ខេមរៈ ស្រីពៅ លេច​ដំណឹង​​អកុសល​ខណៈ​បង​ប្រុស​មិន​ភ្ញាក់​ផ្អើល

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 10:12 AM | កំសាន្ដ | 8 | 1733 កញ្ញា ខេមរៈ ស្រីពៅ តារាចម្រៀងផលិតកម្មសាន់ដេ កាលពី២ឆ្នាំុមុន

ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ កាន់​តែ​បែក​ខ្ទរខ្លាំង​នូវ​ព័ត៌មាន​ថា​តារា​ចម្រៀង​ផលិត​កម្ម​សាន់​ដេ កញ្ញា ខេមរៈ ស្រីពៅ ដែល​ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក ខេមៈ សិរី​មន្ត ​​បាន​ទទួល​មរណ​ភាព​និង​ខ្លះ​ថា​កំពុង​សម្ងំ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ដោយ​សារ​តែ​នាង​ប្រើ​ឡេ​ខុស។ ​ប៉ុន្តែ​ឆ្លើយ​តប​នឹង​បញ្ហា​នេះ ​បង​ប្រុស​របស់​នាង​បាន​ប្រកែក​ ដោយ​អារម្មណ៍​មិន​ភ្ញាក់​ផ្អើល​និង​ចាត់​ទុក​ថា​នោះ​គ្រាន់​តែ​ជា​រឿង​ធម្មតា​របស់​តារា​ល្បី​ម្នាក់​។

លោក​ ខេមរៈ ភារុណ ត្រូវ​ជា​​បង​ប្រុស​បាន​អះ​អាង​ថា​​ប្អូន​ស្រី​​របស់​លោក​​គឺ​​នៅ​តែ​មាន​សុខ​ភាព​ធម្មតា​ និង​មិន​មាន​បញ្ហា​កើត​ឡើង​ដូច​គ្នា​នឹង​អ្វី​ដែល​បាន​​​​​លេច​ធ្លាយ​នោះ​ឡើយ បើ​ទោះ​ជា​តារា​ចម្រៀង​ខេមរៈ ស្រី​ពៅ ​មិន​មាន​សកម្ម​ភាព​​​​​ឡើង​ឆាក​ឬ​ចេញ​មុខ​ក្នុង​កម្ម​វិធី​​​​សិល្បៈ​នា​ពេល​ចុង​ក្រោយ​ស្រប​គ្នា​នឹង​ការ​​​លេច​ឮ។

លោក​​និយាយ​ថា​៖ “​ប្អូនខ្ញុំអត់​មាន​អី​ណា ​​​​​គេ​ចេះតែ​ថា​ទេ ​​គាត់​នៅ​តែ​​គាត់​តើ ដូច​ជា​​​អត់មាន​អី​ផង​!”

យ៉ាង​ណា​ក៏ដោយ​លោក​ហាក់​មិន​​​​ចង់​​​បក​ស្រាយ​វែង​ឆ្ងាយ​ពាក់​ព័ន្ធ​នឹង​ពាក្យ​ចចាមអារ៉ាម​នោះ​ឡើយ ហើយ​ក៏មិន​មាន​​​ខឹង​ច្រឡោតចំពោះ​អ្វីដែល​បាន​​លើកឡើង​​​​​​នោះទេ ដោយ​ចាត់ទុក​​​​ថា​មក​ពី​ប្អូន​ស្រី​របស់​លោក​ជាតារា​ល្បីម្នាក់ ទើបចេះ​តែ​មាន​រឿង​​​​នេះ​​រឿង​នោះ ដែល​​នាំ​ឲ្យ​មាន​ការ​​​​ជជែក​ត​ៗគ្នា​។ ​

លោក ខេមរៈ ភារុណ ​ប្រកាស​​មិន​ធ្វើ​ការ​បក​ស្រាយ​នាំ​ឲ្យ​មាន​រឿង​វែង​ឆ្ងាយ​នោះទេ ​ហើយ​ក៏គ្មានគម្រោង​ធ្វើ​សន្និ​សីទឬ​​បង្ហាញ​មុខ​ប្អូន​ស្រី​​​​​ឲ្យ​គេ​​បាន​ឃើញ​ដើម្បី​​​​​​បញ្ចប់​ពាក្យ​អកុសល​នោះ​ដែរ។ លោក​និយាយ​ថា​៖ “​​​​​រឿង​ហ្នឹង​​សម្រាប់​ខ្ញុំ​អត់បញ្ហា​ទេ ព្រោះ​​​ធម្មតា​​មនុស្ស​យើង​តែ​ល្បីគឺ​អញ្ចឹង​ឯង ខ្ញុំ​​​មិនទៅ​​​​ធ្វើអី​(លាង​ជម្រះព័ត៌មាន) នាំ​ឲ្យ​វែង​ឆ្ងាយ​អី​ទេ​!”។ លោក​ទទូច​​​​​​កុំ​ឲ្យ​មាន​ការ​​បរិយាយ​​វែង​ឆ្ងាយ​ ​​​ដោយ​អះ​អាង​ថា​នោះ​ជា​​ដំណឹង​អកុសលមិន​មែន​ការ​ពិត។ លោក​និយាយ​ថា​៖ “ឥឡូវ​​​កុំវែ​ងឆ្ងាយ​អី ​គេ​និយាយអី​និយាយ​ទៅ ​​​​ប៉ុន្តែ​សម្រាប់​​ខ្ញុំ​មិន​ចង់​​​​បកស្រាយ​អីច្រើន​ទេ ​​​ព្រោះ​ប្អូនខ្ញុំ​​គាត់​អត់​មាន​អី​ទេ​!”។ ​លោក​​​​អះ​អាង​ថា​ប្អូន​ស្រី​របស់​ខ្លួន​​ស្ថិត​នៅ​​​ភ្នំពេញនិង​កំពុង​រស់​នៅ​ជា​មួយ​គ្រួសារ​នៅ​​ម្ដុំ​​ចម្ការ​ព្រីង​នៅ​ភ្នំពេញ​ជា​ធម្មតា​ បើ​ទោះ​ជា​នាង​មិន​មាន​ការ​ងារ​​​​​​​​​ផ្សេង​ក្រៅ​ពី​សិល្បៈ​ដែល​ស្ងប់​ស្ងាត់​នា​ពេល​ចុង​ក្រោយ​និង​​មិន​មាន​​​រវល់សិក្សា​​​ក្រៅ​ពី​នៅ​ផ្ទះ​ដែល​នាំ​​ឲ្យ​​គេ​បាន​ឃើញ​មុខ​នា​​ង​​​ក្នុង​ពេល​ផ្ទុះ​ដំណឹង​អកុសល​កើត​ឡើង។

លោក ខេមរៈ សិរីមន្ត និងប្អូនស្រី ខេមរៈ ស្រីពៅ​
លោក ខេមរៈ សិរីមន្ត និងប្អូនស្រី ខេមរៈ ស្រីពៅ​

យោង​តាម​​ការ​លេច​ឮគឺកញ្ញា ​ខេមរៈ ស្រី​ពៅ ​បាន​ប្រទះ​នឹង​​​​​​បញ្ហា​​ប្រតិកម្ម​ជាមួយ​ឡេ​រហូតបង្ក​​ឲ្យ​នាង​​មាន​បញ្ហាធ្ងន់​ធ្ងរ​ដល់​​ស្បែកនិង​ប្រព័ន្ធ​​​រន្ធញើស។ ​ ប្រភព​ដោយ​ឡែក​ពី​គ្នា​បាន​អះ​អាង​ថាដោយ​សារតែ​នាង​​មិន​បាន​រួស​រាន់ចេញ​ទៅ​ព្យាបាល​​​​​​​ឲ្យ​ទាន់​ពេល​វេលា ទើប​បណ្ដាល​​ឲ្យ​​​បញ្ហា​ប្រតិកម្ម​នោះឈាន​ដល់​កម្រិត​​ធ្ងន់​ធ្ងរ ​ដោយ​ខ្លះ​បាន​លើក​ឡើង​ថា​នាង​ស្លាប់​​បាត់​ទៅ​ហើយ​និង​ខ្លះ​ថា​​នាង​​ស្ថិត​ក្នុងការ​បញ្ជូន​ឲ្យ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ ​​ ប៉ុន្តែ​ក្រុម​គ្រួសារ​ព្យាយាម​លាក់​បាំង​ព័ត៌មាន។ មក​ទល់​ពេល​នេះ ​​​នៅ​មិន​ទាន់​មាន​​ការ​​​បញ្ជាក់​​ឲ្យ​ច្បាស់​ដើម្បី​លាង​ជម្រះ​​​​​​ដំណឹង​អកុសល​​​​ដែល​បន្ត​សាយ​ភាយ​នៅ​ឡើយ​ទេ​ក្នុង​ពេល​ដែល​​​​​​​ខេមរៈ ស្រី​ពៅ ក៏​មិន​ឃើញ​​​បង្ហាញ​មុខ​​​​លាង​ជម្រះ​​​ឲ្យ​គេ​ជឿ​ជាក់​​។

លោក ​​​​​​​​ឡាយ សុខ​ចំរើន ​អ្នក​ចាត់​ការ​ទូទៅ​​របស់​ផលិតកម្ម​សាន់​ដេ បាន​​​​បង្ហាញ​ការ​ប៉ាន់​ស្មាន​​ថា​នោះ​ប្រហែលជា​គ្រាន់​តែជា​ពាក្យ​ចចាម​អារ៉ាម​ ច្រើន​ជា​ង​រឿង​ពិត។ លោក​និយាយ​ថា​៖ “មិន​មាន​រឿង​អញ្ចឹង​ទេ​ បើ​អញ្ចឹង​មែន​​​ប្រហែល​ជាខ្ញុំ​ដឹង​ដែរ​ហើយ​!”។ លោក​ទទួល​ស្គាល់​ថា​តារា​ចម្រៀង​ខេមរៈ ស្រី​​ពៅ មិន​មាន​វត្ត​មាន​​​​​ចេញ​ថត​បទ​ចម្រៀង​​​សម្រាប់​ចូល​ឆ្នាំ​នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ​ខាង​មុខ​នោះ​ទេ ​ដោយ​សារ​តែ​​​បទ​ចម្រៀង​​​ទាំង​អស់​​ដែល​គ្រោង​ចុះ​ថត ​មិន​មាន​បទ​ចម្រៀង​​​របស់​នាង​សម្រាប់​ឆ្នាំ​នេះ​​។ យ៉ាង​ណា​ក៏​ដោយ​​លោក​ថា​ហេតុ​ផល​ដែល​ ខេមរៈ ស្រីពៅ ​មិន​មាន​​​​​​បទ​ចម្រៀង​សម្រាប់​ចេញ​​ថត​នៅ​​ថ្ងៃ​ចូ​ល​ឆ្នាំ​ដែល​ចុះ​ថត​នៅ​សប្ដាហ៍​ក្រោយ​នោះ ​​​មិន​ពាក់​ព័ន្ធ​​នឹង​​ពាក្យ​ចចាម​អារ៉ាម​នោះ​ទេ។ ​ លោក​និយាយ​ថា៖ “ចូល​ឆ្នាំ​​​ហ្នឹង​សម្រាប់​​ការ​ថតថ្ងៃ​ទី​​១ (២៤ កុម្ភៈ)​ អត់មាន​បទ​គាត់​(ខេមរៈ ស្រីពៅ)​ទេ​ ប៉ុន្តែ​អាច​មាន​​​​​​​ការ​ថត​លើក​ទី​​២​ក៏​មិន​ដឹង​ដែរ​ចាំ​មើល​​​​​លោក​ភារុណ​សិន”។ ​ ​​​​​​លោក​បញ្ជាក់​បន្ថែម​ថា​លោក​​​មិន​ដែល​បាន​ជួប​​​លោក​​ខេមរៈ ភារុណ ​​ប្រមាណ​ជា​កន្លះ​ខែមក​ហើយ​ ដោយ​​​ទាក់​ទង​គ្នា​តែ​ទូរស័ព្ទ​ប៉ុណ្ណោះ​ ហើយ​ចំណែក​​តារា​ចម្រៀង​ខេមរៈ ស្រី​ពៅ ក៏​មិន​ដែល​​ឃើញ​មុខ​​នោះដែរ ​ប៉ុន្តែ​លោក​នៅ​តែ​ជឿ​ជាក់​ថា​ដំណឹង​​​អកុសល​ចំពោះ​តារា​ចម្រៀង​ស្រីរូប​នេះ គឺ​​​គ្រាន់​តែ​ជា​​ចចាម​អារ៉ាម​៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required