ក្រុមកម្មករគ្រោងប្តឹងទៅស្ថានទូតករណីថៅកែជនជាតិកូរ៉េមិនបើកប្រាក់ឈ្នួលឲ្យពួកគេ

ក្រុមកម្មកររោងចក្រកាត់ដេរហ្គាវ័ន្តអឹភែរឹល មានទិតាំងនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ធ្វើបាតុកម្មបិទផ្លូវ ទាមទារអោយថៅកែររោងចក្របើកប្រាក់ខែអោយពួកគេ

ក្រុមកម្មករបម្រើកការងារនៅរោងចក្រពីរផ្សេងគ្នា ដែលមានថៅកែតែមួយ គ្រោងប្តឹងទៅស្ថានទូតកូរ៉េ និង      ស្ថាប័នពាក់ព័ន្ធផ្សេងទៀតឲ្យជួយអន្តរាគមន៍ ករណីថៅកែជនជាតិកូរ៉េមិនព្រមបើកប្រាក់ឈ្នួលជូនពួកគេ។

កម្មការនីបម្រើការងារនៅរោងចក្រ ហ្វឺស ហ្គាវ័ន្ត កញ្ញា សាត សំណាង ប្រាប់វីអូឌីនៅថ្ងៃនេះថា រយៈពេលជិត៤ខែហើយ ថៅកែរោងចក្រ ហ្វឺស ហ្គាវ័ន្ត មិនបានបើកប្រាក់ឈ្នួលឲ្យកម្មករនោះទេ។

កម្មការនីរូបនេះបន្តថា ក្រុមកម្មករកំពុងរៀបចំឯកសារ និងផ្តិតមេដៃ ប្តឹងករណីនោះទៅស្ថានទូតកូរ៉េខាងត្បូង ក្រសួងការងារ អង្គការILo និងសមាគមរោងចក្រកាត់ដេរនៅចុងខែមេសានេះ ដើម្បីឲ្យអន្តរាគមន៍   ដោយថា រយៈពេលដែលថៅកែអត់បើកប្រាក់ឈ្នួលឲ្យកម្មករនោះ បានធ្វើឲ្យពួកគេជួបផលលំបាកច្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងអ្នកខ្លះមិនបានទៅចូលឆ្នាំទៀតផង។

កញ្ញាបន្ថែមថា«ផលលំបាកមានច្រើនណាស់ ដូចជា អត់លុយបង់ផ្ទះជួល អត់លុយចាយប្រចាំថ្ងៃ អត់លុយ បង់ធនាគារ អត់លុយចំណាយឲ្យកូនរៀន ចូលឆ្នាំៗហ្នឹងអត់បានទៅបានទៅស្រុកផង ប៉ុន្តែអ្នកខ្លះគាត់ចងការលុយគេដើម្បីបានទៅស្រុកដែរ ឥលូវពួកខ្ញុំកំពុងតែរៀបចំលិខិតដាក់ទៅខាងអង្គការ ILo ខាងទូតកូរ៉េ GMAC និងក្រសួងការងារ»

ចំណែកកម្មករបម្រើការងារ ហ្គាវ័ន្ត អ្នកស្រី ថូ ណៃយៀប ប្រាប់វីអូឌីថា រោងចក្រហ្គាវ័ន្តមានវិវាទការងារជាង១ឆ្នាំហើយ ដោយថា ថៅកែរូបនោះបើកប្រាក់ឲ្យកម្មករមិនទៀងទាត់ និងតែងតែបង្កផលលំបាក ផ្សេងចំពោះកម្មករ។

អ្នកស្រី ថូ ណៃយៀប បានដាក់ការសង្ស័យថា ករណីថៅកែមិនព្រមដោះស្រាយសំណងជូនកម្មករនេះ គឺមាន ចេតនាគេចវេសមិនទទួលខុសត្រូវលើការទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករ។

អ្នកស្រីបន្ថែមថា«ខ្ញុំថាប្រហែលជាគាត់ហ្នឹងមានចេតនាឲ្យកម្មករហ្នឹងឈប់ពីការងារដោយឯងៗព្រោះអីគាត់ ជំពាក់លុយកម្មករច្រើន ព្រោះប្រាក់អតីតភាពគាត់ច្រើន ដល់ពេលអញ្ចឹងមានចេតនាកូក្រឡុកៗធ្វើឲ្យកម្មករ ហ្នឹងឈប់ដោយខ្លួនឯង គាត់ឲ្យមន្រ្តីការងារស៊ីលុយទៅ ពួកខ្ញុំសុខចិត្តឲ្យអត់ ព្រោះគាត់ធ្លាប់បោះពាក្យសម្តី ថា គាត់មិនឲ្យត្រីតូចហូបទេ គាត់ឲ្យត្រីធំហូបវិញគាត់និយាយអញ្ចឹង»

វីអូឌីមិនអាចសុំការឆ្លើយតបពីតំណាងរោងចក្រទាំងពីរបានទេជុំវិញរឿងនេះ ប៉ុន្តែរដ្ឋបាលរោងចក្រហ្គាវ័ន្ត លោក ម៉ៃ និមិត្ត ធ្លាប់ប្រាប់វីអូឌីថា ករណីបើកប្រាក់ឈ្នួលឲ្យកម្មករយឺតយ៉ាវដោយសាររោងចក្រជួបបញ្ហា ផ្នែកហិរញ្ញវត្ថុ។

បញ្ហាវិវាទការងារនៅរោងចក្រ ហ្វឺស ហ្គាវ័ន្ត ក្នុងសង្កាត់ចាក់អង្រែក្រោមរាជធានីភ្នំពេញ និងរោងចក្រហ្គាវ័ន្ត ក្នុងក្រុងតាខ្មៅនេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ធ្លាប់បន្ទោសទៅមន្រ្តីក្រសួងការងារថា ដោះស្រាយយឺតយ៉ាវ ដោយបណ្តាលឲ្យកម្មករបម្រើការងារនៅទីនោះរងទុក្ខលំបាករហូតមកដល់សព្វថ្ងៃ នេះ។

រោងចក្រ ហ្វឺស ហ្គាវ័ន្ត និង រោងចក្រ ហ្គាវ័ន្ត មានថៅកែជាន់ជាតិកូរ៉េខាងត្បូង ឈ្នោះ លោក ឆា ក្យុងហី ដែលរោងចក្រទាំងពីរមានកម្មករប្រមាណ១០០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ