សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ បានសម្រេចពន្យារពេលរៀបចំពិធីបំបួសដើមឈើទៅថ្ងៃក្រោយវិញ ដោយថា ដើម្បីកុំឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធចោទប្រកាន់មកលើពួកគេថាជាក្រុមប្រឆាំងរដ្ឋាភិបាល ខណៈស្ថានការណ៍នយោបាយបច្ចុប្បន្នកំពុងឡើងកម្ដៅ។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ បណ្ដាញសហគមន៍ព្រៃឡង់ ដែលជាព្រៃឈើគ្របដណ្ដប់លើខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែងផងនោះ គ្រោងរៀបចំពិធីបំបួសដើមឈើនៅថ្ងៃទី២៦ ខែមីនា ប៉ុន្តែ បានប្រកាសផ្អាកទៅវិញ។
តំណាងបណ្ដាញសហគមន៍ព្រៃឡង់ខេត្តក្រចេះ លោក ឯក សុវណ្ណា ប្រាប់វីអូឌីនៅថ្ងៃនេះថា ពិធីបំបួសដើមឈើ ត្រូវបានពន្យាពេល ដោយលោកថា ដោយសារតែដើមឈើធំៗដែលសហគមន៍របស់លោកបានបំបួសរួចមកនោះ ត្រូវបានឈ្មួញកាប់បំផ្លាញ់អស់។
លោកបន្តថា ការពន្យារពេលនេះដែរ ដើម្បីកុំឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធចោទប្រកាន់ពួកគាត់ថា ធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល ខណៈស្ថានការណ៍នយោបាយកំពុងឡើងកម្ដៅ។
លោកថា៖ «កន្លងមក អាជ្ញាធរតែងតែមានការយល់ច្រឡំរហូត មិនថា អាជ្ញាធរឃុំ ឬថ្នាក់ស្រុកថ្នាក់អីទេ គឺគាត់តែងតែមានការយល់ច្រឡំនៅពេលយើងធ្វើការអី មានអង្គការ ឬសង្គមស៊ីវិលបរទេសទៅចូលរួម។ អញ្ចឹងទៅ គេចោទជាផ្នែកអីមួយៗចឹង យើងក៏ពិបាកយល់ដែរ ដោយសារ គេថា យើធ្វើការដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ហើយដោយសាររាល់ថ្ងៃបញ្ហានយោបាយវាកំពុងឡើងកម្ដៅដែរ បើសិនធ្វើទៅខ្លាចដូចកន្លែងផ្សេងអញ្ចឹង»។
តំណាងបណ្ដាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង លោក ខេង ខូ លើកឡើងថា កន្លងមក បណ្ដាញសហគមន៍ព្រៃឡង់គ្រោងនឹងរៀបចំពិធីបំបួសដើមឈើនៅសប្ដាហ៍ក្រោយនេះ ប៉ុន្តែ ដោយសារ បញ្ហាមួយចំនួន ពួកគាត់បានឯកភាពគ្នាថា នឹងរៀបចំពិធីបំបួសដើមឈើនេះទៅខែឧសភាខាងមុខវិញ។
អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងបរិស្ថានប្រចាំខេត្តព្រះវិហារ លោក ប៉ឹក សោភ័ណ មានប្រសាសន៍ថា ការបារម្ភរបស់សមាជិកបណ្ដាញសហគមន៍ព្រៃឡង់នេះ ដោយសារ កន្លងមក នៅពេលដែលពួកគេចូលរួមការពារព្រៃឈើតែងតែទទួលរងសម្ពាធ និងចោទប្រកាន់ពីអាជា្ញធរ ទើបធ្វើឲ្យពួកគេមានការភ័យខ្លាច។
លោកបន្តថា ប្រសិនបើអាជ្ញាធរនៅតែរឹតត្បិត និងចោទប្រកាន់រាល់សកម្មភាពរបស់ប្រជាពលរដ្ឋក្នុងការ ចូលរួមការពារធនធានធម្មជាតិ និងការងារផ្សេងៗទៀតនៅក្នុងសង្គមនោះ វានឹងធ្វើឲ្យប៉ះពាល់មុខមាត់រដ្ឋាភិបាល ដោយសារ សកម្មភាពដែលបណ្ដាញសហគមធ្វើនេះ ដើម្បីការពារផលប្រយោជន៍ជាតិ មិនមែនប្រឆាំងនឹងរដ្ឋាភិបាលនោះទេ។
លោកថា៖ «វាបង្ហាញថា ប្រទេសយើងវាមានភាពរឹតត្បិត ហើយលំហរនៃការអនុវត្តសិទ្ធិ ហើយការអនុវត្តច្បាប់ គឺវាកាន់តែរួមតូចមែនទែន ដែលប្រជាពលរដ្ឋធ្វើអ្វីមិនបាន សូម្បីតែរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាការពារធនធានធម្មជាតិក៏ត្រូវបានលោក លើកហេតុផលថា សកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលទៅវិញ។ នេះជាគំនិតមួយដែលអត់មានអីសម្រាប់ជ្រុំជ្រែងទៅដល់ការអភិវឌ្ឍក្នុងតំបន់យើងទេ»។
កាលពីឆ្នាំ២០១៦ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យមួយ ដោយសម្រេចដាក់ព្រៃឡង់ជាដែនជម្រកសត្វព្រៃ“ព្រៃឡង់” ដែលមានផ្ទៃដីជាង ៤សែនហិកតា គ្របដណ្ដប់លើខេត្តចំនួន៤ គឺខេត្តស្ទឹងត្រែង កំពង់ធំ ក្រចេះ និងខេត្តព្រះវិហារ។
អនុក្រឹត្យបញ្ជាក់ថា តំបន់ការពារតំបន់ព្រៃឡង់ ត្រូវបានបង្កើតឡើង ដើម្បីធានាឲ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឲ្យមានការបំពេញលក្ខខណ្ឌចំាបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព៕