លោកសម រង្ស៊ី៖ ជប៉ុននិងឥណ្ឌូនេស៊ីនឹងជួយឲ្យគណបក្សសង្គ្រោះជាតិបាន​ចូលរួមបោះឆ្នោត​

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (FB: លោក សម រង្សុី)

លោក សម រង្ស៊ីបានបង្ហាញក្តីសង្ឃឹមថា ជប៉ុន និងឥណ្ឌូនេស៊ី នឹងប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ ដើម្បីជួយឲ្យ គណបក្សសង្គ្រោះជាតិបានចូលរួមបោះឆ្នោតនៅពេលខាងមុខនេះ។​

ការលើកឡើងបែបនេះរបស់ លោកសម រង្ស៊ី ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មានវិទ្យុ សម្លេងសហរដ្ឋអាមេរិក កាលពីថ្ងៃ ទី ១៩ ខែ មេសាម្សិលមិញ​នេះ។ ការបញ្ជាក់បែបនេះ ក្រោយពេលលោក សម រង្ស៊ី បំពេញទស្សនកិច្ច៥ថ្ងៃនៅក្នុងប្រទេសជប៉ុន និងឥណ្ឌូនេស៊ី។​

លោកសមរង្ស៊ីបានថ្លែងថា ​ប្រទេស​ជប៉ុន​និងឥណ្ឌូនេស៊ី​នឹងប្រើឥទ្ធិពលរបស់ខ្លួនបន្ថែមទៀត​លើប្រតិកម្មរបស់ សហរដ្ឋ អាមេរិក និង សហ​ភាព​អឺរ៉ុបដែលចង់ឲ្យមានវត្តមានគណបក្សរបស់លោក ចូលរួមការបោះ ឆ្នោតខាងមុខនេះ។

លោកសមរង្ស៊ី បន្ថែមថា៖«ឥលូវយើងបាន​ប្រទេសនៅទ្វីបអាស៊ីធំៗពីរនេះទៀត គឺយើងមានសង្ឃឹម​យ៉ាង មុះមុត​ថា​ ការបោះឆ្នោតខាងមុខនេះគេនឹងពិនិត្យតាមដាន​ធ្វើម៉េចឲ្យការបោះឆ្នោតឆ្លុះបញ្ចាំងឆន្ទៈប្រជា រាស្រ្ត ខ្មែរ ពិត ប្រាដក។ ហើយដើម្បីឆ្លុះបញ្ចាំងឆន្ទៈប្រជារាស្រ្តខ្មែរពិតប្រាកដ ត្រូវតែមានការចូលរួមពី គណបក្ស សង្គ្រោះ ជាតិដាច់ ខាត។»

លោក សុខ​ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាន​ឆ្លើយតបទៅនិងការលើកឡើងរបស់លោកសម រង្ស៊ីថា​លោកសម​ រង្ស៊ីកំពុងយល់ច្រឡំហើយ​ ទោះជាគ្មានវត្តមានអតីតគណបក្សសង្គ្រោះ ជាតិក៏ដំណើរការ ប្រជាធិបតេយ្យ​នៅ​កម្ពុជានៅតែមាន។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖«ឥលូវអត់គាត់(គណបក្សប្រឆាំង)​ជាងមួយឆ្នាំហើយ សួរថាតើប្រជា​ធិបតេយ្យនៅកម្ពុជាហ្នឹងដល់ម្រិតណាហើយ។​​យើងមើលទាំងអស់គ្នាឃើញ ហើយ[…]។ ប្រជាធិប តេយ្យជារបស់ប្រជា​ពលរដ្ឋទូទាំងប្រទេស មិនមែនរបស់គណបក្សប្រឆាំង។ អត់ គណបក្ស ប្រឆាំងទៅ អត់ប្រជាធិបតេយ្យទេ។»

លោកសុខ​ ឥសាន យល់ថា​ដំណើទស្សនៈកិច្ចរបស់លោកសមរង្ស៊ីទៅកាន់ប្រទេស​ប្រទេសជប៉ុន និង ឥណ្ឌូនេស៊ីកន្លង មកនេះមិនមាន​ប្រយោជន៍នោះអ្វីទេ ព្រោះលោកសម រង្ស៊ីមិនបានជួបថ្នាក់ដឹកនាំរដ្ឋាភិបាល ប្រទេសទាំងពីរនេះទេ ពោលគឺ​ជួបតែ​ជាមួយមន្រ្តីបក្សប្រឆាំងរបស់ប្រទេសពីរតែប៉ុណ្ណោះ។ លោកបន្តទៀតថា ដំណើរទស្សនៈកិច្ចរបស់លោក សម រង្ស៊ី មិនបានធ្វើឲ្យទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលប្រទេសទាំងពីរនេះល្អក់ កករឡើយ។

គូសបញ្ជាក់ផងដែរនេះជាដំណើរទស្សនៈកិច្ចសុំអន្តរាគមន៍ពីបណ្ដាប្រទេសនៅអាស៊ីជាលើកដំបូងរបស់លោកសមរង្ស៊ី បន្ទាប់ពីអតីតគណបក្សសង្រ្គោះជាតិរបស់លោកត្រូវ​បានរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំមុន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ