លោក ហ៊ុន សែន បដិសេធ​ថា​លោក​មិនមែនអធិរាជហ្វេសប៊ុកនោះទេ​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 10:30 AM | នយោបាយបច្ចេកវិទ្យា | 0 | 9530 ហ្វេសប៊ុក​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបថតដោយ ស៊ុន ណារិន​)

ប្រធានក្រុមការងាររបស់ហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី លោក ដួង តារា បានចេញលិខិតមួយផ្ញើទៅកាសែតភ្នំពេញប៉ុស្តិ៍ ដោយថាលោក ហ៊ុន សែន មិនបាននិយាយថាលោកជាអធិរាជហ្វេសប៊ុកនោះទេ។

កាសែតភ្នំពេញប៉ុស្តិ៍បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា” លោក ហ៊ុន សែន ប្រកាសខ្លួនឯងជាអធិរាជហ្វេសប៊ុក”។ នៅក្នុងលិខិតមួយចេញផ្សាយនៅថ្ងៃពុធនេះលើហ្វេសប៊ុកនាយករដ្ឋមន្រ្តី លោក ដួង តារា បានបញ្ជាក់ថាការសរសេររបស់កាសែតភ្នំពេញប៉ុស្តិ៍“បំភ្លៃគ្មានការពិតនិងគ្មានការទទួលខុសត្រូវលើវិជ្ជាជីវៈហើយដែលត្រូវតែកែតម្រូវជាបន្ទាន់”។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស្ករសនៅខេត្តព្រះវិហារកាលពីថ្ងៃអង្គារ លោក ហ៊ុន សែន បានថ្លែងថា៖ “អ្នកនយោបាយខ្លះគេលេង មិនថាចូលឆ្នាំ មិនចូលឆ្នាំទេ ជេរងាប់។ ប៉ុនវាមានរឿងមួយ។ …មើលលើពិភពលោក តើគេLikeឲ្យលោកនោះ ស្រាប់តែមកចូលក្នុងPageខ្ញុំ វាទៅជាអញ្ចឹងទៅណា។ …ទៅរួចណា លេងហ្វេសប៊ុក ចាញ់ខ្ញុំ។ ឥឡូវខ្ញុំបាន៣លាន៨(សែន) ហ្វេសប៊ុករបស់ខ្ញុំ តិចទៀតចូលដល់៤លានទៅហើយ នៅសល់តែប៉ុន្មានម៉ឺនទៀត។ …បើល្ងង់ណាស់មកសួរ ហ៊ុន សែន វិញ អធិរាជហ្វេសប៊ុក”។

ក្រុមការងារហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តីលើកឡើងថាពាក្យ”អធិរាជហ្វេសប៊ុក”នេះសំដៅទៅលើមេបក្សប្រឆាំងនោះទេ។ លោក ដួង តារា បញ្ជាក់ថា៖ “ការពិតគឺសម្តេចតេជោមិនដែលតាំងខ្លួនឯងជាស្តេចឬជាអធិរាជFacebookម្តងណាឡើយ។ គឺមានតែមេដឹកនាំគណបក្សប្រឆាំងមួយប៉ុណ្ណោះដែលធ្លាប់បានតាំងខ្លួនជាអធិរាជFacebook នៅពេលដែលចំនួនអ្នកគាំទ្រLikesកើនលើសFacebookសម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៥”។ លោកបន្ថែមថាលោក ហ៊ុន សែន ប្រើប្រាស់បណ្តាញហ្វេសប៊ុក ដើម្បីទទួលព័ត៌មានពីប្រជាពលរដ្ឋនិងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ”ឲ្យបានរហ័សនិងមានប្រសិទ្ធភាព”។

កាលពីថ្ងៃអង្គារ លោក ហ៊ុន សែន បានចំអកឲ្យលោក សម រង្ស៊ី ថាលេងហ្វេសប៊ុកចាញ់រូបលោកនិងថាលោក សម រង្ស៊ី បានចោទប្រកាន់រូបលោកថាលួចLikesពីហ្វេសប៊ុករបស់ខ្លួន។ លោកបានហៅលោក សម រង្ស៊ី ថា”អាឆ្កួត”។ លោកមានប្រសាសន៍ថា៖ “អានេះគឺជាការបង្កហេតុ តែប៉ុណ្ណឹង។ គេបង្កហេតុឥតឈប់ គេបង្ខំឲ្យខ្ញុំឆ្លើយ តែខ្ញុំគិតថាមិនគួរឆ្លើយជាមួយនឹងអាឆ្កួតហ្នឹងទេ ហ្សែនវារបៀបម៉េចគឺវាអញ្ចឹង។ ពូជស្វាយ វាស្វាយ ពូជក្រូច វាក្រូច”។

លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស គេចពីការចាប់ខ្លួនមានប្រសាសន៍ថាលោកមិនមានយោបល់លើការថ្លែងរបស់នាយករដ្ឋមន្រ្តីនោះទេ។

កាលពីថ្ងៃទី១៧ ខែមេសា អ្នកលេងហ្វេសប៊ុកម្នាក់បានសរសេរសារនៅលើហ្វេសប៊ុកលោក សម រង្ស៊ី ថារូបគេបានចុចLikeទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី តែបែរលោតទៅទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន វិញ។ លោក សម រង្ស៊ី បានឆ្លើយតបវិញថា៖ “គេបានជួលអ្នកបច្ចេកទេស ហើយបានប្រើមនុស្សឲ្យបង្កើតlikes ក្លែងក្លាយលើទំព័រFacebookរបស់គេ។ លើសពីនេះទៅទៀត គេបានលួចlikesពីទំព័រFacebookរបស់ខ្ញុំ តាមជំនាញចោរ ដូចក្មួយឯងបានឃើញផ្ទាល់ភ្នែក។ រឿងlikesក្លែងក្លាយនិងlikesលួចបន្លំលើទំព័រ Facebookនេះ វាដូចតែរឿងសន្លឹកឆ្នោតក្លែងក្លាយនិងសន្លឹកឆ្នោតលួចបន្លំអញ្ចឹងដែរ ពេលបោះឆ្នោតម្តងៗនៅស្រុកយើង”។

លោក សម រង្ស៊ី បានបញ្ជាក់ថា៖ “មនុស្សទុច្ចរិត វានៅតែទុច្ចរិតដដែល ហើយវានឹងបង្ហាញចរិកទុច្ចរិតជានិច្ច។ តែម្តងនេះ ខ្ញុំចាប់ចោរឲ្យទាល់តែបាន ពីព្រោះក្នុងការប្រើប្រាស់ប្រព័ន្ធFacebookនេះ មានអ្នកជំនាញអន្តរជាតិពូកែៗច្រើនណាស់ ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់”៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required