HRW ហៅការអនុម័តច្បាប់ស្តីពីបក្សនយោបាយថាជាជ័យជំនះរបស់អំណាចផ្តាច់ការ

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លើកដៃបោះឆ្នោតគាំទ្រច្បាប់ស្តីគណបក្សនយោបាយនៅព្រឹកថ្ងៃទី២០ខែកុម្ភៈនេះ (រូបភាពហ្វេសប៊ុករដ្ឋសភា)

អង្គការ​ឃ្លាំង​មើលសិទ្ធិ​មនុស្ស បាន​ចាត់​ទុក​ការ​អនុម័តរបស់​​រដ្ឋសភា​ទៅ​លើ​សេចក្តីស្នើ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ថា​ ជា​ជ័យ​ជំនះរបស់​អំណាច​ផ្តាច់ការ​លើ​សិន្ធិសញ្ញាសន្តិភាព​ទី​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

ក្នុង​សេចក្តីប្រកាស​ចុះ​ថ្ងៃទី២០ខែកុម្ភៈ ​នាយក​រងប្រចាំ​តំបន់​អាស៊ីរបស់​អង្គការ​ឃ្លាំង​មើលសិទ្ធិ​មនុសុ្ស Human Rights Watch លោក​ ភីល រ៉ូបីតសាន់ បាន​ចាត់​ទុក​​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ថា គោល​បំណង​នៃ​ច្បាប់​នេះ គឺ​​ភ្ជង់​តម្រង់​ទៅ​កាន់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ថា​ ខណៈពេល​ដែល​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​​ដល់​​នោះ យុត្តិសាស្ត្រ​របស់​លោក ​​ហ៊ុន សែន បាន​បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់​តាម​រយៈការ​បំភ័យ​សម្លុត​​ ស្ថាប័នប្រជាធិបតេយ្យ និង​អង្គការ​សង្គមស៊ីវិលនានា​ ដោយ​​ប្រើ​ប្រាស់​ច្បាប់​ក្នុង​​ការ​បំបិទ​សំឡេង​​ទាំង​​អស់​នេះ និង​តាម​រយៈ​តុលាការ​ដែល​ស្ថិត​ក្រោម​អំណាចរបស់​ខ្លួន។

លោក​បន្ថែមថា កម្ពុជា​កំពុង​ដើរ​សំដៅ​ទៅ​រក​ប្រជា​ធិបតេយ្យ​មួយ​ ដែល​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះទៅ​ថ្ងៃ​ខាង​មុខ។

អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជនកម្ពុជា​លោក សុខ ឥសាន ថា​ការ​លើក​ឡើង​របស់​នាយក​រង​ប្រចាំ​តំបន់​អាស៊ីរបស់​អង្គការ​ Human Rights Watch ជា​ការ​បញ្ចេញ​មតិ​លក្ខណៈ​ឯក​ជន​របស់​បុគ្គលម្នាក់​ ដោយ​មិន​ស្របតាមសភាព​ការណ៍​​បច្ចុប្បន្ន​របស់​កម្ពុជា ហើយ​កម្ពុជា​មិន​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជារបស់​អ្នក​ណា​ម្នាក់​នោះ​ទេ​។ លោក​បាន​បញ្ជាក់​ថា​ ច្បាប់​នេះ ​វា​បាន​ការ​ពារលិទ្ធិ​ប្រជា​ធិបតេយ្យ​សេរីពហុ​បក្ស​ទៅ​វិញ​​ទេ។

លោកថា៖ «សុំជម្រាបគាត់ថា ច្បាប់អី​ ក៏ដោយ​​វាមិនខុសទេវាខុសតែមនុស្សដែលអនុវត្តន៍ច្បាប់ហ្នឹងវាខុស។ បើសិនជាមានច្បាប់ហើយ​ មនុស្សអនុវត្តន៍តាមច្បាប់ឲ្យបានត្រឹមត្រូវទៅ វាអត់មានបញ្ហាកើតឡើងទេ។ អញ្ចឹង​ អ្នកដែលមានទោសទាំងប៉ុន្មានហ្នឹង សុទ្ធតែអ្នកអនុវត្តន៍ខុសច្បាប់ត្រូវយល់អញ្ចឹងច្បាប់អត់ខុសទេ តែអ្នកអនុវត្តន៍ទេដែលខុស។ ជាពិសេស​ អ្នកដែលចង់ធ្វើសកម្មភាពអនាធិបតេយ្យ​​ក្រៅច្បាប់ហ្នឹងណាដែលជាអ្នកថ្នាំថ្នាក់ជាមួយច្បាប់នេះ មួយការអនុម័តច្បាប់នេះ​»   ​​

ច្បាប់ស្តីពី​បក្ស​នយោបាយ​ដែលសភាអនុម័ត​ហើយនោះ បានបើកផ្លូវឲ្យក្រសួងមហាផ្ទៃនិងតុលាការ អាចផ្អាក​ឬរំលាយ​គ​ណ​បក្ស​នយោ​បា​យ​​​ណា​មួ​យ​ចោ​​​​​លក៏បាន ប្រសិនបើក្រសួង​រកឃើញ​ថាគណបក្ស​នយោ​បាយនោះ បំពានទៅលើ​ច្បាប់ថ្មីនេះ។​

នៅ​ថ្ងៃនេះ​ផង​ដែរ ​ស្ថានទូ​តអាមេរិក​បាន​សម្តែង​ក្តីបារម្ភ​ ​ថាច្បាប់​នេះ នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លិទ្ធិ​ប្រជា​ជា​ធិបតេយ្យ ដោយ​សារ​ការ​អនុម័តធ្វើ​ឡើង​ដោយ​ប្រញាប់ និង​មានការពិគ្រោះ ឬពិភាក្សា​គ្នា​ជា​សាធារ​ណ:តែ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ។

កាលពី​ពេល​ថ្មី​ៗ​នេះសមាជិក​សភាអាមេរិក និង​សមាជិក​សភាអឺរ៉ុប​បាន​រិះគន់​ទៅ​លើ​ច្បាប់​នេះ​ថា​ នឹង​អាច​នាំ​កម្ពុជាទៅ​រក​ការ​គ្រប់​គ្រង​តែ​មួយ​បក្ស​ទៅ​ថ្ងៃ​អនាគត ដោយ​លើក​ឡើង​ថា​ច្បាប់​នេះ​នឹង​បើ​ក​សិទ្ធិ​ឲ្យ​រដ្ឋា​ភិ​បាល មាន​អំណាចកាន់​តែ​ខ្លាំង​ឡើង​ក្នុង​​ការ​រារាំង​បក្ស​នយោបាយ​ដទៃដែល​ជាគូរប្រជែង​ខ្លួន​មិន​​ឲ្យ​​ធ្វើ​នយោបាយ​បាន ហើយ​ទៅ​ថ្ងៃ​មុខវា​ជា​គ្រោះ​ថ្នាក់​មួយ​នៃ​ដំណើ​ការ​លិទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ