មេធាវី៖ លោក កឹម សុខា មិនចូលរួមចលនាផ្សេងក្រៅពីបក្សសង្គ្រោះជាតិ

លោក សម រង្ស៊ី និង លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបថតពីហ្វ៊េសប៊ុក លោក កឹម សុខា)

មេធាវីការពារក្ដីឲ្យលោក កឹម សុខា បានឲ្យដឹងថាកូនក្ដីរបស់ខ្លួនថាមិន​ចូលរួម​ជា​មួយ​ចលនាផ្សេងណាក្រៅពីបក្សសង្គ្រោះជាតិនោះទេ ខណៈលោកសម រង្ស៊ី ប្រកាស​បង្កើតចលនាសង្គ្រោះជាតិ។

លោកមេធាវី ផែង ហេង បានប្រាប់វីអូឌីឲ្យដឹងនៅថ្ងៃនេះថានៅពេលដែលចូលជួប ​លោក កឹម សុខា​កាលម្សិលមិញ កូនក្ដីរបស់លោកបានប្រាប់ថាលោកមិនចូលរួមជាមួយចលនាណាផ្សេងពីគណបក្សសង្គ្រោះជាតិ ដែលបោះឆ្នោតគាំទ្រដោយឆន្ទៈពលរដ្ឋជិត៣លាននាក់កាលពីឆ្នាំ២០១៣។

លោកមេធាវី ផែង ហេង បានលើកឡើងថា«គាត់គ្រាន់តែប្រាប់ថាគាត់មិនចូលរួម និងមិនគាំទ្រចលនា ណា​មួយនោះទេ​»

ទោះបីជាយ៉ាងណាលោកមេធារីបានលើកឡើងថាកូនក្ដីរបស់លោកមិនបានបញ្ជាក់ពីចលនាអ្វីនោះទេ ហើយ​លោក​ក៏មិនបានបញ្ជាក់ពីហេតុ​ផលដែលមិនចូលរួមនោះដែរ។

កាល​ពីថ្ងៃទី ១២ ខែ មករា កន្លងមកអតីតប្រធានគណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី​ដែលកំពុងនិរទេស​ខ្លួន​នៅ​ក្រៅប្រទេសបានប្រកាស​ បង្កើតចលនាសង្គ្រោះជាតិថ្មីមួយ​ ដោយលោកថា ដើម្បីគៀងគរឲ្យ​មានចលនាមួយ​ដែលមានការចូលរួមពីគ្រប់​មជ្ឈដ្ឋាន ក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា និងឈានទៅរកការដឹកនាំប្រទេស​នាពេលខាងមុខ។

ការបង្កើតចលនាសង្គ្រោះជាតិថ្មីនេះ ធ្វើឡើងបន្ទាប់ពីអតីតប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបាន​ចាប់​ខ្លួនកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៣ ខែសីហា ដោយរងការចោទថា «ក្បត់ជាតិ» និងការរំលាយបក្សសង្គ្រោះជាតិកាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ដោយហាមឃាត់​មន្ត្រីជាន់​ខ្ពស់​​ ១១៨​រូប មិនឲ្យ​ធ្វើ​ នយោ​បាយរយៈពេល ៥ឆ្នាំ។

​ដោយឡែកក្រោយប្រកាសបង្កើតចលនា​នេះឡើងមាន​ក៏មានមន្ត្រី និង សកម្មជន អតីតបក្ស​សង្គ្រោះ​ជាតិមួយ​ចំនួន​​បដិសេធ​មិនចូល​រួមផងដែរ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ