បទយកការណ៍៖ យុវជនមួយក្រុមខំស្តារល្បែងប្រជាប្រិយដើម្បីផ្សះផ្សាជម្លោះក្នុងភូមិ

ពលរដ្ឋចាស់ក្មេងលេងល្បែងបោះអង្គញ់ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីពេលកន្លងទៅ។

អ្នកទស្សនាពេលខ្លះសើចសប្បាយជាមួយសាច់រឿងបែបកម្លុកកម្លែង ភ្ជាប់ជាមួយខ្លឹមសារ អប់រំ និងពេលខ្លះពួកគេរក្សាភាពស្ងប់ស្ងាត់ ពេលសម្តែងបង្ហាញពីភាពទន់ភ្លន់ តែរឹងមាំរបស់របាំដែលបន្សល់ពីដូនតាខ្មែរ។

ទាំងនេះគឺជាទិដ្ឋភាពក្នុងថ្ងៃចូលឆ្នាំ ដែលទើបកន្លង​ទៅថ្មីៗនេះ នៅក្នុងភូមិពោធិ៍អណ្តែត ឃុំព្រែកស្តី ស្រុក កោះធំ ខេត្តកណ្តាល​។ មានការរាំរបាំបុរាណ ឬ ការបង្រៀនកុមារឲ្យឆេះ រាំចង្វាក់ប្រពៃណីជាដើម។​

ក្រុមនេះក៏មានសម្តែងជាសាច់រឿងអប់រំ និងកម្លែងសប្បាយដែរ ដូចជា រឿងទឹកភ្នែកនាង មច្ឆា និង កែវ មនោរាជាដើម។

​ឆាកសម្តែងរៀបចំតាមបែបសាមញ្ញនៅស្រុកស្រែ មានតែស្លឹកឆ្នោត ឧបករណ៍នេសាទ និងស្លឹករុក្ខជាតិមួយចំនួន មកតុបតែងអមជាមួយពាក្យស្លោកអប់រំ​។​ ចំណែកក្រុមសម្តែងក៏មិនមែនជាអ្នកជំនាញមកពីណាដែរគឺជាកូនអ្នកភូមិនៅក្បែរនោះ ដែល​ទទួលបានការណែនាំពីរៀមច្បងមុន ពួកគេក៏អាចសម្តែងបាន។ បើទោះជាទីតាំងសាមញ្ញ អ្នកសម្តែងសាមញ្ញ ប៉ុន្តែអារម្មណ៍ របស់អ្នក ចូលរួម ទស្សនាយល់ថា មិនសាមញ្ញទេ។

ក្រៅពីការសម្តែងនៅលើឆាកនៅពេលល្ងាច គឺនៅពេលព្រឹក និងពេលរសៀលមានការលេងល្បែង ប្រជាប្រិយផ្សេងៗទៀត ដូចជា ការបោះអង្គុញ ចោលឈូង ទាញព្រ័ត្រ វាយក្អមជាដើម។​

ក្រុមយុវជនដែលមានគ្នាជាង១០នាក់ជាអ្នកផ្តួចផ្តើម ហើយបានរៀបចំកម្មវិធីចូល ឆ្នាំរបៀប នេះជិត១០ឆ្នាំមកហើយ។ ពីមួយឆ្នាំទៅមួយឆ្នាំការគាំទ្រពីអ្នកភូមិកាន់ តែច្រើនឡើង។​​

ប៉ុន្មានឆ្នាំចុងក្រោយនេះ មើលឃើញថា មានការគាំទ្រច្រើន។ ពួកខ្ញុំតែងតែដឹកនាំរៀបចំលេងរាល់ឆ្នាំតែប៉ុន្មានឆ្នាំចុងក្រោយនេះមានការចូលរួមគាំទ្រច្រើន​ ព្រោះឥឡូវការរៀបចំលេងបែបទាន់សម័យតែយើងរក្សាភាពដើមរបស់ប្រពៃណីយើង។​ ចឹងមានការគាំទ្រច្រើនពីចាស់ៗ ហើយនឹងរៀបចំឲ្យល្អនៅឆ្នាំក្រោយៗទៀត

អ្នករៀបចំដឹកនាំកម្មវិធីសម្ដែង

យុវជន គ្រី គ្រឿន ជាអ្នកដឹកនាំរៀបចំកម្មវិធីរំឭកអនុស្សាវរីយ៍ថា កាលគាត់នៅក្មេងៗ មានការរាំស្គរដី និងលេងល្បែងប្រជាប្រិយផ្សេងៗ អ្នកភូមិ ពិសេសបងប្អូនមាន ផ្ទះជិតៗចេះ ស្រលាញ់គ្នាណាស់ ប៉ុន្តែក្រោយមកល្បែងប្រជាប្រិយលែងសូវមានលេង ទំនាក់ទំនង ចុះខ្សោយ យុវជនមានឥរិយាបថមិនថ្លៃថ្នូរ កំពុងវក់វង្វេងជាមួយគ្រឿង ស្រវឹង គ្រឿងញៀន និង អំពើហិង្សាជាដើម។​ ទាំងនេះ ជាមូលហេតុនាំឲ្យពួកគាត់ខំស្តារល្បែងប្រជាប្រិយ ឡើងវិញ។

ឥឡូវឲ្យតែដល់ពេលចូលឆ្នាំ គេមិនសូវគិតពីរឿងល្បែងប្រជាប្រិយប៉ុន្មានទេ គឺឲ្យតែដល់ពេលគេលេងជះទឹក ប៉ាតម្សៅតាមវត្តអារាមផ្សេងៗ តែដោយឡែកនៅភូមិយើងនេះ ខ្ញុំមានគំនិតថា ចង់បង្កើតឲ្យទៅជាវប្បធម៌របស់តំបន់ខ្លួនឯង ហើយបើយើងធ្វើល្អក៏អាចផ្សព្វផ្សាយទៅតំបន់ផ្សេងៗដែរ

យុវជន គ្រី គ្រឿន ជាអ្នកដឹកនាំរៀបចំកម្មវិធី

ទន្ទឹមនឹងការរៀបចំកម្មវិធីសម្រាប់មនុស្សវ័យក្មេងនិងវ័យកណ្តាល ពួកគេក៏មិនភ្លេចដល់ មនុស្សវ័យចាស់ ឬ អ្នកស្លាប់ទៅនោះទេ គឺនៅថ្ងៃចុងក្រោយនៃពិធីចូលឆ្នាំតែងមាន ការរៀបចំ ពិធីបង្សុកូល សម្រាប់អ្នកស្លាប់ ហើយក៏មានការរៀបចំអាហារ និងពិធីងូតទឹកដល់ ចាស់ៗនៅ ក្នុងភូមិ។​

អាចថា ជាការសម្រេចក្តីសុបិន្ត របស់គ្រឿន និងក្រុមការងារ​របស់គាត់ដែលចង់ឲ្យ អ្នកភូមិទាំងក្មេងទាំងចាស់ចេះស្រលាញ់គ្នាដូចមុនគឺទាំងការរាំនិង​លេងល្បែងប្រជាប្រិយ មានការលេងរួមគ្នា ទាំងចាស់ក្មេង និងអ្នកដែលធ្លាប់មានជម្លោះកន្លងមកក៏ចូលរួមលេងជា មួយគ្នាដែរ ក្នុងនោះរួមមានទាំងឪពុកម្តាយ ឬ បងប្អូនបង្កើតចូលរួមលេងជាមួយគ្នា បន្លឺឡើងតែ សំឡេងសើចសប្បាយ និងបញ្ចេញស្នាមញញឹមភ្លេចអស់គំនុំពេលកន្លងទៅ។​

យុវជនក្រុមនេះ មានទស្សនៈមួយថា ចែករំលែកការសប្បាយ មិនដណ្តើមគ្នាសប្បាយទេ គឺមានន័យថា ពួកគេសុខចិត្តហត់ ឲ្យតែអ្នកភូមិបានសប្បាយ សាមគ្គីភាព និងរក្សាសម្បត្តិវប្បធម៌ល្អផូផង់របស់ជាតិ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ