អាមេរិក​ថា ដំណោះ​ស្រាយ​យោធា​លើ​កូរ៉េ​ខាង​ជើង​នឹង​បង្ក​​មហន្តរាយ​ធំ​ធេង​វាស់​មិន​បាន

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Jim Mattis​(រូបភាពពីទីភ្នាក់ងារ​ Reuters)

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Jim Mattis បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ការប្រើ​ប្រាស់​កម្លាំង​យោធា​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​កូរ៉េ​ខាង​ជើង នឹង​ក្លាយ​ទៅ​ជា​វិបត្តិ​ដ៏​អន្តរាយ​មាន​ទំហំ​មិន​អាច​ជឿ​បាន ហើយ​ក្រុង​វ៉ាស៊ីងតោន​កំពុង​ធ្វើ​ការ​ជា​អន្តរជាតិ​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ផ្នែក​កាទូត។ នេះ​ដោយ​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

កូរ៉េ​ខាង​ជើង មិន​ស្ដាប់​ទៅ​នឹង​ការ​អំពាវ​នាវ​ឲ្យ​បញ្ឈប់​កម្មវិធី​គ្រាប់​មីស៊ីល និង​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើយ បើទោះ​បី​ជា​ការ​អំពានាវ​នោះ​ធ្វើ​ឡើង​ដោយ​ប្រទេស​ចិន​ក៏​ដោយ ដោយ​ចាត់​ទុក​វា​ជា​ការ​ការពារ​ខ្លួន​ដោយ​ស្រប​ច្បាប់។

កូរ៉េ​ខាង​ជើង​កំពុង​តែ​អភិវឌ្ឍ​គ្រាប់​មីស៊ីល​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​អាច​បាញ់​ដល់​ទឹក​ដី​អាមេរិក ហើយ​ក្រុម​អ្នក​ជំនាញ​និយាយ​ថា ការ​សាក​ល្បង​គ្រាប់​មីស៊ីល​ថ្មី​របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន គឺ​ជា​ការ​បោះ​ជំហាន​ដ៏​សំំខាន់​មួយ​ទៀត​ឆ្ពោះ​ទៅ​រក​គោលដៅ​នេះ។

លោក Mattis បាន​ថ្លែង​ក្នុង​សន្នីសីទ​សារព័ត៌មាន​នៅ​មន្ទីរ​បញ្ចកោណ​ថា៖ “យើង​កំពុង​បន្ត​ការងារ​លើ​បញ្ហា​នេះ។ ប្រសិន​បើ​បញ្ហា​ឈាន​ទៅ​ប្រើ​កង​ទ័ព វា​នឹង​ក្លាយ​ទៅ​ជា​វិបត្តិ​ដ៏​អន្តរាយ​មាន​ទំហំ​មិន​គួរ​ឲ្យ​ជឿ។ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង គឺ​ត្រូវ​ធ្វើ​ការ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ ប្រទេស​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ដើម្បី​ព្យាយាម​ស្វែង​រក​ច្រក​ចេញ​ពី​ស្ថានភាព​នេះ”។

សម្ដី​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ច្បាស់​ថា រដ្ឋបាល​ប្រធានាធិបតី ដូណាល់ ត្រាំ នឹង​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ​ឲ្យ​អស់​ពី​លទ្ធភាព មុន​នឹង​ងាក​ទៅ​ប្រើ​ប្រាស់​កម្លាំង​ទ័ព ដើម្បី​បង្ខំ​កូរ៉េ​ខាង​ជើង។

អាមេរិក ដែល​មាន​កង​ទ័ព​ជិត ៣​ម៉ឺន​នាក់​នៅ​កូរ៉េ​ខាង​ត្បូង​ដើម្បី​ការពារ​ការ​គំរាម​កំហែង​ពី​កូរ៉េ​ខាង​ជើង​នោះ បាន​អំពាវ​នាវ​ទៅ​ចិន ឲ្យ​ខិត​ខំ​បន្ថែម​ទៀត​ដើម្បី​បញ្ឈប់​កូរ៉េ​ខាង​ជើង។

លោក Mattis ទំនង​ជា​ការពារ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ចិន​នា​ពេល​ថ្មីៗ​នេះ បើ​ទោះបី​ជា​លោក​បាន​ដឹង​ថា ក្រុង​ព្យុងយ៉ាង​ប្រឹង​ប្រែង​ដើរ​ទៅ​មុខ​ក៏​ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ