លោក សម រង្ស៊ី៖ មេ​ដឹក​នាំ​មិន​ព្រម​កែ​ខ្លួន​ ពេល​នោះ​ប្រទេស​នឹង​បាត់​ជំនួយ

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីកន្លងទៅ

ប្រធានគណបក្ស​សង្រ្គោះជាតិ​ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន​នៅក្រៅប្រទេសគេចពីការចាប់ខ្លួន បានលើក​ឡើង​ថា​ប្រទេសកម្ពុជា​នឹង​ប្រឈមការ​ផ្តាច់ជំនួយ នៅក្នុងលក្ខខណ្ឌមួយ​ដែ​លលោក​ថា​ប្រសិន​បើ”​មេដឹកនាំ​មិនព្រមកែខ្លួន”។​

លោក សម រង្ស៊ី​ បានសរសេរបែប​នេះ​នៅលើទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅថ្ងៃទី​២០ខែកុម្ភៈនេះ​ថា​មេដឹកនាំផ្តាច់ការ​បានយក​ប្រជាជនជា”ចំណាប់ខ្មាំង”ក្នុងការទទួលជំនួយ​ពីក្រៅប្រទេស។

លោក​មានប្រសា​សន៍​ថា៖ “មេដឹកនាំផ្តាច់ការណាក៏ធ្វើជាមិនយល់ថាសហគមន៍អន្តរជាតិម្ចាស់ជំនួយ គេមានបំណងល្អទេ ក្នុងការជំរុញ​​ប្រទេសក្រីក្រដែលទទួលជំនួយពីគេ ឲ្យគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដែលនឹងនាំមកអភិ​បាលកិច្ចល្អ”

លោក​បន្ថែមថា៖ “ប្រទេសម្ចាស់ជំនួយដែលជាប្រទេសប្រជាធិបតេយ្យ គេអត់មានផលប្រយោជន៍អ្វីទេ ក្រៅពីចង់ឃើញ ប្រទេសដែលទទួលជំនួយពីគេ បានស្គាល់នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដដូចគេដែរ ហើយថ្ងៃណាមួយមិនចាំបាច់សុំជំនួយពីគេទៀត”

មេដឹកនាំបក្ស​ប្រឆាំងរូបនោះ​បាន​លើកយកករណីប្រទេស​កម្ពុជា ដោយថា​ក​ម្ពុជាមានជម្រើសពីរគឺ​ជម្រើស។ លោកបញ្ជាក់​​ថា៖ “ជម្រើស​ទី​១៖ មេដឹកនាំមិនព្រមកែខ្លួន ពេលនោះប្រទេសនឹងបាត់ជំនួយ។ ជម្រើស​ទី២៖ មេដឹកនាំចេះកែខ្លួនដោយចាប់ផ្តើមអនុវត្តលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ពេលនោះជំនួយនៅតែបន្ត ហើយមានតែកើនឡើង​”​។

លោក សម រង្ស៊ី ​មានប្រសាសន៍ថាជម្រើស​ទី​១​មិនល្អសម្រាប់កម្ពុជានោះទេ។ លោក​បញ្ជាក់ថា៖ “គ្មានព្រហ្មលិខិតណាតម្រូវឲ្យយើងយកជម្រើសទី១ទេ ដែលធ្វើឲ្យយើងបាត់បង់ទាំងសេរីភាព ទាំងជំនួយអន្តរជាតិ។ ផ្ទុយទៅវិញ យើងត្រូវជំរុញ​ឲ្យប្រទេសយើងយកជម្រើសទី២វិញ ដែលធ្វើឲ្យយើងទទួលបានទាំងសេរីភាព ទាំងជំនួយអន្តរជាតិ”

លោក សម រង្ស៊ី បាន​សរសេរ​នៅលើហ្វេសប៊ុក​បែបនេះ ដោយ​ភ្ជាប់ជាមួយ​រូប​របស់ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា។ ការលើកឡើងរបស់លោក សម រង្ស៊ី ធ្វើឡើង​បន្ទាប់ពី​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ ទើបត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន​ កាលពីថ្ងៃទី១៨ខែកុម្ភៈ។

កាលពីកិច្ចប្រជុំកន្លងទៅ​ លោក បារ៉ាក់ អូបាម៉ា ​ឲ្យដឹង​ថា​លោកបាន​សង្កត់ធ្ងន់​ទៅមេដឹកនាំអាស៊ាន​​​ទាំង​​១០​ប្រទេសថា​អ្នកនយោបាយបក្សប្រឆាំងមិនគួរត្រូវដាក់ពន្ធនាគារដោយសារការបញ្ចេញមតិរបស់​ពួកគេនោះទេ។​ លោក​​មានប្រសាសន៍ថា៖ “ខ្ញុំបានបញ្ជាក់​ច្បាប់ថា​សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការជាមួយ​ប្រទេស​ជាសមា​​​​ជិកអាស៊ាន​ដែល​កំពុងធ្វើការ​លើកតម្កើងនីតិរដ្ឋ អភិបាលកិច្ចល្អ ស្ថាប័នគនេយ្យ​ភាព​និង​សិទ្ធិមនុស្ស​ជា​​​សាកលសម្រាប់​​ប្រជាជនទាំងអស់”។ លោក​បញ្ជាក់បន្ថែមថា៖ “គ្មាននរណាម្នាក់ រួម​ទាំង​អ្នក​មកពី​បក្ស​នយោបាយប្រឆាំង​គួរត្រូវបាន​ឃុំខ្លួន​និង​ដាក់​ពន្ធនា​គារដោយ​សារ​ការបញ្ចេ​ញមតិ​ធម្មតារបស់ពួកគេ”

លោក​បន្ត​ថា​​សហរដ្ឋអាមេរិក​នឹង​​បន្ត​ការ​គាំទ្រ​ប្រជាពលរដ្ឋ​ សង្គមស៊ីវិលនិង​ការពារ​សេរីភាពនៃការ​បញ្ចេញ​​មតិ ប្រមូល​ផ្តុំ​និងសេរីភាពសារព័ត៌មាន។​

​មុននឹងកិច្ចប្រជុំកំពូលនេះ សមាជិក​ព្រឹទ្ធសភា​​អាមេរិក៧រូប​មកពីគណបក្ស​ប្រជាធិបតេយ្យ បានសរសេរ​លិខិតមួយច្បាប់ចុះថ្ងៃទី​១១ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តីខ្មែរ​ ដោយ​អំពាវនាវ​ឲ្យ​អនុញ្ញាត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោះលែង​សកម្មជនសិទ្ធិមនុស្សនិង​បង្ហាញក្តីបារម្ភលើ​បញ្ហាមួយចំនួនទៀតលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។​

លោក​ ហ៊ុន សែន បានឲ្យដឹង​ថា​លោក​បញ្ជាឲ្យ​មន្រ្តី​​បញ្ជូនលិខិតនោះទៅវិញ​ ដោយ​ថាលិខិត​នោះ​មានអត្ថន័យ​”​ជេរ”រូបលោក។

​វីអូឌី​មិន​អាចទាក់ទងអ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា ដើម្បីសុំការឆ្លើយតបភ្លាមៗបាននៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ