មន្ដ្រីបក្សប្រឆាំងស្នើឲ្យអភិបាលខេត្ដចាត់វិធានការចំពោះសមត្ថកិច្ចដែលឡោមព័ទ្ធផ្ទះ

សមាជិកក្រុមប្រឹក្សាខេត្ដសៀមរាបមកពីគណបក្សសង្រ្គោះជាតិលោក សុខ គឹមសេង

មន្ដ្រីគណបក្សសង្គ្រោះជាតិខេត្ដសៀមរាបនៅថ្ងៃពុធនេះ ស្នើអភិបាលខេត្ដឲ្យចាត់វិធានការចំពោះមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងស្នងការនគរបាលខេត្ដ ដោយអះអាងថាសមត្ថកិច្ចទាំងនោះបានឡោមព័ទ្ធផ្ទះដោយរំលោភលើសិទ្ធិលំនៅឋាន។

សមាជិកក្រុមប្រឹក្សាខេត្ដសៀមរាបមកពីគណបក្សសង្រ្គោះជាតិលោក សុខ គឹមសេង បានសរសេរលិខិតមួយជូនអភិបាលខេត្ដសៀមរាបលោក ឃឹម ប៊ុនសុង ដោយស្នើឲ្យអភិបាលរូបនេះចាត់វិធានការលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោក ប៉ោ វណ្ណនិត និងស្នងការនគរបាលខេត្ដសៀមរាបលោក សត ណាឌី។ ក្នុងលិខិតនោះ បានបញ្ជាក់ថាលោក ប៉ោ វណ្ណនិត និងលោក សត ណាឌី បានដឹកនាំកងកម្លាំងសមត្ថកិច្ចស្លៀកពាក់ស៊ីវិលប្រហែល៤០នាក់ឡោមព័ទ្ធផ្ទះនិងនាំខ្លួនមន្ដ្រីបក្សប្រឆាំងរូបនោះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដោយគ្មានលិខិតបទដ្ឋានត្រឹមត្រូវ។

ការឡោមព័ទ្ធផ្ទះនោះ ខណៈសមត្ថកិច្ចចាប់ខ្លួនតំណាងរាស្ត្រលោក អ៊ុំ សំអាន។ លោក សុខ គឹមសេង បានលើកឡើងក្នុងលិខិតដដែលនោះថាការដឹកនំាកម្លាំងឡោមព័ទ្ធផ្ទះរបស់លោកនោះគឺធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្ដិយសរបស់លោកដែលជាសមាជិកក្រុមប្រឹក្សាខេត្ដ។

លិខិតបន្ថែមថា៖ “គឺជាការអនុវត្ដផ្ទុយទាំងស្រុងពីនីតិវិធីច្បាប់និងនីតិវិធីរដ្ឋបាលដែលជាការរំលោភសិទ្ធិនិងអធិបតេយ្យភាពបុគ្គលព្រមទាំងធ្វើឲ្យប៉ះពាល់ដល់កិត្ដិយសសេចក្ដីថ្លៃថ្នូរក្នុងនាមជាពលរដ្ឋខ្មែរនិងសមាជិកក្រុមប្រឹក្សាខេត្ដសៀមរាប”។

VODមិនអាចសុំការឆ្លើយតបពីអភិបាលខេត្ដសៀមរាបលោក ឃឹម ប៊ុនសុង បានទេដោយទូរស័ព្ទច្រើនដងគ្មានអ្នកទទួល។ ចំណែកមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោក ប៉ោ វណ្ណនិត ប្រាប់ថាជាប់រវល់។

ស្នងការដ្ឋាននគរបាលខេត្ដសៀមរាបលោក សត ណាឌី មានប្រសាសន៍ថាលោកដឹកនាំកម្លាំងឡោមព័ទ្ធផ្ទះនោះគ្មានការអនុញ្ញាតពីតុលាការឬស្ថាប័នណានោះទេ ប៉ុន្ដែលោកថាលោកធ្វើឡើងតាមច្បាប់ដោយលោកអះអាងថាផ្ទះលោក សុខ គឹមសេង ជាផ្ទះសំណាក់ដែលលោកថាជាទីកន្លែងសាធារណៈគឺនរណាក៏អាចចូលបានដែរ។ លោកបន្ដថា ចំណែកការនំាខ្លួនមន្ដ្រីបក្សប្រឆាំងរូបនោះ លោកថាលោក សុខគីមសេង យល់ព្រមសហការសហការជាមួយសមត្ថកិច្ច។

លោកមានប្រសាសន៍ថា៖ ទេគ្រាន់តែអញ្ជើញគាត់ទៅដើម្បីសុំបំភ្លឺការងារមួយចំនួនដើម្បីសុំការសហការគាត់ទៅខ្លួនគាត់តើ មិនមែនផ្ទះគាត់ណា ផ្ទះសំណាក់គេចាត់ទុកជាទីសាធារណៈតើ មិនមែនខុសច្បាប់ទេទីសាធារណៈគេចេញចូលស្មើណាក៏បានដែរ

ទោះជាយ៉ាងណាអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃសមាគមអាដហុកខេត្ដសៀមរាបលោក ច័ន្ទ ចំរើន យល់ឃើញថា សកម្មភាពរបស់សមត្ថកិច្ចនេះផ្ទុយពីនីតិវិធីច្បាប់ ព្រោះមន្ដ្រីបក្សប្រឆាំងរូបនោះគ្មានបទល្មើសជាក់ស្ដែងកើតឡើងនោះទេ ដែលលោកថា ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិមនុស្ស សេចក្ដីថ្លៃថ្នូររបស់បុគ្គល និងកិត្ដិយសគ្រួសារផងដែរ។ លោកបន្ដថា៖ “ [បើ]គាត់កំពុងប្រព្រឹត្ត អាហ្នឹងមិនចាំគិតម៉ោងគិតពេលទេគេនាំទៅម៉ោងណាក៏បានដែរ ប៉ុន្ដែគាត់អត់បានធ្វើអីសោះវាអត់បទល្មើសជាក់ស្ដែងចង់និយាយចឹង”។

កាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០១៦នេះ នៅម៉ោងប្រមាណ៨យប់ កម្លាំងសមត្ថកិច្ចប្រមាណ៤០នាក់ដែលស្លៀកពាក់ស៊ីវិលដឹកនាំដោយលោក សត ណាឌី និងលោក ប៉ោ វណ្ណនិត បានឡោមព័ទ្ធផ្ទះនិងនាំខ្លួនលោក សុខ គឹមសេង ទៅកាន់ស្នងការនគរបាលខេត្ដ ប៉ុន្ដែប្រហែលជាងកន្លះម៉ោងក្រោយមកសមត្ថកិច្ចឲ្យមន្ដ្រីបក្សប្រឆាំងរូបនោះត្រឡប់មកផ្ទះវិញ ខណៈដែលតំណាងរាស្ដ្រគណបក្សប្រឆាំងលោក អ៊ុំ សំអាន ដែលរិះគន់រដ្ឋាភិបាលរឿងព្រំដែនត្រូវបានចាប់ខ្លួនកាលពីរំលងអាទ្រាធថ្ងៃទី១០ឈានចូលថ្ងៃទី១១ខែមេសានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ