អង្គការតម្លាភាពកម្ពុជាអំពាវនាវឲ្យស៊ើបអង្កេតករណីចោទថាមាន​អំពើពុករលួយ​ក្នុងមជ្ឈមណ្ឌលប្រយុទ្ធជំងឺគ្រុនចាញ់

អង្គការតម្លាភាពកម្ពុជាបង្ហាញក្តីបារម្ភចំពោះការចោទប្រកាន់ថាមានអំពើពុករលួយនិងគ្រួសារនិយមក្នុងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់និងបានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធស៊ើបអង្កេតករណីនេះ ដោយថាដើម្បីស្តារទំនុកចិត្តរបស់ពលរដ្ឋមកលើក្រសួងសុខាភិបាល។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនមួយចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ អង្គការតម្លាភាពកម្ពុជាលើកឡើងថាបន្ទាប់ពីបានអានអត្ថបទជាភាសាអង់គ្លេសរបស់កាសែតភ្នំពេញប៉ុស្តិ៍ទាក់ទងនឹងការចោទប្រកាន់មកលើមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្រ្ត ថាមានអំពើពុករលួយនិងគ្រួសារនិយមនោះ ខ្លួនចង់ឲ្យមានការស៊ើបអង្កេតមួយឲ្យបានច្បាស់លាស់អំពីអ្វីដែលបានចោទប្រកាន់នេះ។ អង្គការតម្លាភាពបន្តថា បើសិនជាមានអំពើពុករលួយនិងគ្រួសារនិយមកើតឡើងដូចការចោទប្រកាន់មែននោះថាវានឹងប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋដែលទទួលផលពីមូលនិធិនេះនិងបង្ហាញពីគំរូមិនល្អពីការគ្រប់គ្រងមូលនិធិរបស់ម្ចាស់ជំនួយ។

អង្គការនេះសរសេរក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនទៀតថា កាលពីឆ្នាំ២០១៣ធ្លាប់មានការចោទប្រកាន់ស្រដៀងគ្នានេះ ហើយត្រូវបានលាតត្រដាងនិងផ្សព្វផ្សាយ។ ទោះយ៉ាងណាអង្គការនេះថាអ្នកដែលបានប្រព្រឹត្តកំហុសមិនត្រូវបានផ្តន្ទាទោសតាមច្បាប់និងគ្មានដំណោះស្រាយជាស្ថាពរនៅឡើយ។

បើតាមសេចក្តីថ្លែងការណ៍ដដែល អង្គការមួយនេះអំពាវនាវឲ្យម្ចាស់ជំនួយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាធ្វើកំណែទម្រង់មជ្ឈមណ្ឌលជាតិមួយនេះ ដោយថាដើម្បីបានទំនុកចិត្តពីប្រជាពលរដ្ឋមកលើក្រសួងសុខាភិបាលវិញ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថាក្រសួងសុខាភិបាលនិងម្ចាស់ជំនួយគូរតែបង្កើតគណៈកម្មាការឯករាជ្យមួយដើម្បីស៊ើបអង្កេតលើការចោទប្រកាន់នេះ។ ដោយឡែកលោកថា អង្គភាពប្រឆាំងអំពើពុករលួយក៏គួរពិនិត្យលើករណីនេះដែរ ដោយលោកថាអង្គភាពនេះមានសមត្ថកិច្ចអាចស៊ើបអង្កេតចោទប្រកាន់អ្នកដែលបានប្រព្រឹត្តបទល្មើសពុករលួយ។

លោកបន្តថា ការចោទប្រកាន់នេះបានធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជា ហើយលោកស្នើឲ្យមានការស៊ើបអង្កេតករណីនេះឲ្យបានហ្មត់ចត់។ លោកបន្ថែមថា៖ “ដូច្នេះខ្ញុំគិតថានេះជាបញ្ហាដែលទាមទារឲ្យមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់ ហើយត្រូវមានអ្នកទទួលខុសត្រូវ ការដែលយើងឲ្យគាត់(អ្នកប្រព្រឹត្ត)សងលុយត្រឡប់មកវិញវាមិនមែនជាមធ្យោបាយត្រឹមត្រូវទេ ហើយវាបង្កើតជាគំរូមិនល្អសម្រាប់សង្គមបាទ

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ មានប្រសាសន៍ថាលោកមិនបានដឹងពីករណីនេះនិងបានបង្វែរសំណួរទៅកាន់នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់វិញ។ លោកបន្ថែមថា៖ “អូ! សុំសួរអង្គភាពផ្ទាល់ទៅ ខ្ញុំអត់បានដឹងរឿងហ្នឹងដែរ

វីអូឌី មិនទាន់អាចទាក់ទងសុំការឆ្លើយតបណាមួយពីនាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្រ្ត លោក ហ៊ុយ រេកុល បាននៅឡើយដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។

គួរបញ្ជាក់ថា របាយការណ៍ឆ្នាំ២០១៥ របស់អង្គការតម្លាភាពអន្តរជាតិស្តីពីអំពើពុករលួយបង្ហាញថាប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមបណ្តាប្រទេសដែលមានស្ថានភាពអំពើពុករលួយធ្ងន់ធ្ងរ។ បើតាមរបាយការណ៍នោះក្នុងចំណោមប្រទេស១៦៨ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៥០ ដោយទទួលបានពិន្ទុ២១លើ១០០ ដែលយោងតាមសន្ទស្សន៍នៃការសិក្សាមានន័យថាកម្ពុជានៅតែស្ថិតក្នុងក្រុមប្រទេសដែលមានអំពើពុករលួយធ្ងន់ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ