លិខិតមិត្តអ្នកអាន៖ លោក សម រង្ស៊ី អាច​ក្លាយ​ជា​អ្នក​ក្លាហាន​ បើ​ហ៊ាន​ចេញ​ពី​ក្នុង​ស្នូក

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីកន្លងទៅ

ភាពក្លាហានសឹងតែជាគុណតម្លៃសាកលទៅហើយចំពោះមនុស្សជាតិ មានន័យថាស្ទើរគ្រប់វប្បធម៌តែងឱ្យតម្លៃភាពក្លាហានជាជាងភាពកំសាក។ ក្នុងវិស័យនយោបាយវិញក៏មិនខុសគ្នាដែរ ភាពក្លាហានរមែងដើរតួជាចលករមួយដ៏សំខាន់ផ្សើមក្តីសង្ឃឹមនិងផ្តល់គំរូក្លាហានដល់ប្រជាជនសាមញ្ញទាំងឡាយ ឱ្យហ៊ានប្រឆាំងនឹងការរំលោភអំណាចនិងអំពើអយុត្តិធម៌ទាំងឡាយ។ សកម្មភាពព្រមចូលខ្លួនឱ្យអាជ្ញាធរចាប់របស់តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន បានទទួលបានការគាំទ្រនិងកោតសរសើរជាច្រើនពីសំណាក់មហាជនថាលោកហ៊ានទទួលខុសត្រូវលើអ្វីដែលលោកអះអាងថាវាជាការពិត លោកថាត្រឡប់មកវិញលោកពិតវិលមែន ទោះបីតុលាការកាត់សេចក្តីថាដូចម្តេច លោកសុខចិត្តជាប់គុកក៏ពុំកែប្រែដែរ។ ផ្ទុយពីលោក សំអាន, លោក សម រង្ស៊ី ដែលជាប្រធានបក្សវិញបានផ្លាស់ប្តូរគម្រោងចូលស្រុក ដោយអាស្រ័យហេតុថាគេដកអភ័យឯកសិទ្ធិរបស់លោក មកពីតុលាការមិនឯករាជ្យ ដូច្នេះមិនត្រូវឆ្កួតល្ងង់ចូលស្រុកឱ្យគេចាប់ខ្លួនឡើយ ធ្វើនយោបាយត្រូវស្គាល់កាលៈទេសៈ។ អ្នកគាំទ្រគណបក្សប្រឆាំងក៏ត្រូវបង្ខំចិត្តអនុវត្តស្តង់ដារពីរ៖ ស្តង់ដារទីមួយ ត្រូវសរសើរថាលោក សំអាន ក្លាហានផង ហើយនិងត្រូវសរសើរលោក រង្ស៊ី ឈ្លាសវៃផង ស្របពេលស្ថានភាពប្រឈមរបស់ពួកគេទាំងពីរដូចគ្នា គឺសភានិងតុលាការក្រោមឥទ្ធិពលផ្តាច់មុខរបស់គណបក្សកាន់អំណាច អាចចាប់ខ្លួនជាមុន ដកអភ័យឯកសិទ្ធិជាក្រោយ។

បើគេសរុបស្តង់ដារទាំងពីរចូលគ្នា គេទទួលបានស្តង់ដាររួមមួយគឺលោក សំអាន ក្លាហានតែមិនឈ្លាសវៃ លោក រង្ស៊ី ឈ្លាសវៃតែមិនក្លាហាន។ សំណួរសួរថាបើលោក សំអាន មិនឈ្លាសវៃផង ហេតុអីសរសើរភាពក្លាហានរបស់លោក? ឯលោក រង្ស៊ី បើមិនក្លាហានផង ហេតុអ្វីសរសើរភាពឈ្លាសវៃរបស់លោក? នេះមានន័យថាស្តង់ដារមួយក្នុងចំណោមស្តង់ដារទាំងពីរមានបញ្ហា។ លោក សម រង្ស៊ី ឆ្លើយតបនឹងការដាក់រហស្សនាម អ្នកក្លាហានក្នុងស្នូក ដោយអ្នកវិភាគសង្គម លោក កែម ឡីនិងការស្នើឱ្យចូលស្រុករបស់អ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ បានយ៉ាងប៉ិនប្រសប់ គឺថាលោកជាមេទ័ព មិនអាចឱ្យគេចាប់ខ្លួនឡើយ បើគេចាប់បានគណបក្សលោកប្រាកដជាចប់ ប្រៀបដូចបើវៀតណាមចាប់សម្តេចឪបាន ស្រុកខ្មែរនឹងក្លាយជាកម្ពុជាក្រោម។

ការដាក់រហស្សនាមនេះមានន័យបត់បែនល្អ ព្រោះបង្កប់អត្ថន័យថា លោកនៅតែជាអ្នកក្លាហានប៉ុន្តែនៅសម្ងំតែក្នុងស្នូក គេចខ្លួនម្តងហើយម្តងទៀត លុះមានការចរចាដោះដូរនយោបាយណាមួយ ទើបហ៊ានចូលស្រុកវិញ ហើយក៏មានន័យមួយដែរទៀតថាលោកនៅតែជាអ្នកក្លាហានឱ្យតែលោកហ៊ានចេញពីក្នុងស្នូក ទោះបីពីមុនលោកភៀសខ្លួនច្រើនដងហើយក៏ដោយ ក៏ពលរដ្ឋនឹងព្យាយាមបំភ្លេចករណីចាស់ គាំទ្រករណីថ្មី។

 ទ្រឹស្តីធ្វើនយោបាយត្រូវរត់ចោលស្រុកមានប្រវត្តិនិងអ្នកអនុវត្តយូរមកហើយ លោកពុំមែនជាអ្នកនយោបាយតែម្នាក់ដែលគោរពតាមទ្រឹស្តីនេះឡើយ។ តាមស្នាដៃ ប្រវត្តិសាស្ត្រខ្មែររបស់លោក ដេវិឌ ឆាណ្ឌ័រ ៖ «នៅពេលសម្តេចព្រះសីហនុ បានយាងចេញពីស្រុកទេសដើម្បីវិស្សមកាលប្រចាំឆ្នាំរបស់ព្រះអង្គ នៅក្នុងខែមករា ឆ្នាំ១៩៧០ មានមនុស្សជាច្រើនបានបកស្រាយការយាងចេញដំណើរនេះថាជា ការលបរត់។ […] នៅដើមខែមីនា សេនាប្រមុខ លន់ ណុល បានជិះយន្តហោះរត់ចោលប្រទេសកម្ពុជាហើយបានយកទៅនូវប្រាក់ ១លានដុល្លារ ដែលរដ្ឋាភិបាលរបស់លោកបានប្រគល់ឱ្យ។ […] ដូចឯកអគ្គរដ្ឋទូតអាមេរិកាំងនៅឆ្នាំ១៩៧៥ ដែរ ប៉ុល ពត បានរត់គេចខ្លួនតាមឧទ្ធម្ភាគចក្រ នៅខណៈជាចុងក្រោយ។ […] ស្ថានភាពចុងក្រោយថ្ងៃចុងក្រោយនៃរបបកម្ពុជាប្រជាធិបតេយ្យ មានសភាពដូចគ្នាបេះបិទនឹងស្ថានភាពនៃថ្ងៃចុងក្រោយរបស់របប លន់ ណុល ក្នុងឆ្នាំ១៩៧៥ ដែលមានលក្ខណៈគួរឱ្យចាប់អារម្មណ៍និងគួរឱ្យអស់សំណើច»។ មកដល់ក្រោយសម័យអ៊ុនតាក់ សម្តេចក្រុមព្រះក៏រត់គេចខ្លួនក្នុងព្រឹត្តិការណ៍រដ្ឋប្រហារ៩៧និងបាតុកម្មប្រឆាំងការបោះឆ្នោត៩៨ ដូចគ្នា។ ឆ្នាំ២០១៣ លោក សួន សេរីរដ្ឋា ដែលកាលនោះបានដឹកនាំចលនាជំរុញឱ្យពលរដ្ឋធ្វើពហិការការបោះឆ្នោត ក៏បានរត់ចោលសមាជិករបស់ខ្លួនឱ្យជាប់គុកជំនួសខ្លួនដូចគ្នា។ ដូច្នេះ គេមិនអាចអនុវត្តស្តង់ដារពីរចំពោះករណីលោក សម រង្ស៊ី រត់ចោលបាតុករឆ្នាំ១៩៩៨ និងឆ្នាំ២០១៣ឡើយ ព្រោះរណឫទ្ធិក៏រត់ដូចគ្នា ឯសំណុំរឿងដកបង្គោលព្រំដែននៅខេត្តស្វាយរៀងឆ្នាំ២០០៨ ក៏មិនអាចបន្ទោសលោក ដែលទុកពលរដ្ឋដែលដកបង្គោលជាមួយលោកជាប់គុកជំនួសដែរ ព្រោះលោក សេរីរដ្ឋា ក៏ធ្វើអ៊ីចឹងដូចគ្នា នេះនៅមិនរាប់ករណីជាច្រើនទៀតដែលអ្នកនយោបាយតែងគ្មានទំនួលខុសត្រូវផង ពួកគេតែងមើលបំណាំគ្នា ដើរតាមទ្រឹស្តីធ្វើនយោបាយត្រូវរត់ចោលស្រុក ចូលចិត្តរៀនតាមគ្នាតែចំណុចមិនល្អបែបនេះតាំងពីដើមមក។

យើងយល់ស្របនឹងអ្នកវិភាគមួយចំនួន ក្នុងនោះមានលោក កែម ឡី ផងដែរថា កម្ពុជាអភព្វណាស់ ព្រោះគ្មានមេដឹកនាំណាអាចយកជាគំរូបាន មានតែគំរូអាក្រក់ការអះអាងនេះមិនមែនជាការជំរុញឱ្យលោក សម រង្ស៊ី ជាប់គុកច្រវាក់និងរុញលោកទៅរកគ្រោះថ្នាក់ឡើយ តែគឺជាស្រេកឃ្លានសេចក្តីក្លាហាននិងគំរូពីអ្នកដឹកនាំ ត្បិតបានតែមាត់ឥតប្រយោជន៍ទេ។ លោកក៏មិនមែនជាបុគ្គលតែម្នាក់ដែលរងអំពើអយុត្តិធម៌ ការគំរាមកំហែង គុកច្រវាក់ ការប៉ងសម្លាប់ ការបង្ក្រាប ការរំលោភសិទ្ធិ ការអនុវត្តច្បាប់ដោយស្តង់ដារពីរ ការដកអភ័យឯកសិទ្ធិ រងការចោទប្រកាន់ពីតុលាការមិនឯករាជ្យនោះដែរ។ល។

ប្រជាពលរដ្ឋសាមញ្ញ អ្នកវិភាគ មន្ត្រីសង្គមស៊ីវិលការពារសិទ្ធិមនុស្ស សកម្មជនដីធ្លីនិងបរិស្ថាន ព្រះសង្ឃ រាប់ទាំងសមាជិកគណបក្សសង្គ្រោះជាតិផង…សុទ្ធតែជួបប្រទះបញ្ហាទាំងនេះដូចតែគ្នាទេ ប៉ុន្តែពួកគេមិនបានរត់យករួចខ្លួនតែឯងឡើយ រិតតែមិនសំអាងថាខ្លួនជាប្រធានជាអនុប្រធានអង្គការ ថាត្រូវរត់ទៅបរទេស ព្រោះគ្មានប្រធានអង្គការរបស់ខ្លួននឹងរលំ។ ការអះអាងនេះប្រហាក់ហែលនឹងសម្តេចអះអាងដែរថា គ្មានលោកស្រុកខ្មែរចលាចលឬមានសង្គ្រាមជាដើម។ យុទ្ធនាការឈុតខ្មៅថ្មីៗទៀតសោត ពួកគេនៅតែបន្តទោះមានការឃាត់ខ្លួនក៏ដោយ ទាំងអ្នកដឹកនាំនិងអ្នកចូលរួមសុខចិត្តឱ្យអាជ្ញាធរឃាត់ខ្លួន៨នាក់ ពួកគេរួមសុខទុក្ខនឹងអ្នកចូលរួម មិនដូចមេបក្សប្រឆាំងសុខតែឯង ហើយទុកឱ្យសមាជិកជាប់ឃុំនិងអនុប្រធានរងការគំរាមសម្លាប់ (តាមហ្វេសប៊ុកឆ្នាំ២០១៣) និងរងការធ្វើបុកម្នេញតាមរយៈរឿងអាស្រូវស្នេហានោះទេ ហើយលោក កឹម សុខា ក៏ពុំបានរត់ចោលស្រុកដែរ។

គួរបើករង្វង់ក្រចកកាលឆ្នាំ២០០៥ លោក កឹម សុខា ក៏ធ្លាប់ជាប់ឃុំខ្លួន កាលនៅជាប្រធានមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្នុងសំណុំរឿងរិះគន់ការចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែនឆ្នាំ១៩៨៥ ជាមួយវៀតណាមដែរ, ក្នុងនោះក៏មាន លោក ប៉ា ងួនទៀង កាលនៅជាអនុប្រធានមណ្ឌលសិទ្ធិមនុស្សកម្ពុជា, លោក រ៉ុង ឈុន កាលនៅជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យនិងលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ ព្រមទាំងលោក យ៉េង វីរៈ កាលនៅជាអតីតនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ផងដែរ។ ករណីនេះ គេត្រូវអនុវត្តស្តង់ដារពីរទៀតហើយ ពោលគឺសរសើរភាពក្លាហានអ្នកទាំង៥នាក់ក្នុងការប្រឆាំងការចុះសន្ធិសញ្ញាព្រំដែនឡើងវិញរបស់លោកនាយករដ្ឋមន្ត្រីផងនិងសរសើរភាពឈ្លាសវៃរបស់លោក សម រង្ស៊ី ដែលមិនចូលស្រុកនាំឱ្យជាប់ឃុំដូចអ្នកទាំង៥ផង។ ដោយសារតែចង់ចូលស្រុកវិញ លោកបានលើកសំណើនិងសុខចិត្តបង្គ្រប់សំឡេងកែប្រែមាត្រារដ្ឋធម្មនុញពីពីរភាគបីមកហាសិបបូកមួយនៅឆ្នាំ២០០៦ ដែលអ្នកវិភាគចាត់ទុកថាជាការបំផ្លាញរចនាសម្ព័ន្ធប្រជាធិបតេយ្យដ៏ធ្ងន់ធ្ងរ។  វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០០៦នេះហើយ ដែលធ្វើឱ្យគណបក្សកាន់អំណាចអាចបង្កើតរដ្ឋាភិបាលតែឯងបាននិងអនុម័តច្បាប់មិនចាំបាច់ត្រូវសំឡេងពីបក្សឯទៀត ពោលគឺជិះសេះលេងដៃតែម្តង។

ឆ្លើយប្រាប់លោក Sebastian  Strangio អ្នកនិពន្ធសៀវភៅ «កម្ពុជារបស់លោក ហ៊ុន សែន» ទំ. ១១៣, លោក សម រង្ស៊ី ថាលោកកែរដ្ឋធម្មនុញ្ញដើម្បីសងសឹកសម្តេចក្រុម ដែលចូលរួមនឹងគណបក្សកាន់អំណាចបង្កបញ្ហាដល់លោក។ ចុងក្រោយការសងសឹកនេះជោគជ័យមែន សម្តេចក្រុមព្រះលាលែងពីតំណែងប្រធានរដ្ឋសភា គណបក្សហ្វ៊ុនស៊ិនប៉ិចបែកបាក់ បរាជ័យតែត្រង់ថា អ្នកឈ្នះគឺលោក ហ៊ុន សែន មិនមែនលោក សម រង្ស៊ី ទេ។ វិសោធនកម្មនេះហើយដែលជះឥទ្ធិពលខ្លាំងលើការចូលសភារបស់គណបក្សសង្គ្រោះជាតិនិងការចរចាបង្កើតកិច្ចព្រមព្រៀងនយោបាយ ២២ កក្កដា ២០១៤, គឺគណបក្សសង្គ្រោះជាតិមិនអាចធ្វើអ្វីបានឡើយ ដោយជាប់ខ្ទាស់នឹងកូរ៉ុម ៥០ បូក ១ គណបក្សកាន់អំណាចមិនត្រូវការសំឡេងបង្គ្រប់ដូចកាល២០០៣ ២ភាគ៣ ឡើយ។ លោក សុខ ទូច នៅមុនគណបក្សប្រឆាំងចូលសភា បានព្រមានថាត្រូវតែធ្វើវិសោធនកម្មមក ២ភាគ៣ជាមុនសិន ទើបបក្សប្រឆាំងមានឥទ្ធិពលក្នុងសភា។ គួរឱ្យស្តាយ ពាក្យរបស់លោក សុខ ទូច គ្មានប្រសិទ្ធភាពឡើយ ក្រោយចូលសភា គណបក្សប្រឆាំងពិតជាមិនអាចធ្វើអ្វីកើតមែន។ តាមពិត បក្សប្រឆាំងបានដឹងពីចំណុចនេះ តែវាទៅរួចឡើយ ព្រោះបក្សកាន់អំណាចមិនល្ងង់ឡើយហើយច្បាស់ជាបដិសេធ ម្យ៉ាងបក្សកាន់អំណាចបានដើរខ្សែលើរួចទៅហើយដោយចាប់សមាជិកបក្សប្រឆាំងមុនចរចានិងបង្ក្រាបបាតុកម្មរបស់សង្គ្រោះជាតិឱ្យបាក់កម្លាំងជាមុនទៅហើយ។ លោក កឹម សុខា ក៏បានដឹងជាមុនដែលថាក្រោយចូលសភា អ្វីទាំងអស់នឹងឋិតក្នុងកណ្តាប់ដៃនាយករដ្ឋមន្ត្រី។ ចម្លែកត្រង់ថាទោះបីលោក សម រង្ស៊ី គឺជាអ្នកបំផ្លាញវិធានប្រជាធិបតេយ្យ ២ភាគ៣ ក៏ដោយ ក៏លោកនៅតែអះអាងថាខ្លួនជាអ្នកប្រជាធិបតេយ្យដដែល។

ត្រឡប់មករកយុទ្ធនាការឈុតខ្មៅវិញ ដោយសារភាពក្លាហានប្រឈមនឹងគុកច្រវាក់នេះរបស់អ្នកចូលរួមយុទ្ធនាការនេះហើយ ទើបរដ្ឋអំណាចកាត់បន្ថយការឃាត់ខ្លួនពី៨នាក់មកត្រឹមតែ៥នាក់ អ្នកចូលរួមពុំមែនមិនដឹងថាប្រឈមនឹងការចាប់ខ្លួនឡើយ រិតតែមិនរត់ចោលស្រុកព្រោះខ្លាចការចាប់ខ្លួន។ ថ្ងៃចន្ទទាំងពីរនេះ អ្នកចូលរួមសុទ្ធតែត្រូវបានដោះលែងវិញ ព្រោះការចាប់ខ្លួនមានប្រសិទ្ធភាពតែនៅពេលវាបង្កការភ័យខ្លាចប៉ុណ្ណោះ បើគេរត់គេចពីវា តាក់ទិចចាប់ខ្លួននឹងមានប្រសិទ្ធភាព ព្រោះវាជួយបំភ័យអ្នកដទៃទៀត ឱ្យរត់គេចតាមគំរូភ័យខ្លាចដែរ។ ទស្សនៈដែលថាអ្នកវិភាគបានតែថា មិនអនុវត្តខ្លួនឯង, មិនមែនអ្នកនយោបាយមិនបាច់ទទួលខុសត្រូវ, ក្លាហានតែក្នុងស្នូកដូចតែគ្នា, មិនយល់កាលៈទេសៈ, មិនស្គាល់ស្ថានភាពស្រុកខ្មែរមិនដឹងតុលាការមិនឯករាជ្យ, វិភាគដើម្បីបំបែកបំបាក់, ជាសកម្មជននយោបាយគណបក្សផ្សេង, ស៊ីឈ្នួលគេ មានគេឱ្យលុយ… មិនស៊ីគ្នានឹងភស្តុតាងឡើយ។ លោក កែម ឡី ដែលជំរុញឱ្យមេបក្សប្រឆាំងក្លាហាន លោកក៏ក្លាហានរិះគន់រដ្ឋាភិបាលពេលពួកគេធ្វើខុសច្បាប់ដែរ មិនមែនរិះគន់តែបក្សប្រឆាំងឯណា, ហើយលោកតែងអះអាងថា ធ្វើអ្នកវិភាគត្រូវហ៊ានជាប់គុកនិងប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតដូចគ្នា មិនមែនដើរតាមទ្រឹស្តីធ្វើអ្នកវិភាគត្រូវរត់ចោលស្រុកទេ។ លោកតែងនិយាយពីអ្នកគំរាមលោកថា ទោះគំរាមយ៉ាងម៉េច ក៏លោកនៅតែនិយាយដែរ ព្រោះវាទាក់ទងមហន្តរាយជាតិទាំងមូល ជាក់ស្តែងលោកទទួលបានកោតសរសើរជាខ្លាំងពីមហាជន ពួកគេតែងចង់ស្តាប់លោកបកស្រាយជាងអ្នកវិភាគដទៃទៀត សូម្បីតែអ្នកមកពីគណបក្សកាន់អំណាចក៏ជំរុញឱ្យលោកនៅតែនិយាយដែរ ព្រោះលោកតែងរិះគន់ស្ថាបនា។ មូលហេតុនេះហើយ ទើបគណបក្សកាន់អំណាចមិនសូវហ៊ានចាត់វិធានការលើលោក កែម ឡី ដូចទៅលើលោក អ៊ូ វីរៈ ឡើយ ព្រោះខ្លាចមហាជនក្តៅក្រហាយ ពិសេសគឺកំហឹងមកពីអ្នកនៅក្នុងគណបក្សកាន់អំណាចដែលមានសាមានចិត្តនឹងលោក។ លោក អ៊ូ វីរៈ ក៏រងការចោទពីបទបរិហារកេរ្តិ៍ដូចលោក សម រង្ស៊ី ដែរ ទោះលោកគ្រាន់តែនិយាយពាក្យពិតក៏ដោយ ប៉ុន្តែលោកនៅតែហ៊ានចូលខ្លួនតាមតុលាការបង្គាប់ដែរ។ លើសពីនេះ លោកក៏ធ្លាប់បានសរសើរលោក សម រង្ស៊ី ថាក្នុងចិត្តពលរដ្ឋ គាត់ជាវីរបុរសប្រឆាំងដែរ គឺឱ្យតែឮពាក្យប្រឆាំងគឺគេនឹកដល់ឈ្មោះគាត់មុនគេហើយ មិនមែននឹកដល់អ្នកវិភាគនោះទេ។ លោក សុខ ទូច ទោះបីបាត់បង់ប្រជាប្រិយខ្លាំងក្រោយកាត់បន្ថយការរិះគន់រដ្ឋាភិបាលនិងប្រឡូកក្នុងកិច្ចការព្រំដែនក៏ដោយ យ៉ាងហោចណាស់ក៏លោកធ្លាប់ត្រូវគេគំរាមសម្លាប់ដូចគ្នា ហើយរងការលាបពណ៌ពីបក្សទាំងពីរដែរ មួយថាគាត់កាន់ជើងបក្សកាន់អំណាច មួយថាកាន់ជើងបក្សប្រឆាំង មិនសល់លំហសម្រាប់អ្នកឯករាជ្យសោះឡើយ។

ពលរដ្ឋជាច្រើនរងគ្រោះពីតុលាការមិនឯករាជ្យនិងការរំលោភដីធ្លី, គង់ រៃយ៉ា ត្រឹមតែជានិស្សិតម្នាក់ដែលត្រូវជាប់ ព្រោះតែសារខ្លីមួយអំពីបដិវត្តន៍ពណ៌ប៉ុណ្ណោះ, ពលរដ្ឋស្លូតត្រង់ពីររូប ប៊ន សំណាង និង សុខ សំអឿន រងការចោទប្រកាន់ថាជាឃាតក(សិប្បនិមិត្ត)សម្លាប់លោក ជា វិជ្ជា ។ សរុបមក មិនមែនតែអ្នកនយោបាយប្រឆាំងទេរងគ្រោះ ពលរដ្ឋជាច្រើនក៏ដូចគ្នា ការសំអាងលើហេតុផលតុលាការមិនឯករាជ្យនិងការរំលោភសិទ្ធិមនុស្សពុំគ្រប់គ្រាន់ដើម្បីធ្វើលេសនិរទេសខ្លួនឡើយ បើចាំដល់តុលាការឯករាជ្យនិងមានការគោរពសិទ្ធិមនុស្សពេញលេញទើបមេបក្សប្រឆាំងព្រមចូលស្រុកវិញនោះ នៅពេលនោះពលរដ្ឋក៏លែងត្រូវការលោកទៀតដែរ បើគ្រប់គ្នាទទួលបានយុត្តិធម៌និងសិទ្ធិពេញលេញទៅហើយហ្នឹង។ ម្យ៉ាងលោកនិរទេសខ្លួនក៏ច្រើនលើកណាស់ទៅហើយដែរ គេមិនទាន់ឃើញតុលាការឯករាជ្យផងដែរ ការរំលោភសិទ្ធិមនុស្សក៏នៅតែបន្ត លោកក៏មិនអាចរត់រហូតទេ ប្រើលេសដដែលៗគង់អស់ប្រសិទ្ធភាព។

គណបក្សប្រឆាំង ហេតុតែកើនប្រជាប្រិយភាពខ្លាំងនៅឆ្នាំ២០១៣ និងមកទល់ឥឡូវ មួយចំណែកក៏ដោយសារក្លាហានហ៊ានរិះគន់ត្រង់ៗដែរ ទោះបីអ្នកគាំទ្រទាំងនោះនិយាយយ៉ាងម៉េចក៏ដោយ ចង់ថាពួកគេមិនចង់ឃើញមេបក្សជាប់ឃុំ លើកហេតុផលជាមេទ័ពតាមសម្តីមេបក្ស ខ្លះខំប្រដូចនឹងការលេងអុក ស្តេចមិនអាចឱ្យគេអុក, ខំពន្យល់ថាការចាប់ខ្លួនជាល្បិចបក្សកាន់អំណាចដើម្បីចង់អុកស្តេច, មិនចង់ឮគេហៅមេបក្សខ្លួនថាកំសាកឬថាអ្នកក្លាហានក្នុងស្នូក នៅតែជឿថាមេបក្សខ្លួនក្លាហាន ទើបកុំនិយាយការពារមេបក្ស (លោក អេង ឆៃអ៊ាង ថ្លែងការពារមេបក្សទៅខ្មែរក្រោម), ខំរកអំណះអំណាងថានៅភូមា, អាហ្វ្រិកខាងត្បូង ឥណ្ឌា ផ្សេងពីកម្ពុជា, ខំរិះគន់អ្នកចោទមេបក្សថាមិនឯករាជ្យ ចោទដោយទាំងវីអូឌីទៅទៀត (គេមិនអាចសំអាងលើអត្ថបទមួយចោទថាវីអូឌីមិនឯករាជ្យទេ រិតតែមិនមែនទាល់តែសរសើរបក្សប្រឆាំងទើបឯករាជ្យដែរ, អត្ថបទឯករាជ្យគឺផ្អែកលើភស្តុតាងមិនមែនចេះវិភាគដោយប្រកាន់ទេ)។ ទោះពួកគេប្រកែកដូចម្តេចក៏ដោយ ការពិតមួយដែលពុំអាចបដិសេធបានគឺថា ពួកគេនៅតែឱ្យតម្លៃលើភាពក្លាហាននិងការពលី ទើបពួកគេប្រឹងនិយាយការពារជំហរនៅខាងក្រៅស្រុករបស់លោក សម រង្ស៊ី ថាលោកជាអ្នកក្លាហាន មិនមែនក្លាហានតែក្នុងស្នូកទេ, លោកមិនទាន់ចូលស្រុកដោយសារដើម្បីបំពេញកិច្ចការក្រៅប្រទេស ដើម្បីដឹកនាំរៀបចំបក្ស (លោក សំអាន ក្រោយចប់ភារកិច្ចហេតុអ្វីក៏លោកហ៊ានចូលស្រុក?) មានន័យថា ពួកគេក៏ចង់ឃើញមេបក្សប្រឆាំងសម្តែងភាពក្លាហានជាសកម្មភាពផ្ទាល់ដែរ ទោះរូបភាពចេញមកជាមេទ័ពបញ្ជាពីក្រៅស្រុកក៏ដោយ។ មិនមែនតែករណីលោក សម រង្ស៊ី ទេ សូម្បីតែលោក ហ៊ុន សែន ពេលលោកក្លាហានប្រឆាំងនឹងការឈ្លានពានរបស់ថៃ ប្រជាប្រិយភាពរបស់លោកក៏កើនខ្ពស់បំផុតដែរ ទើបបក្សលោកឈ្នះដាច់នៅក្នុងការបោះឆ្នោត២០០៨ ទោះមានភាពមិនប្រក្រតីខ្លះក៏ដោយ ក៏ជាក់ស្តែង ពលរដ្ឋភាគច្រើនពិតជាបោះឆ្នោតឱ្យបក្សលោកមែន ព្រោះគេគិតថាមានតែលោកទេទើបមានបទពិសោធន៍ខាងសឹកសង្គ្រាមអាចទប់ទល់នឹងថៃបាន (យុទ្ធសាស្ត្រជាតិនិយមទាក់ទាញសន្លឹកឆ្នោត)។ ជាសម្តីថាមិនចង់ឱ្យមេបក្សពលីឬមិនចង់ឱ្យក្លាហានដោយល្ងិតល្ងង់ចូលឱ្យគេចាប់ តែសកម្មភាពជាក់ស្តែង ពលរដ្ឋតែងគាំទ្រភាពក្លាហាននិងការពលី ដូច្នេះហើយទើបគាំទ្រការធ្វើរូបសំណាក អ្នកលះបង់ដើម្បីជាតិជាច្រើន ជ័យវរ្ម័នទី៧, សម្តេចតា, ជួន ណាត, ក្រុម ង៉ុយ, ជា វិជ្ជា, និងគោរពលោក ឈុត វុទ្ធី ផងដែរ។

អំណះអំណាងលោក សម រង្ស៊ី អំពីសម្តេចឪ យើងពិបាកតេស្តបន្តិច ព្រោះវាគ្រាន់ជាឧទាហរណ៍ (Speculation) មិនមែនជាព្រឹត្តិការណ៍កើតឡើងជាក់ស្តែង ពោលគឺ ធ្វើម្តេចលោកអាចដឹងថាស្រុកខ្មែរនឹងក្លាយជាកម្ពុជាក្រោម បើសម្តេចតាមិនដែលទាំងបានឱ្យវៀតណាមចាប់ពិតប្រាកដផងហ្នឹង។ ភស្តុតាងជាក់ស្តែង សូម្បី ប៉ុល ពត និង ហ៊ុន សែន ក៏មិនហ៊ានធ្វើអីព្រះអង្គដែរ គឺព្រះអង្គនៅតែមានអំណាចនិមិត្តរូបក្នុងនាមជាស្តេច ទោះបីក្នុងករណីគ្មានអំណាចនយោបាយ, បើព្រះអង្គមិនចាកចេញពីខ្មែរ ក៏គ្មានរដ្ឋប្រហារ១៩៧០ដែរ។ ករណីបង្ខំព្រះមហាក្សត្រឱ្យចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែន១៩៨៥ នោះទៀតសោតក៏ព្រះអង្គមិនចុះញ៉មដែរ ព្រះអង្គសុខចិត្តដាក់រាជ្យភៀសព្រះកាយទៅប្រទេសចិន ទោះបីនាយករដ្ឋមន្ត្រីព្រមានផ្លាស់ប្តូររបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញទៅសាធារណរដ្ឋក៏ដោយ។ យោលតាមភស្តុតាងនេះ បើយើងបង្ខំចិត្តត្រូវតែឧបមា ទោះបីវៀតណាមចាប់ព្រះអង្គបាន ក៏លោក សម រង្ស៊ី មិនគួរហ៊ានប្រាកដថា ព្រះអង្គព្រមដាក់ខ្មែរជាកម្ពុជាក្រោមដែរ លុះត្រាតែព្រះអង្គគិតតែពីជីវិតខ្លួនឯង សុទ្ធចិត្តបណ្តោយវៀតណាមយកស្រុកខ្មែរ ដើម្បីព្រះអង្គបានរួច សុទ្ធចិត្តឱ្យគេគំរាមកំហែងប្រជាជនខ្មែរទាំងមូល។

ការប្រៀបនយោបាយប្រដូចនឹងការលេងអុកនិងការធ្វើសឹកសង្គ្រាម (មេទ័ព) មិនឆ្លុះបញ្ចាំងពីយន្តការប្រជាធិបតេយ្យផ្ទៃក្នុងបក្សឡើយ។ ជាវិធានក្នុងល្បែងអុក ត្រូវគេអុកស្តេចពិតជាចាញ់ តែវិធានក្នុងល្បែងនយោបាយ គេអុកមេបក្សឬចាប់មេទ័ព មិនប្រាកដថាអ្នកអុកបាន ឈ្នះនោះទេ លុះត្រាតែកូនអុកទាំងអស់បែកបាក់ ដណ្តើមគ្នាធ្វើមេ ទៅបង្កើតបក្សថ្មីរៀងៗខ្លួនដើម្បីបានធ្វើមេ មិនមានយន្តការប្រកួតប្រជែងជ្រើសរើសមេបក្សថ្មី (មានការបោះឆ្នោតសម្ងាត់និងតម្លាភាព មានបេក្ខភាពមេបក្សច្រើននិងថ្មីៗ) មិនមានវិធានសម្រេចចិត្តក្នុងបក្សដោយសំឡេងពីរភាគបីក្នុងការកំណត់ក្រលាដើរនីមួយៗរបស់បក្ស ឬក៏សម្រេចដោយមេម្នាក់ពីរនាក់។ បើចង់និយាយពីរឿងអុកស្តេច គួរនិយាយដល់ប្រព័ន្ធដឹកនាំបែបរាជាធិបតេយ្យ។ មូលហេតុដែលរបបស្តេចតែងរំលោភអំណាច ប្រហារជីវិតអ្នកប្រឆាំងឬរិះគន់ស្តេចតាមចិត្ត តែងមានបញ្ហាពេលស្នងរាជ្យឬជ្រែករាជ្យ តែងសំបូរមន្ត្រីអែបអបជាងមន្ត្រីនិយាយពាក្យពិត…ព្រោះដោយសារគ្មានយន្តការប្រជាធិបតេយ្យ (ស្តេចមិនត្រូវបានជ្រើសរើសដោយរាស្ត្រ តែដោយស្នងត្រកូល, មិនផ្អែកលើសមត្ថភាពតែផ្អែកលើពូជពង្ស) គ្មានយន្តការផ្ទេររាជ្យដោយសន្តិវិធីនិងតុល្យភាពអំណាចហ្នឹងហើយ ទើបរបបស្តេចតែងមានជម្លោះផ្ទៃក្នុងនិងមិនអាចដឹកនាំប្រទេសឱ្យរីកចម្រើន មិនសូវសំបូរស្តេចល្អ ផ្ទុយទៅវិញ ពេលទទួលបានស្តេចមិនល្អ រាស្ត្រមិនបន្ទោសប្រព័ន្ធដឹកនាំដែលមិនអាចផលិតស្តេចល្អទេ ពួកគេបន្ទោសបុគ្គលស្តេចទៅវិញ។ កាលណាស្តេចនៅលើច្បាប់បញ្ជាតុលាការ ច្បាប់នឹងអាស្រ័យបុគ្គលមានអំណាចកំពូលជាជាងបុគ្គលគោរពច្បាប់, វាបង្ខំរាស្ត្រនិងមន្ត្រីឱ្យត្រូវតែធ្វើតាមស្តេចនិងត្រូវតែអែបអបស្តេច ព្រោះខ្លាចអំណាចស្តេច, តុលាការកំពូលគឺស្តេច ចង់កាត់ក្បាលនរណាពេលណាក៏បាន, បង្ខំឱ្យរាស្ត្ររត់ទៅរកអន្តរាគមន៍ពីស្តេចរហូត។ ហេតុនេះហើយ ទើបអ្នកវិទ្យាសាស្ត្រនយោបាយចាត់ទុករបបរាជាធិបតេយ្យជារបបផ្តាច់ការ។ និយាយពីរបៀបដឹកនាំតាមបែបយោធាវិញ ការអះអាងថា មេទ័ពមិនអាចឱ្យគេចាប់ខ្លួនបាន កងទ័ពមិនអាចគ្មានមេទ័ព កងទ័ពបាក់ទឹកចិត្តបើអវត្តមានមេទ័ព គឺត្រឹមត្រូវ តែសូមកុំភ្លេចថា រចនាសម្ពន្ធដឹកនាំបែបយោធាគឺរបៀបមេទ័ពនិយម ដូចគ្នានឹងមេបក្សនិយមដែរ។ មេទ័ពសម្រេចតែម្នាក់ឯងសុទ្ធសាធ ទោះបីការសម្រេចរបស់មេទ័ពនាំទុក្ខដល់កងទ័ពក៏មិនប្រាកដថាមេទ័ពទទួលខុសត្រូវឬមានទោសដែរ តែបើកូនទាហានមិនគោរពបញ្ជាមេទ័ពវិញ ទណ្ឌកម្មនឹងអណោចអធ័ម (ស្តង់ដារពីរ ច្បាប់សឹកនៅលើបបេមាត់មេទ័ព)។ ហេតុនេះហើយ ទើបរបបដឹកនាំដែលកើតចេញពីក្រុមយោធាឬចលនាប្រដាប់អាវុធ ច្រើនជារបបផ្តាច់ការពិបាកបត់រកប្រជាធិបតេយ្យណាស់ របបនោះតែងមិនទទួលស្គាល់សន្លឹកឆ្នោត បើចាញ់ ធ្វើរដ្ឋប្រហារបក្សឈ្នះឆ្នោត កំទិចបក្សប្រឆាំង បង្ក្រាបឬធ្វើឃាតអ្នកប្រឆាំងជាដើម។ល។ សឹងមិនចាំបាច់រកឧទាហរណ៍ឯណាឆ្ងាយ ខ្មែរក្រហមនិងក្រុមអ្នកបែកចេញពីខ្មែរក្រហមដឹកនាំតាមរបៀបផ្តាច់ការ ត្បិតពួកគេជាក្រុមចលនាឧទ្ទាមទ័ពព្រៃ, បក្សកុម្មុយនិស្តវៀតណាមនិងចិនកើតចេញពីចលនាឧទ្ទាមប្រដាប់អាវុធដូចគ្នា, របបសឹកភូមា ក៏កើតចេញពីក្រុមយោធា ដឹកនាំតាមរបៀបផ្តាច់ការ ដូចរបៀបយោធាត្រួតត្រាកងទ័ពដែរ។

តាមពិតទៅ លោក សម រង្ស៊ី ចាត់ទុកខ្លួនឯងជាមេទ័ព គ្រាន់តែជាការប្រៀបធៀបប៉ុណ្ណោះ មេទ័ពគឺមេដឹកនាំនេះឯង មិនមែនន័យត្រង់ថាជាមេទ័ពក្តាប់អំណាចយោធាអ្វីទេ ជាក់ស្តែង លោកក៏មិនដែលទទួលបានការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រយោធាអ្វីដែរ។ ទោះបីយ៉ាងណា ការអះអាងថា មេទ័ព ត្រូវចេះស្គាល់កាលៈទេសៈ អាចត្រឹមត្រូវ លុះត្រាមេទ័ពរត់គេចជាមួយកងទ័ព មិនមែនរត់តែឯងទេ។ ផ្ទុយទៅវិញ បើមេទ័ពបណ្តោយឱ្យកងទ័ពស្លាប់ឬឋិតក្នុងសភាពគ្រោះថ្នាក់ ដើម្បីរួចខ្លួនតែឯង ចង់មិនចង់ កងទ័ពនឹងបាក់ទឹកចិត្តព្រោះគ្មានមេទ័ពជាគំរូនៃភាពក្លាហានច្បាំងនឹងសត្រូវ។ បើគេថាមិនគួរចូលព្រោះតុលាការមិនឯករាជ្យ មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ មេទ័ពមិនគួរចូលអន្ទាក់ អ៊ីចឹងមានតែអ្នកជាប់ក្នុងអន្ទាក់គឺជាកងទ័ព ត្បិតពលរដ្ឋកំពុងឋិតតែក្នុងស្ថានភាពតុលាការមិនឯករាជ្យនិងការរំលោភសិទ្ធិហ្នឹងហើយ។ បើស្លាប់កងទ័ពអស់ទៅហើយ មេទ័ពម៉េចនឹងអាចមានមុខអ្វីធ្វើជាមេទ័ពទៀតទៅ បើអ្នកគោរពបញ្ជាកំពុងខ្ចប់ទៅហើយហ្នឹង។ ក្នុងនាមជាមេទ័ព បើមិនអាចកើតថ្ងៃតែមួយជាកងទ័ពរបស់ខ្លួន យ៉ាងហោចណាស់ក៏ត្រូវស្លាប់ថ្ងៃតែមួយដែរ និរទេសរស់តែឯងដដែលរស់មានន័យអ្វី?

អ្នកអះអាងថាស្ថានភាពអាហ្រិ្វកខាងត្បូង ឥណ្ឌានិងភូមា ខុសពីកម្ពុជា, កម្ពុជាមានការរំលោភសិទ្ធិមនុស្សកំរិតធ្ងន់និងតុលាការមិនឯករាជ្យអយុត្តិធម៌ ឬថា មហាត្មា គន្ធី, នែលសុន ម៉េនដឺឡា និង អ៊ុង សានស៊ូជី ឋិតក្នុងស្ថានភាពផ្សេងពីលោក សម រង្ស៊ី មិនបានពិនិត្យមើលឱ្យច្បាស់លាស់អំពីករណីប្រទេសទាំងបីនេះឡើយ។ របបរើសអើងពួកស្បែកខ្មៅ អាផារថេដ (Apartheid) នៅអាហ្វ្រិកខាងត្បូងគឺជារបបដែលរំលោភសិទ្ធិពួកស្បែកខ្មៅពេញទំហឹង ហើយប្រព័ន្ធដឹកនាំទាំងមូលគឺគ្រប់គ្រងដោយពួកស្បែកស ក្នុងនោះក៏មានតុលាការផងដែរ។ អ្នកទោសនយោបាយស្បែកខ្មៅជាច្រើនបានជាប់ពន្ធនាគារដោយហេតុផលនយោបាយនិងរងទារុណកម្មធ្ងន់ធ្ងររហូតដល់ស្លាប់ ហើយរដ្ឋអំណាចតែងក្លែងបន្លំថា អ្នកទោសធ្វើអត្តឃាតឬឈឺស្លាប់ជាដើម ហើយលោក ម៉េនដឺឡា ដែលអាចរស់រានមានជីវិតក្រោយជាប់គុក២៧ឆ្នាំនោះគឺសំណាងលើសំណាងទៅហើយ។ ឥណ្ឌាវិញគឺឋិតក្រោមអាណានិគមអង្លេសទៅហើយ សិទ្ធិពលរដ្ឋឥណ្ឌាជាក់ស្តែងណាស់គឺត្រូវបានរំលោភបំពានយ៉ាងជំហរ សូម្បីតែជនជាតិឥណ្ឌាទៅច្រោះយកអំបិលពីសមុទ្ររបស់ឥណ្ឌាសោះ ក៏ច្បាប់អង្លេសហាមឃាត់ដែរ។ បើតុលាការក្រោមអាណានិគមអង្លេសឯករាជ្យ មិនមែនគន្ធីត្រូវអាជ្ញាធរអង្លេសចាប់ឃុំខ្លួនចំនួនរហូតដល់ ១៩ដងនោះទេ។ ភូមាវិញជាប្រទេសដឹកនាំក្រោមរបបសឹក ដឹកនាំដោយក្រុមយោធា ជាប្រទេសបិទទ្វារមិនទាក់ទងនឹងប្រទេសខាងក្រៅឡើយនាកាលណោះ។ ក្នុងចលនាប្រជាធិបតេយ្យដឹកនាំដោយ អ៊ុង សានស៊ូជី យ៉ាងហោចណាស់ក៏មានចំនួនបាតុករទទួលមរណភាព ៣០០០នាក់ដែរ នេះនៅមិនគិតពីចំនួនអ្នកឃុំខ្លួនរាប់ពាន់នាក់ទៀតផង។ ការអះអាងថា លោកស្រីជាប់ឃុំក្នុងផ្ទះនៅមានសេរីភាពពេញលេញដូចជាមើលស្រាលរបបសឹកពេកហើយ។  ដូចលោក សម រង្ស៊ី ដែលដឹកនាំបាតុកម្ម១៩៩៨ និង២០១៣ ដោយផ្អែកចលនាទាំងស្រុងទៅលើលោកតែម្នាក់, លោកស្រី អ៊ុង សានស៊ូជី ដឹកនាំបែបនេះដូចគ្នា ពោលគឺលោកស្រីខ្លួនឯងគឺជាអ្នកដែលបណ្តោយឱ្យចលនាប្រជាធិបតេយ្យភូមាបរាជ័យ ព្រោះការដឹកនាំដោយបុគ្គលតែមួយរូប នឹងបើកឱ្យឃើញចំណុចប្រហោងមួយយ៉ាងធំ គឺងាយបង្ក្រាប ត្រឹមតែចាប់ឬបណ្តេញអ្នកដឹកនាំម្នាក់ប៉ុណ្ណោះ ចលនានឹងដួល។ ជាលទ្ធផល ចលនាប្រឆាំងនៅភូមាពិតជាបរាជ័យក្រោយចាប់ខ្លួនលោកស្រីមែន ដូចគ្នាបាតុកម្មឆ្នាំ១៩៩៨ក៏បានបរាជ័យ ក្រោយលោក សម រង្ស៊ី ភៀសខ្លួនទៅបាំងកក ឯបាតុកម្មឆ្នាំ២០១៣ ក៏បរាជ័យក្រោយការបង្ក្រាបដែរ ក្រោយពេលមេដឹកនាំទាំងពីរបានរត់ចោលបាតុករដូចកាល៩៨ដែរ តែយ៉ាងហោចណាស់២០១៣មិនបានរត់ទៅបរទេស នៅគ្រាន់បើជាងកាលឆ្នាំ៩៨។ តឹកតាងដែលថា របបសឹកភូមាមិនបានទទួលឥទ្ធិពលបរទេស កម្ពុជាទទួលឥទ្ធិពលចិនវៀតណាម មិនគ្រប់គ្រាន់ធ្វើជាលេសនិរទេសខ្លួនទេ ត្បិតឆ្នាំ២០១៤ ចលនាឆត្ររបស់និស្សិតហុងកុងប្រឆាំងនឹងការលូកលាន់ពីចិនប៉េកាំង ក៏រដ្ឋអំណាចហុងកុងទទួលឥទ្ធិពលពីមហាអំណាចចិនដូចគ្នា។ ហេតុអ្វីក៏និស្សិតទាំងនោះប្រើតាក់ទិចមួយគឺស្មគ្រចិត្តហុចដៃឱ្យសមត្ថកិច្ចចាប់ដាក់ខ្នោះ បែរជាខាងសមត្ថកិច្ចលែងចាប់? ព្រោះការស្មគ្រចិត្តឱ្យគេចាប់ខ្លួនគឺជាតាក់ទិចមួយដ៏មានប្រសិទ្ធភាពទប់ទល់នឹងការចាប់ខ្លួន។ តាក់ទិចចាប់មួយគំរាមមួយរយរបស់អាជ្ញាធរ នៅពេលបាតុករលែងខ្លាចហ៊ានចូលគុក សមត្ថកិច្ចបាត់បង់អំណាចចាប់ខ្លួននេះតែម្តង ហើយគុកទោះធំប៉ប៉ុណ្ណាក៏បំភ័យបាតុករមិនលែងបានដែរ បើចាប់បាតុករក្លាហានទាំងអស់នោះគុក គុកគង់តែនឹងពេញនៅថ្ងៃណាមួយពុំខាន ចង់ចាប់ទៀតក៏លើសចំណុះ ហើយទុកពួកគេច្រើនក្នុងគុកកាន់តែយូរ កាន់តែពិបាកគ្រប់គ្រង ពិសេសវាបំផ្ទុះកំហឹងមហាជនដែលអ្នកមានគ្រួសារមិត្រភក្តីជាប់គុកឱ្យចូលរួមចលនាកាន់តែច្រើន។ គេបន្តសួរដេញទៅទៀតថា ចិនផ្សេង វៀតណាមផ្សេង សូមកុំភ្លេចថា ចិនបានបង្ក្រាបចលនាប្រជាធិបតេយ្យនិស្សិតចិនស្លាប់មិនតិចជាង ២០០០នាក់ទេ បើនិយាយពីរំលោភសិទ្ធិពលរដ្ឋ ចិននិងវៀតណាមរំលោភដូចតែគ្នាទេ។ នេះបានសេចក្តីថា ហេតុដែលគណបក្សកាន់អំណាចប្រើតាក់ទិចគំរាមចាប់ខ្លួនលោក សម រង្ស៊ី ដដែលៗ ជាផ្នូរនឹងផលប្រយោជន៍នយោបាយណាមួយ គឺលោក សម រង្ស៊ី ខ្លួនឯងជាអ្នកធ្វើឱ្យតាក់ទិចចាប់ខ្លួននេះបានជោគជ័យរហូត សូម្បីតែករណីបទបរិហារកេរ្តិ៍ថ្មីនេះ ក៏ជាករណីចាស់តាំងពី២០១១ដែរ។ បើគេសរុបរឿងរ៉ាវទាំងអស់មកវិញ ការសំអាងលើស្ថានភាពប្រទេសមួយៗខុសៗគ្នា ពុំមានមូលដ្ឋានសមហេតុផលទេក្នុងការយកជាលេសនិរទេសខ្លួន។ ជាក់ស្តែង កម្ពុជានាពេលបច្ចុប្បន្នមាន សេរីភាពជាងភូមា ឥណ្ឌា អាហ្វិ្រកខាងត្បូងនៅសម័យនោះឆ្ងាយណាស់ ទោះសេរីភាពនេះកំពុងត្រូវបានរដ្ឋអំណាចគំរាមកំហែងក៏ដោយ។ ពេលកាន់តែគ្រោះថ្នាក់ កងទ័ពរបស់យើងកាន់តែត្រូវការយើង មិនចង់ឃើញយើងនៅក្រៅស្រុកឡើយ ទោះពួកគេនិយាយយ៉ាងម៉េចក៏ដោយ។ មិនគួរខ្លាចការចាប់ខ្លួនទេ តែគេត្រូវរកតាក់ទិចទប់ទល់នឹងការចាប់ខ្លួន ទើបគេមិនចាប់លើកក្រោយ។

ដូចលោក កែម ឡី អះអាង យើងរិះគន់គណបក្សកាន់អំណាចគឺជួយគណបក្សកាន់អំណាចឱ្យកែខ្លួន រិះគន់គណបក្សប្រឆាំងគឺជួយគណបក្សប្រឆាំងឱ្យឃើញពីបញ្ហាប្រឈម និងជួយផ្តល់ជូនជាដំណោះស្រាយ។ លោក សម រង្ស៊ី គួរយកត្រឹមគំរូក្លាហានពីលោកស្រី អ៊ុង សានស៊ូជី បានហើយ ឯគំរូដឹកនាំចលនាបែបបុគ្គលនិយមរបស់លោកស្រីមិនគួររៀនតាមទេ ព្រោះលោកស្រីបានបរាជ័យហើយ កុំបរាជ័យតាមលោកស្រី។ បើគណបក្សប្រឆាំងនៅតែមិនព្រមព្យាយាមកែទម្រង់គណបក្សឱ្យមានយន្តការប្រជាធិបតេយ្យ មានការបោះឆ្នោតមេបក្សត្រៀមពេលអាសន្ត ដូចជាករណីប្រធានបក្សឬអនុប្រធានត្រូវគេចាប់ខ្លួន គេត្រូវបោះឆ្នោតរើសប្រធានអនុប្រធានបណ្តោះអាសន្តភ្លាមៗ។ បើពុំនោះទេ គឺមេបក្សនេះខ្លួនឯងបណ្តោយឱ្យគណបក្សស្លាប់ទៅតាមការចាប់ខ្លួន មិនមែនមកពីតាក់ទិច បំបែកជាមុនវាយប្រហារជាក្រោយ (Divide and Conquer) របស់គណបក្សកាន់អំណាចតែម្យ៉ាង អាចជោគជ័យនោះទេ៕

លោក ទេព រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ