្រើនតែបរិភោគចំណីអាហារឲ្យខាងតែឆ្អែត ដោយ​មិន​សូវ​បាន​គិត​គិត​គុណភាពឬសុវត្ថិភាពរបស់អាហារទាំងនោះឡើយ។

ថ្វីត្បិតតែប្រទេសកម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសកសិកម្មក៏ពិតមែន ប៉ុន្តែផលិតផលកសិកម្ម​មួយភាគធំ​ត្រូវបាននាំចូលពីប្រទេសជិតខាងដូចជា វៀតណាមនិងថៃជាដើម។

ទិន្នន័យដែលត្រូវបានផ្សាយដោយទូរទស្សន៍ក្នុងស្រុកកាលពីខែមិថុនាឆ្នាំ២០១៦ បង្ហាញថា ក្នុងមួយថ្ងៃៗ កម្ពុជា នាំចូលបន្លែ៤០០តោនពីក្រៅប្រទេស ស្មើនឹងជាង១៤ម៉ឺនតោនក្នុង១ឆ្នាំ គិតជាទឹកប្រាក់ប្រមាណ២០០លានដុល្លារអាមេរិក។ បន្លែភាគច្រើនគឺនាំចូលពីប្រទេសវៀតណាម។ ប៉ុន្តែវៀតណាមជាប្រទេសមួយដែលត្រូវបានប្រទេសនៅលោកខាងលិចបានហាមនាំចូលបន្លែទៅទីផ្សារសហគមន៍អ៊ឺរ៉ុប ដោយសារតែរកឃើញថាបន្លែវៀតណាមមានប្រើថ្នាំគីមីលើសកម្រិត។

ដោយឡែកសម្រាប់ផ្លែឈើនិងសាច់ ត្រូវបានគេកត់សំគាល់ថា កម្ពុជាបាននាំចូលពីប្រទេសថៃច្រើនជាងគេ។ប្រភពពីពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃបានឲ្យដឹងថា ចំការដំណាំរបស់ថៃ​ដែលកសិករ​របស់​​គេដាំសម្រាប់នាំចេញគឺមានប្រើប្រាស់ថ្នាំគីមីច្រើនដើម្បីបានផលច្រើន។

មិនមែនតែបន្លែមួយមុខនោះទេដែលមានប្រើប្រាស់ថ្នាំគីមីច្រើននោះ ចំណែក ត្រីសាច់ និងគ្រឿងសមុទ្រក៏ត្រូវបានគេប្រើសារធាតុគីមីហួសកម្រិតដែលនាំឲ្យប៉ះពាល់ដល់សុខភាពផងដែរ។

កាលពីថ្ងៃទី១៨ ខែមករានេះ សាខាកាំកុងត្រូល ខេត្តព្រះសីហនុ បានរកឃើញថា បន្លែ ត្រីសាច់ និងគ្រឿងសមុទ្រស្រស់ចំនួន៣២មុខនៅផ្សារលើក្រុងព្រះសីហនុ គឺមានសារធាតុគីមីដែលនាំឲ្យប៉ះពាល់ដល់សុខភាព។

ជាញឹកញយគេឃើញសមត្ថកិច្ចកាំកុងត្រួលបានស្ទាក់ចាប់​សាច់និង​ជង្គង់មាន់ខូចគុណភាពរាប់សិប​តោន ព្រមទាំងទឹកក្រូចនិង​​ភេសជ្ជៈច្រើនប្រភេទទៀត ដែលនាំចូលពីប្រទេសជិត ដោយ​ខូចគុណភាព។ ជាមួយគ្នានោះ ក៏មានការបង្ក្រាបទីតាំងផលិតកាហ្វេ ខុសបច្ចេកទេស កាហ្វេខូចគុណភាព កែច្នៃពោតនិងសណ្តែកសៀង បន្លំធ្វើកាហ្វេ លាយសារធាតុគីមី ដែលអ្នកជំនាញថា បង្កផលប៉ះពាល់សុខភាពអ្នកទទួលទាន។

លោក អួច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា ធ្លាប់បានបញ្ជាក់ថា ផលិតផលដែលនាំចូលពីក្រៅប្រទេស​សុទ្ធតែប្រើប្រាស់សារធាតុគីមីដើម្បីរក្សាទុកបានយូរ ប៉ុន្តែលោកថា វាធ្វើប៉ះពាល់ដល់សុខភាព​អ្នក​ប្រើ​ប្រាស់។​ លោកមានប្រសាសន៍ថា៖ “ផលប៉ះពាល់សារជាតិគីមី រាល់​ថ្ងៃដែល​យើង​ធ្លាប់​ដឹង គឺខាង​សមត្ថកិច្ច មិនបានសិក្សាឲ្យបានជ្រៅជ្រះទេ ដូចជា ការនាំចូលពីប្រទេសជិតខាង។ ទី១ គោជល់ នាំពីប្រទេសថៃ។ សូម្បីប្រធានរដ្ឋ[ព្រឹទ្ធ]សភាក៏មានជម្ងឺទឹក​នោម​ផ្អែកដល់កាត់ដៃកាត់ជើង។ នេះ​ជាផលប៉ះពាល់នៃសារជាតិគីមី។ ឥឡូវនេះ អាស្ទីងមកទៀត ខ្ញុំឃើញក្មេងៗចូលចិត្តណាស់ កូនខ្ញុំដែរ។ VODម៉េចបានលោកថា របស់ទាំងនោះមានសារធាតុគីមី? របស់មួយដែលគេ[ធ្វើដាក់]​កំប៉ុងទុកឲ្យបានយូរ”។

នៅកម្ពុជា សូម្បីតែទឹកស៊ុបក៏ត្រូវបាននាំចូលពីប្រទេសជិតខាងផងដែរ។ កាលពីចុងឆ្នាំ២០១៤ មានការចាប់អារម្មណ៍ខ្លាំងពីការនាំចូល​ទឹកស៊ុបច្រក​ក្នុងប៊ីដុង នាំចូលពី​ប្រទេសវៀតណាម ដែល សង្ស័យថា​ធ្វើឲ្យប៉ះពាល់​ដល់សុខភាព​អ្នកបរិភោគ នៅកម្ពុជា។ អាជ្ញាធរកម្ពុជាបានបើកការត្រួតពិនិត្យបញ្ហាទឹកស៊ុបនាំចូលពីវៀតណាមនោះ​បានមួយ​ប្រាវ​ក៏ស្ងាត់ទៅវិញ។

ផលប៉ះពាល់នៃការបរិភោគអាហារ​ដោយ​ខ្វះការត្រួតពិនិត្យគុណភាព បាននាំឲ្យមនុស្សរាប់រយនាក់បានពុលនំប៉័ងដាក់សាច់ នៅខេត្តសៀម​រាប និងពុលនំបញ្ចុក នៅខេត្ត ស្វាយរៀង ​កាលពីពេលកន្លងទៅ។

នៅខេត្តស្វាយរៀង អ្នកពុលនំបញ្ចុក ​អះអាង​​ដោយសារតែបរិភោគបន្លែស្ពៃក្តោបដែលនាំចូលពីវៀតណាម។ ចំណែកនៅពេលថី្មៗនេះមានព្រះសង្ឃ ប្រជាពលរដ្ឋនិងសិស្សានុសិស្សរាប់រយនាក់បានពុលចំណីអាហារនៅតាមបណ្ដាលខេត្តមួយចំនួនដូចជាខេត្ត ឧត្តរមានជ័យ កំពង់ចាម និងស្ទឹងត្រែងជាដើម។

ក្រសួងសុខាភិបាលនៅសប្តាហ៍នេះបានចេញសេចកី្ដប្រកាសឲ្យមន្រី្តនៅថា្នក់ក្រោមយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យអនាម័យ និងសុវត្ថិភាពចំណីអាហារនៅតាមមូលដ្ឋាន ខណៈដែលមានករណីពុលចំណីអាហារជាបន្តបន្ទាប់។

លោក គាម មករ៉ាឌី នាយកកម្មវិធីបរិស្ថាននិង​សុខភាព នៃអង្គការសេដាក ធ្លាប់មានប្រសាសន៍ថា បញ្ហាចំណីអាហារនៅកម្ពុជាមិនសូវមានសុវត្ថិភាព ដោយសារការធូរលុង នៃការត្រួតពិនិត្យ​ការនាំចូលទំនិញ ហើយអ្នកនាំចូលមិនត្រូវបានចាប់ខ្លួន។

លោកមានប្រសាសន៍ថា៖ “​ឃើញសមត្ថកិច្ចបានស្ទាក់ចាប់បានតែទំនិញឬសាច់ដែលខូចគុនភាព ប៉ុន្តែអ្នកនាំចូលត្រូវបានរួចខ្លួន។នេះជាបញ្ហាមួយដែលការត្រួតពិនិត្យឬការរិតបន្តឹង​ការនាំចូល របៀប​ធូរលុង ដែលធ្វើ​ឲ្យជនឆក់ឱកាសនាំចូលអាហារដែលមានសារធាតុគីមីឬខូចគុណភាព ដែល​ធ្វើឲ្យប៉ះពាល់សុខភាព”។

ក្រៅពីបន្លែ ត្រី សាច់ ដែលគេរកឃើញថាមានផ្ទុកសារធាតុគីមីប៉ះពាល់សុខនោះ ស្រាក៏បានសម្លាប់មនុស្សយ៉ាងតិច១៥នាក់ នៅឃុំក្តុលសែនជ័យ ខេត្តកំពង់ឆ្នាំង កាលពីចុងឆ្នាំមុន។ ចំណែកកាលពីឆ្នាំ២០១៥ មនុស្ស ២០នាក់នៅខេត្តក្រចេះក៏បានស្លាប់ជាបន្តបន្ទាប់ ដោយសារការពុលមេតាណុលដែលដាក់លាយក្នុងស្រាស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ