អង្គការ​​អន្តរ​ជាតិ​ជាង៣០ស្នើ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​គណៈកម្ម​ការ​បុណ្យ​លោក​ កែម ឡី ​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 1:59 PM | កែម ទ្បីសិទ្ធិមនុស្ស | 0 | 1409 លោក មឿន តុលា, ព្រះតេជគុណ ប៊ុត ប៊ុនតិញ, និងលោក ប៉ា ងួនទៀង

សហ​ជីពនិង​អង្គការសិទ្ធិ​មនុស្ស​អន្តរជាតិ​ជាង​៣០​ស្ថាប័ន​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ការ​ចោទ​ប្រកាន់​​លើ​គណៈកម្ម​កា​របុណ្យ​លោក​ កែម ឡី ទាំង៣រូបជា​បន្ទាន់ ដោយថា ចំណាត់ការកន្លងមកនេះ មិនមានមូលដ្ឋានច្បាប់ត្រឹមត្រូវនោះទេ។​

អតីត​សមាជិក​គណៈកម្មការ​បុណ្យ​លោក​កែម ឡី​ រួម​មាន​នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង នាយក​មជ្ឈ​មណ្ឌល​ការងារ​កម្ពុជា​ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា និង​ស្ថាបនិក​បណ្ដាញ​សង្ឃ​ឯករាជ្យ ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​ពី​បទ​ «រំលោភ​សេចក្ដី​ទុក​ចិត្ត» កាល​ពី​ដើម​ខែ​មករា​នេះ ទៅ​តាម​បណ្ដឹង​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ចុះ​ថ្ងៃ​ទី ១៩ កុម្ភៈ សហ​ជីព និង​អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​៣៥​ស្ថាប័ន​ ដែល​រួម​មាន​អង្គការ​សិទ្ធិ​មនុស្ស Human right Watch សម្ព័ន្ធ​សិទ្ធិ​ការ​ងារ​អន្តរជាតិ កម្មករ​សំណង់ និង​ឈើ​អន្តរជាតិ អង្គការ​សេវា​កម្ម​សាធារណៈ​អន្តរជាតិជាដើម​ បានទាម​ទារឲ្យ​រដ្ឋាភិបាល​កម្ពុជា​ងាក​មក​គោរពសិទ្ធិ​ជា​មូល​ដ្ឋាន​នៃ​មនុស្ស និង​ទម្លាក់​ចោល​បទ​ចោទ​ទៅ​លើ​អ្នក​ទាំង​បី​ជា​បន្ទាន់។​

អង្គការ​ទាំង​នោះ​លើក​ឡើង​ថា ​តុលាការ​កម្ពុជា​ជា​ស្ថាប័ន​មួយ​ដែល​មិន​ឯក​រាជ្យ និង​ត្រូវ​បាន​ប្រើ​ប្រាស់​តាម​ការ​ចង់បាន​របស់​​គណបក្សប្រជា​ជន ហើយ​ការ​ចោទ​ប្រកាន់​អ្នក​ទាំង​បី​នោះទៀត​សោត​ជា​​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ធ្វើឡើង​ក្រោម​ហេតុ​ផល​នយោបាយ​។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌​លោក​ ជិន ម៉ាលីន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ និង​ថា​ការ​លើក​ឡើង ​គ្រាន់​តែ​ការ​ពារ​ក្រុម​របស់ក្រុម​ខ្លួនតែ​ប៉ុណ្ណោះ។ លោក​បញ្ហាក់​ថា ការ​ដោះ​លែង​ ការ​ចោទ​ប្រកាន់​គឺ​ជា​សិទ្ធិ​របស់​តុលាការ ហើយ​អង្គការ​ទាំងនោះ​ប្រសិន​ជា​មាន​មូល​ដ្ឋានផ្លូវ​ច្បាប់​ណា​ដែល​អាច​បង្ហាញ​ពី​កំហុស​របស់​តុលាការ​លើ​សំណុំ​រឿង​អ្នក​ទាំង​បី​នោះ​អាច​ដាក់​ភស្ភុតាង​តតាំង​ក្តី​នៅ​តុលាការ​បាន។

លោក​ថា៖ «ការ​ចោទ​ប្រកាន់​របស់​គាត់​មាន​ចរិត​ជា​នយោបាយ​ច្រើន​ជាង​ ហើយមិន​មាន​ជា​លទ្ធភាព​បច្ចេកទេស​ និង​ការ​ឆ្លើយ​តប​អី​សោះ​ក្នុង​ការ​ឆ្លើយ​តប​នឹង​បក​ស្រាយទៅ​លើ​ចំណាត់​ការ​របស់​តុលាការ។ យល់​ល្អ​បើ​​គាត់​យល់​ថា​តុលាការ​មិន​ផ្អែក​លើ​អង្គហេតុ​ និង​អង្គ​ច្បាប់​គ្រប់​គ្រាន់​ទេ ឲ្យ​គាត់​ដាក់​ជា​សារណា។ ដាក់​ជា​ឯក​សារ​បង្ហាញ​ទឡ្ហី​ករណ៍ បង្ហាញ​ភស្ភុតាង និង​ធ្វើ​ការ​វិភាគ​វែក​ញែកពី​ទិដ្ឋភាព​ច្បាប់ ដោយ​ផ្អែក​ទៅ​លើ​ទិដ្ឋភាព​ច្បាប់​សុទ្ធសាធ​ហើយ​ធ្វើ​ការ បង្ហាញ​តទល់​គ្នា​ជា​មួយ​អ្នក​ច្បាប់​ និង​តុលាការ​»។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក​លោក សឹង សែន​ករុណា គាំទ្រ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​អ្នក​ទាំង​បីនោះ ដោយ​ថាការ​ចោទ​ប្រកាន់នោះ​​គឺ​មិន​មាន​ភស្ភុតាងជាក់​លាក់​ទេ។

លោក​ថា​៖ «ដោយ​ហេតុថា​បញ្ហា​ដែល​កើត​ឡើង​ចំពោះ​ជន​រងគ្រោះ​ដែល​ក្រីក្រ សកម្ម​ជន​ដែល​មាន​សំឡេង​ជំទាស់ ជាមួយ​នឹង​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​យើង​ឃើញ​ហើយ​តែ​ង​តែ​មាន​ការ​រង​គ្រោះ​ដោយ​សារ​តែការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​នេះដើម្បី​ទប់​ទល់​ជា​មួយ​សំឡេង​ជំទាស់​ទាំង​អស់​នេះ។ ដូច្នេះ​ហើយ​យើង​មើល​ឃើញ​ថា​ការ​អនុវត្តនីតិរដ្ឋ​ឬ​ការ​អនុវត្តន៍​ច្បាប់​នេះ នៅ​មិន​ទាន់​មាន​​ឯក​រាជ្យ​អព្យា​ក្រឹត្យពេញ​លេញ​នៅឡើយ​ទេ ពីព្រោះ​ថា​យើង​ឃើញ​ករណី​កន្លង​មក​ ​ជាច្រើ​នបាន​ឆ្លុះ​បញ្ចាំងពី​បញ្ហា​នេះ»។

ក្រុម​គ្រួសារ​​សព​លោក កែម ឡី បាន​ប្រាប់​វីអូឌី​កាល​ពី​ថ្ងៃ​ទី​១៩ ​មករា​ថា ពួកគេ​មិន​បាន​ប្ដឹង​ប្រឆាំង​និង​បុគ្គល​ទាំង ៣​​រូប​នេះ​ទេ ហើយ​ក៏​បាន​ច្រាន​ចោល​បណ្ដឹង​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក ពេជ្រ ស្រស់ ផង​ដែរ។

ក្រៅ​ពី​អះ​អាង​ថា បណ្ដឹង​របស់​លោក ពេជ្រ ស្រស់ គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ហើយ​នោះ ក្រុម​គ្រួសារ​សព​លោក កែម ឡី បាន​ជំរុញ​ទៅ​តុលាការ​ឲ្យ​វែក​មុខ​ឃាតក​ពិតប្រាកដ និង​អ្នក​ពាក់​ព័ន្ធ​នៅ​ក្នុង​ឃាតកម្ម​លើ​អ្នក​វិភាគ​រូប​នេះ ជា​ជាង​ចាត់​ការ​ទៅ​លើ​អតីត​សមាជិក​គណៈកម្មការ​បុណ្យ​សព​ទៅ​វិញ។

មាន​តែបុរស់ម្នាក់អះអាងថា ជា​ខ្មាន់​កាំភ្លើង​ឈ្មោះ អឿត អាង ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ តែ​ម្នាក់​ប៉ុណ្ណោះ ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត ចាប់​តាំង​ពី​លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចែស​នៅ​ក្នុង​ស្តារ​ម៉ាត ស្ថិត​ក្នុង​ការ៉ាស់សាំង​ម្ដុំ​ស្តុប​បូកគោ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៦៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required