កូរ៉េ​ខាង​ជើង​បដិសេធ​តួនាទី​នៅ​ក្នុង​ការ​វាយ​ប្រហារ​ប្រព័ន្ធ​កុំព្យូទ័រលើ​ពិភពលោក

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 8:32 AM | អន្តរជាតិ | 0 | 2983 អគ្គរដ្ឋទូតរងកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ លោក គីម អ៊ីនរីយ៉ុង (រូបភាពពី​ទីភ្នាក់ងារ​ AFP)

កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ទាត់​ចោល​ទាំង​កំហឹង​នូវ​សេចក្ដី​រាយការណ៍​នានា​ដែល​ភ្ជាប់​របប​ឯកោ​មួយ​នេះទៅ​នឹង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នៅ​លើ​ពិភព​លោក ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​រាប់​ពាន់​គ្រឿង​​ក្លាយ​ជា​ចំណាប់​ខ្មាំង។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

កុំព្យូទ័រ​រហូត​ដល់​ទៅ ៣​សែន​គ្រឿង​នៅ​ក្នុង​ប្រទេស​ចំនួន ១៥០​ បាន​រង​ការ​វាយ​ប្រហារ​ពី​​មេរោគ WannaCry ដែល​បាន​លុក​លុយ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ និង​ទាមទារ​ឲ្យ​បង់​ប្រាក់​តាម​ប្រព័ន្ធ Bitcoin ដើម្បី​អាច​ដំណើរការ​បាន​វិញ។

កូដ​ដែល​ត្រូវ​បានប្រើ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ថ្មី​នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​កូដ​ដែល​ត្រូវ​បាន​គេ​ប្រើ​កាល​ពី​មុន ដែល​គេ​បន្ទោស​ទៅលើ​របប​លោក គីម ជុងអ៊ុន។

ប៉ុន្តែ កូរ៉េ​ខាង​ជើង នៅ​ពេល​នេះ បាន​ចេញ​មុខ​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ និង​បាន​វាយ​ប្រហារ​ត្រឡប់​ទៅវិញ ដោយ​បាន​ចោទ​ប្រកាន់​គូ​សត្រូវ​របស់​ខ្លួន​ថា បាន​ពង្រីក​ការ​ឃោសនា។

អគ្គ​រដ្ឋ​ទូត​រង​កូរ៉េ​ខាង​ជើង​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ លោក គីម អ៊ីនរីយ៉ុង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា វា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច ហើយ​លោក​ថា ក្រុង​វ៉ាស៊ីងតោន និង​ក្រុង​សេអ៊ូល ស្ថិត​នៅ​ពី​ក្រោយ​ការ​ចោទ​ប្រកាន់​នេះ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required