រដ្ឋសភាអនុម័ត​ច្បាប់​ស្តីពីគណបក្ស​ទាំងចម្រូង​ចម្រាសដោយគ្មាន​វត្តមាន​បក្ស​ប្រឆាំង

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លើកដៃបោះឆ្នោតគាំទ្រច្បាប់ស្តីគណបក្សនយោបាយនៅព្រឹកថ្ងៃទី២០ខែកុម្ភៈនេះ

រដ្ឋសភាកម្ពុជាបាន​អនុម័តច្បាប់​ស្តីពី​គណបក្ស​នយោ​បាយដែលរងការ​រិះគន់និង​ចម្រូង​ចម្រាស​ដោយ​គ្មាន​វត្តមាន​បក្ស​ប្រឆាំងនៅព្រឹកនេះ។

ការកែច្បាប់​ស្តីពី​គណបក្ស​នយោបាយនេះ ​​​ត្រូវ​បានគាទ្រដោយសមាជិក​សភា​​បក្ស​ប្រជា​ជន​៦៦លើ​៦៦​សំឡេង ​ដែល​ចូល​រួម​ប្រជុំ។

អ្នក​នាំពាក្យ​រដ្ឋ​សភាលោក ឡេង ប៉េងឡុង មាន​ប្រសាសន៍​ថា ច្បាប់​នេះ​បាន​ចែង​ជា​ការ​ប្រញាប់ ហើយ​រដ្ឋសភា​នឹង​បញ្ជូន​ទៅ​ព្រឹទ្ធសភានៅ​ថ្ងៃដដែល​នេះ​ផងដែរ។ ចំពោះ​​អវត្តមាន​របស់​បក្ស​ប្រឆាំង​ក្នុង​ការ​​ប្រជុំ​អនុម័ត​នេះលោក​ ឡេង ប៉េង​ឡុង​ បាន​ចាត់​ទុក​ថាគណបក្ស​នេះ​គ្មាន​ចេតនា​ក្នុង​ការ​សន្ទនា​ជា​មួយ​បក្ស​កាន់​អំណាចនិ​ង​បង្កើត​ព្រឹត្តិ​ការណ៍​ដើម្បី​ចំណេញ​នយោបាយ​របស់​ខ្លួន។

គណបក្ស​សង្គ្រោះ​ជាតិបាន​ចេញ​​សេចក្តី​ថ្លែង​ការ​មួយកាលពី​​ម្សិលមិញដោយ​បាន​​ចាត់​ទុក​ថា​ច្បាប់​នេះ នឹង​បង្ក​ឲ្យ​មាន​ការ​បែក​បាក់ឯកភាព​ជា​តិ ផ្ទុយពី​គោលការណ៍ នៃ​លិទ្ធិប្រជា​ធិបតេយ្យ សេរីពហុបក្ស ខុសពី​ឆន្ទះ​រាស្ត្រ និង​ក្នុង​គោល​បំណង​បំផ្លាញ​គណបក្ស​គូ​ប្រជែងជា​មួយ​បក្ស​កាន់​អំណាច។

ច្បាប់ដែលសភាអនុម័ត​ហើយនោះ បានបើកផ្លូវឲ្យក្រសួងមហាផ្ទៃនិងតុលាការ អាចផ្អាក​ឬរំលាយ​គ​ណ​បក្ស​នយោ​បា​យ​​​ណា​មួ​យ​ចោ​​​​​លក៏បាន ប្រសិនបើក្រសួង​រកឃើញ​ថាគណបក្ស​នយោ​បាយនោះ បំពានទៅលើ​ច្បាប់ថ្មីនេះ។​

កាលពី​ពេល​ថ្មី​ៗ​នេះសមាជិក​សភាអាមេរិក និង​សមាជិក​សភាអឺរ៉ុប​បាន​រិះគន់​ទៅ​លើ​ច្បាប់​នេះ​ថា​ នឹង​អាច​នាំ​កម្ពុជាទៅ​រក​ការ​គ្រប់​គ្រង​តែ​មួយ​បក្ស​ទៅ​ថ្ងៃ​អនាគត ដោយ​លើក​ឡើង​ថា​ច្បាប់​នេះ​នឹង​បើ​ក​សិទ្ធិ​ឲ្យ​រដ្ឋា​ភិ​បាល មាន​អំណាចកាន់​តែ​ខ្លាំង​ឡើង​ក្នុង​​ការ​រារាំង​បក្ស​នយោបាយ​ដទៃដែល​ជាគូរប្រជែង​ខ្លួន​មិន​​ឲ្យ​​ធ្វើ​នយោបាយ​បាន ហើយ​ទៅ​ថ្ងៃ​មុខវា​ជា​គ្រោះ​ថ្នាក់​មួយ​នៃ​ដំណើ​ការ​លិទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ