មេធាវីបាន​ដាក់ពាក្យសុំការពារក្តីឲ្យលោក គឹម សុខ នៅថ្ងៃនេះ​

លោក គឹម សុខ កាល​ពី​ពេល​កន្លង​ទៅ​

មេធាវី​មួយរូបដែលធ្លាប់ការពារក្តីឲ្យបក្សប្រឆាំង ​បានដាក់ពាក្យស្នើសុំការពារក្តីឲ្យ លោក គឹម សុខ ​នៅដើមសប្តាហ៍នេះ ក្រោយពីអ្នកវិភាគរូបនេះស្នើសុំឲ្យជួយការពារតាមផ្លូវច្បាប់​។

អ្នកឃ្លាំមើលនិ​ងអត្ថាធិប្បាយបញ្ហា​សង្គម លោក គឹម សុខ ដែលគេស្គាល់តាមរយៈការរិះគន់ចំណុច​ខ្វះខាតរដ្ឋា​ភិបាល ត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃសុក្រ ទី១៧ ​កុម្ភៈ បន្ទាប់ពីលោកចូលបំភ្លឺតាមបណ្តឹងរបស់មេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

មេធាវី​ ជួង ជូងី ប្រាប់VODថា សាលាដំបូងរាជធានីភ្នំពេញ បានទទួលយកសំណើរបស់លោក ដែលស្នើសុំការពារ​ក្តី​ឲ្យលោក គឹម សុខ នៅព្រឹកថ្ងៃចន្ទ​នេះ។ លោកបន្តថា នៅរសៀល​ថ្ងៃនេះ​លោក​នឹង​ទៅ​​ជួប​លោក គឹម សុខ នៅពន្ធនាគារ ដើម្បីជជែកគ្នាពីសំណុំរឿងដែលមេធាវីរដ្ឋាភិបាលប្តឹងអ្នកវិភាគរូបនោះ។ លោកថា ដំណាក់កាលដំបូង ត្រូវស្នើសុំឲ្យកូន​ក្តីលោក​បាន​នៅ​ក្រៅឃុំ​បណ្តោះ​អាស​ន្ន​ ដោយថាកូនក្តី​មានសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់។ លោកនិយាយថា៖ «ដោះលែងនៅក្រៅឃុំសិន ព្រោះវាជាសិទ្ធិ​សេរី​ភាព​របស់​មនុស្សគ្រប់រូប​ត្រូវបានការពារដោយច្បាប់ ការឃុំខ្លួនប៉ះពាល់សិទ្ធិមូលដ្ឋានរបស់គាត់»។

កាលពីថ្ងៃទី១៦ កុម្ភៈនេះ លោក គឹម សុខ បានដាក់ពាក្យសុំ​ពន្យារ​ពេល​ចូលទៅបំភ្លឺនៅតុលា​ការ​តាមដីកាបង្គាប់ ដោយថាមិនទាន់មានមេធាវីកា​រពា​​រក្តី ប៉ុន្តែតុលាការច្រានចោល​សំណើនោះ។

កាលពីពេលថ្មីៗនេះ លោក គី តិច មេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងលោក គឹម សុខ ពីរសំណុំរឿង។ សំណុំរឿង​ទីមួយ ប្តឹង​លោក គឹម សុខ ថាបាន​អត្ថាធិប្បាយ​ចោទ​ប្រកាន់​គណ​បក្ស​ប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន និង​ទាម​ទារ​សំណងជំងឺចិត្ត៥០ម៉ឺនដុល្លារ។ បណ្តឹងមួយករណីទៀតថា លោក គឹម សុខ បាន ចោទ រដ្ឋាភិបាលកម្ពុជា ថា ជាអ្នក​រៀបចំប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ និងទារ​ប្រាក់​សំណង​១០​លាន​រៀល​ផងដែរ​។

បើតាម ព្រះសង្ឃ ប៊ុត ប៊ុនតិញ តុលាការបានចោទប្រកាន់លោក គឹម សុខ ចំនួន​ពីរបទល្មើស រួមមាន​ បទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជា​សាធារណៈ» ដោយបញ្ជូនទៅ​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅពន្ធនាគារ បន្ទាប់ពីតុលាការសាកសួរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ