អ្នកឃ្លាំមើលនិងបក្សកាន់អំណាចយល់ឃើញខុសគ្នាពីឥទ្ធិពលចលនាសង្គ្រោះជាតិ​

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

ចលនាសង្គ្រោះជាតិដែលដឹកនាំដោយលោក សម រង្ស៊ី នៅក្រៅប្រទេសចាប់ផ្តើម​ប្រឆាំងផលិតផល របស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ករណីនេះអ្នកឃ្លាំមើល​វិភាគថា មានប្រសិទ្ធិភាព ចំណែក​បក្សកាន់អំណាចថា មិនទទួលផលទេ។​

មេដឹកនាំចលនា​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ​អំពាវនាវឲ្យ​​ប្រជាពលរដ្ឋឈប់​ទិញ​ទឹក​សុទ្ធ​ម៉ាក វីតាល់ (Vital) ដែលថា ជាផលិតផលក្រុមហ៊ុន​របស់លោកស្រី​ ហ៊ុន​ ម៉ាណា កូនស្រីលោក ហ៊ុន សែន​។​

ចលនា​នេះ​​ចាប់​ផ្ដើម ធ្វើ​​យុទ្ធនាការ​ឃោសនា​ជា​លើក​ទី​មួយ និងមានរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១៩ កុម្ភៈ ដល់ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៨ ដើម្បី​​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ពហិការ​ឈប់​ទិញ​ទឹក​សុទ្ធ​ម៉ាក វីតាល់ (Vital)​​​។

ប្រធានក្រុមអ្នកវិភាគវ័យក្មេងលោក ហង្ស វិទូ វិភាគថា ចលនាសង្គ្រោះជាតិដែលដឹកនាំដោយលោក សម រង្ស៊ី នៅក្រៅប្រទេស​​ អាចធ្វើឲ្យមហាជនមានការគាំទ្រកាន់តែខ្លាំង ដោយថាបើចលនានោះ​ធ្វើឲ្យបាន​ជាប់​លាប់ ​និ​ង​អហិ​ង្សា​​។

លោកវិភាគថា«[អតីត] គណបក្ស​ប្រឆាំងគាត់តែងតែប្រើ​វិធីសាស្ត្រត្រជាក់​ ដើម្បីដោះស្រាយ​បញ្ហា​ ដូច្នេះខ្ញុំយល់ឃើញថា​ ទង្វើនេះល្អហើយ ហើយ​គួរតែធ្វើឲ្យជាប់លាប់ ហើយធ្វើដកថយ យូនិងឆាប់ នឹង​បាន​ផល កុំធ្វើបាត់… គឺមិនអាច​ជោគជ័យបានទេ  ទីពីរគណបក្សប្រឆាំងក៏ត្រូវ​តែ​ ប្រើវិធីសាស្ត្រកាទូត   មួ​យ​ទៀតគឺកម្រិតអន្តរជាតិ ក៏ត្រូវតែមានការទាក់ទង​សកម្មជាមួយបណ្តាលប្រទេស​ធំៗ ដែលគាត់មានការ​គោរពលទ្ធិប្រជាធិប្រជាធិបតេយ្យច្បាស់លាស់ ដើម្បីឲ្យគេជួយគាំទ្រ ខ្ញុំយល់ថានឹងបានផល​​​​»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ​ មានប្រសាសន៍ថា អ្នកនយោបាយ តែងតែលើកពីចំណុច​ខ្វះខាតរបស់ដៃគូប្រកួតរបស់ខ្លួន ដោយថាដើម្បីទទួលបានប្រជាប្រិយ និងទាក់ទាញអ្នកគាំទ្រ។

លោកវិភាគថា«គូប្រជែងនយោបាយ គេដើម្បីយកព្រាបលើគ្នា ឬមួយក៏គេត្រូវ​ប្រជែងគ្នា គេយក​រឿងសេដ្ឋកិច្ចមកជាវិធានការ វាយបកគ្នាទៅវិញទៅមក​ វាអាចនឹងមានអ្នកដែលគេយល់​ដូចលោក សម រង្ស៊ី ចឹងគេអាច​ពិចារណា ឬក៏អាចសម្រេច​ចិត្តទៅតាមការអំពាវនាវរបស់លោក សម រង្ស៊ី​»។

យ៉ាងណាក៏ដោយ​ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មិនចាប់អារម្មណ៍ការអំ​ពាវនាវ​របស់​មេដឹកនាំច​លនា​សង្គ្រោះជា​តិនោះទេ​ ដោយលោកចំអកទៅលោក សម រង្ស៊ី ថា​ ការអំពាវ​នាវ​នោះ​មិនមានប្រសិទ្ធិភាពនោះឡើយ​។

លោកចំអកដូចនេះថា«រឿងនេះវាមិនមែនជារឿង​ចំឡែកអីទេ ដែលទណ្ឌិតសម រង្ស៊ី កាលពីប៉ុន្មានឆ្នាំមុន អំពាវនាវមិនឲ្យប្រជាពលរដ្ឋ​ប្រើប្រាស់ទំនិញរបស់វៀតណាម​ កាលពីអំពាវនាវសួរថា ប្រជាពលរដ្ឋណា ដែលតាមការអូសទាញ​របស់គាត់ទេ វាអត់ទេ ឥឡូវ​យកមេរៀនដដែល យក​មកអនុវត្ត​ទៀត ខ្ញុំយល់ថា វាអត់មានប្រយោជន៍អីទាំងអស់​»។

លោក សម រង្ស៊ី អះអាងថា ចលនាសង្គ្រោះជាតិ​ផ្ដួច​ផ្ដើម​ដោយ​រូប​លោក​ផ្ទាល់​នោះ នឹងធ្វើសកម្ម​ភា​ព​ឈា​​ន​​​ទៅ​ដាក់​សម្ពាធដៃ​គូប្រកួត ឲ្យ​ពិ​ចា​រណាបើកចំហប្រជាធិបតេយ្យឡើងវិញ ក្រោយ​​ពី​គណបក្សប្រឆាំ​ង​របស់លោក ត្រូ​វ​បាន​​​រំ​លា​យកាលពីពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំមុន ហើយ​ថ្នាក់​​ដឹកនាំ ១១៨​រូប​របស់​បក្ស​ប្រឆាំង​មួយ​នេះ ក៏​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោ​បាយ​រយៈ​ពេល ៥​ឆ្នាំ​ផងដែរ។

ប៉ុន្តែក្រុមចលនាសង្គ្រោះជាតិដែលដឹកនាំដោយ​លោក សម រង្ស៊ី នោះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់។ មិន​តែ​ប៉ុណ្ណោះ ថ្នាក់​ដឹក​នាំ​នៃ​ចលនា​នេះ​ក៏​ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​ប្តឹង​ឲ្យ​តុលាការ​កម្ពុជា​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ថែម​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ