ប្រជាសហគមន៍ដីធ្លីនៅខេត្តកោះកុង ដែលមិនទាន់ទទួលបានដំណោះស្រាយ បានព្រមានថា នឹងបោះតង់នៅមុខក្រសួងដែនដី ដោយថា បើមិនពន្លឿនដោះស្រាយដីធ្លីជូនពួកគេតាមការសន្យា។
តំណាងពលរដ្ឋដែលមានទំនាស់ជាមួយក្រុមហ៊ុនស្ករអំពៅកោះកុង (KSI) អ្នកស្រី កេង ហន បានរៀបរាប់ថា ពលរដ្ឋជិត ១០០គ្រួសារនៅក្នុងសហគមន៍គាត់ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ ជាង ១០ឆ្នាំហើយ ដែលរហូតមកដល់ពេលនេះ ស្ថាប័នពាក់ព័ន្ធមិនទាន់បានដោះស្រាយនៅឡើយទេ។
អ្នកស្រីអះអាថា៖ «១ខែស្ងាត់ ២ខែហើយ ប្រជាជនចេះតែរង់ចាំ ពេលមក[ក្រសួងដែនដី] ខ្ចីលុយគេ ខ្លះលក់មាន់ លក់ទា… ហើយកូនចៅក៏អត់បានទៅរៀនដែរ ចេះតែមកអញ្ចឹង ដើម្បីរកដំណោះស្រាយ។ រដ្ឋាភិបាលរកដំណោះស្រាយឲ្យបានឆាប់ យើងអាចបន្ថយការជំពាក់គេ តែបើសិនអត់ដោះស្រាយ ប្រជាជននៅតែវេទនារហូត»។
នៅឯក្រសួងដែនដីនៅរសៀលថ្ងៃនេះ ក្រុមអ្នកភូមិទាំងនោះ បានស្ពាយភួយ ម៉ុង កន្ទេល អង្ករ និងម្ហូបអាហារខ្លះ សម្រាប់ត្រៀមបោះតង់ស្នាក់នៅមុខក្រសួងនេះ ដើម្បីបន្តស្វែងរកដំណោះស្រាយ។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី ផាវ ញើង ព្រមានថា បើក្រសួងដែនដី មិនពន្លឿនដំណោះស្រាយតាមការសន្យាទេ អ្នកស្រីថា អ្នកភូមិនឹងបោះតង់ដេកនៅមុខក្រសួងនេះ រហូតមានដំណោះស្រាយ។
អ្នកស្រីព្រមានថា៖ «ខ្ញុំនៅហ្នឹង[ក្នុងក្រសួងដែនដី] តែបើសិនជាក្រសួងមានសតម្ថកិច្ច ឬក៏ឯកឧត្តម ជា សុផារ៉ា បញ្ជាឲ្យដេញចេញ ពួកខ្ញុំទៅដេកលើថ្នល់វិញ ព្រោះកន្លែងនោះជាកន្លែងសាធារណៈ…បើសិនជាម្ចាស់ក្រសួងគាត់អត់ឲ្យនៅ ពួកខ្ញុំចេញទៅក្រៅ តែអត់ទៅណាទេ… ចាំឲ្យគាត់ថា គាត់នឹងទៅដោះស្រាយឲ្យពួកខ្ញុំនៅពេលណា»។
មន្ត្រីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ដែលបានចេញមកជួបក្រុមអ្នកភូមិទាំងនោះ និងបដិសេធប្រាប់ឈ្មោះនោះ បានអះអាងប្រាប់អ្នកភូមិថា ក្រសួង និងស្ថាប័នពាក់ព័ន្ធ កំពុងគិតគូរដោះស្រាយបញ្ហានេះជូនពួកគេឲ្យបានឆាប់ ដោយថា កុំឲ្យពួកគេព្រួយបារម្ភពីករណីនេះ។
អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្ស នៅអង្គការលីកាដូ (LICADHO) លោក អ៊ិន គង់ជិត ដែលតាមដានករណីនេះ មានប្រសាសន៍ថា ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពន្លឿនដោះស្រាយបញ្ហានេះ ជូនប្រជាពលរដ្ឋឲ្យបានឆាប់ ដើម្បីឲ្យពួកគេមានជំនឿលើការគ្រប់គ្រងរបស់រដ្ឋាភិបាល។
លោកមានប្រសាសន៍ថា៖ «ក្រសួងដែនដីដែលពាក់ព័ន្ធ និងសមត្ថកិច្ចរបស់ខ្លួន ត្រូវសម្របសម្រួលដោះស្រាយឲ្យបានលទ្ធផលទៅ។ គួរតែរដ្ឋាភិបាលបង្ហាញស្នាដៃឲ្យសាធារណៈបានដឹង បានឃើញ បានឮទៅ ដើម្បីឲ្យគេមានទំនុកចិត្តឡើងវិញ។ ទំនុកចិត្ត គឺជឿជាក់ទៅលើប្រព័ន្ធដោះស្រាយ ដែលដោះស្រាយប្រកបដោយភាពយុត្តិធម៌ ហើយការពារបាននូវផលប្រយោជន៍ប្រជាពលរដ្ឋ របស់អ្នកក្រីក្រ»។
ក្រុមអ្នកភូមិអះអាងថា ពួកគាត់មានជម្លោះដីជាមួយក្រុមហ៊ុន ហេង ហុយ នោះ អស់រយៈពេលជិត ១០ឆ្នាំមកហើយ ធ្វើឲ្យអ្នកភូមិប្រឈមនឹងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ហើយអ្នកភូមិខ្លះទៀតបង្ខំចិត្តធ្វើចំណាកស្រុកទាំងប្រថុយនឹងគ្រោះថ្នាក់ និងខ្លះទៀតបន្តស្នាក់នៅតាមវត្តអារាមក្នុងរាជធានីភ្នំពេញ សុំបាយលោកហូប ដើម្បីបន្តស្វែងរកយុត្តិធម៌ពីក្រសួងពាក់ព័ន្ធ៕