បញ្ហាសុវត្ថិភាពចំណីអាហារនៅប្រទេសវៀតណាម​

វៀតណាមជាប្រទេសដែលកំពុងមានសេដ្ឋកិច្ចរីកចម្រើននៅក្នុងតំបន់ ហើយក៏កំពុងនាំចេញទំនិញជាច្រើនប្រភេទទៅកាន់ទីផ្សារអន្តរជាតិដែរ។ ដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាគឺអាមេរិក ហើយបន្តបន្ទាប់ទៀត មានចិន ជប៉ុន អាល្លឺម៉ង់ និងកូរ៉េខាងត្បូងជាដើម​។

ទាក់ទងបញ្ហាម្ហូបអាហារប្រទេសនេះ កំពុងជួបប្រទះបញ្ហាគុណភាព។ បន្លែមួយចំនួនសហភាពអឺរ៉ុបឈប់បញ្ជាទិញពីវៀតណាម​។​

របាយការណ៍សិក្សារបស់ធនាគារពិភពលោកកាលពីឆ្នាំ២០១៦ បានបង្ហាញថា ប្រទេសដៃគូពាណិជ្ជកម្មរបស់វៀតណាម​បានបង្ហាញក្តីព្រួយបារម្ភពីសុវត្ថិភាពចំណីអាហារ ហើយស្នើ​រដ្ឋាភិបាលនៃប្រទេសនេះធ្វើកំណែទម្រង់។​

ធនាគារពិភពលោកក៏បានផ្តល់អនុសាសន៍​មួយចំនួនដែរដូចជា ការពង្រឹងការត្រួតពិនិត្យ ស្រាវជ្រាវរកភស្តុតាងដែលបញ្ជាក់ពីអាហារមួយមានបញ្ហា រៀបចំទិន្នន័យប្រភេទអាហារដែលគ្រោះថ្នាក់និងចាត់វិធានការដោះស្រាយ។​

របាយការណ៍រដ្ឋាភិបាលវៀតណាមបង្ហាញថា ១១ខែក្នុងឆ្នាំ២០១៧ មានករណីពុលអាហារបណ្តាលឲ្យស្លាប់២២នាក់ និងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំនួន​៣ ១៤៧នាក់។​ របាយការណ៍រដ្ឋបញ្ជាក់ថា ចំនួន​អ្នកស្លាប់មានចំនួន​កើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។​

ការពុលអាហារនេះកំពុងតែស្ថិតនៅជាកង្វល់ធំរបស់រដ្ឋាភិបាលវៀតណាម ដែលត្រូវស្វែងរកដំណោះស្រាយ។​

របាយការណ៍ក្រុមស្រាវជ្រាវរបស់រដ្ឋសភាវៀតណាម​បង្ហាញថា ចន្លោះឆ្នាំ២០១១ដល់ឆ្នាំ២០១៦​គឺ ៨,៥ភាគរយនៃបន្លែផ្លែឈើ មានប្រើប្រាស់សារធាតុគីមីលើសកំណត់ដែលអាចប្រឈមដល់សុភាព​អ្នកប្រើប្រាស់​ ហើយបញ្ហានេះពាក់ព័ន្ធ​ដល់កសិដ្ឋានចំនួន​៥៧ ៤០០។​

ចំណែកការសិក្សាមួយទៀតបង្ហាញថា ការពិសោធន៍សាច់ជ្រូកនៅក្នុងទីក្រុងហាណូយ និងហូជីមិញ គឺ៣០ទៅ៤០ភាគរយមានផ្ទុកវីរុសម្យ៉ាងអាចប៉ះពាល់សុខភាព។​

តាមការសិក្សារបស់វិទ្យាស្ថានជាតិសម្រាប់អាហារទ្រទ្រង់ជីវិតរបស់វៀតណាម​បង្ហាញថា ពលរដ្ឋវៀតណាមម្នាក់ជាមធ្យមបរិភោគបន្លែ២០០ក្រាមក្នុងមួយថ្ងៃ ដែលចំនួននេះ ស្មើពាក់កណ្តាលនៃចំនួនដែលអង្គការសុខភាពពិភពលោក​បានកំណត់។​

ប៉ុន្តែអនុប្រធានវិទ្យាស្ថានមួយនេះលោក​Le Bach Mai ថ្លែងថា ពលរដ្ឋទាំងអស់មិនគួរបរិភោគបន្លែច្រើនពេកនោះទេ ព្រោះមិនសូវប្រាកដពីសុវត្ថិភាពឡើយ។​

ការសិក្សាជាច្រើនបានបង្ហាញថា ការបរិភោគអាហារមានជាតិពុល​ច្រើន​លើសកំណត់ អាចប្រឈម​មហារីកខួរក្បាល មហារីកគ្រាប់ឈាម និង​ក្រពេញប្រូត្រាតជាដើម។​

ចុះរដ្ឋាភិបាលវៀតណាម កំពុងធ្វើអ្វីខ្លះដើម្បីដោះស្រាយបញ្ហាទាំងនេះ?

តាមច្បាប់ស្តីពីសុវត្ថិភាពចំណីអាហាររបស់វៀតណាម​កាលពីឆ្នាំ២០១៣ បានដាក់វិធានការរឹតបន្តឹងខ្លាំងទាំងការផលិតនៅក្នុងស្រុក និងការនាំចូលប្រភេទអាហារដែលប៉ះពាល់ដល់សុខភាព។​

ច្បាប់នោះបានកំណត់រឹតបន្តឹងការនាំចូលចំណីហារដែលត្រូវឆ្លងកាត់ការត្រួតពិនិត្យពីក្រុមអធិការកិច្ច និងមន្ត្រីគយ។​ចំណែកនៅក្នុងប្រទេសក៏មានមន្ត្រីជំនាញចាំត្រួតពិនិត្យដូចគ្នានេះដែរ។​

ច្បាប់ដែលមាន៣៤ទំព័រ និង៧២មាត្រានោះចែងទៀតថា ចំពោះអ្នកដែលផលិតនិងនាំចូលអាហារមានគ្រោះថ្នាក់អាចត្រូវបង់ប្រាក់​សងការខូចខាតដល់ជនរងគ្រោះ និងផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌប្រឈមជាប់ពន្ធនាគារតាមទំហំទោសទៀតផង។​

តាមការសិក្សារបស់ធនាគារពិភពលោកកាលពីខែមីនា ឆ្នាំ២០១៧ បង្ហាញថា ស្ថានភាពគ្រោះថ្នាក់ចំហីអាហារនៅវៀតណាមមានភាពប្រសើរឡើង ប៉ុន្តែស្ថិតនៅក្នុងចំណុចព្រួយបារម្ភនៅឡើយ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ