លោកនាយករដ្ឋមន្ត្រីទំនងថ្លែងចំអកឲ្យបក្សប្រឆាំងចំពោះការធ្វើពិធីបួងសួង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងថ្លែងចំអកដល់គណបក្សប្រឆាំងដែលបានធ្វើពិធីបួងសួងនៅខេត្តសៀមរាបកាលពីម្សិលមិញ ដោយថាការសែនព្រេននោះមិនអាចជួយឲ្យរួចខ្លួនពីការជាប់ពន្ធនាគារបាននោះទេ។

កាលពីម្សិលមិញគណបក្សប្រឆាំងបានធ្វើពិធីបួងសួងនៅខាងមុខប្រាសាទអង្គរវត្ត ដោយថាដើម្បីសុំឲ្យមានការផ្សះផ្សាជាតិ ដោះលែងតំណាងរាស្រ្ត និងសកម្មជនគណបក្សប្រឆាំង ជាពិសេសសុំឲ្យឈប់មានការធ្វើទុក្ខបុកម្នេញលើប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។

ក្នុងពិធីចែកសញ្ញាបត្រដល់សិស្សសាលាភូមិន្ទរដ្ឋបាលនៅវិទ្យាស្ថានជាតិអប់រំនៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ថ្លែងដោយមិនចំឈ្មោះគណបក្សនយោបាយណាមួយថា បើសិនជាបុគ្គលណាម្នាក់មិនបានធ្វើអ្វីខុសគឺមិនត្រូវបានគេចាប់ខ្លួននោះទេ។ លោកបន្ថែមថាការបន់ស្រន់មិនអាចជួយអ្នកប្រព្រឹត្តអំពើខុសច្បាប់បាននោះទេ។

លោកបន្ថែមថា៖ “សូមផ្តាំផ្ញើមិនបាច់ទៅធ្វើបុណ្យធ្វើទានសែនព្រេនឯណាទេ ធ្វើកុំឲ្យតែខុសច្បាប់ទៅមិនដែលជាប់គុកទេ…បើយើងអត់ធ្វើអ្វីខុសមិនបាច់ទៅស្រោចទឹកពាក់កឋាកន្សែងយ័ន្តអ្វីទេ វាទៅរួចខ្លួន?…តែនិយាយឲ្យចំកុំឲ្យតែធ្វើខុសច្បាប់គឺអត់មានទោសអ្វីទេ វាមិនដែលពីណាចេះតែដើរចាប់នោះទេមុននឹងគេធ្វើអ្វីគេមានមាត្រាក្នុងច្បាប់ណា”។

លោកនាយករដ្ឋមន្ត្រីក៏ទំនងថ្លែងដោយបញ្ឆិតបញ្ឆៀងទៅកាន់លោក កឹម សុខា ផងដែរចំពោះករណីដែលលោកកំពុងរងការចោទប្រកាន់ពីតុលាការថាបានប្រព្រឹត្តបទល្មើសជាក់ស្តែងក្រោយពីរូបលោកបានបដិសេធមិនចូលខ្លួនតាមការកោះហៅចំនួនពីរដងក្នុងនាមជាសាក្សី។

លោកបន្ថែមថា៖ “ទៅឲ្យគេសួរបន្តិចទៅរួចមកវិញទៅមានអ្នកណាគេចាប់…វាបង្កើតទៅជាអារឿងតួចទៅជាងរឿងធំ អាហ្នឹងមកពីអ្វីមកពីមេធាវីវាស្ទើរ”។

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម មានប្រសាសន៍ថាការថ្លែងរបស់លោក ហ៊ុន សែន គឺជាការយល់ឃើញរបស់លោក តែលោកថាគណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរមិនឲ្យលោក កឹម សុខា ចូលទៅបំភ្លឺនៅតុលាការដោយយោងលើអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្ត។ លោកមានប្រសាសន៍ថា៖ “មិនមែនជារឿងថ្មីទេគឺយើងបានបញ្ជាក់ជំហររបស់យើងហើយថាអ្វីដែលត្រូវតាមច្បាប់គឺយើងធ្វើហើយដូចជ្រាបទាំងអស់គ្នាហើយថាឯកឧត្តម កឹម សុខា នៅតែជាអ្នកតំណាងរាស្រ្តមានអភ័យឯកសិទ្ធិនៅឡើយ …. ខ្ញុំមិនហ៊ានថាទេ អាហ្នឹងខ្ញុំមើលបេះដូងរបស់គាត់មិនឃើញដែរ ក៏ប៉ុន្តែអ្នកខ្លះថាវាជារឿងតូចតាច បើវាជារឿងតូចតាចបញ្ចប់ទៅជាចប់បាត់ទៅហើយ“។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២៦ ខែឧសភា អាជ្ញាធរបានប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា នៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ក្រោយព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅលោក កឹម សុខា ឲ្យចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីចំនួន២លើកគឺនៅថ្ងៃទី១៧ខែឧសភានិងនៅថ្ងៃទី២៦ ខែឧសភា លើសំណុំរឿងសញ្ចារកម្ម ប៉ុន្តែលោក កឹម សុខា សម្រេចមិនចូលបំភ្លឺ ដោយសំអាងថាលោកមានអភ័យឯកសិទ្ធិតំណាងរាស្ត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ