ផាន់​ គ្រាន់ ​ធ្លាក់ខ្លួន​​សន្លប់​​ក្នុងទឹកទី​​១ ​ក្រោមកណ្ដាប់ដៃ​ថៃ

ដោយ លោក សុខ ឆាយ​​ | ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧​ ម៉ោង 10:15 AM | កំសាន្ដកីឡា | 0 | 1411

​​​ការប្រកួត​កាលពី​ថ្ងៃ​អាទិត្យ​​​ទី​​១៩ កុម្ភៈ ​កីឡាករ​ ផាន់ គ្រាន់ ​ដែល​គេស្គាល់ថា​ជា​ជើងខ្លាំង​ល្បី​​ឈ្មោះ​ក្នុង​ពិភព​ប្រដាល់​​​កាន់តែ​​មាន​លទ្ធផល​​​​អវិជ្ជមាន​​​ទ្វេរ​​​​​ដង​ ដោយសារតែ​​​បាន​ឡើង​ប្រកួតជាមួយកីឡាករ​ថៃមិនទាន់​បាន​​មួយទឹក​ផង ក៏សន្លប់​ភីង​លើ​រេញ​។

នេះជា​ការ​បរាជ័យមួយថ្មី បន្ទាប់ពីការប្រកួត​​​​​​កាលពី​​​​ប៉ុន្មាន​សប្ដាហ៍មុន ក៏​ទើប​នឹង​ចាញ់​យ៉ាង​​អាម៉ាស់​ក្រោម​កីឡាករថៃ ដោយសារតែ​​ដៃជើង​​​របស់​លោក​​​​រាងស្ទក់ៗ​​ហើយ​ឆាប់​ហត់​ប្លែក​។

​​​​​​គ្មានអ្នកណាមិន​ដឹងនោះទេ ថា​​កីឡាករ ​ផាន់ គ្រាន់ ​​បាន​​ក្លាយ​កីឡាករ​ជាកីឡាករ​​​ធ្លាក់ដៃ ​​​​បន្ទាប់ពី​លោក​បណ្ដោយ​អោយ​​គីឡូ​ខ្លួនឡើង​​​​៦៩ ​ក្នុង​ពេលដែលលោកធ្លាប់តែ​ប្រកួត​គីឡូ​​​​៦៣និង​​​៦៣កន្លះ​​​នៅលើ​សង្វៀន​។

សារភាព​​​​ក្រោយ​ប្រកួតចាញ់​កីឡាករថៃ​​ដោយ​ពិន្ទុ​ញឹកញាប់​​នៅសង្វៀនជាពិសេស​នៅ​លើ​សង្វៀ់ន​ទូរទស្សន៍​​​អាស៊ី​អាគ្នេយ៍ បាន​ក្លាយជា​រឿង​ដែល​​​​​ធ្វើអោយ​​​​​​​​​​​អ្នកគាំទ្រ​ខកចិត្តនិង​សោកស្ដាយចំពោះ​សមត្ថភាពរបស់កីឡាកររូប​នេះ ដោយសារតែ​ ផាន់ គ្រាន់ ​​បាន​សាង​កេរ្តិ៍ឈ្មោះ​​​អោយខ្ទរ​ខ្ទារ​​​​​​​​​យូរមកហើយក្នុងនាមជា​អ្នកប្រដាល់។ ​ផាន់​ គ្រាន់ ទទួល​ស្គាល់ថា​​​​​ការ​​​​​បណ្ដោយ​​​ខ្លួន​អោយ​​ឡើង​គីឡូខ្លាំង ​ប៉ះពាល់​​​​​​ចំពោះ​សមត្ថភាព​​ប្រកួត​នា​ពេលចុង​ក្រោយ​ ខណៈដែល​លោកប្រឹង​ប្រែង​សម្រកណាស់ដែរ តែ​​លទ្ធផល​​មិនមាន​។

លោក​សារភាពថា​​​​រាល់ថ្ងៃ​ខំ​​​ហ្វឹកហាត់និង​តម​​ផឹកស៊ី តែ​លោកបានត្រឹមតែ​​រក្សា​ទំងន់ខ្លួន​កុំអោយ​បន្តឡើង​ប៉ុណ្ណោះ​​ ​ដោយមិនអាច​​​​​​​​​​​​​​​​​​នឹ​ង​ស្រកបានទេ។

លោកនិយាយថា៖ ​«​រាល់ថ្ងៃ​តម​ណាស់ ហើយក៏ខំហាត់​ណាស់ដែរ តែ​​​អត់ស្រក​»។

លោកសម្ដែ​​ង​ការ​បារម្ភ​​​ថា​ បើស្ថានភាព​​​​ឡើង​ប្រកួត​​នៅតែ​មាន​លទ្ធភាព​មិនល្អ ​នោះលោក​នឹង​អាច​​​​​បញ្ចប់​ការប្រកួត​ក្នុង​ពេ​ល​ឆាប់​ៗ។

លោកនិយាយថា៖ ​«​រាល់ថ្ងៃ​ខំ​ណាស់តែវា​អត់​​​​ស្រក(ហ្វឹកហាត់) ដល់​ចឹង​ចាំ​មើលសិន បើ​​​មកចាញ់ៗ​​​​​​រៀងអស់​ទឹកចិត្តដែរ!»។

លោកថា​កាលលោក​ប្រកួត​គីឡូ​ក្រោម​​​​៦៣ ខ្លួន​មានសមត្ថភាព​ខ្ពស់ ​​ហើយ​បើ​និយាយ​ពីកីឡាករ​ថៃក៏កម្រទប់​លោក​បាន​៥​ទឹក​ផងដែរ ទើប​លោក​ចាប់អារម្មណ៍អស់​អារម្មណ៍​​ក្រោយពេល​ឡើង​ប្រកួត​​​​ចាញ់ថៃ​ជាប់​ៗ​គ្នា ហើយ​ចុង​ក្រោយក៏​​​​​​សន្លប់​​​ក្នុងទឹកទី​១​​​​​​​ក្រោមដៃ​​គូប្រកួត​បរទេស​ម្ដងទៀត កាលពីថ្ងៃទី​​​​១៩ កុម្ភៈ។

​​​លោក​ទទួលស្គាល់ថា​ខ្លួន​ស្ទក់ៗដៃជើង​ ​​​​​តែ​​​​​​​ហេតុផល​ដែល​លោក​សន្លប់​​​ក្នុងការប្រកួត​នោះ គឺដោយសារតែ​ភ្លាត់​​​​​អោយថៃ​​​​វាយ​​ត្រូវ​ថ្គាម​ និង​សៀត​ផ្កា​ប៉ុណ្ណោះ។

លោកថា​​​​​​​​​​​​​​នឹង​ប្រឹង​ហ្វឹកហាត់មួយប្រាវ​ទៀត តែ​បើអត់​​​​លទ្ធផល លោកក៏មិនតស៊ូ​មកប្រកួត​​​​បរាជ័យ បណ្ដាល​អោយ​​​អ្នកគាំទ្រ​​​រិះគន់នោះទេ។ ​យ៉ាងណាមិញ លោកនៅតែ​ថា​ហេតុ​ផល​​​​​ផ្ទះឆ្ងាយពី​ក្លិប​​​នា​មួយរយៈមុន គឺ​ជា​ហេតុ​ផល​ធ្វើអោយ​ឡើង​សាច់ ​​​​ហើយ​​​​​ទោះ​ខំហ្វឹកហាត់​​​​​​​​​ជាថ្មី ក៏​​ទទួល​លទ្ធផល​មិនដូច​​​ចង់​បាន។

​លោក​និយាយថា​​​​​​ប្រហែល​បណ្ដាល​មកពី​លោក​​​​​​​​​​​​រយាលដៃ​​ក្នុងពេល​ឡើង​កូដ ទើប​បណ្ដាល​អោយ​​​​លោក​បែក​សាច់ ហើយ​​​​​​​​​​​ពិបាក​ហ្វឹកហាត់​អោយត្រលប់​មកកាន់គីឡូដើម​។

​យោង​តាមការប្រកួត​ដែល​បានធ្វើឡើង​​​ គឺ​កីឡាករ​​​​ ផាន់ គ្រាន់ ដែល​ជា​កីឡាករ​ល្បី​ម្នាក់​​​ត្រូវ​បាន​កីឡាករ​ថៃ​ឈ្មោះ​​ Sang Yout ​វាយ​ត្រូវ​ខ្ចប់ៗ​ក្នុងទឹកទី​១ រហូត​បណ្ដាលអោយ​​​​រាប់ដល់​​១០ ហើយសន្លប់​លើ​រេញ​។ ​លោក​​​​​ឆ្លង​មិនផុត​នូវទឹកទី​​១​នោះឡើយ ទើប​ជា​រឿង​ខកចិត្ត​​របស់​អ្នកទស្សនា​​​​​។

លោ​ក ញាណ សុធី អ្នករៀបចំ​​​ព្រឹត្តិការ​ប្រដាល់​ប្រចាំនៅទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ​បាន​អះអាងថា​​ធៀប​នឹងការប្រកួត​ចាញ់ដោយ​ពិន្ទុ​​កាលពី​សប្ដាហ៍​មុន លោកថា​​​កីឡាករ​​ ​ផាន់ គ្រាន់ ​គ្រាន់បើជាង​មុន។ ​ប៉ុន្តែ​មកពី​​គេ​ភ្លាត់ស្នៀត​ច្រើនជាង​ ទើប​បណ្ដាលអោយ​​​​​​សន្លប់​លើរេញ​​ក្នុងទឹកទី​១​។

យ៉ាងណាមិញ លោក​បានទទួលស្គាល់ថា​​​​​​​​​​​សមត្ថភាព​ដៃ​ជើ​ង​របស់​​​កីឡាករ​កម្ពុជា​រូបនេះ ពិតជា​​​មានការ​​​ប្រែ​ប្រួលចុះខ្សោយ​​​​ជាង​មុន​​​​ ​​​​ទើប​បណ្ដាលអោយ​​​​​ដៃ​ជើង​​ស្ទក់ៗ​ បណ្ដាលអោយ​ភ្លាត់ស្នៀត។ លោកថា​ការប្រកួត​របស់​​ ផាន់ គ្រាន់ ​​​​​​​​ចាប់​ផ្ដើម​បាត់ភាពទាក់ទាញច្រើនទៅៗ ប៉ុន្តែ​​​​​សង្វៀនទូរទស្សន៍​អាស៊ី​​អាគ្នេយ៍មិន​​​​មានបំណង​​​បិទ​ចោល​ឈប់​ហៅ​ឡើង​ប្រកួត​នោះទេ ដោយសារតែ​លោកយល់​ថា​​ទី​១​​​កង្វះ​កីឡាករ​ល្អៗ ទី​​២​បើ​​​​មិន​​​ផ្គូរ​ផ្គងអោយ​​​គេឡើង​ប្រកួត​នៅ​ក្នុង​ពេល​នេះទេ គឺ​ផាន់ គ្រាន់ ពិតជា​​​​​​​​​​​​​​​​​​​​រយាលពីការ​ហ្វឹកហាត់ ហើយធ្វើ​​អោ​យធនធាន​កីឡាករ​ប្រដាល់​កាន់តែ​ចុះខ្សោយ​ជា​ង​នេះ។

នៅ​ថ្ងៃនោះដែរ គេឃើញ​កីឡាករ​ថៃ Deun Chhunlek ត្រូវ​បានកីឡាករ​កម្ពុជា​ឈ្មោះ ​រឿង សារ័ត្ន វាយអោយសន្លប់លើ​រេញ​វិញ​ក្នុងទឹកទី​២​ ទើបកាន់តែធ្វើអោយ​កីឡាករ​ល្បីឈ្មោះ​​ ​ផាន់ គ្រាន់ បាក់មុខ​​៕

សរសេរមកកាន់ លោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required