លិខិតមិត្តអ្នកអាន៖ភាពអាម៉ាស់ដ៏មានតម្លៃមហាសាល ករណី​ខ្សែអាត់សំឡេង​ស្នេហា

ជាដំបូងខ្ញុំបាទខេមរា លើកដៃសំពះសុំខមាទោសដល់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលខ្ញុំបានលើកយករឿងរ៉ាវដែលទាក់ទងនឹងកញ្ញាមកសរសេរហើយដែលអត្ថបទនេះមិនបានជួយការពារនិងលើកតម្កើងដល់កញ្ញាសោះនោះ។ ហើយខ្ញុំក៏សុំទោសផងដែរប្រសិនបើខ្ញុំសរសេរឈ្មោះរបស់កញ្ញាមិនបានត្រឹមត្រូវ។ ខ្ញុំស្រលាញ់និងឲ្យតម្លៃកញ្ញាដូចបងប្អូនស្រីនិងម្តាយរបស់ខ្ញុំ ព្រោះកញ្ញាក៏ជានារីម្នាក់តំណាងឲ្យមាតាពិភពលោកដែរ។ កញ្ញាត្រូវតែរ៉ឹងប៉ឹង ក្រោយពេលព្យុះភ្លៀងថ្ងៃនឹងរះជះពន្លឺត្រចះត្រចង់វិញហើយ។ សូមកញ្ញាថែរក្សាសុខភាព ឈប់ភ័យ ឈប់ព្រួយ ត្រូវធ្វើទង្វើល្អ និងធ្វើបុណ្យដាក់ទានដើម្បីឲ្យអារម្មណ៍ជ្រះថ្លា។

បន្ទាប់មកទៀតខ្ញុំសុំចូលសាច់រឿងភាពអាម៉ាស់តែម្តង។ ពាក្យចាស់បានពោលថា«ល្បែងតែងមានល្បិច»ទាំងល្បែងស៊ីសងនិងល្បែងនយោបាយ។ គូរបដិបក្ខនយោបាយក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានភាគីម្ខាងដែលយល់ច្បាស់ពីពាក្យពំនោលនេះ ហើយក៏តែងតែបានយកមកអនុវត្តជារឿយៗហើយកន្លងមកក៏បានទទួលជោគជ័យលើគូរបដិបក្ខជារឿយៗផងដែរ។ ចង់បានត្រីដែលរស់នៅក្នុងទឹកជ្រៅហើយមានព្រៃក្រាស់គេត្រូវប្រើសន្ទូចនិងនុយសម្រាប់ស្ទូច តែបើត្រីនៅក្នុងទឹករាក់មានកូនរុក្ខជាតិរ៉ុយៗទៀតនោះ គេគ្រាន់តែគៀងឬបាចចាប់នោះបានបាត់ទៅហើយ។ មិនគួរត្រីដែលធ្លាប់ដាច់មាត់ដោយសាផ្លែសន្ទូចកាលរស់នៅបឹងធំទឹកជ្រៅព្រៃក្រាស់ ចង់សាកល្បងទៅស្នាក់នៅហែលប្រឡែងទឹកលេងនៅក្នុងត្រពាំងទឹកមិនសូវជ្រៅព្រៃមិនសូវក្រាស់ តាមអំណាចទឹកជោរសោះ។

តែអ្វីៗមិនទាន់ហួសពេលឡើយ ព្រោះថ្វីត្បិតតែត្រពាំងតូចជាងបឹង តែទឹកនៅមិនទាន់រីងហើយថែមទាំងមានភក់ជ្រៅនិងគល់ឈើធំៗបួនដប់គល់ដែលអាចឲ្យត្រីហែលទឹកបាន ត្បុលភក់បាន ជ្រកតាមប្រហោងគល់ឈើបានដោយសុវត្ថិភាព។ ហើយអ្នកនេសាទដែលគេប្រើឲ្យចាប់ត្រីទៀតសោត គឺគ្មានជំនាញទាល់តែសោះ ព្រោះពួកគេជាយុវជន យុវតីដីក្រុងមិនដែលធ្លាប់ចុះភក់ ជ្រមុជទឹកល្អក់ ហើយថែមត្រូវគេប្រើឲ្យចាប់ត្រីឆ្លូញនៅរដូវហាមឃាត់ទៀត គឺត្រីចំពេលរដូវត្រីពង។ ចំណែកក្រុមអ្នកសែងទ្រុងចាំដាក់ត្រីទាំងបីក្រុមរឹតតែគ្មានវិជ្ជាជីវៈទៅទៀត ចេញមកគឺក្រៅតម្រាទាំងស្រុង។ ខ្ញុំសុំបញ្ចប់ន័យធៀប ហើយងាកមកន័យត្រង់វិញម្តង។ ចំណាត់ការលើករណីរឿងអាស្រូវរបស់លោក កឹម សុខានិងកញ្ញាស្រីមុំរបស់ស្ថាប័នរដ្ឋសភា ស្ថាប័នតុលានិងអង្គភាពប្រឆាំងអំពើពុករលួយ តាមញត្តិនិងបណ្តឹងរបស់លោក កូនសិស្ស ស្រី ចំរើន និងធី សុវណ្ណថា បានបង្ហាញពីកម្សោយផ្នែកច្បាប់ ភាពខ្វះចំណេះដឹង ការបំពានសិទ្ធិបុគ្គលនិងច្បាប់និងភាពលម្អៀងយ៉ាងច្បាស់ក្រឡែតមិនអាចប្រកែកបាន។ តាមរយៈចំណាត់ការនេះ ធ្វើឲ្យមហាជនទូទៅស្គាល់ក្រយ៉ៅស្ថាប័នទាំងបីនេះយ៉ាងច្បាស់។ ច្បាប់មានតម្លៃនិងសច្ចភាពរបស់វា មិនមែនស្ថិតនៅលើការបកស្រាយរបស់អស់លោកនោះទេ។ ឈប់យល់ច្រឡំថាអស់លោកចេះជាងពលរដ្ឋទៅ អស់លោកទៅវិញទេដែលល្ងង់ជាងប្រជាពលរដ្ឋ។ អស់លោកជាអ្នកបម្រើពលរដ្ឋ ហើយពលរដ្ឋជាចៅហ្វាយ ដូច្នេះចៅហ្វាយត្រូវតែឆ្លាតជាងអ្នកបម្រើហើយ។ អស់លោកអាចបកស្រាយច្បាប់តាមពួកសូហ្វ៊ីស(Sophist)បាន តែប្រជាពលរដ្ឋគោរពនិងឲ្យតម្លៃច្បាប់តែទៅលើភាពត្រឹមត្រូវប៉ុណ្ណោះ។

ការគាស់កកាយរឿងរ៉ាវអាថ៌កំបាំងរបស់អ្នកដទៃយកមកផ្សព្វផ្សាយជាសាធារណៈដោយគ្មានការអនុញ្ញាតពីម្ចាស់សាមីខ្លួនជាទង្វើថោកទាបគួឲ្យខ្ពើមនិងខុសពីច្បាប់ដែលអ្នកដែលមានការអប់រំត្រឹមត្រូវគួរតែយល់ដឹងគ្រប់ៗគ្នា។ មិនគួរឡើយយុវជន មន្ត្រីនិងក្រុមហ៊ុនបណ្តាញទូរស័ព្ទយកមកបម្រើល្បែងនយោបាយទាំងងងឹតងងល់បែបនេះសោះ។ វាពិតណាស់ការហែកកេរ្តិ៍របស់លោក កឹម សុខាឲ្យសាធារណជនដឹងឭ ធ្វើឲ្យលោក កឹម សុខា រងនូវភាពអាម៉ាស់ស្ទើរងើបមុខមិនរួច។ ចុះអស់លោក អស់អ្នកមានបានគិតដល់នារីម្នាក់ដែលមិនជាប់ពាក់ព័ន្ធ ប្រឡាក់ប្រឡូកនឹងនយោបាយរងនូវភាពអាម៉ាស់ជាមួយផងដោយសារយុទ្ធសាស្ត្រនយោបាយស្មោកគ្រោកនេះដែរឬអត់? ការប្រើយុទ្ធសាស្ត្រនេះ បើមើលមួយភ្នែកទៅហាក់ទទួលបានផលចំណេញនយោបាយគួរឲ្យត្រេកអរ តែបើមើលប្រកបដោយទស្សនៈវែងឆ្ងាយនោះ យុទ្ធសាស្ត្រនេះធ្វើឲ្យគូរបដិបក្ខរបស់ខ្លួនចំណេញទៅវិញទេ។

មានមេរៀនថ្មីៗពីរដែលអ្នកនយោបាយនិងក្រុមអ្នកយុទ្ធសាស្ត្របក្សនេះមិនត្រូវបំភ្លេចចោលនោះគឺ ក្រុមយុវជនវាស់ដីនិងលោក ជា ឆេង។ ថ្វីត្បិតតែស្រី ចំរើន ដឹកនាំធ្វើមានលក្ខណៈខុសពីមេរៀនចាស់ទាំងពីរនេះក៏ពិតមែន ភាពចំណេញឬខាតមិនស្ថិតលើលក្ខណៈដូចឬមិនដូចនោះទេ តែវាស្ថិតលើមតិរិះគន់ពីសំណាក់មហាជនមានច្រើនប៉ុនណា។ មានការរិះគន់កាន់តែច្រើនគឺខាតកាន់តែច្រើន។ លោក កឹម សុខា ក៏ដូចជាគណបក្សសង្រ្គោះជាតិ(គ.ស.ជ)របស់គាត់នឹងទទួលបានផលចំណេញមហាសាល ដោយគ្រាន់តែបំពេញតួនាទីតាមធម្មតា។ ការដែលធ្វើឲ្យ គ.ស.ជ ទទួលបានផលចំណេញនេះមិនមែនមកពីលោក កឹម សុខា ខ្លាំងនោះទេ តែមកពីក្រុមអ្នកគាំទ្រ(ខ្វះការយល់ដឹងស៊ីជម្រៅនិងឃោរឃៅ) មន្ត្រីបក្ស(អសមត្ថភាពអែបអបយកតែមុខតំណែង)និងបុគ្គលិករដ្ឋខ្សែបក្ស(លម្អៀងនិងបំពានច្បាប់ក្រម)។

សរុបមកវិញករណីអាស្រូវកេរ្តិ៍ភេទតាមខ្សែទូរស័ព្ទដែលដឹកនាំដោយកូនសិស្ស ស្រី ចំរើន ត្រូវបញ្ចប់ឲ្យបានឆាប់ ព្រោះទុកកាន់តែយូរខាតកាន់តែច្រើន។ រដូវដាំដុះនិងប្រមូលផលកាន់តែកៀកជិតមកដល់ហើយមិនអាចបណ្តាយទុកយូរបានទេ។ «វាគួឲ្យខ្មាសណាស់ដែលក្រុមមួយចាញ់ល្បិចដដែលៗ តែរឹតតែគួរឲ្យខ្មាសទៅទៀតដែលក្រុមមួយយកល្បិចចាញ់ដដែលៗមកប្រើ»៕

ដោយលោក ជា ខេមរា គ្រូបង្រៀននៅខេត្តកណ្តាល

សរសេរមកកាន់លោក ជា ខេមរា តាមរយៈ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ