មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឲ្យដឹងនៅថ្ងៃនេះថា នាយករងវិទ្យុអាស៊ីសេរីផ្នែកផ្សាយជាភាសាខ្មែរ លោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី អាចនឹងជាប់ពន្ធនាគារ បើក្រសួងរកឃើញថា លោក ជុន ច័ន្ទបុត្រ មានចេតនាបន្លំសមត្ថកិច្ចចូលសួរសុខទុក្ខអ្នកទោស ជាមួយមន្ត្រីបក្សប្រឆំាង។
កាលពីព្រឹកថ្ងៃទី១៩ខែមេសាម្សិលមិញ អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ រួមទាំងតំណាងរាស្ត្រមួយចំនួនផ្សេងទៀត បាននាំគ្នាទៅសួរសុខទុក្ខសកម្មជនរបស់ខ្លួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅពន្ធនាគារព្រៃស ដោយក្នុងនោះគេសង្កេតឃើញមានលោក ជុន ច័ន្ទបុត្រ បានចូលទៅជាមួយដែរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់VODនៅថ្ងៃព្រហស្បតិ៍ទី២០មេសានេះថា ក្រសួងមហាផ្ទៃ បានបញ្ជាទៅអគ្គនាយកដ្ឋានពន្ធនាគារព្រៃស ឲ្យពិនិត្យលក្ខន្តិកៈពន្ធនាគារ និងរៀបចំឯកសារពាក់ព័ន្ធបញ្ជូនទៅក្រសួងមហាផ្ទៃនៅពេលឆាប់ៗនេះ ដោយថា បើសមត្ថកិច្ចរកឃើញថា លោក ជុន ច័ន្ទបុត្រ មានចេតនា ភូតកុហក បន្លំសមត្ថកិច្ចចូលសួរសុខទុក្ខសកម្មជនបក្សប្រឆំាងទំាង១៦នាក់មែន លោកថា បុគ្គល ជុន ច័ន្ទបុត្រ អាចប្រឈមនឹងជាប់ទោសពន្ធនាគារ។
លោកមានប្រសាសន៍ថា៖ «[ឧទាហរណ៍]ឈ្មោះពូ ហើយពូទៅភូតគេ ភូតសមត្ថកិច្ចថា ពូឈ្មោះនេះ ក៏មានទោសដែរ មិនប្រាប់អត្តសញ្ញាណពិតអាជ្ញាធររដ្ឋ ក៏មានទោសដែរ អាចមានទោះ៣ខែ ទៅ៦ខែមើលទៅ»។
លើសពីនេះ លោក ខៀវ សុភ័គ ក៏បញ្ជាក់ទៀតថា ចាប់ពីពេលនេះទៅ ក្រសួងមហាផ្ទៃនឹងមិនអនុញ្ញាតឲ្យតំណាងរាស្ត្របក្សសង្គ្រោះជាតិចូលសួរសុខទុក្ខអ្នកជាប់ឃុំទំាងនោះទៀតហើយ ដោយថា តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី មានចេតនាអសីលធម៌ ដោយបន្លំសមត្ថកិច្ច ដើម្បីនាំលោក ជុន ច័ន្ទបុត្រ ចូលទៅពន្ធនាគារព្រៃស។
តំណាងរាស្ត្របក្សប្រឆំាង លោកស្រី មូរ សុខហួរ បានអះអាងថា កាលដែលលោក ច័ន្ទបុត្រ ចូលសួរសុខទុក្ខសកម្មជនបក្សសង្គ្រោះជាតិ មិនមានចេតនាអាក្រក់នោះទេ ដោយអ្នកស្រីថា គណបក្សសង្គ្រោះជាតិនៅតែស្នើទៅក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខអ្នកជាប់ឃុំជារៀលរាល់ខែដូចសព្វដងដដែល។
លោកស្រីនិយាយថា៖ «គណបក្សសង្គ្រោះជាតិយើងបានចូលទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃអស់ហើយ ក៏ប៉ុន្តែម្សិលមិញមានការមិនយល់គ្នា ក៏មានព្រឹត្តិការណ៍ហ្នឹងកើតឡើង តែសុំបញ្ជាក់ថា មិនមានការចេតនា មិនមែនជាការប៉ុនប៉ងអ្វីទាល់តែសោះ ខ្ញុំសង្ឃឹមថានឹងមានការយល់យោគគ្នា ដើម្បីឲ្យមានការត្រឡប់ទៅសួរសុខទុក្ខសមាជិករបស់យើងជាធម្មតាទៅវិញ»។
ចំណែក នាយករងវិទ្យុអាស៊ីសេរីប្រចំាកម្ពុជា លោក ជុន ច័ន្ទបុត្រ មានប្រសាសន៍ថា លោកមិនបានបន្លំខ្លួនចូលទៅសួរសុខទុក្ខអ្នកជាប់ឃុំទំាងនោះទេ ដោយថា លោកបានសុំមន្ត្រីច្រកចូលនៅពន្ធនាគារចូលទៅជាមួយ មន្ត្រីបក្សប្រឆំាង និងសរសេរឈ្មោះពិតផងដែរ ប៉ុន្តែលោកថា ត្រង់ចំណុចដែលគេសរសេរពាក្យថា «ជាជំនួយការរបស់តំណាងរាស្ត្របក្សប្រឆំាង» លោកមិនដឹងអ្នកណា ជាអ្នកសសេរបំពេញនោះទេ។
នៅពេលវីអូឌីសួរថា បើក្រសួងមហាផ្ទៃប្តឹងលោក តើលោកនឹងនៅតតំាងក្តីជាមួយដើមបណ្តឹង ឬយ៉ាងណា? លោក ជុន ច័ន្ទបុត្រ ឆ្លើយយ៉ាងខ្លីថា លោកធ្វើតាមការណែនាំរបស់ស្ថាប័នវិទ្យុអាស៊ីសេរី និងមេធាវី។
លោកមានប្រសាសន៍ថា៖ «ខ្ញុំធ្លាប់និយាយហើយ ធ្វើជ្រូកមិនរាទឹកក្តៅទេ មកស្រុកខ្មែរពេលនេះ គឺមករៀបចំផ្សាយនៅពេលបោះឆ្នោត បំណងរបស់ខ្ញុំគឺនៅធ្វើការឲ្យចប់ចុង ចប់ដើម ក៏ប៉ុន្តែបើការសម្រេចបែបណារបស់អង្គភាព ការសម្រេចបែបណារបស់មេធាវី បើសិនជារឿងនេះ ឈានទៅដល់ការប្តឹងផ្តល់អី ខ្ញុំនឹងធ្វើតាមការបង្គាប់បញ្ជាពីសំណាក់ស្ថាប័ន ពីសំណាក់មេធាវី»។
លោកមេធាវី សុក សំអឿន បានពន្យល់ជាទូទៅថា នៅក្នុងច្បាប់មិនបានចែងដាក់ទោសលើបុគ្គលណាដែលនិយាយកុហក ឬបន្លំឈ្មោះសមត្ថកិច្ច ដើម្បីសុំចូលសួរសុខទុក្ខអ្នកជាប់ឃុំនោះទេ ដោយលោកថា នៅពន្ធនាគារមានការត្រួតពិនិត្យតឹងតែងណាស់ លោកថា អ្នកដែលមានកំហុស មន្ត្រីប្រចំាច្រកពន្ធនាគារ ដែលមិនបានពិនិត្យឲ្យបានដិតដល់ និងគ្រប់ជ្រុងជ្រោយ។
លោកថា៖ «បើអ្នកឯងថា បងប្អូន អត់មាន អ្នកឯងមកកុហក អញ្ចឹងចូលគុកម៉េចកើត វាអត់មានច្បាប់ ដូច្នេះវាទៅលើ ត្រូវទទួលបន្ទុកការទទួលខុសត្រូវរបស់ពន្ធនាគារ ពេលដែលខ្លួនអនុញាតម៉េចមិនពិនិត្យមើលឯកសារឲ្យបានច្បាស់លាស់ គ្រប់គ្រាន់»។
កាលពីថ្ងៃទី១៩ខែមេសាឆ្នាំ២០១៧ ក្រុមតំណាងរាស្ត្របក្សប្រឆំាង ដឹកនាំដោយលោកស្រី មូរ សុខហួរ រួមទាំងលោក ជុន ច័ន្ទបុត្រ បានចូលទៅសួរសុខទុក្ខសកម្មជនបក្សប្រឆាំង១៦រូប ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស។
លោក ជុន ច័ន្ទបុត្រ ដែលមានឈ្មោះពិត ហួត វុទ្ធី គឺជានាយករងវិទ្យុអាស៊ីសេរីផ្នែកផ្សាយជាខេមរភាសាប្រចាំនៅទីក្រុងវ៉ាស៊ីនតោន។ លោក ជុន ច័ន្ទបុត្រ ក៏ជាអ្នកកាសែតវិទ្យុអាស៊ីសេរីម្នាក់ ដែលកំពុងទទួលបានការគំាទ្រពីអ្នកស្តាប់ ចាប់តាំពីការបោះឆ្នោតជាតិឆ្នាំ២០១៣។
ក្នុងឆ្នាំ២០១៦ លោក ជុន ច័ន្ទបុត្រ ទទួលបានជ័យលាភីសម្រាប់អ្នកសារព័ត៌មានក្លាហាន និងទៀងត្រង់ ដែលផ្ដល់ដោយក្រុមប្រឹក្សាគ្រប់គ្រងការផ្សាយអន្តរជាតិរបស់សហរដ្ឋអាមេរិក (Broadcasting Board of Governors)៕