តុលាការកោះហៅ ធី សុវណ្ណថា និង ខុម ចាន់តារាទី ហៅស្រីមុំ ចូលបំភ្លឺនៅសប្ដាហ៍ក្រោយ

កញ្ញា ធី សុវណ្ណថា (ឆ្វេង) និង​កញ្ញា ស្រីមុំ

សាលាដំបូងរាជធានីភ្នំពេញកោះហៅកញ្ញា ធី សុវណ្ណថា  ដែលមានឈ្មោះល្បីលើប្រព័ន្ធសង្គមហ្វេសប៊ុក និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ឲ្យចូលបំភ្លឺ និងសាកសួរនៅសប្ដាហ៍ក្រោយពាក់ព័ន្ធនឹងបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ពីករណីបរិហារកេរ្តិ៍។

កាលពីខែមីនា កញ្ញា ធី សុវណ្ណថា  បានដាក់ពាក្យប្តឹងចង់ឲ្យសមត្ថកិច្ចស្រាវជ្រាវពីសំឡេងសន្ទនាស្នេហាដែលត្រូវគេអះអាងថាជាការសន្ទនារវាងលោក កឹម សុខា និងកញ្ញាស្រីមុំ ដោយថាចំណែកមួយនៃការសន្ទនាមានលក្ខណៈបរិហាកេរ្តិ៍ឈ្មោះនាង។

ក្នុងដីកាកោះចុះថ្ងៃទី១៨ ខែមេសាដូចគ្នា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក កែវ សុជាតិ កោះហៅកញ្ញា ធី សុវណ្ណថា ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី២៧ ខែមេសា ម៉ោង៨និង៣០នាទីព្រឹក ដើម្បីសាកសួរពីដំណើររឿងដែលកញ្ញាបានប្ដឹង “អំពីអំពើបរិហារ្តិ៍តាមរយៈខ្សែអាត់សំឡេងផ្សព្វផ្សាយក្នុងសារព័ត៌មាន Freshnews កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ និងតាមហ្វេសប៊ុកឈ្មោះ រឿងពិតCNRP”

ចំណែកក្នុងដីកាកោះដាច់ដោយឡែកចុះថ្ងៃទី១៨ ខែមេសាដូចគ្នា ព្រះរាជអាជ្ញារងលោក កែវ សុជាតិ កោះហៅកញ្ញាស្រីមុំ ឲ្យចូលបំភ្លឺនៅថ្ងៃទី២៩ ខែមេសា ម៉ោង៨និង៣០នាទីព្រឹក ដើម្បីសាកសួរពីដំណើររឿងដែលកញ្ញា ធី សុវណ្ណថា បានប្ដឹងកញ្ញាស្រីមុំ ពីករណីបរិហារកេរ្តិ៍តាមសំឡេងខ្សែអាត់។

គួរបញ្ជាក់ថា កាលពីម្សិលមិញ កញ្ញាស្រីមុំបានចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញតាមការកោះហៅរបស់ព្រះរាជអាជ្ញារងលោក សៀង ករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។ ក្រោយការសាកសួរនោះ ព្រះរាជអាជ្ញារងលោក សៀង សុខ បានប្រាប់អ្នកសារព័ត៌មានថា កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បានទទួលស្គាល់ថាសំឡេងក្នុងខ្សែអាត់មួយចំនួនជាសំឡេងរបស់កញ្ញា។

កន្លងទៅ ស្រីមុំបានបដិសេធទាំងស្រុងលើសំឡេងបែកធ្លាយថាមិនមែនជាសំឡេងរបស់នាង ដែលគេអះអាងថាសន្ទនាជាមួយមួយលោក កឹម សុខា នោះទេ។

នៅថ្ងៃម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា តាមចម្លើយរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានណែនាំនាងមិនឲ្យនិយាយការពិតពីទំនាក់ទំនងស្នេហាដែលត្រូវគេទម្លាយតាមខ្សែអាត់សំឡេង។

អយ្យការសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថានឹងបន្តអនុវត្តការងាររបស់ខ្លួនប្រកបដោយភាពម៉ឹងម៉ាត់ ស្របតាមច្បាប់និងនីតិវិធីជាធរមាននិងបន្តផ្តល់ព័ត៌មានដល់សាធារណជនបានជ្រាបអំពីចំណាត់ការនិងការអនុវត្តនៃសំណុំរឿងនេះ។

មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួនបានចាត់ទុកករណីរឿងអាស្រូវស្នេហាររបស់លោក កឹម សុខា នេះរឿងឯកជន ហើយចាត់ទុកការបង្ហាញរឿងនេះជាសាធារណៈថាជារឿងនយោបាយ។

នាយិកាអង្គការសីលការ លោកស្រី ធីតា ឃឹះ ដែលបានតាមដានករណីនេះបានអំពាវនាវឲ្យអ្នកនយោបាយទាំងអស់ត្រូវមានទំនួលខុសត្រូវ កុំយកស្ត្រីធ្វើជាឈ្នាន់ក្នុងនយោបាយ។ លោកស្រីមានប្រសាសន៍ថា៖ “អ្នកនយោបាយខ្ញុំមិនដឹងថាខាងណាទេ ខ្ញុំមិនចង់ចង្អុលថាខាងណាទេ អ្នកនយោបាយយកស្រ្តីធ្វើជាឈ្នាន់ក្នុងល្បែងមួយដើម្បីផលប្រយោជន៍អីមួយយើងមិនដឹងទេប៉ុន្តែវាជារឿងឈ្នាន់ ចឹងទៅតួអង្គបុរសដែលពាក់ព័ន្ធក្នុងរឿងហ្នឹងទាំងអស់ហ្នឹងគឺមានកាតព្វកិច្ចដើម្បីចេញមក ដើម្បីបំភ្លឺ ដើម្បីកុំឲ្យស្រ្តីរងគ្រោះនៅក្នុងករណីហ្នឹង”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ