យ៉ាងហោចណាស់មានពលរដ្ឋចំនួន៣នាក់បានស្លាប់និង៩នាក់ផ្សេងទៀតបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ដោយសង្ស័យថា ពុលស្រា ស។
ស្នងការរងនគរបាលខេត្តមណ្ឌលគិរីលោក សូ សុវណ្ណ ប្រាប់វីអូឌីនៅថ្ងៃនេះថា កាលពីថ្ងៃទី១៨ មីនា ឆ្នាំ២០១៧នេះ ពលរដ្ឋរស់នៅភូមិបូទុង ឃុំចុងផ្លាស ស្រុកកែវសីម៉ា បានស្លាប់ជាបន្តបន្ទាប់អស់ចំនួន៣នាក់ និង៩នាក់ផ្សេងទៀតមានអាការៈក្អួតចង្អោរ បន្ទាប់ពីពួកគេផឹកស្រាសនៅក្នុងពិធីបុណ្យសពនៅក្នុងភូមិ។
តែយ៉ាងណា លោក សូ សុវណ្ណ បញ្ជាក់ថា រហូតមកដល់ថ្ងៃចន្ទនេះសមត្ថកិច្ចមិនអាចកំណត់បានថា ពលរដ្ឋទាំងនោះពុលស្រា ស ឬយ៉ាងណានោះទេ ដោយថាសមត្ថកិច្ចកំពុងពិនិត្យ ដើម្បីរកមូលហេតុ។ ចំណែកពលរដ្ឋដែលបញ្ជូនទៅសង្គ្រោះបន្ទាន់នោះលោកថាពេលនេះបានធូរស្បើយធម្មតាវិញហើយ។
លោកបន្ថែមថា «ពួកគាត់ហូបស្រា ស គ្នាប៉ុន្មាន១២នាក់ហ្នឹង គាត់ហូបអស់៣០លីត ប៉ុន្តែយើងមិនទាន់ប្រកដថាពុលស្រា ស ទេណា ព្រោះខាងក្រុមចំរុះយើងហ្នឹងកំពុងចុះទៅយកស្លេះនិងមេស្រាហ្នឹងទៅធ្វើពិសោធន៍នៅខាងកុងត្រូល អញ្ចឹងលទ្ធិផលមិនទាន់ចេញមកទេ។ ប្រសិនបើខាងក្រុមជំនាញគេពិនិត្យឃើញថាស្រាហ្នឹងមានជាតិពុល អាហ្នឹងខាងយើងបន្តនីតិវិធីបន្តទៀត»។
លោកបន្តថា ប្រសិនបើពិនិត្យឃើញថាពលរដ្ឋទាំងនោះពិតជាពុលស្រា ស មែន ខាងសមត្ថកិច្ចនឹងមានវិធានការទៅលើអ្នកផលិតស្រា ស នោះតាមនីតិវិធីច្បាប់។
កាលពីខែធ្នូឆ្នាំ២០១៦ ពលរដ្ឋនៅខេត្តកំពង់ឆ្នាំងចំនូន១៥នាក់បានស្លាប់ និង៧៧នាក់ទៀតត្រូវសង្រ្គោះនៅមន្ទីពេទ្យខេត្ត បន្ទាប់ពួកគេពុលស្រាសក្នុងពិធីបុណ្យសពស្ថិតនៅឃុំក្តុលសែនជ័យខេត្តកំពង់ឆ្នាំង។
កាលនោះ ព្រះរាជអាជ្ញាតុលាការខេត្តកំពង់ឆ្នាំងថា ម្ចាស់សិប្បកម្មបិទស្រា ស ដែលដាក់ជាតិមេតាណុលលើសកំរិត បណ្តាលពុលស្លាប់នោះ ប្រឈមជាប់ទោសដាក់ពន្ធនាគារចន្លោះពី៧ទៅ១៥ឆ្នាំ។
ករណីពុលស្រា ស នេះដែរ កាលពីឆ្នាំ២០១៥ ក៏មានពលរដ្ឋជិត២០នាក់នៅខេត្តក្រចេះ ក៏បានស្លាប់ជាបន្តបន្ទាប់ ដោយសារសមត្ថកិច្ចថាពុលមេតាណុលដែលដាក់លាយក្នុងស្រាសនេះផងដែរ៕