តុលាការ​ថៃ​សម្រេច​ដាក់​ទោស​ឈ្មួញ​គ្រឿង​ញៀន​ឡាវ​ជាប់​គុក​មួយ​ជីវិត

ឈ្មួញ​គ្រឿង​ញៀន​ជន​ជាតិ​ឡាវ​ដ៏​ធំ​ដែល​គេ​ហៅ​ថា លោក អ៊ិច នោះ ត្រូវ​បាន​តុលាការ​ថៃ​សម្រេច​កាត់​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅ​ថ្ងៃ​នេះ ខណៈ​ដែល​ថៃ​កំពុង​តែ​ប្រយុទ្ធ​នឹង​ចរាចរណ៍​គ្រឿង​ញៀន​ឆ្លង​កាត់​ព្រំដែន​របស់​ខ្លួន។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ឈ្មួញ​គ្រឿង​ញៀន​ឈ្មោះ សាយសាង កែវភិមផា ដែល​តែង​តែ​បង្ហាញ​ភាព​ហ៊ឺហារ​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម​នោះ ត្រូវ​បាន​តម្រួត​ថៃ​ចាប់​ខ្លួន​កាល​ពី​ខែ​មករា​ឆ្នាំ​មុន នៅ​ឯ​ព្រលាន​យន្ត​ហោះ​ធំ​ក្នុង​ទីក្រុង​បាងកក។

ឈ្មួញ​គ្រឿង​ញៀន​រូប​នេះ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​​ថា ជា​ស្ដេច​គ្រឿង​ញៀន ដែល​បាន​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​កាត់​ព្រំដែន​ភូមា និង​ផលិត​ថ្នាំ​ឆ្កួត និង​ថ្នាំ​ញៀន​ទឹកកក មុន​នឹង​នាំ​ចូល​ប្រទេស​ថៃ​តាម​រយៈ​ព្រំដែន​ឡាវ។

AFP បាន​ចុះ​ផ្សាយ​បន្ត​ថា ព្រំដែន​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវជាប់​នឹង​ប្រទេស​ថៃ ត្រូវ​បាន​ក្រុម​ឈ្មួញ​គ្រឿង​ញៀន​ប្រើ​ប្រាស់​​សម្រាប់​បញ្ជូន​គ្រឿង​ញៀន​ចូល​ប្រទេស​ថៃ ម៉ាឡេស៊ី រហូត​ដល់​អូស្ត្រាលី និង​ជប៉ុន។

តុលាការ​នៅ​ទីក្រុង​បាងកក ដំបូង​ឡើយ បាន​កាត់​ទោស​ប្រហារ​ជីវិត​ឈ្មួញ​គ្រឿង​ញៀន​រូប​នេះ ប៉ុន្តែ បាន​បន្ថយ​មក​ត្រឹម​ដាក់​គុក​អស់​មួយ​ជីវិត​វិញ បន្ទាប់​ពី​លោក​សារភាព​នៅ​ចំពោះ​មុខ​ការ​ចោទប្រកាន់​​ពី​បទ​រត់​ពន្ធ​គ្រឿង​ញឿន​ជាច្រើន​ករណី ក្នុង​នោះ​មាន​ទាំង​ថ្នាំ​ញៀន ១​លាន ២​សែន​គ្រាប់ កាល​ពី​ឆ្នាំ​២០១៦​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ