បទយកការណ៍៖ យុវជនពិការជើងទាំងគូម្នាក់នៅខេត្តសៀមរាបសង្ឃឹមលើអាជីពជាគ្រូតន្ដ្រី

យុវជន ប្រាក់ សុផាន់ណា

ខណៈដៃទាំងពីរកំពុងបង្វិលកង់រទេះដែលខ្លួនសំដិលពីលើ ហើយកែវភ្នែកសំឡឹងមករកយើងដោយក្ដីសង្ឃឹម យុវជន ប្រាក់ សុផាន់ណា អាយុ២៧ឆ្នាំ រៀបរាប់ប្រាប់ ដោយអារម្មណ៍ខ្សឹកខ្សួលថា កាលអាយុ៧ឆ្នាំ ឪពុកម្ដាយរបស់គាត់បានទទួលមរណៈភាព ដោយសារករណីឃាតកម្មបាញ់សម្លាប់នៅស្រុកកំណើត ឯខេត្តស្វាយរៀង។​ សុផាន់ណា ​និយាយថា ចាប់តាំងពីឪពុកម្ដាយលាចាកលោកទៅ បងប្អូនប្រុសទាំងបួននាក់របស់គាត់ ត្រូវរស់នៅដូចក្មេងកំព្រា និងឋិតក្រោមការមើលថែរបស់ជីដូនជីតាចាស់ជាប់ខ្សែខាងឪពុក។

សុផាន់ណា បន្ដថា អាយុបាន១០ឆ្នាំ បងប្អូនប្រុសរបស់គាត់ទាំងបួននាក់បានចាកចេញទៅរស់នៅក្នុង មណ្ឌលកុមារកំព្រាមួយឈ្មោះ «នេហេមា»  នៅខេត្តសៀមរាប ដោយសារយាយតាខាងឪពុកគ្មានលទ្ធភាពផ្គត់ផ្គង់លើការសិក្សា និងម្ហូបអាហារ។ សុផាន់ណា ថានៅមណ្ឌលកុមារកំព្រា ពួកគាត់បានចូលរៀននៅសាលារដ្ឋ និងបានសិក្សាផ្នែកដូរតន្ដ្រីខ្លះដែរ ព្រោះមានការគាំទ្រពីអង្គការ។​

លោកថា៖ «បាទ! ស្លាប់ទាំងពីរ កាល់ហ្នឹងមានឃាតកម្មសម្លាប់ កាល់ហ្នឹងខ្ញុំនៅក្មេង ខ្ញុំអត់សូវដឹង​ ដឹងត្រឹមថា មានការបាញ់សម្លាប់ សម្លាប់គ្រួសារខ្ញុំ គឺសម្លាប់យាយខ្ញុំ ហើយពុក ហើយនិងម្ដាយ។​ ដល់ពេលគាត់ប្រហែលបានជា១ឆ្នាំ ២ឆ្នាំ ខ្ញុំរស់នៅជាមួយយាយតាខាងឪពុក ពេលរស់នៅទៅ ជីវភាពគាត់ក្រលំបាក ដូចថា ខ្ញុំអត់បានរៀនសូត្រ ហើយក៏ហូបចុកអត់គ្រប់គ្រាន់ ហើយមកភ្នំពេញរកកន្លែងរស់នៅ ហើយក៏រសាត់អណ្ដែតរហូតមកដល់សៀមរាប។ នៅក្នុងមណ្ឌលកុមារកំព្រាកាល់ហ្នឹង គេបង្រៀនភាសាអង់គ្លេស ទាំងពួកខ្ញុំ បងប្អូនខ្ញុំទាំងអស់ទៅរៀននៅសាលារដ្ឋ សម្រាប់ខ្ញុំ ខ្ញុំរៀនអត់សូវបានច្រើន ដោយសារសុខភាពខ្ញុំ នៅចុងឆ្នាំ១៩៩៩ ខ្ញុំធ្លាក់ខ្លួនឈឺ ជើងទាំងពីរខ្ញុំគឺពិការ»។

យុវជន សុផាន់ណា រលឹកថា មុនចូលស្នាក់នៅមណ្ឌលកុមារកំព្រា គាត់បានធ្លាក់ខ្លួនឈឺជាទម្ងន់ និងត្រូវបានឪពុកម្ដាយចិញ្ចឹមជាជនជាតិថៃ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។ ប៉ុន្ដែគាត់ថា ក្រុមគ្រូពេទ្យនៅទីនោះពុំអាចស្វែងរកមូលហេតុពិតប្រាកដនៃជំងឺបានទេ ហើយធ្វើឲ្យគាត់ធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ និងស្វិតជើងទាំងពីរមកដល់សព្វថ្ងៃ។

សុផាន់ណាបន្ដថា ដោយសារបញ្ហាសុខភាព និងពិការជើងទាំងពីរ គាត់មិនអាចបន្ដការសិក្សានៅសាលារដ្ឋដូចគេឯងបានទេ។ សុផាន់ណា ថាគាត់បានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៦ ហើយក៏មិនបានសិក្សាជំនាញអ្វីច្បាស់លាស់ទេ ក្រៅពីចំណេះដឹងដូរតន្ដ្រីបន្ដិចបន្ដួច។

លោកថា៖ «ឈឺហ្នឹង គឺនៅជាមួយនឹងជនជាតិថៃពីរនាក់ ដែលជាឪពុកចិញ្ចឹមម្ដាមចិញ្ចឹមខ្ញុំ ពេលនៅស្រុកខ្មែរគាត់មិនអាចព្យាបាលជា ហើយជើងខ្ញុំក៏ចាប់ផ្ដើមស្វិតទាំងពីរ មិនអាចដើរបាន អញ្ចឹងបានខ្ញុំធ្វើដំណើរមកសៀមរាប មករស់នៅសៀមរាប ក៏បានស្គាល់ ហើយស្នាក់នៅរៀនសូត្រអញ្ចឹងទៅ។ តែខ្ញុំអត់បានរៀនសូត្រច្រើន ដោយសារសាលាឆ្ងាយ ហើយខ្ញុំសុខភាពអត់ល្អដូចគេ ហើយក៏មានគ្រូៗ ពីក្រៅ គាត់អាណិតគាត់បានបង្រៀនភ្លេង បង្រៀនអង់គ្លេស ក៏ដូចជាកុំព្យូរទ័រ»។ ​

យុវជន ប្រាក់ សុផាន់ណា
កំពុងបង្រៀនភាសាអង់គ្លេសដល់ក្មេងៗ

យុវជន ប្រាក់ សុផាន់ណា រៀបរាប់បន្ដថា នៅចុងឆ្នាំ២០១៦ បងប្អូនទាំង៤របស់គាត់បានសម្រេចចិត្តចាកចេញពីមណ្ឌលក្មេងកំព្រា ដើម្បីស្វែងរកជីវិតមួយឯករាជ្យ និងរៀនរស់នៅដោយខ្លួនឯង ដោយថា បងប្រុសរបស់គាត់ខ្លះបានរៀបការ និងនៅសល់តែសុផាន់ណាទេ ដែលឯកា និងត្រូវមើលថែជីវិតដោយខ្លួនឯង។ សុផាន់ណា ថាសព្វថ្ងៃគាត់ជាគ្រូបង្រៀនដូរតន្ដ្រីនៅ «អង្គការសាលាតន្ដ្រីសម្រាប់ទាំងអស់គ្នា» និងជាគ្រូបង្រៀនភាសាអង់គ្លេសដល់ក្មេងៗ ដោយគាត់ថា មួយខែរកបានជិត១រយដុល្លារ។ ទោះបីប្រាក់ដែលរកបានមិនច្រើនក្ដី សុផាន់ណាថា គាត់សប្បាយចិត្ត ព្រោះទោះបីខ្លួនពិការមែន ប៉ុន្ដែអាចរកប្រាក់កម្រៃខ្លះ ទុកគ្រាន់ចិញ្ចឹមជីវិត។

យុវជន សុផាន់ណា ថ្ងូរថា ជារៀងរាល់ថ្ងៃ លោកពិបាកធ្វើដំណើរទៅទីជិតទីឆ្ងាយ ដោយសារថា ត្រូវជិះលើកង់រទេះ និងចាំបាច់ត្រូវមានអ្នកជួយសណ្ដោង ដើម្បីបានទៅដល់គោលដៅនានា។ យុវជនរូបនេះប​ន្ថែមថា ព្រោះទឹកចិត្តស្រឡាញ់សិល្បៈ គាត់បាននិពន្ធបទចម្រៀងជាច្រើនបទដូចជា «បរាជ័យជាមេរៀន» «ដើមត្នោតខ្មែរ» «ផ្លូវជីវិត» «បុប្ឆាក្នុងចិត្ត» និងបទចម្រៀងមិនចម្លងពីបរទេសមួយចំនួនទៀត។

សុផាន់ណា អះអាងថាគាត់និពន្ធបទចម្រៀងទាំងនេះឡើង គឺដើម្បីលើកទឹកចិត្តខ្លួនឯង និងជនពិការឯទៀតកុំឲ្យអស់សង្ឃឹមក្នុងជីវិត ទោះបីពួកគេជួបរឿងអកុសលដូចគាត់ក៏ដោយ។ ទោះធ្លាក់ខ្លួនពិការជើងទាំងពីរក្ដី យុវជន ប្រាក់ សុផាន់ណា លើកឡើងថា លោកបានខិតខំជម្នះរាល់ឧបសគ្គទាំងឡាយទាំងពួង និងថា បានទទួលជោគជ័យក្នុងឆាកជីវិតជាច្រើន។

លោកថា៖ «ខ្ញុំស្រឡាញ់សិល្បៈ ស្រឡាញ់តាំងពីក្មេង តាមពិតដំបូងឡើយ ខ្ញុំស្រឡាញ់ឧបករណ៍បុរាណខ្មែរ ប៉ុន្ដែខ្ញុំអត់មានឪកាសរៀនទេ ដល់ពេលអញ្ចឹងខ្ញុំរៀនតែហ្គីតា បទជាស្នាដៃកូនខ្មែរ ដែលអត់ចម្លងពីបរទេស ឬក៏ចម្លងពីខាងណា ហើយបទដែលខ្ញុំតែងពីអារម្មណ៍ខ្លួនខ្ញុំមានបទបរាជ័យជាមេរៀន ហើយនិងដើមត្នោតខ្មែរ ជាពិសេសបទបរាជ័យជាមេរៀន គឺខ្ញុំតែងលើកទឹកចិត្តដល់មនុស្សគ្រប់រូប»។

អ្នកដែលជិតស្និទនឹង សុផាន់ណា ម្នាក់គឺយុវជន ភ័ណ្ឌ ដេវីត ឲ្យដឹងថា ដោយទឹកចិត្តអាណិតស្រឡាញ់ យុវជន ដេវីត ថា គាត់តែងតែជូនដំណើរសុផាន់ណា ត្រាច់ចរទៅគ្រប់ទីកន្លែងដែលគាត់ចង់ទៅ។ ដេវីតថា សុផាន់ណា ជាមនុស្សគួរឲ្យគោរព និងជាគ្រូបង្រៀនដ៏ល្អ ដែលតែងផ្ដល់ដំបូន្មានដល់សិស្ស និងមនុស្សនៅក្បែរខ្លួន​ឲ្យចេះតស៊ូក្នុងឆាកជីវិត។

លោកថា៖ «ភាគច្រើន ខ្ញុំជូនគាត់ទៅ ដោយសារខ្ញុំជាមួយនឹងគាត់ស្និទស្នាលនឹងគ្នា ពេលខ្លះខ្ញុំរវល់រៀន គាត់ឲ្យខ្ញុំទៅរៀន ពេលទំនេរពីការសិក្សាយើងធ្វើដំណើរ សំខាន់សម្រាប់ខ្ញុំផ្ទាល់ គឺខ្ញុំអាណិតគាត់ ស្រាប់តែឃើញគាត់ដំបូង ខ្ញុំមានអារម្មណ៍ថាស្រឡាញ់គាត់ ហើយអាណិតគាត់មែនទែន ដោយសារថា ការអាណិត និងស្រឡាញ់របស់ខ្ញុំ ធ្វើឲ្យខ្ញុំនៅជាមួយគាត់រហូតដល់ឥឡូវ ប៉ុន្ដែសម្រាប់ការធ្វើដំណើរ មានការលំបាកមែនទែន ពេលខ្ញុំធ្វើដំណើរជាមួយគាត់ មានការលំបាកខ្លាំង»។

ប្រធានអង្គការសាលាតន្ដ្រីសម្រាប់ទាំងអស់គ្នាលោក ពន្លក សិកា ឲ្យដឹងដែរថា ដោយសារមើលឃើញពីទេពកោសល្យ និងភាពឆ្លាតវ័យរបស់ សុផាន់ណា លោកបានទទួលយកយុវជនរូបនេះមកធ្វើគ្រូបង្រៀនតន្ដ្រីស្ម័គ្រចិត្ត។ លោកថា សាលាតន្ដ្រីមិនបានផ្ដល់កម្រៃឲ្យសុផាន់ណាទេ ប៉ុន្ដែផ្ដល់ឲ្យត្រឹមតែជាប្រាក់រង្វាន់លើកទឹកចិត្តបន្ដិចបន្ដួចប៉ុណ្ណោះ។

លោកថា៖ «គាត់ជាមនុស្សដែលស្វាហាប់ ហើយគាត់មានះគ្រប់ឧបសគ្គ បានន័យថា គាត់ព្យាយាមតស៊ូ គាត់ប្រឹងប្រែង ស្វះស្វែងរកភាពជោគជ័យដោយខ្លួនឯង ហើយទីនេះ ជាទូទៅយើងគ្រាន់ជាអ្នកផ្ដល់ទីប្រឹក្សាឲ្យគាត់ ការងារខ្លួះមួយចំនួន ដែលគាត់ពឹងពាក់ឲ្យយើងជួយប្រឹក្សាយោបល់ទៅលើគម្រោង ឬក៏ការងារមួយចំនួន។ មែនទែនទៅ គាត់ជាគ្រូតន្ដ្រីហើយ ប៉ុន្ដែគ្រាន់តែពេលខ្លះ គាត់ត្រូវការវគ្គបណ្ដុះបណ្ដាល ដែលយើងកំពុងតែរៀបចំ និងផ្ដល់ឪកាសឲ្យគាត់ក្លាយជាគ្រូតន្ដ្រី គ្រូសិល្បៈ»។

ប្រធានអង្គការសាលាតន្ដ្រីសម្រាប់ទាំងអស់គ្នាលោក ពន្លក សិកា លើកឡើងថា លោកកោតសរសើរចំពោះការតស៊ូ និងការជម្នះឧបសគ្គរបស់សុផាន់ណា ដោយថា លោកនឹងជួយបណ្ដុះបណ្ដាលជំនាញដូរតន្ដ្រីបន្ថែម ដើម្បីឲ្យគាត់អាចក្លាយជាគ្រូតន្ដ្រីអាជីពម្នាក់ទៅថ្ងៃអនាគត។

យុវជន ប្រាក់ សុផាន់ណា ទទូចឲ្យជនពិការ ឬបាត់បង់អវៈយវៈផ្សេងទៀតត្រូវចេះតស៊ូ និងកុំអស់សង្ឃឹមក្នុងជីវិត ដោយថា ត្រូវជម្នះឧបសគ្គទាំងឡាយ ទោះក្នុងកម្រិតណាក្ដី។សុ ផាន់ណា ទទូចថា រដ្ឋាភិបាលក៏គួរមានគោលនយោបាយលើកទឹកចិត្ត និងផ្ដល់ប្រាក់ឧបត្ថម្ភដល់ជនពិការ ដោយគាត់ថា ដើម្បីឲ្យពួកគេអាចរស់នៅក្នុងភាពថ្លៃថ្នូរដូចប្រជាពលរដ្ឋឯទៀត។

លោកថា៖ «បើយើងនិយាយចំពោះតែជនពិការ បើសិនជាជោគជ័យយើងពិបាកមែនទែន ពិបាកណាស់សម្រាប់ជនពិការ។ ជនពិការនៅប្រទេសគេ គឺរស់នៅមានការផ្គត់ផ្គង់ពីរដ្ឋាភិបាលមានអីអញ្ចឹង តែសម្រាប់នៅស្រុកខ្មែរអត់ទាន់មានការផ្គត់ផ្គង់ទេ សូម្បីខ្ញុំក៏ដោយ ខ្ញុំអត់មានការផ្គត់ផ្គង់ពីខាងណាទេ គឺខ្ញុំប្រើកម្លាំងញើសឈាមរបស់ខ្ញុំ អញ្ចឹងសម្រាប់អ្នកពិការផ្សេងទៀត ដែលគាត់ចង់បានជោគជ័យ លុះត្រាតែគាត់ត្រូវរកជំនាញអ្វីមួយ ដែលគាត់អាចទទួលយកបាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ