តុលាការថានឹងរកអ្នកពាក់ព័ន្ធបន្ថែមទៀតទាក់ទងរឿងលោក កឹម សុខា

សាលាដំបូងរាជធានីភ្នំពេញ​

សាលាដំបូងរាជធានីភ្នំពេញប្រកាសថាខ្លួននឹងចាត់វិធានការម៉ឺងម៉ាត់ស៊ើបអង្កេតរកអ្នកពាក់ព័ន្ធមួយចំនួនទៀតដែលតុលាការថាជាអ្នកសមគំនិតជំរុញឲ្យស្ត្រីអាយុជាង២០ឆ្នាំម្នាក់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា។

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៩ខែមេសា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានអះអាងថាឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ បានទទួលស្គាល់ថានាងពិតជាមានទំនាក់ទំនងជាមួយលោក កឹម សុខា និងបានទទួលស្គាល់ថាសំឡេងក្នុងខ្សែអាត់នោះជារបស់ខ្លួនទៀតផង។

សេចក្តីថ្លែងការណ៍របស់សាលាដំបូងរាជធានីបញ្ជាក់ថាទំនាក់ទំនងរវាង ស្រីមុំ និងលោក កឹម សុខា តុលាការថាមានការរៀបចំពីបុគ្គលមួយចំនួនទៀត។ ករណីនេះសាលាដំបូងថាអយ្យការនឹងបន្តអនុវត្តការងាររបស់ខ្លួនប្រកបដោយភាពម៉ឺងម៉ាត់ ស្របតាមច្បាប់និងនីតិវិធី។

ប៉ុន្តែសេចក្តីថ្លែងការណ៍របស់សាលាដំបូងរាជធានីភ្នំពេញនោះមិនបាននិយាយដល់ដំណើការស៊ើបអង្កេតរកអ្នកដែលបានលួចបញ្ចេញខ្សែអាត់សំឡេងសន្ទនាដែលអ្នកច្បាប់ខ្លះថាបានរំលោភសិទ្ធិឯកជននោះមកផ្តន្ទាទោសទេ។

ការទម្លាយខ្សែអាត់សំឡេងរឿងឯកជនរហូតមានការកោះហៅកញ្ញា ស្រីមុំ ចូលបំភ្លឺនៅតែតុលាការនេះ អ្នកតស៊ូមតិបានចាត់ទុកថាកញ្ញា ស្រីមុំ ជាស្ត្រីរងគ្រោះដែលត្រូវគេយកមកធ្វើជាឧបករណ៍សម្រាប់ឲ្យគូប្រកួតនយោបាយម្ខាងទៀតធ្លាក់ប្រជាប្រិយភាព។

មាត្រា១៧នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយមានខ្លឹមសារថា “គ្មានជនណាម្នាក់ត្រូវទទួលរងការជ្រៀតជ្រែកតាមអំពើចិត្តឬដោយខុសច្បាប់ក្នុងជីវិតឯកជន គ្រួសារ លំនៅឋាន សំបុត្រឆ្លើយឆ្លងរបស់ខ្លួន ឬត្រូវរងប៉ះពាល់ដោយខុសច្បាប់ទៅលើកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើយ”។

ចំណែកមាត្រា៤០នៃរដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា “ការរក្សាសិទ្ធិមិនឲ្យរំលោភលើលំនៅឋាននិងអាថ៌កំបាំងនៃការឆ្លើយឆ្លង តាមលិខិត តាមសារទូរលេខ ទូរពុម្ព ទូរគមនាគមន៍ និងតាមទូរស័ព្ទត្រូវបានធានា”។

VODមិនអាចទាក់ព្រះរាជអាជ្ញារងលោក សៀង សុខ ដែលកាន់សំនុំរឿងនេះដើម្បីសុំអត្ថាធិប្បាយបន្ថែមលើសេចក្តីថ្លែងការណ៍នេះបានទេ ដោយទូរសព្ទរបស់លោកគ្មានអ្នកទទួល។

អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៅអង្គការលីកាដូលោក អំ សំអាត លើកឡើងថាការដែលសាលាដំបូងរាជធានីភ្នំពេញ ចេញសេក្តីថ្លែងការណ៍ដ៏កម្រលាតត្រដាងសំនុំរឿងមួយនេះ លោកថាតុលាការរងឥទ្ធិពលនយោបាយច្រើនជាងការបើកចំហព័ត៌មានតាមរូបភាពធ្វើកំណែទម្រង់។

លោកថា៖ “បទល្មើសច្រើនជាពិសេសទាក់ទងនឹងបញ្ហាដីធ្លីប្រជាពលរដ្ឋបញ្ហាផ្សេងៗទៀតហ្នឹងហាក់ដូចជាដំណើរការយឺតយ៉ាវបំផុត ប៉ុន្តែដល់ពេលពាក់ព័ន្ធហ្នឹងរឿងនេះវាគួរឲ្យសោកស្តាយថារឿងដែលមិនគួរនឹងអនុវត្តបែរជាអនុវត្ត រឿងដែលចាំបាច់ដែលត្រូវអនុវត្តហើយចាំបាច់បែរជាមិនអនុវត្ត ធ្វើឲ្យគេរិះគន់ប្រព័ន្ធតុលាការកាន់តែធ្ងន់ធ្ងរទៅទៀតទាក់ទិននឹងប្រព័ន្ធតុលាការនោះ”។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក កែម ឡី ហៅការចេញសេចក្តីថ្លែងការណ៍របស់តុលាការនេះថាជាឧបករណ៍នយោបាយមួយដែលលោកថាគេបានរៀបចំទុកសម្រាប់ទម្លាក់ប្រជាប្រិយភាពដៃគូប្រកួត។

ប៉ុន្តែលោកថាវិធានការនោះនឹងបង្ហាញកាន់តែច្បាស់ថាស្ថាប័នធំៗរបស់ជាតិស្ថិតក្រោមឥទ្ធិពលរបស់អ្នកនយោបាយតែម្នាក់។ លោកថាឆាកល្ខោនបែបឆ្ពិនភ្នែកនេះនឹងបន្តលេងរហូតដល់ថ្ងៃបោះឆ្នោតដែលលោកថាដើម្បីបង្វែងស្ថានការណ៍ក្នុងការបិទបាំងរឿងធំៗដែលរដ្ឋាភិបាលមិនអាចដោះស្រាយបាន។

លោកថា៖ “ខ្ញុំមើលទៅដើម្បីបិតបាំងរឿងខ្មៅៗជាច្រើនដែលគាត់ដោះស្រាយមិនចេញ គឺគាត់អាចហែករឿងដែលឥតប្រយោជន៍រឿងបុគ្គលហ្នឹងមិនត្រឹមតែមួយករណីហ្នឹងទេអាចច្រើនទៅទៀត ហើយគេអាចយករឿងហ្នឹងបន្តលេងរហូតដល់ឆ្នាំ២០១៨មិនចប់ងាយទេ ពីព្រោះអ្នកនិពន្ធសប្បាយនឹងលេងរឿងនេះដើម្បីយកវាំងននសមួយដុំតូចហ្នឹងមកបាំងវាំងននខ្មៅ ដែលកំពុងតែមានភាពស្មុកស្មាញនៅក្នុងសង្គមយើង បាទ”។

ទោះជាយ៉ាងណាមកដល់ពេលនេះអនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលរងការចោទថាជាប់ពាក់ព័ន្ធនឹងសំនុំរឿងនេះមិនទាន់មានប្រតិកម្មឬឆ្លើយតបទៅនឹងខ្សែអាត់សំឡេងនេះនៅឡើយទេ។

ប៉ុន្តែលោកធ្លាប់ប្រាប់អ្នកគាំទ្រពេលចុះធ្វើវេទិកាសាធារណៈថា មានគណបក្សនយោបាយមួយចង់រំលោយក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សប្រឆាំងតាមរូបមន្តដែលលោកគិតថាពុះក្បាលបំបែកខ្លួនឬកាត់ក្បាលបំបែកខ្លួនតាមដែលអាចធ្វើទៅបាន។

យ៉ាងណាក៏ដោយគណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាចមិនបានប្រកាសថាខ្លួននៅពីក្រោយព្រឹត្តិការណ៍នៃការរៀបចំឲ្យបញ្ចេញខ្សែអាត់សំឡេងនេះទេ ចំណែកតុលាការវិញក៏នៅមិនទាន់ចោទប្រកាន់កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ឬចេញដីកាកោះឲ្យលោក កឹម សុខា ចូលបំភ្លឺនៅតុលាការនៅឡើយដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ