អាជីវករនៅខេត្តព្រះសីហនុថាភ្ញៀវទៅលេងបុណ្យចូលឆ្នាំខ្មែរធ្លាក់ចុះ

រូបភាពកំឡុងពេលចូលឆ្នាំសកល កាលពីឆ្នាំកន្លងទៅ (រូបភាពពីមន្ទីទេសចរក្រុងព្រះសីហនុ)

អាជីវករនិងពលរដ្ឋរស់នៅខេត្តព្រះសីហនុអះអាងថា ភ្ញៀវទេសចរទៅលេងក្នុងពិធីបុណ្យចូលឆ្នាំនៅឆ្នាំនេះ មានការធ្លាក់ចុះ ធ្វើឲ្យការលក់ដូរ និងការប្រកបអាជីវកម្មផ្សេងៗរបស់ពួកគាត់​ខាតបង់។​

អាជីវករលក់មឹកនៅខាងក្រោយផ្សារលើ អ្នកស្រី ម៉ាលី ប្រាប់ VOD ថា ឆ្នាំនេះអ្នកស្រីលក់មឹកខាត ដោយសារស្ងាត់ភ្ញៀវខ្មែរ មានតែជនជាតិចិន ហើយថា ជនជាតិចិនទិញតែទំនិញដែលចិនលក់។​

អ្នកស្រីមានប្រសាសន៍ថា «វាមិនទិញទេ វាទិញរបស់ល្អហើយថោក ហើយណាមួយវាលក់គ្នាវាទៀត។ មានចិនលក់បន្លែ ចិនលក់ម្ហូប លក់សព្វគ្រប់ទាំងអស់ លក់តាំងពីសាច់ជ្រូក លក់តាំងពីគ្រឿងសមុទ្រឡើងទាំងអស់ហ្នឹង។ ចា៎! ហើយវាទិញតែគ្នាវាទេ ខ្មែរយើងបាត់អស់ហើយ។ អត់សូវមានភ្ញៀវខ្មែរមកលេងទេ ពីព្រោះថាកំពង់សោមឥឡូវអត់មានកន្លែងសំរាន្ត។ ផ្ទះសំណាក់ឥឡូវចិនទិញជួលអស់ហើយ ហើយប្រជាជនយើងមកចឹងអត់មានកន្លែងដេកកន្លែងពួនអញ្ចឹង គ្នាអត់បានដើរមកអីចឹងទៅណា!»

ពលរដ្ឋរស់នៅខេត្តព្រះសីហនុ លោក យូ វាសនា ថ្លែងថា លោកសង្កេតឃើញ ភ្ញៀវជាតិមកលេងខេត្តព្រះសីហនុឆ្នាំនេះមិនច្រើនដូចឆ្នាំកន្លងទៅទេ ដោយថា ឆ្នាំមុនអ្នកមកលេងច្រើនហៀរពេញឆ្នេរ តែឆ្នាំនេះឃើញមានតែអ្នកក្នុងខេត្ត។

លោក យូ វាសនា បន្តថា« ខ្ញុំនៅក្នុងខេត្តហ្នឹងផ្ទាល់ ខ្ញុំដើរនៅក្នុងហ្នឹង ភ្ញៀវដែលប្លែកមុខគឺជាជនជាតិចិន។ ភាគតិចមែនទែនដែលជាភ្ញៀវមកពីបណ្តារខេត្ត ផ្សេងៗ។ ថ្ងៃទីមួយទីពីរខ្ញុំទៅលេងរមណីយដ្ឋានដូចជាក្បាលឆាយអីហ្នឹង ខ្ញុំមើលទៅសុទ្ធតែអ្នកកំពង់សោម​ សុទ្ធតែអ្នកស្គាល់គ្នា!»

សម្រាប់ស្ត្រីម្ចាស់ផ្ទះសំណាក់ម្នាក់ដែលសុំមិនប្រាប់ឈ្មោះឲ្យដឹងថា ថ្វីត្បិតតែផ្ទះសំណាក់អ្នកស្រីមានភ្ញៀវពេញក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរនេះមែន​ ប៉ុន្តែមិនមានការកក់ច្រើនដូចឆ្នាំមុនទេ។

អ្នកស្រីថា «តាមដែលភ្ញៀវស្នាក់នៅកន្លែងខ្ញុំ ភាគច្រើនគាត់និយាយពីបញ្ហាហ្នឹង ថាឥឡូវចិនច្រើនមែនទែន។ ហើយបើនិយាយពីសន្តិសុខ សុវត្ថិភាពមើលទៅអត់ស្រួល។ ហើយក្តាម បង្គារពីមុនតម្លៃធ្លាប់តែប្រាំ ប្រាំមួយម៉ឺន តែឥឡូវឡើងដល់ប្រាំបីទៅប្រាំបួនម៉ឺនក្នុងមួយគីឡូ។ ផ្ទះសំណាក់របស់ចិនគឺគាត់មិនហ៊ានគេងទេ គាត់និយាយថាមានអារម្មណ៍ខ្លាចដែលមិនមែនជាជនជាតិយើងដូចគ្នា ពិបាកនិយាយគ្នាអីអញ្ចឹងទៅ។ ហើយឆ្នាំនេះសង្ក្រាន្តនៅបាត់ដំបងក៏មាន ប៉ោយប៉ែតក៏មាន គេចែកគ្នាទៅអីអញ្ចឹងទៅ!»

ប្រធានមន្ទីរទេសចរណ៏ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹះស្នា ច្រានចោលការលើកឡើងថា ភ្ញៀវទេសចរថយចុះ ដោយលោកថា អ្នកលើកឡើងទាំងនោះមិនយល់ពីរបៀបគិតចំនួនភ្ញៀវទេសចរ។​

លោកបន្ថែមថា «ឆ្នាំ២០១៧មក២០១៨ភ្ញៀវចាប់ផ្តើមបុកទៅ ឆ្ងាយៗ ចឹងគាត់មើលឃើញភ្ញៀវនៅអូឈើទាលមានដូចរាងតិច ហើយនិងភ្ញៀវមួយចំនួនទៀតមកលេងទាំងបងប្អូនខ្ញុំអីហ្នឹងពេលមកគឺអត់កន្លែងគេង។ អ្នកខ្លះមកលេងពេលថ្ងៃហើយ ជួនកាលម៉ោង៧យប់គាត់បកទៅកែប កំពត កោះកុងទៀត។ អញ្ចឹងចំនួនភ្ញៀវយើងមានមូលដ្ឋានអញ្ចឹង និងមានការឯកភាព ការណែនាំគ្រប់គ្រងពីក្រសួងត្រឹមត្រូវ!»

លោកឆ្លើបតបនឹងការត្អូញត្អែរពីការលក់មិនដាច់របស់អាជីវករពីកំណើនជនជាតិចិនថា ទាក់ទងស្តង់ដារល្អ សេវាកម្ម និងបដិសណ្ឋារកិច្ចជាដើម។

ប្រធានសមាគមទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា ភ្ញៀវទេសចរទៅកំសាន្តនៅខេត្តព្រះសីហនុនៅឆ្នាំនេះ នៅតែមានចំនួនច្រើន​ប្រៀបធៀបជាមួយឆ្នាំមុនៗ។​

យ៉ាងណាក៏ដោយលោកក៏ស្រីសំណូមពរឲ្យអាជ្ញាធរស្តាប់ពីកង្វល់របស់ប្រជាពលរដ្ឋ។​ លោកស្រីថា  ពីមួយឆ្នាំទៅមួយឆ្នាំយើងមានបទពិសោធន៍ហើយថា អាជីវករមិនសប្បាយចិត្តពីរឿងអ្វីមួយ អាជ្ញាធរគួរស្វែងរកដំណោះស្រាយឲ្យពួកគាត់។​

បើតាម លោក គ្រឹះស្នា ថា ភ្ញៀវទេសចរទៅលេងខេត្តព្រះសីហនុអំឡុងបុណ្យចូលឆ្នាំខែ្មរឆ្នាំនេះ មានប្រហែលចំនួន១៤ម៉ឺននាក់ កើនជាងឆ្នាំមុនប្រាំភាគរយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ