មន្ត្រីនគរបាល​ថ្នាក់ឧត្តមសេនីយ៍ជិត៣០រូប​ត្រូវ​​ដាក់ឲ្យចូលនិវត្តន៍

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីកន្លងទៅ​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើទៅប្រមុខរដ្ឋាភិបាលឲ្យដាក់នាយនគរបាលជាន់ខ្ពស់របស់ក្រសួងជិត៣០រូបឲ្យចូលនិវត្តន៍ដោយថាអ្នកទាំងនោះដល់អាយុចូលនិវត្តន៍តាមកំណត់របស់ច្បាប់។

ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ដាក់ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យឈ្មោះឧត្តមសេនីយ៍ចំនួន២៤រូបនិងនាយឧត្តមសេនីយ៍៣រូប ដែលក្នុងនោះក៏មានឈ្មោះអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ផងដែរ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថាឧត្តមសេនីយ៍គឺមានដូចជាឧត្តមសេនីយ៍ឯក ឧត្តមសេនីយ៍ទោ និងឧត្តមសេនីយ៍ត្រី ដែលមានពាក់ផ្កាយបី ផ្កាយពីរ និងផ្កាយ១។ ដោយឡែកលោកថា មន្ត្រីនគរបាលដែលមានផ្កាយ៤ជានាយឧត្តមសេនីយ៍។ លោកឲ្យដឹងដែរថាជាធម្មតាច្បាប់បានកំណត់ត្រឹមអាយុមន្ត្រីទាំងនោះត្រឹម៦០ឆ្នាំឲ្យចូលនិវត្តន៍ ប៉ុន្តែលោកថាមានមន្ត្រីខ្លះមានអាយុលើសពី៦០ឆ្នាំតិចតួច។

លោក ខៀវ សុភ័គ ឲ្យដឹងដែរថារូបលោកក៏ត្រូវចូលនិវត្តពីមុខងារជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃផងដែរ។ ទោះយ៉ាងណាលោកថា លោកនៅមានតំណែងជាមន្ត្រីនយោបាយដែលមិនគិតពីអាយុចូលនិវត្តន៍គឺជានាយកខុទ្ទការល័យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាទីប្រឹក្សាប្រធានក្រុមតំណាងរាស្រ្តមតិភាគច្រើន លោក ស ខេង។ មិនខុសគ្នាដែរលោកថាប្រហែលជាមានមន្រ្តីនគរបាលខ្លះអាចទទួលតួនាទីជាទីប្រឹក្សានិងខ្លះក៏មិនទទួលតួនាទីអ្វីក៏មាន។

លោកបន្ថែមថា៖ “អ្នកខ្លះចូលនិវត្តន៍ទៅចប់ហើយ អ្នកខ្លះក៏ជាទីប្រឹក្សាក្រសួងទៅ និយាយរួមចូលនិវត្តន៍សិន ពូក៏មិនទាន់ដឹងច្បាស់ដែរ

លោក ខៀវ សុភ័គ ក៏មិនទាន់ច្បាស់ដែរថា តើលោកនៅតែមានតួនាទីជាអ្នកនាំពាក្យក្រសួងមហាផ្ទៃទៀតដែរឬយ៉ាងណានោះទេ។

បើតាមលោក ខៀវ សុភ័គ ក្រោយពីបានទទួលការយល់ព្រមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ត្រូវមានការយល់ព្រមពីព្រះមហាក្សត្រផងដែរចំពោះការដាក់មន្ត្រីជាន់ខ្ពស់ទាំងនេះឲ្យចូលនិវត្តន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ