‘កម្ពុជាគ្មានព័ត៌មាននៃ​ការ​ចាប់​ខ្លួន​ពលករ​ខ្មែរ២៥​នាក់​នៅ​ខេត្ត​ស្រះ​កែវ​’

ដោយ កញ្ញា យួង ចន្នី​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 2:31 PM | សន្ដិសុខ | 0 | 830

មន្ត្រី​ច្រក​ព្រំ​ដែន​កម្ពុជា​ថៃ​នៅ​តែ​មិន​ទាន់​រក​ឃើញ​ពី​តំរុយនិងទទួលបានព័ត៌មាន ​ដែលថា​អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​ពលករ​ខ្មែរ​ខុស​ច្បាប់​ចំនួន២៥នាក់នៅខេត្តស្រះកែវ​ ខណៈ​សារ​ព័ត៌​មាន​ថៃបានចុះ​ផ្សាយ​ថា ​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ពលករ​ខ្មែរ​ត្រឡប់ ចូល​ទៅ​រក​ការ​ធ្វើ​វិញតាម​ច្រក​របៀង ក្រោយ​ពី​ធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។​

កាល​ពី​ថ្ងៃ​ទី១៨ខែ​មេសា​​ ​នេះ​សារ​ព័ត៌មានថៃ ប៉ាតាយ៉ា ម៉ែល (Pattaya Mail) បាន​ចុះ​ផ្សាយ​ថា អជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​ពលករ​ខ្មែរ​ចំនួន២៥​នាក់ ​ដែល​បាន​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ទី​នោះ​តាម​ច្រក​របៀង​។​

ពាក់​ព័ន្ធ​នឹង​ករណី​នេះ នាយ​​ប៉ុស្តិ៍​​នគរ​បាល​​អន្តោប្រវេសន៍​​ប្រចាំ​​ច្រក​ទ្វារ​​អន្តរ​ជាតិ​​ប៉ោយប៉ែត​ លោក ស៊ឹម សំអាត ​បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃទី២០ខែមេសានេះ​ថា បន្ទាប់​ពី​លោក​ទទួល​បាន​ព័ត៌មាន​ លោក​បាន​ស្រាវជ្រាវ​ករណី​ចាប់​ខ្លួន​ពលករ​ទាំង​នោះ​ភ្លាមៗ​ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​ទទួល​បាន​តំរុយ​អ្វី​នោះ​ទេ​។​

លោក​បញ្ជាក់​ថា ខេត្ត​ស្រះ​កែវ​នេះ​វា​ធំ​ ដូចនេះ លោក​មិន​ដឹង​ថា ​ការ​ចាប់​ខ្លួន​នេះ​ ធ្វើ​ឡើង​នៅ​ចំណុច​ណា​នោះ​ទេ ​ហើយ​មន្ត្រី​​កុង​ស៊ុល​នៅ​ប្រចាំ​ច្រក​ព្រំដែន​ខាង​លើ​នេះ​ ក៏​មិន​បាន​ដឹង​ពី​ការ​ចាប់​ខ្លួន​នេះ​ដែរ ដោយ​ថា​ ព័ត៌មាន​ដែល​ចាប់​ខ្លួន​នេះ​មិន​ទាន់​ច្បាស់​ការ​នៅ​ឡើយ​ទេ។

កាល​ពី​ដើម​ខែ​មេសា​ឆ្នាំ២០១៧នេះ​ ​អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់ ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ជាង​២០០​នាក់​មក​កម្ពុជា​វិញ​ ខណៈ​ពលករ​ខ្មែរ​ស្រប​ច្បាប់​រាប់​ម៉ឺន​នាក់​ទៀត ​បាន​ត្រឡប់​មក​ចូល​រួម​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​៕​

សរសេរមកកាន់ កញ្ញា យួង ចន្នី តាមរយៈ vichnyyuong@gmail.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required