​ជើង​ឯក​នៅ​ប៉ុស្ដិ៍​លេខ​​​៥ ​​​​​​​​​​​បាន​ត្រឹម​​ស្មើ​​​នៅ​​ប៉ុស្ដិ៍អាស៊ីអាគ្នេយ៍

កីឡាករ​អ៊ុំ ចំរើន(ធ្វេង)និងកីឡាករថៃ

គ្មានអ្នកណាមិនដឹងនោះទេ ថាកីឡាករអ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានឫទ្ធិ គឺជាជើងឯកអន្តរជាតិប្រចាំប៉ុស្ដិ៍លេខ៥ ដែលទើបតែបានទទួលពានជើងឯកថ្មីៗបន្ទាប់ពីគេវាយឈ្នះកីឡាករថៃនិងខ្មែរជាច្រើននាក់ក្នុងពូល និងឆ្លងពូល។ ប៉ុន្តែនៅក្នុងការប្រកួតអន្តរជាតិដូចគ្នាដែលបានធ្វើឡើងជាលក្ខណៈមិត្តភាពកាលពីថ្ងៃ១៩ មិថុនា កីឡាកររូបនេះបានត្រឹមតែស្មើជាមួយកីឡាករថៃនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍។

ការប្រកួតដែលមានអ្នកស្នេហាវិស័យប្រដាល់យ៉ាងណែនតាន់តាប់ទស្សនាដោយផ្ទាល់នោះ កីឡាករកម្ពុជា អ៊ុំ ចំរើន ដែលទើបកាន់ពានអន្តរជាតិបុស្ដិ៍លេខ៥កាលពីថ្ងៃទី២៨ ឧសភា ត្រូវគេប៉ះប្រកួតជាមួយកីឡាករថៃឈ្មោះ Phit Serisk ដែលជាកីឡាករល្អម្នាក់មកពីទីក្រុងបាងកក។ ការប្រកួតគូនេះក្នុងទី១មិនសូវឡើងកម្តៅគួរអោយចាប់អារម្មណ៍ប៉ុន្មានទេ។ លុះដល់ទឹកទី២និងទឹកទី៣ទើបចាប់ផ្ដើមប្រឹងស្ទុះរៀងខ្លួនតែម្ដង។ យ៉ាងណាក៏ដោយ កីឡាករកម្ពុជាហាក់មិនសូវមានប្រៀបដាច់ឆ្ងាយដូចគ្នានឹងការប្រកួតដែលគេបានឈ្នះកីឡាករល្អៗនៅក្នុងព្រឹត្តិការណ៍ដណ្ដើមពានជើងឯកនៅប៉ុស្ដិ៍លេខ៥ ដែលទើបតែបានបញ្ចប់កាលពីជាងកន្លះខែមុននោះឡើយ។ ជាក់ស្ដែងការប្រកួតដែលបានធ្វើឡើងក្នុងទឹកទី៣ និងទី៤ ត្រូវគេឃើញកើតឡើងនូវចម្រូងចម្រាសរវាងកីឡាករទាំងពីរនោះផង ដោយសារតែកីឡាករអ៊ុំ ចំរើន បានចោទថាកីឡាករថៃប្រើបច្ចេកទេសអុកត្រូវប្រដាល់ការពាររបស់ខ្លួនម្ដងហើយម្ដងទៀត ហើយកីឡាករថៃបានសម្ដែងកាយវិការចោទថាកីឡាករកម្ពុជាប្រើលេសដើម្បីពន្យារពេលប្រកួតនិងដើម្បីបង្ខូចឈ្មោះខ្លួន។

ក្នុងពេលកីឡាករកម្ពុជាច្រងេងច្រងាងចោទថាកីឡាករថៃអុកត្រូវប្រដាប់ការពារ ក៏មានការចាក់ឡើងវិញនូវសកម្មភាពដែលបានប្រកួតគ្នា ហើយមានឈុតវីដេអូខ្លះត្រូវគេឃើញថាកីឡាករថៃអុកចំភ្លៅនិងលើថ្ងាសប្រដាប់ការពារប៉ុណ្ណោះ ប៉ុន្តែកីឡាករកម្ពុជាចោទថាចំប្រដាប់ការពារ។ អ៊ីចឹងហើយទើបអ្នកទស្សនាផ្ទាល់មួយចំនួនបានស្រែកសើចចំអកកីឡាករកម្ពុជា ហើយក៏មានអ្នកស្រែកសើចចំអកកីឡាករថៃផងដែរ ពាក់ព័ន្ធរឿងពួកគេចោទគ្នាទៅវិញទៅមកនៅលើសង្វៀននោះ។ កីឡាករថៃត្រូវគេឃើញវាយចេញបានល្អគួរឲ្យកត់សម្គាល់នៅទឹកទី៣នោះផង ដែលអាចនិយាយបានថាប៊ិះនឹងធ្វើអោយកីឡាករកម្ពុជាបែកសមាធិនិងទ័លច្រកនោះផង ទើបគេសើចចំអកនៅពេលកីឡាករអ៊ុំ ចំរើន បង្អាក់ការប្រកួតដោយចោទថាកីឡាករថៃអុកត្រូវចំណុចការពារ។ ប៉ុន្តែនៅទឹកទី៤ កីឡាករកម្ពុជាបានវាយសម្រុកវិញ តែនៅចុងទឹកនេះក៏មានចម្រូងចម្រាសកើតឡើងពាក់ព័ន្ធនឹងបញ្ហាដដែលផងដែរ ជាពិសេសក្នុងពេលកីឡាករថៃប្រឹងសម្រុកមកវិញ ក៏ត្រូវអ៊ុំ ចំរើន បង្អាក់ការប្រកួត ដោយហេតុផលអុកត្រូវប្រដាប់ការពារទៀត។ គូនេះបើកឆាកប្រយុទ្ធមិនសូវបានយូរទេ ប៉ុន្តែអ្នកទាំងពីរក៏ធ្វើអោយអ្នកទស្សនាជក់ចិត្តផងដែរ ដោយសារតែអ្នកទំាងពីរប្រកួតអស់ដៃរៀងខ្លួន។ គូរនេះលទ្ធផលចុងក្រោយត្រូវគេអោយគណៈកម្មការវាយតម្លៃអោយស្មើពិន្ទុគ្នា ហើយចំនួនពិន្ទុមិនត្រូវបានប្រកាសឡើយ។

លោកថៃ អ៊ូ អ្នកនាំកីឡាករថៃមកប្រកួតបានរិះគន់ថាកីឡាករអ៊ុំ ចំរើន ធ្វើពត់ដើម្បីបង្អាក់ការប្រកួត និងចោទមកលើកីឡាករខ្លួនដើម្បីអោយមានការកាត់ពិន្ទុ ប៉ុន្តែគ្រូបង្វឹករបស់កីឡាករកម្ពុជាក៏បានចោទថាកីឡាករថៃខូចក្នុងពេលប្រកួតជាក់ស្ដែង ដោយស្ទុះអុកតែត្រង់ប្រដាប់ការពារ ធ្វើអោយកីឡាករកម្ពុជាពិបាកតតាំងផងដែរ។ ការចោទប្រកាន់រវាងភាគីទាំងពីរមិនត្រូវបានលោកញាណ សុធី អ្នករៀបចំការប្រកួតកាត់ក្ដីថាអ្នកណាត្រូវអ្នកណាខុសនោះទេ ដោយលោកបញ្ជាក់ភាគីទាំងពីរសុទ្ធតែមិនបានយល់គ្នារៀងខ្លួនទើបធ្វើឲ្យការប្រកួតត្រូវបង្អាក់ក្នុងពេលឆាកប្រយុទ្ធមានសភាពជក់ចិត្តក្នុងទឹកនីមួយៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ