ក្រសួងដែនដីបញ្ជាក្រុមហ៊ុនចំនួន២ បើកផ្លូវមួយក្នុងខណ្ឌច្បារអំពៅ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 5:04 PM | អភិបាលកិច្ចល្អ | 0 | 3478

ក្រសួងរៀបចំដែនដី បានបញ្ជាឲ្យក្រុមហ៊ុនចំនួន២ ដែលបានរំលោភយកដី​និងបិទផ្លូវលំសាធារណៈ នៅខណ្ឌច្បារអំពៅ ធ្វើការបើកផ្លូវលំនោះឡើងវិញ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។

យោងតាមលិខិតចុះថ្ងៃទី១៨ខែមេសាឆ្នាំ២០១៧ រដ្ឋមន្ដ្រីក្រសួងដែនរៀបចំដែនដី នគរោបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានបញ្ជាឲ្យក្រុមហ៊ុន ផាន អ៊ីមិច និងក្រុមហ៊ុន ​ហេង លី ធ្វើការបើកផ្លូវលំសាធារណៈដែលតភ្ជាប់ពីផ្លូវលេខ៣៦៩ (ផ្លូវមាត់ទន្លេបាសាក់) ទៅផ្លូវជាតិលេខ១ កាត់ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា និងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រសួងដែនដីក៏បានស្នើឲ្យក្រុមហ៊ុន ផាន អ៊ីមិច និងក្រុមហ៊ុន ​ហេង លី ធ្វើការតភ្ជាប់ និងបើកផ្លូវ ដែលមានជម្លោះនេះ ដោយថា ត្រូវរក្សាទទឹងផ្លូវ១៦ម៉ែត្រ ដើម្បីឲ្យប្រជាពលរដ្ឋ និងសាធារណៈជនប្រើប្រាស់។

ការស្នើឲ្យបើកផ្លូវលំសាធារណៈនេះ ធ្វើឡើងបន្ទាប់ពីក្រសួងដែនដីបានចុះទៅត្រួតពិនិត្យ និងសាកសួរប្រជាពលរដ្ឋដោយផ្ទាល់ ដោយក្រសួងរកឃើញថា ក្រុមហ៊ុនទាំងពីរនេះពិតជាបានរំលោភយកដីផ្លូវលំសាធារណៈ ដូចការចោទប្រកាន់របស់ពលរដ្ឋមែន។

VOD មិនទាន់អាចទាក់ទងនាយិកាក្រុមហ៊ុន ផាន អ៊ីម៉ិច លោកស្រី ស៊ុយ សុផាន និងនាយកក្រុមហ៊ុន ហេង លី គឺលោក ហេង លី ដើម្បីសុំការបំភ្លឺបានទេ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required