លិខិតមិត្តអ្នកអាន៖ លោក កឹម សុខា ជាបន្លាក្នុងកែវភ្នែកលោក ហ៊ុន សែន? (ភាគ២)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា

(តពីភាគទី១)

ដើម្បីឱ្យ​​ជ្រះ​ស្រឡះ​​ ​ ​ខ្សែ​អាត់​ទម្លាយ​ដោយ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ‘សីហា​’ កាល​ពី​ថ្ងៃ​ទី​៥ មីនា​ ២០១៧, បាន​ផ្តល់​តម្រុយ​ជា​ច្រើន​ពន្យល់​អំពី​ទំនាក់​ទំនង​ត្រីកោណ​រវាង​ សែន​-ខា​-ស៊ី​, ផ្តល់​ជា​ភស្តុតាង​គាំទ្រ​ទស្សនៈ​ដែល​ថា​ លោក​ កឹម​ សុខា​ ជា​បន្លា​ក្នុង​កែវ​ភ្នែក​របស់​លោក​ ហ៊ុន​ សែន​,​ ជា​ពិសេស​ សារៈ​សំខាន់​នៃ​ខ្សែ​អាត់​នេះ​ទាម​ទារ​ការ​​​វិភាគ​ពិស្តារ​អំពី​ចំណុច​សំខាន់​នីមួយៗ​ដែល​យើង​នឹង​អត្ថាធិប្បាយ​ដូច​ត​ទៅ​នេះ​ ​៖

ក. សុពល​ភាព​នៃ​ខ្សែ​អាត់​

សំណួរដំបូង​បំផុត​ដែល​ត្រូវ​ចោទ​សួរ​​ ​តើ​ខ្សែ​អាត់​នេះ​ពិត​ឬ​ក្លែង​ក្លាយ​? ចម្លើយ​នៃ​សំណួរ​នេះ​សំខាន់​ ព្រោះ​បើ​​ក្លែង​​ក្លាយ​ ឬ​ពិត​តែ​ភាគ​ខ្លះ​​ វា​នឹង​ពិបាក​យក​ធ្វើ​ជា​ភស្តុតាង​​មក​ពន្យល់អំ​ពី​ចិត្ត​គំនិត​និង​សកម្មភាព​អ្នក​នយោបាយ​ទាំង​បី​។ អត្ថបទផ្សាយ​ដោយ​ Cambodia Daily មាន​ចំណង​ជើង​ថា​ ‘In Leaked Audio, Hun Sen Advises Kem Sokha’ ទោះ​មិន​បាន​សន្និដ្ឋាន​អំ​ពី​សុពល​ភាព​នៃ​ខ្សែ​អាត់​នេះ​ក៏​ដោយ​ ត្បិត​អត្ថបទ​សារព័ត៌មាន​ដែល​អព្យាក្រឹត្យ​ អ្នក​រាយការណ៍​មិន​បញ្ចេញ​មតិវាយ​តម្លៃ​ដោយ​​ខ្លួន​ឯង​ទេ​ ក៏ប៉ុន្តែ​​រចនាសម្ពន្ធ​នៃ​ខ្លឹម​សារ​អត្ថបទ​បាន​ជួយ​ភ្ជាប់​ព្រឹត្តិការណ៍​ក្នុង​ខ្សែ​អាត់​និង​ព្រឹត្តិការណ៍​ពិត​ បញ្ជាក់ប្រយោល​​ថា​ ខ្សែ​អាត់​បែក​ធ្លាយ​នេះ​ស៊ី​គ្នានឹង​ព្រឹត្តិការណ៍​ជាក់​ស្តែង​ដែល​បាន​កើត​ឡើង​ដំណាល​គ្នា​និង​ក្រោយ​មក​ ទាំង​សកម្មភាព​​លោក​ ហ៊ុន​ សែន​, សម​ រង្ស៊ី​, កឹម​ សុខា និង​កូន​ស្រី​ កឹម​ មនោវិទ្យា​។ មូល​ហេតុ​តែ​មួយ​គត់​ដែល​អាច​ពន្យល់​ពី​ភាព​ស៊ី​គ្នានេះ​បាន​ នោះ​គឺ​​ ខ្សែ​អាត់​នេះ​អាច​ពិត​។ យើង​នឹង​តេស្ត​សម្មតិកម្ម​នេះ​ជូន​ ឱ្យ​អស់​សង្ស័យ​។

ខ. កាល​បរិច្ឆេទ​នៃ​ខ្សែ​អាត់

​ទំព័រ​ ‘សីហា​’ បានឱ្យ​ដឹង​ថា​ ការ​សន្ទនា​តាម​ទូរសព្ទ​នេះ​កើត​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី​២៥ ខែ​កញ្ញា​ ឆ្នាំ​២០១៦។ សម្តី​របស់​លោក​ ហ៊ុន​ សែន​ បាន​ឱ្យ​​តម្រុយខ្លះ​ៗដល់​កាលបរិច្ឆេទ៖​ «មើល​ អេង​ ឆៃអ៊ាង​ និយាយ​មើល​ក្នុង​ Cambodia Daily កាល​ពី​ថ្ងៃ​សុក្រ​ មើល​ចុះ​! […] រង្ស៊ី​ ចាប់ផ្តើម​​ចេញ​មក​ទៀត​ហើយ​។ ខ្ញុំ​ថា​ ឱ្យ​ឈប់​បាញ់​! ឥឡូវ​ វាយ​មក​​ទៀត​ហើយ​។ […] សូម្បី​តែ​ម្សិល​មិញ​ ថ្ងៃ​សុក្រ ខ្ញុំ​ថា​ សុំ​ឱ្យ​ក្នុង​គណៈរដ្ឋមន្ត្រី​ ហើយ​នៅ​ក្នុង​គណបក្ស​ប្រជាជន​ គឺ​ឱ្យ​នៅ​ស្ងៀម​រង់​ចាំ​មើល​!​» សម្តេច​មិន​មែន​ចេះ​តែ​និយាយ​ទេ ពិត​ជា​មាន​អត្ថបទ​មួយ​ចុះ​ផ្សាយ​នៅ​ក្នុង​​កាសែត​នេះ​ បាន​ដក​ស្រង់​សម្តី​ អេង​ ឆៃអ៊ាង​ មែន​ នៅ​ថ្ងៃ​សុក្រ ទី​២៣ ២០១៦ មាន​ចំណង​ជើង​  ‘Hun Sen Declares Fragile Political ‘Cease-Fire’ With CNRP’ ដែលក្នុង​នោះ​ ​លោក​ ហ៊ុន​ សែន​ បាន​ប្រកាស​បទ​ឈប់​បាញ់​នឹង​​បក្ស​ប្រឆាំង​ ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​មួយ​នៅថ្ងៃ​​ទី​២២ ខែ​កញ្ញា​ នាឱកាស​​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​​។ គេ​អាចសន្និដ្ឋាន​ថា​ កាល​បរិច្ឆេទពិត​ប្រាកដ​​នៃ​ការ​សន្ទនា​​នៅ​ក្នុង​ខ្សែ​អាត់​ ទំនង​ជា​ថ្ងៃ​សៅរ៍​ ទី​២៤ មិន​មែន​ថ្ងៃ​អាទិត្យ​ ទី​២៥ ទេ​ ដោយ​សំអាង​លើ​ពាក្យ​ ‘ម្សិល​មិញ​’ ហើយ​ក៏​អាច​ទៅ​រួច​ដែរ​​ បើ​ថា​ការ​សន្ទនា​កើត​ឡើង​រំលង​អធ្រាត្រថ្ងៃ​ទី​២៤ ចូល​ដល់​ថ្ងៃ​ទី​២៥ ដែល​អាច​យក​មក​ពន្យល់ពី​​មូលហេតុ​​ខុស​គ្នា​មួយ​ថ្ងៃ​នៃ​កាលបរិច្ឆេទ​ក្នុង​ការ​សន្ទនា​និង​កាល​បរិច្ឆេទ​ដែល​ទំព័រ ​‘សីហា​’ បាន​​អះ​អាង​។ ថ្វី​ត្បិត​តែ​ការ​​សន្ទនា​​ពេល​យប់​ជ្រៅ​ ពិបាក​ជឿ​បន្តិច​ តែ​យ៉ាង​ហោច​ណាស់​ ក៏​អាចជា​សម្មតិកម្ម​​​​ដែរ​ ត្បិត​លោក​ កឹម​ សុខា​ កាល​ណោះ​ កំពុង​សំងំ​ក្នុងទី​​ស្នាក់​ការ​បក្ស​ ត្រូវ​ការ​រក្សា​ការ​សម្ងាត់​ទើប​ហៅ​ទូរសព្ទ​​ពេល​យប់​ ឬ​មួយ​ក៏​លោក​ ហ៊ុន​ សែន​ ជា​អ្នក​ហៅ​ចូល​មក​មុន​ ក៏​យើង​ពុំ​អាច​ដឹង​ដែរ ត្បិត​អី​ភាគី​ដែលចាំ​​ថត​​ មាន​ទំនោរ​ហៅ​មុន​ ដើម្បី​ត្រៀម​អ្នក​បច្ចេកទេសចាំ​ថត​​ ឬ​និយាយ​ម្យ៉ាងទៀត​​ ហៅ​ ‘អា​សីហា​’ មក​សិន​។ ​ពុំ​ចាំ​បាច់​ស្មុគ​ស្មាញ​ដល់​ម្លឺង​ទេ​ ត្រឹម​ដឹង​ថា​ កាល​បរិច្ឆេទ​សន្ទនាពិត​ប្រាកដ​នៅ​​ចុង​ខែ​កញ្ញា​ គឺ​គ្រប់​គ្រាន់​ ដើម្បី​ធ្វើ​ជា​កាល​កំណត់ធៀប​នឹង​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ក្រោយ​មក​។​

គ. អត្តសញ្ញាណ​នៃ​ទំព័រ ​សីហា

មាន​ការ​អះ​អាង​មិន​ទំនង​មួយ​ថា​ គណបក្ស​ប្រជាជន​ ឬ​លោក​ ហ៊ុន​ សែន​ មិន​មែន​ជា​អ្នក​នៅ​ពី​ក្រោយ​ទេ​ ព្រោះ​វា​ដូច​ជា​ងាយ​ពេក​ហើយ​ អ្នក​ធ្វើ​អំពើ​ល្មើស​ច្បាប់​មិន​បង្ហាញ​ត្រង់​ៗ​បែប​នេះ​ទេ​។ គេ​គប្បី​ពិចារណា​​ មាន​ហេតុ​ផល​ច្រើន​ប៉ុណ្ណា​ទៅ​ដែល​បញ្ជាក់​ថា​ ពួក​គេ​ខ្លាច​​​ការ​ចោទ​ប្រកាន់​ថា​នៅ​ពី​ក្រោយ​ការ​ទម្លាយ​ខ្សែ​អាត់​ដោយ​ខុស​ច្បាប់​​នេះ​ ផ្ទុយ​ទៅ​វិញ​ ​មិនត្រឹម​តែមិន​ខ្លាចទេ​​ ថែម​ទាំង​​មិន​​បាន​​ថ្កោល​ទោស​​ការ​លួច​ថត​សំឡេង​លោក​និង​លោក​ កឹម​ សុខា​ ដោយ​ខុសច្បាប់​​ហើយ​ សរសើរ​ការ​ងារ​ថត​ចម្លង​សំឡេងរបស់​សីហា​នេះដាក់​កញ្ចក់​ទូរទស្សន៍​ថែម​​ទៀត។ ដូច្នេះហេតុផល​​ថា​ គណបក្ស​ប្រជាជន​ឬ​លោក​ ហ៊ុន​ សែន​ មិន​បង្ហាញ​ត្រង់ៗ ​គឺ​ជាការ​​យល់​ខុស​តែ​ម្តង​។

សាធារណជន​មួយ​ចំនួន​មាន​ចម្ងល់​អំពី​អត្តសញ្ញាណ​របស់​ សីហា​ គឺ​ថា​ ម្តេច​ក៏​ដឹង​រឿង​ច្រើន​ម្ល៉េះ​? យោល​តាម​សម្តីសរសើរ​របស់​សម្តេច​​ ​គេ​អាចប៉ាន់​ស្មាន​បាន​ដោយ​ងាយ​ថា​ សីហា​ ជា​មនុស្សធ្វើ​ការ​ឱ្យ​​​លោក​នាយករដ្ឋមន្ត្រី​ ហើយនាម​ ​ ‘សីហា​’ ប្រហែល​គ្រាន់​តែជា​​រហស្ស​នាម​តំណាង​ក្រុម​បច្ចេកទេស​ថតឬ​កែ​ច្នៃ​​សំឡេងតែ​ប៉ុណ្ណោះ​ ព្រោះ​អ្នក​ធ្វើ​ការ​បែប​នេះ​ច្រើន​លាក់​អត្តសញ្ញាណ​, ​ជា​ក្រុម​ មិន​មែន​បុគ្គលក៏​អាច​ថា​បាន​​ ព្រោះ​ការ​ងារ​នេះ​មិន​ទំនង​ជា​អាច​ធ្វើ​ទៅ​បាន​ដោយ​បុគ្គល​ម្នាក់​នោះ​ឡើយ​។ សាធារណជន​ រួម​ទាំង​សង្គម​ស៊ីវិល​និង​អ្នក​វិភាគ​ ​មិន​រំពឹង​ថា​មាន​ការ​ស៊ើប​សង្កេត​រក​អត្តសញ្ញាណ​អ្នក​បង្កើត​ទំព័រ​ ‘សីហា’​ នេះ​ឡើយ​ ទោះ​បី​ទម្លាយ​ការ​សន្ទនា​ឯកជន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សាមី​ខ្លួនជា​ទង្វើ​ខុស​ច្បាប់​ក៏​ដោយ​ ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដឹង​ថា​ ឱ្យតែ​​ធ្វើ​ការ​ជូន​បក្ស​កាន់​អំណាច​ មិន​ចេះ​ខុស​ច្បាប់ឡើយ​,​ បើក្នុង​ករណី​​រង​ទោស​ទណ្ឌ​ក៏​ត្រូវ​បាន​សម្រាល ដូច្នេះ​ ​ មិន​ទំនង​ជា​មាន​​ការ​វែក​មុខ​អ្នក​នៅ​ពី​ក្រោយ​រឿង​នេះនោះ​ទេ​​ ទោះ​ជា​គេ​នោះ​ប្រកាស​ក្តែងៗ​តាម​ទូរទស្សន៍​ក៏​ដោយ​ ដែល​អ្នក​លេង​ហ្វេសប៊ុក​និយម​ប្រើ​ពាក្យហៅ​បញ្ឈឺ​ថា​​ ‘ឪអាសីហា​

ឃ. លោក​ ហ៊ុន​ សែន​ មិន​ខ្លាច​អន្តរាគមន៍​យោធា​អាមេរិក​និង​សង្គ្រាម​ស៊ីវិល​

ខ្លឹម​សារ​មួយ​ក្នុង​ចំណោម​សម្តី​ក្នុង​ខ្សែ​អាត់​ដែល​សារព័ត៌មាន​ចាប់​អារម្មណ៍​ច្រើន​សម្តី​របស់​សម្តេច​អំពី​សង្គ្រាម​ស៊ីវិល​ឬ​អន្តរាគមន៍​យោធា​អាមេរិក៖​ «ទោះ​បី​ថា​ អាមេរិក​លើក​ទ័ព​ចូល​ស្រុក​ខ្មែរ​ សាក​ល្បង​លោមើល​ទៅ​! ខ្ញុំ​អត់​ខ្លាច​ទេ​! ក៏​ប៉ុន្តែ​ បញ្ហានៅ​​ត្រង់​ថា​ ខ្ញុំ​មិន​ចង់​ធ្វើ​បាប​អ្នក​ណា​ទាំង​អស់​។…តើ​អាច​ទ្រ​ទាំង​ពីរ​បាន​ទេ​? ខ្ញុំ​ថា​ប៉ុន្មាន​ក៏​បាន​ដែរ​។ ខ្ញុំ​អត់​មាន​ត្រូវ​ការ​ខ្លាច​អ្នក​​ណា​ទេ​! បើ​ចង់​ប្រទេស​នេះ​ ចង់​កើត​សង្គ្រាម​ស៊ីវិល​ឡើង​វិញ​ ខ្ញុំ​ដាក់​មួយ​បាន​ ឱ្យ​បោស​សម្អាត​ឱ្យ​ស្អាត​ឱ្យ​ម្តង​!» ត្រង់​ចំណុច​ការ​លើក​ទ័ព​របស់​អាមេរិក​និង​សង្គ្រាម​ស៊ីវិល​ បើ​​សួរ​អ្នក​វិភាគ​ខ្លះ​ គេទំនង​ជា​​ទទួលបាន​​ចម្លើយ​ថា​ លោក​ ហ៊ុន​ សែន​ គ្រាន់​សម្ញែង​ថា​មិន​ខ្លាច​អន្តរាគមន៍​ឬ​សម្ពាធ​អន្តរជាតិ​ប៉ុណ្ណោះ​ តាម​ពិត​ទៅ​ លោក​ក៏​ខ្លាច​ដែរ​។ បើ​ពិចារណា​ឱ្យ​ជ្រៅ​នេះ​ លោក​នាយករដ្ឋមន្ត្រី​មិន​ទំនង​ជា​កុហក​ទេ​ ពី​ព្រោះ​​លោក​គឺ​ជា​អតីត​កង​ទ័ព​ខ្មែរ​ក្រហម​ មាន​បទ​ពិសោធ​យោធា​ជោក​ជាំ​ បើ​អាមេរិក​លើក​ទ័ព​ចូល​ស្រុក​ឬ​កើត​សង្គ្រាម​ស៊ីវិលមែន​​ នោះ​កង​កម្លាំង​រដ្ឋ​នឹងការ​ពារ​រដ្ឋាភិបាល​ពីការ​​រំលោភ​អធិបតេយ្យ​ពី​ខាង​ក្រៅ​ ក្រោម​អគ្គមេបញ្ជាការផ្កាយ​​ប្រាំផុត​លេខ​​ដែល​បាន​ផ្តួល​ខ្មែរ​ក្រហម​ដោយ​ជោគ​ជ័យ​ មិន​មែន​ទើប​តែ​រៀន​ធ្វើ​សង្គ្រាម​ម្សិល​មិញ​ទេ​។ ​អន្តរាគមន៍​យោធា​ ពេល​ខ្លះ​ អាច​ហុច​លទ្ធផល​ផ្ទុយ​ទៀត​ផង​ ពោល​គឺ​ ផ្ទុយ​ពីគោលដៅ​​ចង់​ឱ្យ​រដ្ឋាភិបាល​លើក​តម្កើងសេរីភាព​ សិទ្ធិ​មនុស្ស​ និង​​ប្រជាធិបតេយ្យ​, ក្រោយ​មាន​ការ​គំរាម​កំហែង​យោធា​ រដ្ឋាភិបាល​ប្រើ​លេស​នេះ​ ដាក់​ប្រទេស​ក្នុងភាព​​អាសន្ន​ រួច​ពង្រីកដែន​​អំណាច​របស់​ខ្លួន​ បង្ក្រាប​មិន​រើស​មុខ​ក្រុម​ប្រឆាំង​ ចាប់​អ្នក​នយោបាយ​និង​សកម្មជន​ប្រឆាំង​ដាក់​គុក​ ដោយ​គ្រាន់​តែ​ចោទ​ប្រកាន់​ក្រុម​នោះ​ថា​រណប​បរទេស​ ជា​លទ្ធផល​ អន្តរាគមន៍​យោធា​មាន​តែ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កាន់​​តែ​​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​និង​រឹត​ត្បិត​សេរីភាព​ទៅ​វិញទេ​​។ ឧ. តាំង​ពី​សម័យ​អាណានិគម​បារាំង​មក​ម្ល៉េះ​ ខ្មែរ​ចោទ​គ្នា​ថា​បម្រើ​បរទេស​, រដ្ឋ​អំណាច​ចូល​ចិត្ត​ចោទ​ក្រុមប្រឆាំង​នឹង​ខ្លួនថា​មាន​បរទេស​នៅ​ពី​ក្រោយ​ដើម្បី​យក​លេស​បង្ក្រាប​ឬ​ចាប់​ខ្លួន​ពួក​គេដាក់​គុក​​​ សូម្បី​តែ​សម័យ​សង្គមរាស្ត្រ​ គណបក្ស​ប្រជាធិបតេយ្យបាន​​រង​ការ​ចោទពី​សម្តេច​តា​​ថា​បម្រើ​បារាំង​ដូច​គ្នា​​។ មិន​ខុស​ពី​យោធា​ដែល​ឈរ​ខាង​រដ្ឋ​​ ប្រជាជន​​ដែល​កំពុង​តែ​ស្ថិតក្នុង​​ស្ថានភាព​ចលាចល​ទំនង​ជា​រត់​ទៅជ្រក​​ខាង​រដ្ឋាភិបាល ​ជា​ជាង​ក្រុម​ប្រដាប់​អាវុធ​ឬ​ក្រុម​យោធា​បរទេស​ ដើម្បី​បាន​ទទួល​សន្តិសុខ​ផ្ទាល់​ខ្លួន​ដូចគ្នា​ដែរ​​, ណា​មួយ​ ប្រឈម​នឹង​កម្លាំង​ប្រដាប់​អាវុធ​ យោធា​រដ្ឋ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ប្រយុទ្ធ​ដើម្បី​រស់​ជីវិត​នោះ​ទេ​ ទោះ​បី​មិន​មែន​ពួក​គេ​ទាំង​អស់​សុទ្ធតែ​​គាំទ្រ​រដ្ឋាភិបាល​ក៏​ដោយ​។ ទោះ​បី​​មាន​យោធា​ខ្លាំង​និង​សព្វាវុធ​ទំនើប​​ អាមេរិក​កំពុងឈឺ​ក្បាល​​នឹង​សង្គ្រាម​ស៊ីវិល​នៅ​មជ្ឈឹម​បូព៌ា​ ពិបាក​នឹង​ជឿ​ថា​ អាមេរិក​នឹង​បែរ​មក​ធ្វើ​សង្គ្រាម​ឥណ្ឌូចិន​ម្តង​ទៀត​ដូចនៅ​ទសវត្ស​១៩៧០ ណាស់​, ជាក់​ស្តែង​ រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ថ្មី​អាមេរិក ​លោក​ ដូណាល់​ ត្រាំ មិន​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​អាស៊ី​អាគ្នេយ៍​នោះ​ទេ​​។ កាល​ពី​សម័យ​សង្គ្រាម​វៀតណាម​ អាមេរិក​បាន​ចាញ់​សង្គ្រាម​ ​ដោយ​សារ​បរាជ័យ​​ផ្នែក​នយោបាយ ទោះ​មិន​ចាញ់​ផ្នែក​យោធា​​ ជា​មេរៀន​​មួយសម្រាប់​អាមេរិក​ ដែល​ហ៊ាន​វាយ​ប្រហារ​ប្រទេស​ដែល​ខ្លួន​មិន​ដែល​ស្គាល់​, លើក​ទ័ព​វាយ​កម្ពុជា​អាច​ពិបាក​រក​មូលដ្ឋាន​ស្រប​ច្បាប់​ផ្នែក​នយោបាយនិង​ភស្តុតាងគាំទ្រ​​​ ថា​តើ​​អន្តរាគមន៍​យោធា​អាច​ជួយសង្គ្រោះ​ប្រជាធិបតេយ្យ​និង​លើក​តម្កើង​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដូច​ម្តេច​ បើ​សង្គ្រាម​រំដោះ​ប្រទេស​ពី​របប​ផ្តាច់​ការនោះ​ឯង​ជា​គ្រឿង​ជំរុញ​ឱ្យ​មាន​ការ​បំពាន​សិទ្ធិ​មនុស្ស​រឹត​តែ​ខ្លាំង​ និង​​រមែង​ហុច​លទ្ធផល​ផ្ទុយ​ពី​គោល​ដៅប្រជាធិបតេយ្យ​ ពោល​គឺ របបដែល​កើត​​ក្រោយ​សង្គ្រាម​ស៊ីវិលឬ​អន្តរាគមន៍​យោធា​​បញ្ចប់​ជា​ទូទៅ​​មាន​លក្ខណៈ​ផ្តាច់​ការដដែល​​។​​

បើ​​សម្លឹង​ពី​ផ្នែក​យុទ្ធសាស្ត្រ​វិញ​ រដ្ឋាភិបាល​លោក ហ៊ុន​ សែន​ នឹង​ស្ថិត​នៅ​ក្នុង​សភាព​ការ​ពារ​ ក្នុង​ករណី​អាមេរិក​លើក​ទ័ព​វាយ​ប្រហារ​ ដែល​នាំ​ឱ្យ​កម្លាំងទ័ព​​លោក​នាយករដ្ឋមន្ត្រី​ទទួល​បាន​ផល​ប្រយោជន៍​ចេញ​ពី​ការ​រក្សា​ជំហរ​​ការ​ពារ​ទៅ​តាម​យុទ្ធសាស្ត្រ​យោធា​។ លោក​ ខាល់​ វុន​ ខ្លោវសឺវិតស៍ (Carl von Clausewitz) ​អ្នក​យុទ្ធសាស្ត្រ​សង្គ្រាម​​​ដ៏​មាន​ឥទ្ធិពល​​, នៅ​ក្នុង​ស្នាដៃ​ ‘អំពី​សង្គ្រាម​’ មាន​ទស្សនៈ​ជម្រៅ​មួយ​អំពី​ទ្រឹស្តី​ធ្វើ​សឹក​ ពោល​គឺ​ ការ​ពារ​ប្រសើរ​វាយ​ប្រហារ​ ដោយ​សារ​ទទួល​បាន​ផល​ប្រយោជន៍​ ៤ ប្រការ​៖

១. ការ​ប្រើ​ប្រាស់​​លក្ខណៈ​​ភូមិសាស្ត្រ​ (terrain)

២. មានវាល​​ប្រតិបត្តិ​ការ​ (theater of operation) ដែល​មានការ​រៀប​ចំនិងមាន​​​​សណ្តាប់​ធ្នាប់​ [វាល​​ប្រតិបត្តិ​ការ ទី​ដែល​មាន​ការ​ប៉ះ​ទង្គិច​កើត​ឡើង​]

៣. ការ​គាំទ្រពី​ប្រជាជន​ទាំ​ង​ឡាយ ​[ដែល​ឋិត​នៅ​ក្នុងដែន​ដី​ដែល​រង​ការ​វាយ​ប្រហារ​]​​

៤. ផល​ប្រយោជន៍​ចេញ​ពី​ការ​ឋិត​នៅ​ភាគី​ដែល​រង់​ចាំ​។

ការ​វាយ​ប្រហារ​ប្រទេស​ដទៃ​គឺ​ស្ថិត​នៅ​ក្នុងដែន​ដី ​ឬ​ ដែន​អធិបតេយ្យ​របស់​ភាគី​ការ​ពារ ដែល​​ភាគី​វាយ​ប្រហារ​មិន​ប្រាកដ​ជា​ស្គាល់​ភូមិសាស្ត្រ​ដូច​ម្ចាស់​ស្រុក​ឡើយ​, ការ​រក្សា​ជំហរ​ការ​ពារ​គឺ​ទទួល​បាន​ផល​ប្រយោជន៍​ខាង​ពេល​វេលា​និង​ការ​បម្រុងទុក ដែល​អ្នក​វាយ​ប្រហារ​មិន​ចេះ​តែ​វាយ​ប្រហារ​គ្រប់​ពេល​​ទេ​ ប៉ុន្តែ​ត្រូវ​ការ​ពេល​វេលា​ចល័ត​កង​ទ័ព​ ស្បៀង​ អាវុធ,​ កសាង​មូលដ្ឋាន​ទ័ព​, រៀប​ចំ​ផែន​ការ​វាយ​ប្រហារ,​ ​ចំណាយ​ពេល​ស្វែង​យល់​ពី​ទីតាំង​ឬ​អាកាសធាតុ​ដែលខ្លួន​​ជ្រើសរើស​​ជា​សមរភូមិ​ និង​ចំណុច​លម្អិត​ជា​ច្រើន​ទៀត​ ផ្ទុយ​ទៅ​វិញ​ អ្នក​ការ​ពារ ជា​ទូទៅ​ ​មាន​សភាព​រួច​រាល់នូវ​កត្តា​ទាំង​នេះ​ ​និង​អាច​រៀប​ចំខ្សែ​ការ​ពារ​ដោយ​ចំណាយ​ពេល​តិច​ជាង​ ពី​ព្រោះ​​តែ​ឋិត​នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន មិន​ឋិត​ឆ្ងាយ​ពី​គ្រឿងផ្គត់​ផ្គង់​របស់​ខ្លួននិងជា​ទូទៅ​ ក៏​​មិន​ពិបាក​ដឹក​ជញ្ជូនប៉ុន្មាន​ឡើយ​​,​ រចនាសម្ពន្ធ​រដ្ឋបាល​សម្រាប់​សម្រួល​ឋានានុក្រមនិង​ដំណើរ​ការ​​យោធា​ក៏​មាន​ស្រាប់​​, សមរភូមិ​កាន់​តែ​រីក​ធំ​នៅ​ពេល​ភាគី​វាយ​ប្រហារ​តាម​វាយ​ប្រហារ​កាន់​តែ​ឆ្ងាយ​ ដែល​ធ្វើ​ឱ្យ​ភាគី​វាយ​ប្រហារ​ស្រន់​កម្លាំង​ ភាគី​ការ​ពារវិញ​​អាច​​វាយបក​​មក​គ្រប់​ពេល នឹង​អាច​​បង្ក​ការ​ភ្ញាក់​ផ្អើល​។ល។ សេចក្តី​ពន្យល់​សង្ខេប​នេះ​បញ្ជាក់​ថា​ លោក​នាយករដ្ឋមន្ត្រី​មាន​ប្រៀប​ច្រើន​ក្នុង​ករណី​អាមេរិក​លើក​ទ័ព​ចូល​កម្ពុជា​ ទោះ​យោធា​កម្ពុជា​មិន​ខ្លាំង​ដូច​អាមេរិក​ ក៏​មាន​សម្ពន្ធ​មិត្ត​ ចិននិង​វៀតណាម​​ចាំ​ជួយ​របប​លោក​ ហ៊ុន​ សែន​ ក្នុង​ករណី​ការ​វាយ​ប្រហារ​ពី​អាមេរិក​​ ដូច្នេះ​មាន​អ្វី​ដែល​លោក ហ៊ុន​ សែន​ ​ត្រូវ​ខ្លាច​! គេអាច​​មើល​ស្រាល​សមត្ថភាព​អភិវឌ្ឍ​ប្រទេស​របស់​លោកនាយករដ្ឋមន្ត្រី​​ ដែល​បណ្តោយ​ឱ្យ​មាន​អំពើ​ពុក​រលួយ​, ​វិសម​ភាព​សង្គម​, ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ,​ រំលោភ​ច្បាប់​…ប៉ុន្តែ​គេ​មិន​អាច​មើល​ស្រាល​សមត្ថភាព​ធ្វើ​សឹកសង្គ្រាម​​របស់​លោកនោះ​ទេ​។​

ង. លោក​ ហ៊ុន​ សែន, ​អ្នក​បំបែក​, អ្នក​រក​​ដៃ​គូ ​ឬ អ្នក​បង្កើត​​អាយ៉ង​

«កុំ​យក​សម្តី​ខ្ញុំទៅ​​ ថា​ខ្ញុំ​ជា​អ្នក​បំបែក!​ […] តែ​កាល​ណា​លើក ​[ទោស​]ឱ្យ​ ខា​ ឯង​ គឺ​ ខា​ ឯង​ទៅ​ផ្គុំ​កម្លាំង​ជា​មួយ​អារង្ស៊ី​។ អញ្ចឹង​ខ្ញុំ​នេះ​ អត់​បាន​ទេ​។ ហើយ​ មិន​ចង់​វាយ​​ម្តង​មួយ​គូ​ទេ​ ប៉ុន្តែ​ បើ​សិន​ជា​ចាំ​បាច់​ កុំ​ថា​ឡើយ​១គូ​ សូម្បី​១០គូ​ក៏​ខ្ញុំ​វាយដែរ​។ […] ខ្ញុំ​មិន​បំផ្លាញ​សង្គ្រោះ​ជាតិ​ចោល​ទេ​ ប៉ុន្តែ​ខ្ញុំ​រក​ដៃ​គូ​នៅ​ក្នុង​សង្គ្រោះ​ជាតិ​។ ហើយ​ខ្ញុំ​សម្រួច​ឃើញ​ថា​ ខា​ ឯង​ អាច​ធ្វើ​ការ​ជា​មួយ​ខ្ញុំ​បាន​។ […] ខ្ញុំ​អស់​និស្ស័យ​ជា​មួយ​ រង្ស៊ី​ ហើយ​, ខ្ញុំប្រាប់​ឱ្យ​ច្បាស់​ចឹង​ហ្មង។ ហើយ​ខ្ញុំ​អត់​លើក​លែង​បាន​ទេ​។​​ ប៉ុន្តែ​រឿង​​បញ្ហា​ហ្នឹង​ គឺ​ថា​…​ខា​ ឯង​ ក្តាប់​យក​កម្លាំង​, ពេល​ហ្នឹង​ ខា​ យក​, យក​បាន​,  ខា​ ឯង​ យក​បក្ស​ហ្នឹង​បាន​។ […] បើ​សិន​ ខា​ ឯង​ នៅ​តែ​ភ្ជាប់​ខ្លួន​ជា​មួយ រង្ស៊ី​ ​ ខា​ ឯង​ ក៏​គ្រោះ​ថ្នាក់​ដែរ​។ កុំ​ថា ១ ២, ៥​ ក៏​ខ្ញុំ​លេងដែរ​​​។ […] ខ្ញុំ​ត្រូវ​ការ​ឱ្យ​ ខា​ ឯង​ ផ្ទុះ​អាវុធ​នៅ​ខាង​ណោះ​ [គណបក្ស​សង្គ្រោះ​ជាតិ​]  គេ​ហៅ​ថា​ ផ្តល់​សញ្ញា​ពី​ខាង​ណោះ​មក​វិញ​។ ដើម្បី​ខ្ញុំ​ ព្រោះ​ខ្ញុំ​សូម្បី​តែ​ម្សិល​មិញ​ ឥឡូវ​ឃើញ ​រង្ស៊ី​ ចេញ​មក​ហើយ​ ដើម្បី​បំផ្លាញ​។ គោល​ដៅ​របស់​គេ​ច្បាស់​លាស់​គឺ​ធ្វើ​យ៉ាង​ម៉េច​ ព្រោះ​រង្ស៊ី​ បាន​សេចក្តី​ថា​ រួច​ខ្លួន​នៅ​ខាង​ក្រោយ​ហើយ​។ ឡាក់​ថា​នី​ រួច​ខ្លួន​រត់​ចេញ​ទៅ​ខាង​ក្រៅ​ហើយ​។ អ្នក​ដែល​នៅ​សេស​សល់​ដែល​ថា​ ដូច​ជា​ នៅ​ក្នុង​ក្អម​ គឺនៅ​ ខា​ ឯង​។ ចឹង​គេ​ចង់​ធ្វើ​ម៉េច​ គឺ​ដើម្បី​រុញ​សភាព​ការណ៍​មួយ​ដែល​ទៅ​ថ្ងៃ​ក្រោយ​ គេ​រុញ​ឱ្យ​ខ្ញុំ​ដោះ​ស្រាយ​ ខា​ ឯង​ តែ​ម្តង​។ ចឹង​ឥឡូវ​ ខ្ញុំ​មិន​ចង់​ដោះ​អាណឹង​ទេ​។…ខ្ញុំ​ត្រូវ​ការ​មាន​ការ​ជឿ​ទុក​ចិត្ត​មួយ​ ដើម្បី​ខ្ញុំ​ធានា​ជា​មួយ​គណបក្ស​របស់​ខ្ញុំ​ថា​ វា​មិន​ខូច​ខាត​ទេ​ អំពី​ការ​យឹត​យោង​របស់​ខ្ញុំ​ជា​មួយ​នឹង ​ខា​ ឯង។»

លោក​ ហ៊ុន​ សែន​ មិន​ចង់​ឱ្យ​គេ​ហៅ​លោកថា​​ជា​ ‘អ្នក​បំបែក’​ ប៉ុន្តែភស្តុតាង​មិន​ចាំ​បាច់​សម្លឹង​មើល​ឆ្ងាយ​ឡើយ​ ​សម្តី​នៅ​ក្នុង​ខ្សែ​អាត់នេះ​ខ្លួន​ឯង​បញ្ជាក់​ថា ​លោក​កំពុង​តែ​ព្យាយាម​បំបែក​។ លោក​និយាយ​អាក្រក់​ពី​លោក​ សម​ រង្ស៊ី​ ប្រាប់​លោក​ កឹម​ សុខា​ ដើម្បីរុញ​​លោក​ កឹម​ សុខា​ ទៅ​ឈ្លោះ​នឹង​លោក​ សម រង្ស៊ី​, រួច​ហើយ​លោក​បើក​ដៃ​ឱ្យ​គេ​ទម្លាយ​​ខ្សែ​អាត់​នេះ​ចេញ​ ដើម្បី​ឱ្យឮ​ដល់​​លោក​ សម​ រង្ស៊ី​ រួច​ទៅ​ឈ្លោះ​នឹង​លោក​ កឹម​ សុខា​ វិញ​ម្តង​៖ «ផែនការ​ហ្នឹង​ ខា​ ឯង​ត្រូវ​យល់​។ ហេតុ​អី​បាន​សុខៗ​ គេ​ធ្វើ​ចឹង​ បាន​សេចក្តីថា…គោលដៅរបស់​​គេ​ [សម​ រង្ស៊ី​] គឺ​គេ​ចង់​ឱ្យ​ខ្ញុំ​ចាប់​ ខា​ ឯង​ទាល់​តែ​បាន​ហ្នឹង​។ […] ច្បាស់​ណាស់​រឿង​ហ្នឹង​! ខ្ញុំ​ច្បាស់​ជាង​គេ​ត្រង់​ថា​ អ្វី​ដែល​ជា​ការ​ដែល​ស្ងាត់​ស្ងៀមៗ គេ​បង្កើត​រឿង​ឱ្យ​មាន​រឿង​បញ្ហា​! គោល​ដៅ​ដើម្បី​អី​ ដើម្បី​ឱ្យ​ខាង​នេះ​ មិន​អាច​ទប់​ចិត្ត​បាន​ គឺ​ត្រូវ​អនុវត្ត​ផ្លូវ​ច្បាប់​។ អញ្ចឹង​ គឺ គោលដៅ​របស់​គេ​ គឺ​គេ​ប្រើ​ដៃ​របស់​ខ្ញុំ​ ដើម្បី​កម្ចាត់​ ខា​ ឯង!​ [] គេ​បំផ្លាញ​ ខា​ ឯង​ ដោយ​មិន​ចាំ​បាច់​ប្រើ​ដៃ​របស់​គេ​បំផ្លាញ​!»

លោក​ ហ៊ុន​ សែន​ ថា​អាច​ទ្រ​ទាំង​គូ​បាន​ ប៉ុន្មាន​ក៏​បាន​, កុំ​ថា​ឡើយ​វាយ​ ១គូ​ ១០គូ​ ក៏​វាយ​​​, កុំ​ថា​ ១ ២, ៥ ក៏​លេង​, ចុះ​បើ​លោក​ខ្លាំង​ដល់​ម្លឹង​មែន​ ម្តេច​ក៏​លោកបែរ​ជា​​​ថា​មិន​ចង់​ឱ្យ​លោក​ កឹម​ សុខា​ ទៅ​ផ្តុំ​កម្លាំង​នឹង​លោក​ សម​ រង្ស៊ី​ ម៉េច​មិន​វាយ​ទាំង​គូ​ដូច​សម្តី​ទៅ​, ចង់​ឱ្យ​លោក​ កឹម​ សុខា​ ដាល់​លោក​ សម​ រង្ស៊ី​, ចង់​លោក​ កឹម​ សុខា​ ផ្ទុះ​អាវុធឬ​បង្ក​បញ្ហា​​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​, គំរាម​លោក​ កឹម​ សុខា ថា​នឹង​គ្រោះ​ថ្នាក់ ​បើ​នៅ​តែ​ភ្ជាប់​ខ្លួន​នឹង​លោក​ សម​ រង្ស៊ី​ រួច​បែរ​ជា​ទម្លាក់​ទៅ​លើ​​​លោក​ សម​ រង្ស៊ី​ ​ថា​ចង់​កម្ចាត់​លោក​ កឹម​ សុខា​ ទៅ​វិញ​ តាម​ពិត​គឺ​លោក​ខ្លួន​ឯង​ដែល​ចង់​កម្ចាត់​លោក​ កឹម​ សុខា​។ ជា​សកម្មភាព​វិញ​ រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ បាន​ហាមបិទ​អាកាសចរណ៍​​មិន​ឱ្យ​លោក​ សម​ រង្ស៊ី​ ចូល​ស្រុក​ ក្រោយ​ពេល​លោក​ កឹម​ សុខា​ ប្រកាស​ចង់​ឱ្យ​លោក​ សម​ រង្ស៊ី​ មក​នៅ​ជា​មួយ​លោក​ ដើម្បី​កុំ​ឱ្យ​មេ​បក្ស​ទាំង​ពីរ​រួម​រួប​គ្នា​ អាច​ធ្វើ​ការ​ជា​មួយគ្នា​​បាន​ឡើយ​។ គេ​អាច​ដោះ​សា​ថា​ លោក​ ហ៊ុន​ សែន​ នៅ​តែ​ខ្លាំង​ ព្រោះ​លោក​ឈ្លាសវៃ​ ដោយ​មិន​វាយ​ប្រហារ​ទាំង​គូ ​​បំបែក​ឱ្យ​មេ​បក្ស​ទាំង​ពីរ​នៅ​ដាច់​ពី​គ្នា​​សិន​ មាន​ផល​ប្រយោជន៍​ជាង​ ប៉ុន្តែ​ការ​ដែល​លោក​ព្យាយាម​បំបែក​ឱ្យ​គូប្រជែង​ចុះ​ខ្សោយ​ជា​មុន​ ចៀស​មិន​​ផុត​​ពី​ការ​វាយ​តម្លៃ​ថា​ លោក​ ហ៊ុន​ សែន​ មិន​ខ្លាំង​រហូត​ដល់​អាច​ទប់​ទល់​ទាំង​ពីរ​នោះ​ទេ​ គឺ​បាន​តែ​មាត់​តែ​ប៉ុណ្ណោះ​។ ជា​រួម​ ​មិន​ពិបាក​មើល​ឃើញ​ឡើយ​ លោក​ ហ៊ុន​ សែន​ កុហក​ និង​បាន​តែ​ពោល​ក្អេង​ក្អាង​តែ​ប៉ុណ្ណោះ​ គឺ​លោក​នៅ​តែ​ព្យាយាម​បំបែក​, ការ​ដែល​លោក​មិន​ចង់​ឱ្យ​គេ​ហៅ​លោក​ថា​ជា​អ្នក​បំបែក​ ព្រោះវា​ជា​ការ​ពិត​ ដែល​លោក​មិន​ចង់ឱ្យ​​លោក​ កឹម​ សុខា​ ជឿ​ និង​ចង់​​បោក​លោក​ កឹម​ សុខា ឱ្យ​ជឿ​ថា​ លោក​ចង់​រក​ដៃ​គូ​ទៅ​វិញ​ តែ​តាម​ពិត​ គឺ​លោក​ចង់​បង្កើត​អាយ៉ងនោះ​ទេ​​ ដូច​ដែល​សម្តី​របស់​លោក​ខ្លួនឯង​​ ក្រោយ​ទម្លាយ​ខ្សែ​អាត់ ​ចាត់​ទុក​លោក​ កឹម​ សុខា​ ជា​អាយ៉ង​របស់​លោកដូច្នោះ​​។

កំលុង​ពេល​រដូវ​ភ្ជុំ​បិណ្ឌ​ ដែល​លោក​នាយករដ្ឋមន្ត្រី​អំពាវនាវ​ឱ្យ​មាន​ភាព​ស្ងប់​ស្ងាត់​ និង​ជំរុញ​ឱ្យ​លោក​ កឹម​ សុខា​ ប្រកាស​បែប​នេះ​ដូច​គ្នា​, ផ្ទុយ​ទៅ​វិញ​ លោក​ សម​ រង្ស៊ី​ បែរ​ជា​​វាយ​ប្រហារ​លោក​ ហ៊ុន​ សែន​ និង​គណបក្ស​ប្រជាជន​ ជា​បន្ត​បន្ទាប់​ ករណី​មួយ​ដែល​ធ្វើ​ឱ្យ​សម្តេច​ក្តៅ​ក្រហាយ​បំផុត​គឺ​ការ​ចោទភរិយា​​របស់​លោក​ជា​ប្រពន្ធអតីត​​មេ​ដឹក​នាំ​វៀតណាម​និង​ថា​កូន​របស់​លោក​ជា​កូន​យួន​។ ឱ្យ​តែ​នៅ​ក្រៅ​ប្រទេស​ ​រដ្ឋាភិបាល​មិន​អាច​រក​រឿង​ ​ពេលលោក​ស្នាក់​នៅ​បរទេស​, លោក សម​ រង្ស៊ី​ ​រមែង​រិះ​គន់​មិន​សំចៃមាត់​​ មិន​មាន​​អ្វី​ចម្លែក​ទេ​។​​ ក្នុង​ខ្សែ​អាត់​ លោក​ កឹម​ សុខា​ យល់​ថា​វា​ជា​ចរិត​របស់​លោក​ សម​ រង្ស៊ី​ ដែល​ចូល​ចិត្តនយោបាយ​​វាយ​ប្រហារគ្នា​បែប​នេះ​ សូម្បី​លោក​​ក៏​ឃាត់​មិន​ឈ្នះ​ដែរ​៖ «ល្ងាច​មិញ​ ខ្ញុំ​ប្រាប់​គាត់​ទៀត​។ ខ្ញុំ​ប្រាប់​គាត់ ​ហើយ​ខ្ញុំ​​ប្រាប់​ប្រពន្ធ​គាត់​ទៀត។​…ប្រពន្ធ​គាត់ក៏​ប្រាប់​ទៅ​​​ដែរ​។…​សម្តេចជ្រាប​ស្រាប់​ហើយ​ ខ្ញុំ​ក៏​ដឹង​[ពីចរិតគាត់​]ដែរ​។» ផ្ទុយ​ទៅ​វិញ​ សម្តេច​មិន​យល់អ៊ី​ចឹង​ទេ​ លោក​យល់​ថា​វា​​ជា​ល្បិច​របស់​លោក​ សម​ រង្ស៊ី​ ចង់​ធ្វើ​បាប​លោក​ កឹម​ សុខា​ ដោយ​ខ្ចី​ដៃ​របស់​​លោក​​ ហើយ​លោក​ កឹម​ សុខា បាន​ឆ្លើយ​ បាទ​ៗ រហូត​ តប​នឹង​សម្តេច​ ​ បញ្ជាក់​ពី​ការ​យល់​ស្រប​ (ឬ​ធ្វើ​ជា​ស្រប?) ​អំពី​ការ​វិនិច្ឆ័យ​នេះ​។

មាន​​ហេតុ​ផលមួយ​ចំនួន​គាំទ្រ​ការ​អះអាង​របស់​លោក​ ហ៊ុន​ សែន​ អំពី​បំណង​របស់​លោក​ សម​ រង្ស៊ី​ ចំពោះ​លោក​ កឹម​ សុខា​៖​ ១. បទពិសោធ​ត្រូវ​បាន​សម្តេច​ក្រម​ព្រះ​ក្បត់​សម្ពន្ធភាពកាល​ពី​​អាណត្តិមុន​ៗ​ កន្លងមក​​ ​អាច​នៅ​តែ​តាម​លង​លោក​ សម​ រង្ស៊ី​ បារម្ភ​ខ្លាច​លោក​ កឹម​ សុខា​ ក្បត់​លោក​ រួច​ចូល​ដៃ​នឹង​លោក​ ហ៊ុន​ សែន​ ពោល​គឺ​ ខ្លាច​លោក​ កឹម​ សុខា​ ធ្វើ​បក្ស​ប្រហារ​។  ២. លោក​ សម​ រង្ស៊ី​ មិន​ទំនង​ជា​មិន​ដឹង​ថា​ ការ​រិះ​គន់​របស់​លោក​អាច​ដុត​កំហឹង​លោក​ ហ៊ុន​ សែន​ ធ្វើ​ឱ្យ​ស្ថានភាព​កាន់​តែ​តានតឹង​នោះ​ឡើយ​ ស្រប​ពេល​មានព្រឹត្តិការណ៍​ប៉ុន​ប៉ង​ចាប់​ខ្លួន​លោក​ កឹម​ សុខា​, លោក​នៅ​តែ​បន្តវាយ​ប្រហារ​ ដោយ​មិន​ខ្វល់​ពី​សុវត្ថិភាព​លោក កឹម​ សុខា​ បញ្ជាក់​ថា​ វា​ជា​បំណង​របស់​លោក​ ចង់​ធ្វើ​ឱ្យ​លោក​ កឹម​ សុខា​ លំបាក​។ ៣. ការ​សម្រេច​ចិត្ត​នៅ​ក្នុង​ប្រទេស​របស់​លោក​ កឹម​ សុខា​ ធ្វើ​ឱ្យ​ជំហរ​និរទេស​របស់​លោក​ សម​ រង្ស៊ី​ ត្រូវ​បាន​ចោទ​សួរ​ក្នុង​កម្រិត​មួយ​ធ្ងន់​, រាល់​លើក​ លោក​និរទេស​ម្នាក់​ឯង គ្មាន​បញ្ហា​​, លើក​នេះ​ លោក​មាន​ដៃគូ​ដែល​ប្រកាន់​ជំហរ​ផ្ទុយ​ពី​លោក ផ្ទុយ​ពី​សម្តី​របស់​លោក​ សម​ រង្ស៊ី​ ខ្លួន​ឯង​ដែល​ថា​ រង្សី​ សុខា​ ជា​មនុស្ស​តែ​ម្នាក់​,​ ការ​ធ្វើ​នយោបាយ​ជើង​មិន​ជាប់​ដី​រង​ការ​រិះ​គន់​ខ្លាំង​ជាង​ករណី​និរទេស​មុនៗ​ នាំ​ឱ្យ​លោក​ សម​ រង្ស៊ី​ ​​នៅ​តែ​ត្រូវ​បាន​គេ​ហៅ​ថា​ កំសាក​, លោក​ កឹម​ សុខា​ វិញ​ត្រូវ​គេ​ហៅ​​ថា​ហ៊ាន​ប្រឈម ​ទទួល​យក​គុណ​សម្បត្តិ​តែ​ម្នាក់​ឯង​​, ថា​មិន​បាន​ លោក​អាច​​អន់​ចិត្ត​នឹង​លោក​ កឹម​​ សុខា អំពី​រឿង​នេះ​​។

ហេតុ​ផល​បន្តិច​បន្តួច​នេះ ​ទោះ​មិន​ច្រើន​ ក៏​ពិបាក​នឹង​បញ្ចៀស​ការ​សន្និដ្ឋានថា​ ​លោក​ សម​ រង្ស៊ី​ មាន​អារម្មណ៍​មិន​សូវ​ស្រួល​ ពេល​លោក​ កឹម​ សុខា​ និង​លោក​ ហ៊ុន​ សែន​ ខិត​ជិត​គ្នា​,​ សូម្បី​តែ​បន្ទាប់​ពី​មាន​ការ​លើកលែង​​ទោស​លោក​ កឹម​ សុខា​ ហើយ​ ក៏​លោក​នៅ​តែ​បន្ត​វាយ​ប្រហារ​ ដោយ​មិន​ខ្វល់​ថា​ ករណី​លើក​ទោស​នេះ​អាច​សម្រួល​ដល់​ការ​ដោះ​លែង​សង្គម​ស៊ីវិល​និង​អគ្គលេខាធិការង​ ​គ.ជ.ប. បើ​មិន​ត្រូវ​បាន​ធ្វើ​ឱ្យ​ល្អក់​កករ​ដោយ​សារ​ការ​រិះគន់​របស់​លោក​នា​កាល​ណោះ​អំពី​ថ្ងៃ​ ៧ មករា​, ផែន​ការ​ក៥, និង​ការ​ត្រៀម​បង្ក្រាប​កង​ឧទ្ទាម​គណបក្ស​ប្រជាជនក្នុង​ករណី​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត។ល​​។

ច. ល្បិច​ទល់​ល្បិច​, បំបែក​អ្នក​បំបែក

​បក្ស​កាន់​អំណាច​ព្យាយាម​បំបែក​បក្ស​ប្រឆាំង​ ឬ​និយាយ​ម្យ៉ាង​ទៀត​ លោក​ ហ៊ុន​ សែន​ ខិត​ខំ​បំបែក គណបក្ស​សង្គ្រោះ​ជាតិ​ ពីរ​ផ្លូវ​៖ ផ្លូវ​ទី​១​ ដំបូង​បំបែក​​លោក​ សម​ រង្ស៊ី​ ពី​​​ កឹម​ សុខា, ល្បួង​លោក​ សម​ រង្ស៊ី​ ដឹក​នាំ​បក្ស​​ចូល​សភា​ ទោះ​បី​​ កឹម​ សុខា​ ជំទាស់​ និង​បំបែក​មេ​បក្ស​ទាំង​ពីរ​តាម​រយៈ​វប្បធម៌​សន្ទនាតែ​ជា​មួយ​លោក​ សម​​ រង្ស៊ី​​​, ផ្លូវ​ទី​២ ក្រោយ​មកទៀត​ បំបែក​ កឹម​ សុខា​ ពី​ សម​ រង្ស៊ី តាម​រយៈ​សន្ទនា​សម្ងាត់​និង​ដោះ​ដូរ​នយោបាយ​លើក​លែង​ទោសឱ្យ​ កឹម​ សុខា​​​។ ប៉ុន្តែ​ ក្នុង​ខ្សែ​អាត់​ លោក​នាយករដ្ឋមន្ត្រី​​បាន​ឱ្យ​ដឹង​ថា លោក​ សម​ រង្ស៊ី​ ក៏​ព្យាយាម​បំបែក​ខាង​លោក​វិញ​ដែរ​​៖ «បើ​និយាយ​ពី​ណោះ​វិញ​ ប៉ុន្មាន​ថ្ងៃ​នេះ​ គេ​ [រង្ស៊ី] សង្ឃឹម​រឿង​ខ្ញុំ​បែក​ទៅ​វិញ​! ទៅ!​ សង្ឃឹម​ទៅ​​! សង្សឹម​ថា​ ខ្ញុំ​ខាង​ណេះ​ មាន​បញ្ហា​អញ្ចេះ​ មាន​បញ្ហា​អញ្ចុះ​!» បើ​គេ​មិន​ជឿ​លើ​ការ​វិនិច្ឆ័យ​របស់​លោក ហ៊ុន​ សែន​ នេះ​ទេ​, គេ​អាច​សម្លឹង​មើល​ភស្តុតាង​ដទៃ​ទៀតបាន​​។ ក្រោយ​ពី​មរណភាព​លោក​ ជា​ ស៊ីម​ ដែល​ជា​គូ​ប្រជែង​ក្នុង​គណបក្ស​ប្រជាជន​នឹង​លោក​ ហ៊ុន​ សែន​, លោក​នាយករដ្ឋមន្ត្រី​ត្រូវ​រៀប​ចំ​សម្រួល​​ មិន​ឱ្យ​ខ្សែ​ខាង​លោក​ និង​ខ្សែ​ដែល​នៅ​សេស​សល់​ពីលោក​ ​ជា​ ស៊ីម ពិសេស​គឺ​លោក​ ស ខេង មាន​ភាព​មិន​ចុះ​សម្រុងនឹង​​គ្នា​​។ ឆ្លៀត​ឱកាស​នេះ​ គណបក្ស​ប្រឆាំង​ ទាំង​លោក​ សម​ រង្ស៊ី​ និង​ទាំង​លោក​ កឹម​ សុខា​ បង្ហាញ​សមាន​ចិត្ត​ដែល​មាន​ជា​យូរ​ហើយទៅ​លើ​លោក​ ស ខេង​​, មាន​​ចេតនា​បង្កប់មួយ​​នៅ​ក្រោយ​សកម្មភាព​នេះ​​ ​គឺ​ចង់​បំបែក​លោក​​ ស ខេង ពី​លោក​ ហ៊ុន​ សែន, ចង់​ឱ្យ​លោក​ ហ៊ុន​ សែន​ មើល​ឃើញ​ថា​ បក្ស​ប្រឆាំង​ត្រូវ​រ៉ូវ​គ្នា​ជា​មួយនឹង​​លោក​ ស ខេង​​​ មិន​មែន​លោក​ ហ៊ុន​ សែន​។ បក្ស​ប្រឆាំង​ធ្លាប់​ពោល​គាំទ្រ​ការ​អះ​អាង​របស់​លោក​ ស ខេង​ អំពី​បដិវត្តន៍​ពណ៌​ ដែល​ថា​ កើត​ចេញ​ពី ‘ភាព​អសកម្ម​នៃ​​ការ​គ្រប់​គ្រង​’ របស់​រដ្ឋាភិបាល​។ ជា​ការ​ពិត​ លោក​ ស ខេង​ មាន​ប្រសាសន៍ត្រឹម​ត្រូវ​​ បក្ស​ប្រឆាំង​គាំទ្រ​ប្រសាសន៍​របស់​លោក​មិន​មាន​អ្វី​ខុស​ទេ​ ប៉ុន្តែ​វាក៏​​មិន​មែន​ជាការ​ចៃដន្យ​ដែរ​ ​​ដែល​បក្ស​ប្រឆាំង​ជា​រឿយៗ​បង្ហាញ​ភាព​ចុះ​សម្រុង​នឹង​លោក​ ស ខេង​។

ឆ្លើយ​តប​នឹងមតិ​​របស់​មន្ត្រី​បក្ស​កាន់​អំណាច​ ដែល​ថា​ បក្ស​ប្រឆាំង​គ្មាន​ចេតនា​ចង់​បន្ត​សន្ទនា​ឬ​វប្បធម៌​សន្ទនា​ ដោយចេះ​តែ​​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​ មិន​ចូល​ជួយ​​កែ​ច្បាប់​គណបក្ស​នយោបាយ​, លោក​ស្រី​ មូ​ សុខ​ហួរ​ មន្ត្រី​ជាន់​ខ្ពស់​នៃ​បក្ស​ប្រឆាំង​ នៅ​ថ្ងៃ​ទី២១ ​កុម្ភៈ ២០១៧ បាន​អះ​អាង​ថា​ សំណើ​របស់​ពួក​គេ​ពុំ​ត្រូវ​បាន​បក្ស​កាន់​អំណាច​ទទួល​យកឡើយ​ ពី​ព្រោះ​តែ​ឥទ្ធិពល​របស់​លោក​ ហ៊ុន សែន៖​ «យើង​ចូល​ទៅ​ជជែក​នៅ​ក្នុង​អចិន្ត្រៃ​យ៍​ហើយ ទោះ​បី​មួយ​ឃ្លា​ក៏​មិនយក​ដែរ! យើង​ជជែក​មិន​មែន​ដើម្បីការ​ពារ​យើង​​ទេ យើង​ជជែក​សុំ​ឲ្យ​មុន​នឹង​ដាក់​ចូល​ការ​ប្រជុំសភា សូម​ឲ្យ​អង្គការ​សង្គម​ស៊ី​វិល ​សុំ​ឲ្យ​​គណបក្ស​ដទៃ​ទៀតសុំ​ឲ្យ​គេ​មាន​យោ​បល់​ផង។​ ជជែក​ម៉េច! ​បើ​សម្តេច​នាយក​និយាយ​មិន​ដល់​ ២​សប្តាហ៍​ផង​ ចេញ​មកតាម​អ្វី​ដែល​ជា​ប្រសាសន៍​សម្តេច ​ហើយ​​មិន​ទាន់​ទៅ​អ្វីដែល​គណកម្មាធិការ​អចិន្ត្រៃយ៍ គណៈកម្មាពិសេស​គ្រាន់​តែ​មើល​មិន​ទាន់​បាន​ពីរ​ថ្ងៃ​ផង​ ចេញ​មក​កោះ​ប្រជុំ​ទៅ​ហើយ យើង​យល់​ថា​មិន​មែន​ជា​ឆន្ទៈរបស់​ប្រជា​រាស្ត្រខ្មែរ​ទេ»។ លោក​នាយករដ្ឋមន្ត្រី​ធ្លាប់បាន​​អះ​អាង​ថា​ លោក​ កឹម​ សុខា​ ជា​អ្នក​ធ្វើ​ឱ្យ​រាំង​ស្ទះ​ការ​ចរចា ផ្ទុយ​ទៅ​វិញ​ ​បក្ស​ប្រឆាំង​ចាត់​ទុក​លោក​ ហ៊ុន​ សែន​ ជា​អ្នក​ធ្វើ​ឱ្យ​រាំង​ស្ទះ​ការ​ចរចា​វិញ​ម្តង​។

ដោយ​ ទេព​ រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ