មេ​បក្ស​ប្រឆាំង​ថា នឹង​រំលាយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ចោល​បើ​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល

មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា

មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា បានព្រមានទុកមុនថា បើបក្សនេះឈ្នះឆ្នោត បានឡើងកា​ន់អំ​ណា​ច​​នៅ​ឆ្នាំ២០១៨ លោកថា នឹង​លុប​ក្រសួង​អភិវឌ្ឍ​ជនបទ​ចោល ដោយថា ដើម្បី​ផ្តល់អំណាច​​ពេ​ញលេ​ញ​ដ​ល់មន្ត្រីឃុំ-សង្កាត់​នៅថ្នាក់ក្រោមជាតិ។

ក្នុងយុទ្ធនា​ការរកសំឡេងឆ្នោត​នាថ្ងៃទី២០ ខែឧសភានេះ លោក កឹម សុខា ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​អនុម័ត​នៅ​ក្នុង​គោល​នយោបាយរបស់​ខ្លួន​​​រួច​ហើយអំពី​កញ្ចប់​ថវិកា​សម្រាប់​ឃុំ​សង្កាត់។ លោក​បន្ថែម​ថា បើគណ​បក្សនេះឈ្នះ​ឆ្នោតបានឡើងកាន់អំណាច រដ្ឋាភិបាលដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នឹងទ​ម្លាក់​លុយកន្លះលានដុល្លារ​ក្នុង​មួយឆ្នាំ ឲ្យទៅ​ឃុំ សង្កាត់​និមួយៗ នៅទូទាំងប្រទេស។

លោ​ក កឹម សុខា បញ្ជាក់ថា លុយកន្លះលានដុល្លារនេះ មន្ត្រីនៅឃុំ-សង្កាត់ អាចចំ​ណាយទៅ​លើការអ​ភិវ​​ឌ្ឍ​ផ្លូ​វលំ ប្រឡាយទឹក សាលារៀន មណ្ឌលសុខភាព ជួលអ្នកជំនាញ និងសេ​វារដ្ឋបាល ដោយ​ខ្លួនឯ​ង​បាន។ លោកថា ក្រសួងអភិវឌ្ឍជនបទលែងសំខាន់​សម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិទៀតហើយ។

លោក​ថា៖ “ការអភិវឌ្ឍផ្លូវលំតូចមួយ គេ[ក្រសួង]ទៅប៉ុន្មានជើង អស់ថ្លៃឡានប៉ុន្មាន ហើយទម្រាំសម្រេចគម្រោងយ៉ាងម៉េច? ដេញថ្លៃតម្លាភាពអត់? នេះជាបញ្ហា? ហើយតើបងប្អូននៅតាមឃុំសង្កាត់ហ៊ានតវ៉ានឹងគេអត់? ស្រេចតែគេខាងលើ ម៉ែនទេបងប្អូន?ដូច្នេះ ការអភិឌ្ឍ​​​ឃុំសង្កាត់ហេដ្ឋារចនាសម័ន្ធផ្លូវលំ ឬប្រឡាយទឹកជាដើមនោះ ថវិការជាតិកន្លះលានដុល្លារ នឹងផ្តល់​​ឲ្យក្រុ​​ប្រឹ​​​ក្សាឃុំសង្កាត់ធ្វើដោយខ្លួនឯងម៉េចដែរ ហ៊ានទទួលធ្វើទេបងប្អូន បើយើងទទួលធ្វើបាន ទុកក្រសួងអភិវឌ្ឍន៍ជនបទធ្វើស្អី

លោក កឹម សុខា អះអាងដែរថា បើឃុំ ឬសង្កាត់មួយ មានថវិការកន្លះលានដុល្លារក្នុងមួយឆ្នាំ​សម្រាប់​អភិ​វឌ្ឍ​ន៍​ឃុំ-សង្កាត់ដោយខ្លួនឯង លោកថា នឹងកាត់បន្ថយ​អំណាចប្រមូ​លផ្តុំនៅថ្នាក់ជាតិ ហើយ​ថា កា​​រ​អ​ភិ​វ​ឌ្ឍនៅថ្នា​ក់ក្រោមជាតិ នឹងធ្វើតាមផែនការ លែងធ្វើតាម​របៀបជូនតាម​សំណើ​រទៀត​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ